អ្នកជំនាញ​ព័ត៌មាន និង​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ក្រសួង​ព័ត៌មាន​អន្តរាគមន៍​ទៅ​តុលាការ​ដោះលែង​អ្នក​កាសែត​ផ្សាយ​រឿង​ឆបោក​អនឡាញ

0
24
លោក ហែម វណ្ណា ចាងហ្វាង​កាសែត​HVNN TV Online។ រូប៖ បណ្ដាញសង្គម
លោក ហែម វណ្ណា ចាងហ្វាង​កាសែត​HVNN TV Online។ រូប៖ បណ្ដាញសង្គម

អ្នកជំនាញ​ព័ត៌មាន និង​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​ក្រសួង​ព័ត៌មាន​អន្តរាគមន៍​ទៅ​តុលាការ​ឲ្យ​ដោះលែង​ចាងហ្វាង​ការផ្សាយ​ព័ត៌មាន HVNN TV online លោក ហែម វណ្ណា ផ្សាយ​រឿង​ឆបោក​អនឡាញ ដោយ​ថា ការ​ចោទ​ប្រកាន់ និង​ឃុំខ្លួន​អ្នកសារព័ត៌មាន​នេះ គឺ​ផ្ទុយ​ពី​ការ​ប្ដេជ្ញា​របស់​រដ្ឋាភិបាល ដែល​តាំងចិត្ត​ក្នុង​ការ​លុបបំបាត់​ការ​ឆបោក​អនឡាញ​ចេញ​ពី​កម្ពុជា​។ ការជំរុញ​នេះ បន្ទាប់​ពី​ក្រសួង​ព័ត៌មាន អះអាង​ថា ខ្លួន​កំពុង​តាមដាន​ករណី​អ្នក​សារព័ត៌មាន​នៅ​ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ថ្ងៃទី៣ ខែ​កុម្ភៈ។

អ្នកជំនាញ​ព័ត៌មាន​និង​សង្គម​ស៊ីវិល ទទូច​ទៅ​ក្រសួង​ព័ត៌មាន​អន្តរាគមន៍​ជួយ​ឲ្យ​មានការ​ដោះលែង​លោក ហែម វណ្ណា និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកសារព័ត៌មាន បើ​មិន​ដូច្នេះ​ទេ រដ្ឋាភិបាល​នឹង​បរាជ័យ​ក្នុង​ការ​លុបបំបាត់​ទីតាំង​ឆបោក​អនឡាញ​នៅ​កម្ពុជា។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ បាន​ប្រាប់​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល (freshnews) ថា ក្រសួង​ព័ត៌មាន​បាន​តាមដាន​យ៉ាង​ជាប់លាប់​ករណី​ពាក់ព័ន្ធ​នឹង​ការ​ចាប់ខ្លួន អ្នកសារព័ត៌មាន ១​រូប នៅ​ខេត្តបន្ទាយមានជ័យ ហើយ​ថា បាន​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​ជុំវិញ​ករណី ដែល​បាន​កើតឡើង​ពាក់ព័ន្ធ​នឹង​អ្នកសារព័ត៌មាន។

លោក​ថា ក្រសួង​ព័ត៌មាន​ត្រៀមខ្លួន​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ផ្នែក​ច្បាប់​ដោយ​អាច​ពិនិត្យ​សំណើ​មក​ក្រសួង ដើម្បី​ក្រសួង​ចូលរួម​ផ្តល់​ការ​គាំទ្រ​ផ្នែក​ច្បាប់​លើ​សំណុំរឿង​អាច​រាប់ទាំង​ការ​គាំទ្រ​ក្នុង​ដំណើរការ​នីតិវិធី​តុលាការ។

លោក ទេព អស្នារិទ្ធ ថា អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ផ្តល់​អាទិភាព​ដល់​ការ​ធានា​តម្លាភាព និង​យុត្តិធម៌ ស្របតាម​ច្បាប់​កំណត់ ដោយ​ធានា​ថា អង្គហេតុ និង​អង្គច្បាប់ ក៏ដូចជា​ព័ត៌មាន​ពាក់ព័ន្ធ និង​ការ​ស្រាវជ្រាវ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ដំណើរការ​នៃ​សំណុំ​រឿង​សម្រាប់​ការពិនិត្យ និង​ពិចារណា​គ្រប់​ជ្រុងជ្រោយ។

ជុំវិញ​រឿង​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន​សហការ​ជាមួយ​ក្រសួងយុត្តិធម៌ ផ្ដល់​មេធាវី ឬ​ធានា​ឲ្យ​លោក ហែម វណ្ណា នៅ​ក្រៅ​ឃុំខ្លួន​បណ្ដោះអាសន្ន ពីព្រោះ​ការ​ចោទ​ប្រកាន់ និង​ឃុំខ្លួន អ្នក​សារព័ត៌មាន​ផ្សាយ​រឿង​ឆបោក​អនឡាញ កំពុង​រង​ការរិះគន់​ពី​អង្គការ​ជាតិ និង​អន្តរជាតិ។

លោក យិន ម៉េងលី៖ «គាត់​ទៅ​ឡាយ​ពី​បញ្ហា​ឧក្រិដ្ឋកម្ម​អន​ឡាញ ដែល​ជា​បញ្ហា​មួយ​នៅ​អន្តរជាតិ គេ​ផ្ដោតអារម្មណ៍​យ៉ាង​ខ្លាំង​មក​លើ​កម្ពុជា សូម្បីតែ​ថៃ​ក៏​វា​យក​លេស​ដែរ ថៃ​ក៏​វា​យក​លេស ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ហ្នឹង​ដែរ​។ រដ្ឋាភិបាល​ក៏​ចេញ​ប្រឆាំង​ដែរ​។ យើង​ឆ្ងល់ ហេតុ​អី​បាន​ខាង​កងរាជអាវុធហត្ថ​ចំណាត់ការ តើ​មាន​បញ្ជា​ពី​ខាង​ណា​មក​បាន​ចំណាត់ការ​ទៅលើ​គាត់​? ហើយ​តុលាការ​ក៏​សម្រេច​ឃុំខ្លួន​ទៀត ។ នេះ​ជា​រឿង​មួយ ដែល​មាន​យើង​ការ​សោកស្ដាយ ហើយ​យើង​សង្ឃឹម​ថា ក្រសួង នឹង​ចាត់វិធានការ​គ្រប់​បែប​យ៉ាង ដើម្បី​ឲ្យ​អ្នកសារព័ត៌មាន​រូប​នេះ បាន​មក​ជួបជុំ​គ្រួសារ​វិញ ហើយ​ធ្វើ​យ៉ាងម៉េច​កុំ​ឲ្យ​បញ្ហា​ហ្នឹង​កើតឡើង​ដដែល​ចំពោះ អ្នកសារព័ត៌មាន​ទៀត»។

លោក ហែម វណ្ណា ចាងហ្វាង​កាសែត​HVNN TV Online ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ចាប់ខ្លួន​កាល​ពី​ថ្ងៃទី​៣ ខែ​កុម្ភៈ ក្រោយ​បាន​រាយការណ៍​ព័ត៌មាន​តាម​អនឡាញ​ពី​ទីតាំង​អគារ​មួយ​កន្លែង​នៅក្នុង​ក្រុង​ប៉ោយប៉ែត ដែល​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​ការ​ប្រើប្រាស់​ហិង្សា​លើ​ជនជាតិ​ចិន​។ នៅក្នុង​វីដេអូ​នោះ លោក​បាន​រៀបរាប់​ថា ទីតាំង​ឆបោក​អនឡាញ​នោះ ស្ថិតនៅ​ខាងក្រោយ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ប្រមាណ ១០០ ម៉ែត្រ​ប៉ុណ្ណោះ ដោយ​ហាក់​ចង់​បញ្ជាក់​ថា បើ​វា​នៅ​ជិត​គ្នា​បែប​នេះ សមត្ថកិច្ច​គួរតែ​បានដឹង​អំពី​បញ្ហា​នេះ។

ទោះជា​យ៉ាង ក្រោយ​ការផ្សាយ​នេះ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ឃាត់ខ្លួន​លោក​សួរនាំ និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ដោយ​តុលាការ​ចោទប្រកាន់​បទ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» និង «​ស្តាប់​ឮ​និង​ថត​ពាក្យ​សម្ងាត់​ឯកជន​» តាម​មាត្រា ៤៩៥ និង ៣០១ នៃ​ក្រមព្រហ្មទណ្ឌ។

ចំណែក​អ្នកកាសែត​២​នាក់​ទៀត នៅ​ខេត្តតាកែវ ដែល​ផ្សាយ​អំពី​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ដែរ ក៏​ត្រូវ​បាន​សមត្ថកិច្ច ចាប់​ខ្លួន នៅ​ថ្ងៃទី​១២ ខែ​កុម្ភ: ឆ្នាំ​២០២៦ ដោយ​ចោទ​ថា ផ្សាយ​ព័ត៌មាន​ប្រឌិត និង​ចាត់​ទុក​ការផ្សាយ​របស់​ពួកគេ​ថា ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ភ័យខ្លាច។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CamboJA) លោក ណុប វី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ​ថា អ្នកសារព័ត៌មាន មាន​តួនាទី​សំខាន់ ក្នុង​ការ​ចង្អុលបង្ហាញ​អំពី​ទីតាំង ដែល​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ខុស​ច្បាប់។

លោក​ថា ការ​ប្ដឹងផ្ដល់ និង​ចោទប្រកាន់​លើ​អ្នកសារព័ត៌មាន​បែបនេះ គឺជា​ការ​ដើរ​ផ្ទុយ​ពី​គោលនយោបាយ​និង​ឆន្ទៈ​របស់​រដ្ឋាភិបាល ក្នុង​ការ​លុបបំបាត់​ទី​តាំង​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា។

លោក ណុប វី ស្នើ​ឲ្យ​សមត្ថកិច្ច​ដែល​ប្ដឹង និង​ចាប់ខ្លួន​អ្នកសារព័ត៌មាន ពិចារណា​ឡើងវិញ ពីព្រោះ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់ ដើម្បី​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកសារព័ត៌មាន​នេះ អាច​នឹង​ធ្វើ​ឲ្យ​យុទ្ធនាការ​បង្ក្រាប​ទីតាំង​ឆបោក​តាម​អនឡាញ​របស់​រដ្ឋាភិបាល​បរាជ័យ។

លោក ណុប វី៖ «ខ្ញុំ​យល់ឃើញ​ថា វិធានការ​របស់​រដ្ឋាភិបាល នៅក្នុង​ការ​បោសសំអាត​ទីកន្លែង​ប្រព្រឹត្ត​បទល្មើស​ទាំងអស់​ហ្នឹង​មិន​ទទួល​បាន​ជោគជ័យ​ទេ ព្រោះ យើង​ដឹង​ហើយ កន្លង​មក​រដ្ឋាភិបាល​លោក​បាន​លើកឡើង​ហើយ​ថា ការ​បង្ក្រាប​ល្បែង​ខុសច្បាប់ ឬ​រឿង Scammer រឿង​អី​នេះ គឺ​វា​ទាមទារ​ឲ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា ប៉ុន​នៅពេល​ដែល​មាន​ការ​ចូល​រួម​ពី​ផ្នែក​ខាង​វិស័យ​សារព័ត៌មាន ទៅជា​អ្នកសារព័ត៌មាន ដែល​ជា​អ្នក​ផ្លុំ​កញ្ចែ ដែល​ជា​អ្នក​បញ្ចេញ​ព័ត៌មាន​ទាំងអស់​ហ្នឹង ទៅជា​ត្រូវ​ទទួលរង​ការ​ចាប់ខ្លួន​ទៅវិញ​។ នៅ​ពេល​ដែល​យើង​ឃើញ​ហើយ​ថា ការ អវត្តមាន​ក្នុង​ការ​ប្រើប្រាស់​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន កំពុង​ធ្វើ​ឲ្យ​អ្នកសារព័ត៌មាន ដែល​ជា​អ្នក​បញ្ចេញ​ព័ត៌មាន​ទាំងអស់​ហ្នឹង ទៅជា​អ្នករងគ្រោះ»។

អង្គការ​សង្គម​ស៊ីវិល ចាត់ទុក​ការ​ចាប់​ឃុំខ្លួន​លោក ហែម វណ្ណា ជា​ការ​បំបិទ​សំឡេង​របស់​អ្នកសារព័ត៌មាន​បន្ថែម​ទៀត ក្រោយពី​អ្នកសារព័ត៌មាន​យ៉ាងហោចណាស់​ចំនួន​៥​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ដោយសារ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ចាប់​តាំង​ពី​ខែ​មករា​មក។ ពួកគេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព និង​ការពារ​សេរីភាព​អ្នកសារព័ត៌មាន ដើម្បី​ពួកគេ​អាច​បំពេញ​មុខងារ​វិជ្ជា​ជីវៈ​ដោយ​មិន​មាន​ការ​ភ័យខ្លាច ការ​យាយី ការ​បំភិតបំភ័យ និង​ការ​ចាប់​ដាក់​ពន្ធនាគារ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ