

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ក្រុមអង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជាស្វាគមន៍ចំពោះកងទ័ពខ្មែរទាំង១៨នាក់ ដែលយោធាថៃដោះលែងឲ្យត្រឡប់មកមាតុប្រទេសវិញនាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ តាមច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ក្រោយជាប់ឃុំអស់រយៈពេល១៥៥ថ្ងៃ បន្ទាប់ពីបទឈប់បាញ់ត្រូវបានអនុវត្តរយៈពេល ៧២ម៉ោង។ អូស្ត្រាលីថា ការដោះលែងនេះ នឹងជួយស្តារឡើងវិញនូវការជឿជាក់ និងទំនុកចិត្តរវាងកម្ពុជា-ថៃ។ ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលនិងអ្នកឃ្លាំមើលស្ថានការណ៍នយោបាយបន្តអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះការរំលោភច្បាប់អន្តរជាតិពីសំណាក់ភាគីថៃមកលើកងទ័ពកម្ពុជា។
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន ក្រោយយោធាថៃបានសម្រេចដោះលែងយោធិនកម្ពុជាឱ្យវិលមកមាតុប្រទេសវិញ នាព្រឹកថ្ងៃទី៣១ ខែធ្នូនេះថាវាជាជំហានវិជ្ជមាន មួយ ដែលនឹងជួយស្ដារឡើងវិញនូវការជឿជាក់ និងទំនុកចិត្តរវាងកម្ពុជា និងថៃ។
ស្ថានទូតអូស្ត្រាលីបញ្ជាក់ថា «សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់របស់យើង គឺជាប្រយោជន៍របស់យើងទាំងអស់គ្នា»។
ចំណែកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជាលោក ស្ទីហ្វេន ម៉េស៊ីរ៉េ (Stefan Messerer) ក៏បានបង្ហោះសារស្វាគមន៍ការដោះលែងយោធិនខ្មែរនៅពេលនេះដោយចាត់ទុកថាវាជាជំហានដ៏ប្រសើរសម្រាប់ភាពរឹងមាំនៃបទឈប់បាញ់ និងក៏ជាឱកាសសម្រាប់ការកសាងទំនុកចិត្តគ្នាឡើងវិញរវាងកម្ពុជា-ថៃ។ លោកបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់នៅតែប្ដេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រការសន្ទនាដោយសន្តិវិធីដើម្បីស្ថិរភាពយូរអង្វែង។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក សឹង សែនករុណា បានលើកឡើងថា ក្នុងនាមជាពលរដ្ឋខ្មែរនិងអង្គការដែលធ្វើការលើវិស័យសិទ្ធិមនុស្សលោកស្វាគមន៍ចំពោះការដោះលែងកងទ័ពខ្មែរទាំង ១៨នាក់ឲ្យមានសេរីភាពវិញ ប៉ុន្តែលោកនៅតែទទួចទៅដល់សហគមន៍អន្តរជាតិចាត់វិធានការផ្លូវច្បាប់ទៅលើភាគីថៃដែលបានរំលោភបំពានច្បាប់ឧក្រិដ្ឋកម្មសង្គ្រាមជាលក្ខណៈអន្តរជាតិមកលើយោធាកម្ពុជា។
លោក ស៊ឹង សែនករុណា បានអះអាងថា ថៃបានបំពានកិច្ចព្រមព្រៀងតាំងពីលើកទី១នៅប្រទេសម៉ាឡេស៊ី ហើយបន្តបំពានរហូតដល់សង្គ្រាមលើកទីពីរ ដោយបន្តឃុំខ្លួនអ្នកទាំង ១៨រូបជាឈ្លើយសឹកដដែល។ លោកថា បើមិនមានវិធានការដាក់ទោសទណ្ឌណាមួយទៅលើរដ្ឋាភិបាលថៃ រឺក៏ក្រុមយោធាថៃនោះទេ អំពើដដែលនេះនឹងអាចកើតមានឡើងទៅលើក្រុមទាហានកម្ពុជា។
លោក ស៊ឹង សែនករុណា៖ «យើងសូមថ្កោលទោសទៅដល់រដ្ឋាភិបាលថៃដែលរំលោភបំពានច្បាប់អន្តរជាតិហើយប្រព្រឹត្តនូវអំពើអមនុស្សធម៌មនុស្ស ឬទាហានកម្ពុជា អីចឹងយើងក៏នៅអំពាវនាវនិងទទូចទៅដល់សហគមន៍អន្តរជាតិពិនិត្យអំពីអំពើល្មើសច្បាប់របស់ប្រទេសថៃ រឺក៏ក្រុមយោធាថៃដើម្បីកុំឲ្យមានការប្រព្រឹត្តនូវអំពើបែបនេះទៅលើប្រជាពលរដ្ឋ រឺក៏ទាហានបណ្តាប្រទេសជិតខាងផ្សេងទៀត»។
ចំណែកឯអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក គឹម សុខ បានមានប្រសាសន៍ថា ចំពោះការដោះលែង រឺមិនដោះលែងកងទ័ពកម្ពុជា១៨នាក់មកវិញ ក្រោយបទឈប់បាញ់ត្រូវបានអនុវត្តរយៈពេល ៧២ម៉ោងនោះគឺភាគីថៃចង់បង្ហាញក្រុមគ្រួសារត្រកូលហ៊ុនថា ភាគីថៃគ្រប់គ្រងស្ថានការណ៍បានទាំងអស់នៅពេលដែលរដ្ឋាភិបាលគ្រួសារហ៊ុនធ្លាក់ខ្សោយ។
លោក គឹម សុខ៖ «ថៃទំនងជាចង់ផ្តល់ជម្រើសឲ្យភាគីរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនថា តើជ្រើសរើសក្នុងការទាមទារឲ្យដោះលែងយុទ្ធជនខ្មែរទាំង១៨នាក់ដាច់ខាត រឺក៏យកជម្រើសត្រូវប្រឈមនឹងការវ៉ៃចូលប្រទេសកម្ពុជាជាលើកទីបី ដោយកងទ័ពថៃ។ នោះមានន័យថា ភាគីថៃទំនងជាព្រមានក្រុមគ្រួសាររដ្ឋាភិបាលហ៊ុនថា បើនិយាយអ្វី រឺក៏ទាមទារដាច់ណាត់ដោះលែងយុទ្ធជនខ្មែរ១៨នាក់ធ្វើឲ្យថៃមិនពេញចិត្តការវ៉ៃចូលកម្ពុជាជាលើកទី៣គឺជាការសម្រេចចិត្តរបស់ថៃ»។
ទាក់ទងទៅនិងការដោះលែងកងទ័ពខ្មែរទាំង១៨នាក់ ឪពុកនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បង្ហោះសារយ៉ាងខ្លីថា «សូមស្វាគមន៍ យុទ្ធជន ទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព»។
អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា វីរកងទ័ពទាំង១៨រូបនេះ ត្រូវបានដោះលែង និងចូលមកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយការដោះលែងនេះ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។
អ្នកស្រី ម៉ាលី សុជាតា បានបន្ថែមថា ដោះលែងយោធិនទាំង ១៨នាក់នេះ ក៏ស្របជាមួយនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងសមភាគីថៃ ក្រោមការធ្វើជាសាក្សីរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម។
យោធិនកម្ពុជាចំនួន ២០រូប ត្រូវបានទាហានថៃចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានបទឈប់បាញ់ ។ ក្រោយមក នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ភាគីថៃ បានប្រគល់យោធិនកម្ពុជាមកវិញចំនួន ២រូប និងនៅបន្តឃុំយោធា១៨នាក់ រហូតមក៕








