គណបក្ស​កម្លាំង​ជាតិ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ និង​ដោះលែង​អ្នក​ទោស​មនសិការ

0
83
ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ​លោក រ៉ុង ឈុន (កណ្ដាល) ប្រធាន​គណបក្ស​លោក ជា មុន្នី (ស្ដាំ) និង​អគ្គនាយក​រដ្ឋបាល​បក្ស​លោក ផុន សុភា ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ​លោក រ៉ុង ឈុន (កណ្ដាល) ប្រធាន​គណបក្ស​លោក ជា មុន្នី (ស្ដាំ) និង​អគ្គនាយក​រដ្ឋបាល​បក្ស​លោក ផុន សុភា ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

គណបក្ស​កម្លាំង​ជាតិ បាន​ដាក់​លិខិត​មួយ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឲ្យ​ដាក់​បណ្ដឹង​ករណី​ថៃ​ឈ្លានពាន​ទឹកដី​កម្ពុជា ទៅ​តុលាការ​អន្តរជាតិ ដោយ​ថា មានតែ​ការប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ​ប្រឆាំង​ថៃ​ទេ ទើប​ជា​ខែល​រឹងមាំ ដែល​កម្ពុជា​មានប្រៀប​លើ​ភាគី​ថៃ។ ការ​ជំរុញ​របស់​គណបក្ស​កម្លាំង​ជាតិ​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅ​មិនទាន់​ដាក់ពាក្យ​បណ្ដឹង​រឿង​ថៃ​ទៅ​តុលាការអន្តរជាតិ​នៅឡើយ​ទេ ទោះបីជា​រដ្ឋាភិបាល​រប​ប​គ្រួសារ​ហ៊ុន និយាយ​ជាច្រើន​ដង​មក​ហើយ អំពី​បំណង​ប្ដឹង។

ក្នុង​លិខិត​របស់​គណបក្ស​កម្លាំង​ជាតិ​កាលពី​ថ្ងៃទី​១៦ ខែ​មករា ផ្ញើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែ​ត មានកម្មវត្ថុ​ស្នើ​ឲ្យ​រដ្ឋាភិបាល ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ​ប្រឆាំង​ទៅ​នឹង​ទង្វើ​របស់​ថៃ ដែល​បង្ក​សង្គ្រាម​ឈ្លានពាន​ទឹកដី​កម្ពុជា និង​ដោះលែង​អ្នក​ជាប់ឃុំ​មនសិការ ក្នុង​គោលដៅ​បើក​ឲ្យ​មាន​ការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ។

គណបក្ស​កម្លាំង​ជាតិ បាន​រំឭក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា ក្នុង​អំឡុង​ពេល​ដែល​យោធា​ថៃ​បើក​ការវាយប្រហារ​មក​លើ​អធិបតេយ្យភាព បូរណភាព​ទឹកដី​កម្ពុជា​ទាំងពីរ​លើក​ចុង​ក្រោយ​នេះ គឺជា​លក្ខណៈ​សង្គ្រាម ឈ្លានពាន​ទាំង​កំរោល ដោយ​មិន​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ​សោះឡើយ។ គណបក្ស​កម្លាំងជាតិ ថា ការ​បង្ក​សង្គ្រាម​ឈ្លានពាន​ដ៏​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ស៊ីវិល​រាប់​សែន​នាក់ នៅ​តាម​បណ្តោយ​ព្រំដែន ដោយសារ​កង កម្លាំង​យោធា​ថៃ ដែល​បាន​បង្ក​ឧក្រិដ្ឋកម្ម​សង្គ្រាម​យ៉ាង​អមនុស្សធម៌​ដោយ​មិន​អាច​ប្រកែក​បាន។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២០ ខែ​មករា​នេះ​ថា គណបក្ស​នេះ បាន​ដាក់​លិខិត​នៅ​ខុទ្ទកាល័យ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រួចហើយ និង​ចម្លង​ជូន​តាម​ស្ថានទូត និង អង្គការ​មួយចំនួន​នៅ​កម្ពុជា​ផង​។ លោក​ថា ដោយ​សារ​មិន​ទាន់​ឃើញ មាន​ប្រាកដប្រជា​របស់​រដ្ឋាភិបាល ក្នុង​ការ​ដាក់​បណ្ដឹង​ទៅ​ខាង​តុលាការអន្តរជាតិ​នៅឡើយ ដូច្នេះ ទើប​គណបក្ស​កម្លាំង​ជាតិ ធ្វើ​លិខិត​ជំរុញ​បន្ថែម។

លោក រ៉ុង ឈុន៖ «ក្នុងនាម​គណបក្សប្រឆាំង​មួយ​យើង​មិនអាច​អោបដៃ​ឈរ​មើល​ពី​បញ្ហា​ឈ្លានពាន​ពី​សំណាក់​សៀម​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា​ទេ ពីព្រោះ​យើង​ដឹង​ហើយ ទឹកដី​វា​មិនមែន​ជា​របស់ បុគ្គល ឬ​ក្រុម​ណា​ទេ ជា​របស់​ប្រជាពលរដ្ឋ ១៧លាន​នាក់។ ដូច្នេះ ប្រជាពលរដ្ឋ​ទាំង ១៧​លាន​នាក់ ត្រូវ​ប្រើប្រាស់​សិទ្ធិ កាតព្វកិច្ច​នៅក្នុង​ការពារ​នៅ​ដែន អធិបតេយ្យភាព​របស់​ខ្លួន ពីព្រោះ​ទឹកដី​សំខាន់​ណាស់​ទឹកដី សំខាន់​ជាង​អាយុជីវិត ទឹកដី ចាត់ទុក​ម្ដាយ​យើង​ទាំងអស់​គ្នា​អ៊ីចឹង​។ មានន័យថា ជា​អ្នកផ្ដល់​ទីកន្លែង​កំណើត​ឲ្យ​យើង​រស់នៅ តែ​យើង​បាត់បង់​ពេល​នឹង​វា​នឹង​មាន​ការ​លំបាក​ហើយ»។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ បានទេ នៅ​ថ្ងៃទី​២០ ខែ​មករា។

គណបក្ស​កម្លាំង​ជាតិ រៀបរាប់​ប្រាប់​លោក ហ៊ុន ម៉ាណែត ថា ការឈ្លានពាន របស់​យោធា​ថៃ ដែល​វាយប្រហារ​មិន​រើសមុខ ដូចជា ការ​បាញ់​ផ្លោង​ដោយ​សព្វាវុធ​ធន់​ធ្ងន់ និង​ការប្រើ​យន្តហោះ​F-16​ទម្លាក់​គ្រាប់បែក​នោះ ធ្វើ​ឱ្យ​កម្ពុជា​ខូច​ខាត ផ្លូវថ្នល់ ស្ពាន សាលារៀន មណ្ឌល​សុខភាព អាគារ​ប៉ុស្តិ៍​នគរបាល អាគារ​ទីស្នាក់ការ គយ រដ្ឋាករ​កម្ពុជា ប្រាសាទ​បុរាណ​ខ្មែរ ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ ស៊ីវិល​រាប់​រយ​ខ្នង ជន​ស៊ីវិល​ខ្មែរ​ស្លាប់ ៣១​នាក់ និង​រង​របួស​ច្រើនជាង ៩០​នាក់​។ លើស​ពី​នេះ​ទៀត គណបក្សប្រឆាំង​នេះ ថា កងកម្លាំង​យោធា​ថៃ​បន្ត​រំលោភ​ឈ្លានពាន​ចូល​ទន្ទ្រាន​កាន់កាប់ និង ឈរជើង​ក្នុង​អធិបតេយ្យភាព​កម្ពុជា ជាក់ស្តែង​លើ ១៤​តំបន់ នៅ​តាម​បណ្តា​ខេត្ត​ចំនួន​៤ ដូច​មាន​បញ្ជាក់​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាលពី​ថ្ងៃទី​០២ ខែ​មករា។

គណបក្ស​កម្លាំងជាតិ ស្នើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្រើប្រាស់​យន្តការ​ចំនួន​៣ ដើម្បី​ការពារ​ទឹកដី​កម្ពុជា និង​ពង្រឹង​ផ្ទៃក្នុង​ជាតិ​កម្ពុជា​ឲ្យ​ខ្លាំង ដូចជា ប្តឹង ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពី​បទ​ឧក្រិដ្ឋកម្ម​ឈ្លានពាន និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ដោយ​ទាមទារ​ឲ្យ ភាគី​ថៃ​សង សំណង ខូចខាត​ដល់​កម្ពុជា ព្រមទាំង​ស្នើ​ទៅ​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឱ្យ​កោះ​ប្រជុំ​ជាបន្ទាន់ ដើម្បី​សុំ​អន្តរាគមន៍​រក​ដំណោះស្រាយ​។ បន្ថែម​លើ​នេះ គណបក្ស​កម្លាំង​ជាតិ​ទទូច​ឲ្យ​ដោះលែង​អ្នកនយោបាយ សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​សង្គម សកម្មជន​បរិស្ថាន មន្ត្រី​សហជីព សកម្មជន ដីធ្លី សកម្មជន​ព្រំដែន និង​ពលរដ្ឋ​សហគមន៍ ដែល​ជា​អ្នក​ជាប់ឃុំ​មនសិការ​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន និង​ជា​អ្នកវិភាគ លោក ប៉ោ មករា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២០ ខែ​មករា​ថា រដ្ឋាភិបាល​គួរតែ​ពន្លឿន ដំណោះស្រាយ​តាម​យន្តការ​អន្តរជាតិ រួម​មាន តុលាការ​អន្តរជាតិ និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ខណៈ​កម្ពុជា​តូច កម្លាំងយោធា​នៅ​មាន​កម្រិត ប្រជាជន​តិច និង​សេដ្ឋកិច្ច​ខ្សោយ។ លោក​ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​មាន​មហាអំណាច​ទាំងអស់ និង​តំណាង​អង្គការសហប្រជាជាតិ ជា​ហត្ថលេខី មាន​សារៈសំខាន់​ណាស់ ដែល​ពួកគេ​អាច​បំពេញ​កាតព្វកិច្ច បង្ខំ​ឲ្យ​ភាគី​ថៃ​គោរព អធិបតេយ្យភាព​នៃ​ប្រទេស​កម្ពុជា ហើយ​ដក​កម្លាំង​កាន់កាប់​របស់​ថៃ ចេញពី​ទឹក​ដី​កម្ពុជា ពីព្រោះ​ថៃ​ក៏​ជា​ភាគី​ហត្ថលេខី​ដែរ ដូច្នេះ​ថៃ​ជាប់​កាតព្វកិច្ច​ដែល​ត្រូវ​តែ​គោរព។

លោក ប៉ោ មករា៖ «យើង​ឃើញ​ហើយ កាល​ពី​អំឡុង​នៃ​ឆ្នាំ កាល​ប្ដឹង​រឿងក្ដី​ក្ដាំ ពាក់ព័ន្ធ​ទៅ​នឹង​ប្រាសាទព្រះវិហារ​ហ្នឹង ក៏​ត្រូវ​បាន​មហាអំណាច​ចាប់បង្ខំ​ថៃ​ឲ្យ​គោរព​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រគល់​ទឹកដី​ប្រាសាទ និង​ប្រាសាទ​ទាំងមូល​មក​ឲ្យ​កម្ពុជា​វិញ។ អ៊ីចឹង​ខ្ញុំ​នៅតែ​មើល​ឃើញ​ថា កម្ពុជា​គួរតែ​ធ្វើ​ម៉េច​នយោបាយ​ការទូត ត្រូវតែ​ពង្រឹង​ឲ្យ​មហាអំណាច​ទាំងអស់​ហ្នឹង ចាប់បង្ខំ​ថៃ​ឲ្យ​ប្រគល់​ទឹកដី​មក​កម្ពុជា វិញ ក៏ដូចជា​គោរព​ដែន​អធិបតេយ្យភាព​របស់​ខ្លួន ព្រោះ​ខ្លួន​គឺជា​ប្រទេស​ដែល​មាន​កាតព្វកិច្ច ជា​ហត្ថលេខី​មួយ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ហ្នឹង​ដែរ។ វា​សំខាន់​ចំណុច​ហ្នឹង»។

អ្នក​ឃ្លាំង​មើល​លើកឡើង​ថា កាលណា​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ហ៊ុន ដែល​ដឹកនាំ ដោយ​លោក ហ៊ុន ម៉ាណែត មិន​ប្រើ​យន្តការ​អន្តរជាតិ​តតាំង​នឹង​ភាគី​ថៃ និង​មិន​ព្រម​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​កម្ពុជា​ឲ្យ​ខ្លាំង នោះ​ប្រទេស​កម្ពុជា​ដែល​នៅសល់​តូច ដូច​សព្វថ្ងៃ​ទៅហើយ នឹង​ធ្លាក់​ក្នុង​វិបត្តិ​មិនអាច​ការពារ​ខ្លួន​បាន ដែល​ថៃ​និង វៀតណាម ដណ្ដើម​គ្នា​ហែក​យក​ទៅ​កាន់កាប់​បន្តិច​ម្ដងៗ​៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ