ព្រះសង្ឃ និង​ពលរដ្ឋ​ទទូច​ឱ្យ​អាជ្ញាធរ​ជួយ​ផ្ដល់​ស្បៀង និង​សេវា​ថែទាំ​សុខភាព​ដល់​ជនភៀសសឹក

0
189
ព្រះសង្ឃ​​និង​ពលរដ្ឋ​ភៀស​សឹក​បើក​គោយន្ត​​ជម្លៀស​ពី​ការ​ឈ្លានពាន​របស់​យោធា​ថៃ នៅ​ថ្ងៃទី​១០ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុក​លោក នេត្រ ភក្ត្រា
ព្រះសង្ឃ​​និង​ពលរដ្ឋ​ភៀស​សឹក​បើក​គោយន្ត​​ជម្លៀស​ពី​ការ​ឈ្លានពាន​របស់​យោធា​ថៃ នៅ​ថ្ងៃទី​១០ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុក​លោក នេត្រ ភក្ត្រា

ព្រះសង្ឃ និង​ពលរដ្ឋ​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ផ្ដល់​ស្បៀង និង​សេវា​ថែទាំ​សុខភាព ដល់​ជនភៀសសឹក ព្រោះ​ថា ពលរដ្ឋ​មួយ​ចំនួន ដែល​ចាក​ចេញ​ពី​លំនៅឋាន មក​ស្នាក់​នៅ​តាម​តង់​កៅស៊ូ នៅ​ទី​សុវត្ថិភាព ពុំបាន​ត្រៀម​ស្បៀង និង​សម្ភារៈ​គ្រប់គ្រាន់​នោះ​ទេ ខណៈ​ផ្ទះសម្បែង របស់​ពលរដ្ឋ​ខ្លះ រង​ការខូចខាត ក្រោយពី​ទាហាន​ថៃ បើក​ការ​បាញ់ប្រហារ​យ៉ាង​ខ្លាំង នៅ​តាម​ខេត្ត ជាប់​ព្រំដែន រយៈពេល ៣​ថ្ងៃ​មកនេះ។

ព្រះតេជព្រះគុណ ពៅ ចិនរ៉ា គង់នៅ​ខេត្តសៀមរាប ដែល​កំពុងតែ​ប្រឹងប្រែង រក​ជំនួយ​ជួយ​ដល់​ជនភៀសសឹក នៅ​តាម​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ និង​បន្ទាយមានជ័យ ជាដើម បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៩ ខែធ្នូ​ថា រយៈពេល​បី​ថ្ងៃនេះ មាន​ពលរដ្ឋ​រាប់ពាន់​គ្រួ​សារបាន​ចាក់​ចេញពី​លំនៅឋាន ហើយ​មក​រស់នៅ តាម​ជំរំ​ជនភៀសសឹក​។ ព្រះអង្គ​ឱ្យ​ដឹង​ថា ជនភៀសសឹក​ភាគច្រើន ជួប​ផល​លំបាក ក្នុង​ជីវភាព​ជា​ខ្លាំង ព្រោះ ពុំ​សូវ​មាន​ស្បៀង និង​សម្ភារៈ​ប្រើប្រាស់​គ្រប់គ្រាន់ ដោយសារតែ អំឡុង​ពេល​ការ​ផ្ទុះអាវុធ​ភ្លាមៗ​ពួកគាត់​នាំគ្នា​ចាក​ចេញពីផ្ទះ​ប្រញាប់ប្រញាល់ ដោយ​គ្រាន់តែ​យក​សម្ភារៈ និង​គ្រឿង​បរិភោគ​មក​ជា​មួយ​បាន​តិច​តូច។

ព្រះតេជព្រះគុណ ពៅ ចិនរ៉ា៖ «មិន​ថា​ខាង​ស្រុក មិន​ថា​ខាង​ខេត្ត​ទេ​សូម​ឱ្យ​យកចិត្តទុកដាក់​ជាមួយនឹង​បងប្អូន​បន្ថែម​ទៀត ព្រោះ​គាត់​មកនេះ មក​តែ​ខ្លួន​ទទេ អត់​មានអី​សោះ​។ នៅក្នុង​ដំណាក់កាល​នេះ​គឺ យើង​ជួប​បញ្ហា​ច្រើន​តាំងពី​ផុត​ពី​កូវីដ​-១៩ មក ដល់​សង្គ្រាម​ទៀត​។ អ្នកខ្លះ​អត់​មាន​ការងារ​ដែល​សមប្រកប​ទេ។ ភាគច្រើន​អត់​សូវ​មាន​ការងារ​ធ្វើ​ទេ ហើយ​និយាយ​ពី​ស្រូវ​ស្រែ​កាន់តែ​ពិបាក​ទៀត​។ គាត់​មានការ​លំបាក​ច្រើន សូម​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​គ្រប់​ជាន់ថ្នាក់​នឹង សូម​ជួយ​ដល់​ពួកគាត់»។

រីឯ ពលរដ្ឋ​ម្នាក់​ទៀត​នៅ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ លោក ជឹម សុជា បាន​លើក​ឡើង​ថា លោក​បាន​ចាក​ចេញពី​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរបីជាន់ ជាមួយនឹង​ពលរដ្ឋ​រាប់​រយ​នាក់ កាលពី​យប់​ថ្ងៃទី​៧ ខែ​ធ្នូ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ហើយ​មក​ស្នាក់នៅ​បណ្ដោះអាសន្ន ក្នុង​បរិវេណ​វត្ត​ចាន់ស៊ី សាមគ្គី​រតនារាម ស្ថិត​នៅ​ឃុំ​កូប ស្រុក​អូរជ្រៅ។ លោក​ថា ជនភៀសសឹក រស់នៅ​ក្នុង​វត្ត​នេះ មាន​រាប់ពាន់​គ្រួសារ ក្រោយ​ពី​ស្ថានភាព​នៅ​ភូមិ​ព្រៃចាន់ និង ភូមិ​ជោគជ័យ កំពុងតែ​បាញ់​ផ្លោង​ដាក់គ្នា​យ៉ាង​ខ្លាំង ខណៈ​ផ្ទះសម្បែង​អ្នកភូមិ​ខ្លះ ត្រូវ​ទាហាន​ថៃ ផ្លោង ចំ​ឆេះ​អស់​ជាច្រើន​ខ្នង។

លោក​បារម្ភ​ជា​ខ្លាំង ចំពោះ​ការ​ផ្ទុះ​សង្គ្រាម​ជាថ្មី រវាង កម្ពុជា​-​ថៃ ព្រោះ​ខ្លាច​គ្រាប់​ធ្លាក់​ចំ​ផ្ទះ​ពលរដ្ឋ ខណៈ​ពលរដ្ឋ​ភាគច្រើន​មាន​ជីវភាព​ខ្វះខាត មិនដឹង​មាន​លុយ​ឯង​ណា ធ្វើ​ផ្ទះ​នៅ​វិញ​បាន ក្រោយពី​សង្គ្រាម​បាន​បញ្ចប់​។ លោក​បន្ត​ថា ប្រសិនបើ ផ្ទុះអាវុធ​នេះ អូស​បន្លាយ​យូរ​ទៀត​នោះ ជនភៀសសឹក​កាន់តែ​មាន​ជីវភាព​លំបាក ព្រោះ​ពួកគាត់ ពុំ​សូវ​មាន​ស្បៀង​សម្រាប់​ទុក​បរិភោគ​បាន​យូរ​នោះ​ទេ ។ បន្ថែម​ពី​នោះ លោក​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​សប្បុរសជន​ជួយ​ផ្ដល់​ជំនួយ​ខ្លះ ដូចជា អង្ករ គ្រឿង​បរិភោគ និង​ថ្នាំពេទ្យ​ជាដើម។

លោក ជឹម សុជា៖ «បើ​បានការ​ហូបចុក និង​មាន​ថ្នាំ​លេច ជា​រឿង​ល្អ។ ពួក​យើង​មក​ភៀស​សឹក​អ៊ីចឹង វា​មិន​ដូច​នៅផ្ទះ​យើង ។ ការ​លំបាក​នេះ មិនមែន​តែ​ចំពោះតែ​១​គ្រួសារ​ទេ គឺ​វា​មាន​ច្រើន​។ សំខាន់​គឺ​ចង់បាន ថ្នាំ​លេច អង្ករ​សម្រាប់​ទុក​ហូប ព្រោះ​យើង​មិន​ដឹង​ថា ពេលណា ថ្ងៃ​ណា ទើប​បាន​សង្គ្រាម​ចប់​ទេ»។

ចំណែក ជនភៀសសឹក​នៅ​ខេត្ត​ឧត្ដរមានជ័យ បាន​ប្រាប់​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ថា លោកស្រី​ភៀស​មក​រស់នៅ​ក្នុង​មណ្ឌល ជំរំ​ភៀស​សឹក វត្ត​ថ្មកំបោរ ភូមិ​ពោធិ៍​ចាស់ ស្រុក​បន្ទាយ​អំបិល នៅ​ថ្ងៃទី​៨ ខែធ្នូ ។ លោកស្រី​ថា ទាហាន​ថៃ បាន​បាញ់​ផ្លោង ចូល​ផ្ទះ​អ្នកភូមិ នៅ​ជាប់​ម្ដុំ ប្រាសាទ​តាមាន់ធំ និង​ប្រាសាទ​តាក្របី យ៉ាង​ខ្លាំង ដោយ​ពុំ​ខ្វល់​ពី​ផ្ទះសម្បែង​ពលរដ្ឋ​នោះ​ទេ ខណៈ​ពលរដ្ឋ​ខ្លះ​រត់​មិនទាន់​ត្រូវ​រង​របួស​ធ្ងន់ ព្រោះ​អំបែង​គ្រាប់​ខ្ទាត​ត្រូវ និង​ផ្ទះ​អ្នកភូមិ​ខ្លះ ត្រូវ​ភ្លើង​ឆេះ។

លោកស្រី​ថា ការ​ផ្ទុះអាវុធ​ជាថ្មី​នេះ ទាហាន​ថៃ​ពុំបាន​ខ្វល់​ពី​ពលរដ្ឋ​ខ្មែរ​នោះ​ឡើយ ពួកគេ​បាន​សម្រុក​បាញ់​ផ្លោង ចូល​ដី​ខ្មែរ​តាម​អំពើ​ចិត្ត។ លោកស្រី​មាន​អារម្មណ៍​តក់​ស្លូត​នៅ​ពេល​នឹក​ឃើញ ដល់​ព្រឹត្តិការណ៍​នោះ។ លោកស្រី​ស្នើ​ឱ្យ​រដ្ឋាភិបាល​ប្ដឹង​ថៃ ទៅកាន់​ស្ថាប័ន​អន្តរជាតិ អំពី​អំពើ​ឃោរឃៅ របស់​ទាហាន​ថៃ​ដែល​បាន​បាញ់​សង្គ្រុប​មក​លើ​ជន​ស៊ីវិល និង​ផ្ទះសម្បែង​ពលរដ្ឋ។

ទូរទស្សន៍​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី និង​អភិបាលរង​ខេត្ត​ឧត្តរមានជ័យ លោក ម៉េត មាស​ភក្តី ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី៩ ខែ ធ្នូ​។ រីឯ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន ប៉ូណា ក៏​មិនអាច​ទាក់ទង​បាន​ដែរ។

គិត​ត្រឹម​ថ្ងៃទី៩ ខែធ្នូ មាន​ពលរដ្ឋ​ជាង ១៦​ម៉ឺន (១៦,៥៦៨)​នាក់ ក្នុង​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ និង ខេត្ត​បន្ទាយមានជ័យ បាន​ភៀស​សឹក​ទៅ​រក​ទីសុវត្ថិភាព ក្រោយពី​ទាហាន​ថៃ បាន​បើក ការ​បាញ់​ប្រហារ​មក​លើ​កងទ័ព​កម្ពុជា​ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​ថ្ងៃទី​៧ ខែ​ធ្នូ មក ដោយ​គ្មាន​ការ​រើស​គោលដៅ​ជាក់លាក់​នោះ​ឡើយ ក្នុង​ការ​បាញ់​ផ្លោង​ចូល​ទឹកដី​កម្ពុជា ករណី​នេះ​បាន​បណ្ដាល​ឱ្យ​ផ្ទះ​អ្នកភូមិ មួយចំនួន​រង​ការខូចខាត និង​ពលរដ្ឋ​ចំនួន​៧​នាក់​បាន​ស្លាប់ ហើយ ២០​នាក់​របួស។

ជាមួយ​គ្នា​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ប្រាប់​អាស៊ីសេរី​ថា រដ្ឋាភិបាល​ក្រៅពី​យកចិត្តទុកដាក់ លើ​កងទ័ព​ជួរមុខ ក៏​គួរតែ គិតគូរ​ដល់​ពលរដ្ឋ​ភៀស​សឹក​ឱ្យ​បាន​ដិតដល់ ព្រោះ​ពួកគាត់​ក៏​ជា​ជនរងគ្រោះ ដែរ។ បន្ថែម​ពី​នោះ លោក​ថា អាជ្ញាធរ​មូលដ្ឋាន គួរតែ​ផ្ដល់​ស្បៀង ថ្នាំសង្កូវ និង​សេវា​ព្យាបាល​ជំងឺ​មួយចំនួន​ដោយ​ឥតគិតថ្លៃ ដើម្បី​កុំឱ្យ​ពួកគាត់​មាន​អារម្មណ៍​តែលតោល និង​ភ័យខ្លាច។

លោក យង់ គិមអេង៖ «សូម​ឱ្យ​អាជ្ញាធរ​ធ្វើ​យ៉ាងណា​ឱ្យ​ពួកគាត់​មាន​អាហារ មាន​ទីកន្លែង​ស្នាក់នៅ ឱ្យ​គាត់​មាន​ម៉ុង​មាន​ភួយ​ដើម្បី​ឱ្យ​ពួកគាត់ និង​តង់ ដើម្បី​ការពារ​ទឹកសន្សើម និង​ផ្ដល់​គ្រួ​ពេទ្យ ដើម្បី​ជួយ​មើល ជួយ​ថែម​ទាំ នេះ​ជា​រឿង​សំខាន់​ណាស់»។

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ការ​ផ្ទុះ​អាវុធ​ជាថ្មី​នេះ អាច​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​កាន់តែ​ច្រើន និង​យូរ​ជាង​មុន ដូច្នេះ អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ រៀបចំ ជំរំ​ភៀស​សឹក ជូន​ដល់​ពលរដ្ឋ ឱ្យ​បាន​ត្រឹមត្រូវ និង​មាន​ផាសុកភាព​ដូចជា មាន​តង់​កៅស៊ូ មាន​ទឹក​ភ្លើង​ប្រើប្រាស់​ត្រឹមត្រូវ មាន មណ្ឌល​សិក្សា​របស់​ក្មេងៗ និង​សេវា​ព្យាបាល​ជំងឺ បឋម​ដោយ​ឥតគិតថ្លៃ។ ជាពិសេស​នោះ រដ្ឋាភិបាល​គួរតែ​សម្រួល​នឹង​ធនាគារ មីក្រូហិរញ្ញវត្ថុ ក្នុង​ការ​ផ្អាក​បណ្ដោះអាសន្ន ដែល​តម្រូវ​ឱ្យ​អតិថិជន សង់​លុយ ក្នុង​គ្រា​លំបាក​បែប​នេះ ដើម្បី​កាត់បន្ថយ​បញ្ហា​ផ្លូវចិត្ត​មួយចំនួន។

កាលពី​ផ្ទុះអាវុធ​ជា​លើក​ទី​១ រវាង​កម្ពុជា​-​ថៃ​ចំនួន​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ដល់​២៩ ខែកក្កដា បាន​បង្ខំ​ឱ្យ​ពលរដ្ឋ រាប់​ម៉ឺន​គ្រួសារ ចាក់​ចេញពី​លំនៅឋាន ទៅ​រស់នៅ​ជំរំ​ភៀស​សឹក​ចំនួន ៤៣​កន្លែង ក្នុង​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ និង​ព្រះវិហារ។ ក្នុង​នោះ កាលពី​ថ្ងៃទី​១២ ខែ​សីហា អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​កម្ពុជា (World Vision) រក​ឃើញ​ថា ជនភៀសសឹក​ជាង ៦០% មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ក្រោយពី​ជម្លៀស​ចេញពីផ្ទះ​សម្បែង ការ​ជួប​ប្រទះ​ផ្ទាល់​ជាមួយ​គ្រាប់បែក និង​សំឡេង​កាំភ្លើង ជាពិសេស គឺ​ការបាត់បង់​សមាជិក និង​បញ្ហា​ជីវភាព​ជាដើម។

បន្ថែម​ពី​នោះ ក្នុង​ចំណោម​ជនភៀសសឹក​មាន កុមារ​ចំនួន​ជាង ៦០​នាក់ មាន​អារម្មណ៍​តក់ស្លុត និង​ភ័យខ្លាច​។ ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​គ្រា​លំបាក​នេះ កុមារ​ត្រូវការ​ចាំបាច់​បំផុត គឺ​ការអប់រំ និង​សម្ភារៈ​សម្រាប់​លេង​។ ចំណែក ពលរដ្ឋ​ភៀស​សឹក​ពេញ វ័យ​ត្រូវការ​ខ្លាំង បំផុត​នោះ​គឺ​ស្បៀង​សម្រាប់ ហូបចុក តង់ និង​សម្ភារៈ​អនាម័យ​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ