សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បំណុល​កងទ័ព​ជួរមុខ និង​ពលរដ្ឋ​ភៀស​សឹក​ឲ្យ​មាន​ប្រសិទ្ធភាព

0
74
អ្នកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែង​កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ រូប៖ គេហទំព័រ CPP
អ្នកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែង​កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ រូប៖ គេហទំព័រ CPP

សង្គម​ស៊ីវិល និង​អ្នកវិភាគ​លើកឡើង​ថា ធនាគារជាតិ​នៃ​កម្ពុជា ត្រូវ​បង្កើត​ក្រុម​ការងារ​ចុះ​ដោះស្រាយ​បំណុល​កងទ័ព​ជួរមុខ និង​ពលរដ្ឋ​រងគ្រោះ​ពី​ការឈ្លានពាន​របស់​យោធា​ថៃ ទៅដល់​មូលដ្ឋាន ទើប​មាន​ប្រសិទ្ធភាព។ ការ​ទទូច​នេះ ក្រោយ​ពី​ពួកគេ​សង្កេត​ឃើញ​ថា ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នៅ​តាម​តំបន់​មួយចំនួន មិន​ស្ដាប់​តាម​ការណែនាំ​របស់ ធនាគារជាតិ​នៃ​កម្ពុជា​ឡើយ ខណៈ​គ្រួសារ​ទាហាន​ជួរមុខ និង​ពលរដ្ឋ​រងគ្រោះ​បន្ត​រង​ការ​គំរាម​ឱ្យ​បង់ប្រាក់​ជំពាក់​ធនាគារ។

សង្គម​ស៊ីវិល និង​អ្នកវិភាគ អះអាង​ថា គ្រួសារ​ទាហាន​ជួរមុខ និង​ជនភៀសសឹក​ដោយ​សារ​សង្គ្រាម​ឈ្លានពាន​អាច​រងគ្រោះ​ទ្វេដង ប្រសិន​បើ ធនាគារជាតិ នៃ​កម្ពុជា មិន​ជួយ​ស្វែងរក​ដំណោះស្រាយ ឲ្យ​ពួក​គាត់​ច្បាស់លាស់ និង​ទាន់​ពេល​វេលា ពាក់ព័ន្ធ​ប្រាក់​កម្ចី​ពី​ធនាគារ​ឯកជន និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

កាលពី​ថ្ងៃទី​១ ខែ​មករា ធនាគារ​ជាតិ នៃ​កម្ពុជា បាន​ចេញ​សេចក្ដីប្រកាស ដោយ​អះអាង​ថា ធនាគារ​ជាតិ នៃ​កម្ពុជា ពិត​ជា​មាន​ភាព​យឺតយ៉ាវ ក្នុង​ការ​ជួយ​ស្វែងរក​ដំណោះស្រាយ​រៀបចំ​ឥណទាន​ទ្បើង​វិញ ដល់​អតិថិជន​ជា​យោធិន និង​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ដោយសារ​តែ​មាន​សំណើ​រៀបចំ​ឥណទាន​ទ្បើង​វិញ​ចំនួន​ច្រើន និង​ត្រូវ​រៀបចំ​ឲ្យ​ទៅ​កងទ័ព​ជួរមុខ ជា​មុន​សិន។

ជុំវិញ​បញ្ហា​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២ ខែ​មករា​ថា រដ្ឋាភិបាល និង​ធនាគារជាតិ នៃ​កម្ពុជា គួរ​មាន​គណៈកម្មការ​ច្បាស់លាស់​មួយ ដើម្បី​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់។ លើស​ពី​នោះ លោក​ថា ក្រៅពី​ពន្យារពេល​សង​ប្រាក់ និង​លុប​បំណុល​ធនាគារ​របស់​ពួកគាត់ រដ្ឋាភិបាល​ត្រូវតែ​ដំឡើង​ប្រាក់បៀវត្ស​ដល់​កងទ័ព​ឲ្យ​មាន​ជីវភាព​សមរម្យ និង​ជួយ​រក​ការងារ​ឲ្យ​ពលរដ្ឋ​ភៀស​សឹក អាច​ចិញ្ចឹមជីវិត​ទៅមុខ​បន្ត​ទៀត។

លោក ស៊ឹង សែនករុណា៖ «បើ​មិន​ដូច្នោះ​ទេ ទោះបី​ក្នុង​កាលៈទេសៈ​នេះ យើង​គ្រាន់តែ​ផ្អាក​បណ្ដោះអាសន្ន ក្នុង​ការ​មិន​ឲ្យ​គាត់​ទូទាត់​សង​នូវ​បំណុល​នឹង​ក៏ដោយ ប៉ុន្តែ​ពេល​ទៅ​ខាង​មុខ ប្រសិនបើ​ពួកគាត់​មិន​មាន​មុខរបរ មិន​មាន​ការងារ​ធ្វើ​ប្រាក់ចំណូល​ច្បាស់លាស់ នៅតែ​ជួប​ការ​លំបាក​ក្នុង​ការ​ទូទាត់​ទៅ​ខាង​ឥណទាន ទៅ​ខាង​ធនាគារ​ដដែល​ទេ អ៊ីចឹង​គប្បី​ធ្វើ​យ៉ាងម៉េច បង្កើន​ជីវភាព​របស់​ប្រជាពលរដ្ឋ​ជនភៀសសឹក​ឲ្យ​កាត់​តែ​ល្អ​ប្រសើរ»។

រីឯ​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន និង​ជា​អ្នកវិភាគ លោក ប៉ោ មករា លើកឡើង​ថា ដើម្បី​ឲ្យ​ការងារ និង​សេចក្ដីណែនាំ​របស់​ធនាគារ​ជាតិ នៃ​កម្ពុជា​មាន​ប្រសិទ្ធភាព ធនាគារជាតិ​ត្រូវតែ​បញ្ជូន​ក្រុមការងារ​ចុះទៅ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ជជែក​ជាមួយ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នៅ​តាម​តំបន់ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ធនាគារ​ទាំងនោះ ដាក់​សម្ពាធ​ទៅលើ​គ្រួសារ​កងទ័ព និង​ពលរដ្ឋ​ភៀស​សឹក។

លោក ប៉ោ មករា៖ «ដើម្បី​ការងារ​មាន​ប្រសិទ្ធភាព ធនាគារជាតិ នៃ​កម្ពុជា គួរតែ​មាន​ភ្នាក់ងារ ក៏ដូចជា​អ្នក​ចាំ​ទទួល​ពាក្យ និង​អ្នក​ចាំ​សម្របសម្រួល​ក្នុង​ការ​ទទួល ពាក្យ​ស្នើ​សុំ​របស់​ពួកគាត់ ដូច​យើង​ដឹង​ស្រាប់​ហើយ ពួកគាត់​កំពុងតែ​នៅ​កន្លែង​ដែល​មាន​បញ្ហា​ពាក់ព័ន្ធ បញ្ហា​ទូរស័ព្ទ​វា​អាច​មិន​មាន​សេវា ក្នុង​ការ​ទំនាក់ទំនង​មក ខ្វះខាត​បច្ចេកទេស​ទំនាក់​ទំនង ដូច្នេះ​ពួកគាត់​ពិបាក​ក្នុង​ស្វែងរក»។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​ទំនាក់ទំនង​សាធារណៈ សមាគម​ធនាគារ​នៅ​កម្ពុជា លោក សុខ ចាន់ ឲ្យ​ដឹង​ថា គ្រឹះស្ថាន​ធនាគារ​កំពុង​ផ្តល់​អាទិភាព​សម្របសម្រួល​សំណើ​ដល់​យោធិន​ជួរមុខ ចំណែក​ការ​រៀបចំ​ឥណទាន​ទ្បើង​វិញ​របស់​ពលរដ្ឋ​ភៀស​សឹក​មាន​ភាព​យឺតយ៉ាវ ដោយ​ខ្វះ​បុគ្គលិក​នៅ​តាម​សាខា​គ្រឹះស្ថាន​ធនាគារ។

លោក សុខ ចាន់៖ «ខ្ញុំ​សូម​ជម្រាប​ជូន​ថា ការងារ​ទាំងអស់​នេះ​គឺ​យើង​ធ្វើ​ទន្ទឹមគ្នា​ទេ គ្រាន់តែ​យើង​ផ្ដល់​អាទិភាព​ទៅដល់​យោធិន​ជួរមុខ ហើយ​បាន​យើង​ចាប់ផ្ដើម​ធ្វើ​ទៅដល់​បងប្អូន​របស់​យើង​ភៀស​សឹក​បន្តបន្ទាប់»។

កាលពី​ថ្ងៃទី​១០ ខែធ្នូ ធនាគារជាតិ​នៃ​កម្ពុជា បាន​ចេញ​សេចក្ដីណែនាំ តម្រូវ​ឲ្យ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ លុបចោល​បំណុល​របស់​យោធិន​ពិការ ដែល​មាន​ចំនួន​រហូតដល់ ១០ (​ដប់​) លាន​រៀល និង​យោធិន​ដែល​បាន​ពលី​នៅ​សមរភូមិ​មុខ ដែល​មាន​ចំនួន​រហូតដល់ ៨០ (​ប៉ែតសិប​) លាន​រៀល។ លើក​ពី​នោះ ក៏​ត្រូវ​ជួយ​សម្រាល​បន្ទុក​ដល់ យោធិន​សមរភូមិ​ប្រយុទ្ធ និង​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ដោយ​ពន្យារពេល​បង់ប្រាក់​ទៅ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ចាប់ពី​ខែធ្នូ​ឆ្នាំ​២០២៥ រហូតដល់ ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២៦។

ទោះជា​បែបនេះ​ក្ដី កន្លងទៅ​ថ្មីៗ​នេះ មាន​បុគ្គលិក​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន មិនបាន​ស្ដាប់​តាម​ការណែនាំ​របស់​ធនាគារ​ជាតិ នៃ​កម្ពុជា​នោះ​ទេ ដោយ​នៅតែ​បង្ខិតបង្ខំ​ឲ្យ​អតិថិជន​ជា​កងទ័ព​ជួរមុខ និង​ពលរដ្ឋ​ភៀស​សឹក សង​ប្រាក់​ត្រឡប់​ទៅ​ធនាគារ​វិញ​ឲ្យ​បាន​ទៀងទាត់ ខណៈ​ពួកគាត់​កំពុងតែ​រងគ្រោះ​ពី​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ និង​អ្នកខ្លះ​ត្រូវ​បាត់បង់​ផ្ទះ​សម្បែង​ថែម​ទៀត។

សង្គម​ស៊ីវិល និង​អ្នកវិភាគ អះអាង​ទៀត​ថា ប្រសិនបើ​រដ្ឋាភិបាល​មិនបាន​គិតគូរ​អំពី​ជីវភាព និង​ដោះស្រាយ​បញ្ហា​បំណុល​របស់​កងទ័ព​ជួរមុខ និង​ពលរដ្ឋ​ភៀស​សឹក ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ កងទ័ព និង​ពលរដ្ឋ​ទាំងនោះ បន្ត​រង​សម្ពាធ ហើយ​កងទ័ព​អាច​បាក់​ទឹកចិត្ត​បាត់បង់​ស្មារតី​ប្រយុទ្ធ​ការពារ​បូរណភាព​ទឹកដី​ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ