អ្នកឃ្លាំមើលទាមទារឱ្យរដ្ឋាភិបាល​លុប​រាល់​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​នានា ដែល​ផ្ទុយ​រដ្ឋធម្មនុញ្ញ «ក្រោយ​​ព្រម​ដោះដូរ​ដី​ជាមួយ​វៀតណាម»

0
37
ប្រធានព្រឺទ្ធសភា លោក ហ៊ុន សែន (ស្ដាំ) ទទួល​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក តូ ឡឹម (To Lam) នៅក្នុងព្រះបរមរាជវាំង កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រធានព្រឺទ្ធសភា លោក ហ៊ុន សែន (ស្ដាំ) ទទួល​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក តូ ឡឹម (To Lam) នៅក្នុងព្រះបរមរាជវាំង កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នកឃ្លាំមើល​សង្គម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​និរាករណ៍​រាល់​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​នានា ដែល​មិន​ស្របតាម​ស្មារតី​រដ្ឋធម្មនុញ្ញ​កម្ពុជា និង កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ បន្ទាប់ពី​កម្ពុជា និង​វៀតណាម​បាន​ឯកភាព​គ្នា ផ្តល់​អាទិភាព​ដោះស្រាយ​បញ្ហា ៦% ពាក់ព័ន្ធ​នឹង​ការដោះដូរ​ដី ស្របតាម​សន្ធិសញ្ញា​ព្រំដែន​ទាំងអស់​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ហានិភ័យ​របស់​កម្ពុជា ជុំវិញ​ជំហរ​របស់​មេដឹកនាំ​កម្ពុជា ពេល​មាន​ជំនួប​កំពូល​ជាមួយ​មេដឹកនាំ​វៀតណាម​ថ្មីៗ​នេះ ដោយ​មេដឹកនាំ​កម្ពុជា នៅតែ​បន្ត​គោរព និង​គាំទ្រ​ចំពោះ​កិច្ចព្រមព្រៀង​នានា ដែល​បាន​ចុះ​ជាមួយ​រដ្ឋាភិបាល​វៀតណាម​ក្នុង​អំឡុង​ពេល​វៀតណាម​គ្រប់គ្រង​កម្ពុជា​ក្រោយ​ផ្តួល​រំលំ​របប​ខ្មែរក្រហម។

លោក ម៉ែន ណាត លើកឡើង​ថា លោក ហ៊ុន សែន ព្រមព្រៀង​ជាមួយ​វៀតណាម ប្រើប្រាស់​សន្ធិសញ្ញា​ព្រំដែន​គោក​ខុស​ច្បាប់ ឆ្នាំ​១៩៨៥ និង​ផែនទី​មិន​ត្រឹមត្រូវ ទៅ​កំណត់​ខ្សែបន្ទាត់​ព្រំដែន​ជាថ្មី រួច​បោះបង្គោល​ព្រំដែន​ឡើងវិញ ដោយ​មិន​អនុលោម​តាម អនុសញ្ញា​របស់​អាណានិគម​បារាំង (​កូសាំងស៊ីន​) និង​កម្ពុជា ឆ្នាំ​១៨៧៣ ដែល​មាន​បង្គោល​ព្រំដែន​អន្តរជាតិ​រួចហើយ ចំនួន ១២៤​បង្គោល។

លោក ម៉ែន ណាត ថា សន្ធិសញ្ញា​ព្រំដែន​ខុសច្បាប់​ឆ្នាំ​១៩៨៥ ជាមួយ​វៀតណាម ត្រូវ​បាន​លោក ហ៊ុន សែន យក​មក​ផ្តល់​សច្ចាប័ន​ឡើងវិញ នៅ​ឆ្នាំ​២០០៥ ដើម្បី​ឲ្យ​វៀតណាម កាន់​តែ​មាន​ទំនុកចិត្ត ក្នុង​ការ​ឆ្វៀល​ដី​ព្រំដែន​គោក​ខ្មែរ​មួយ​ចំណែក​បន្ថែម​ទៀត រួម​ទាំង​ព្រំដែន​សមុទ្រ ដូចជា កោះត្រល់ (Phu Quoc) និង​ចង្កោម​កោះ​ក្រចកសេះ (Tho Chu island) ផង​ដែរ។

យ៉ាងណាក៏ដោយ លោក ម៉ែន ណាត ថា កម្ពុជា អាច​កាត់បន្ថយ​ឥទ្ធិពល​នយោបាយ និង​រដ្ឋបាល​ស៊ី​រូង​ផ្ទៃក្នុង​ខ្មែរ​បាន លុះត្រាតែ មេដឹកនាំ​ខ្មែរ ត្រូវ​ឈប់​ជាប់ជំពាក់​គុណបំណាច់​របស់​វៀតណាម ហើយ​ត្រូវធ្វើ​និរាករណ៍​រាល់​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​នានា ដែល​មិន​ស្របតាម​ស្មារតី​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​សព្វថ្ងៃ និង កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។

ការ​យល់ឃើញ​របស់​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នេះ គឺ​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុ​ជា និង​វៀតណាម​សេចក្តី​ថ្លែងការណ៍​រួម​ក្នុង​ឱកាស​ទស្សនកិច្ច​របស់​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម​លោក តូ ឡឹម មក​កាន់​កម្ពុជា កាលពី​ថ្ងៃទី​៦ ខែ​កុម្ភៈ ដោយ​បញ្ជាក់​ថា កម្ពុជា និង​វៀតណាម​បាន​ឯកភាព​គ្នា ផ្តល់​អាទិភាព​ដោះស្រាយ​បញ្ហា ៦% ពាក់ព័ន្ធ​នឹង​ការដោះដូរ​ដី ស្របតាម​សន្ធិសញ្ញា​ព្រំដែន​ទាំងអស់​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា។

អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក សួស យ៉ារ៉ា ថ្លែង​នៅក្នុង​សន្និសីទ​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​៨ កុម្ភៈ ស្ដីពី​លទ្ធផល​រួម​នៃ​កិច្ចប្រជុំ​ទ្វេភាគី និង​ត្រីភាគី​រវាង​មេដឹកនាំ​កម្ពុជា ឡាវ និង​វៀតណាម ថា ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា វៀតណាម និង​ឡាវ​ធ្វើឡើង​ដោយ​សន្តិវិធី ស្របតាម​ច្បាប់​អន្តរជាតិ និង​គ្មាន​ការប្រើប្រាស់​កម្លាំង​នោះ​ទេ។

លោក សួស យ៉ារ៉ា៖ «នៅក្នុង​សន្ធិសញ្ញា​១៩០៤ និង​១៩០៧​គឺ​ជា​សន្ធិ​សញ្ញា​ដែល​យើង​ហៅថា​បារាំង​សៀម រឺ​អនុសញ្ញា​ហ្នុង​ជា​ចំណុច​ពិសេស​មួយ​ដែល​យើង​ប្រើប្រាស់​មិនមែន​តែ​ព្រំដែន​កម្ពុជា​ឯណា ព្រំដែន​ឡាវ​ក៏​ប្រើប្រាស់​សន្ធិសញ្ញា​​ហ្នឹង​ដែរ អីចឹង​ដូច្នេះហើយ​ការដែល​ថ្នាក់ដឹកនាំ​ទាំង​បី ឯកភាព​គ្នា​ដោះស្រាយ​បញ្ហា​ព្រំដែន ការ​វាស់​ព្រំដែន​សេសសល់​ដោយ​គោរព​ទៅតាម​គោល​ការ​ច្បាប់​អន្តរជាតិ​នេះ​គឺជា​គំរូ​មួយ​ដែល​ប្រទេស​ថៃ ពីព្រោះ​ថា ប្រទេស​យើង​ទាំងពីរ​ទោះ​ថា​ខឹង​គ្នា​ឈ្លោះ​គ្នា​យ៉ាងណា​ក៏​មិនអាច​លើក​ប្រទេស​ទៅណា​បាន​ដែរ ត្រូវតែ​នៅ​ជិត​គ្នា​រហូត អីចឹង​ត្រូវតែ​មើល​គំរូ​នៃ​កម្ពុជា វៀតណាម ឡាវ​ដែល​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ហើយ​ធ្វើការ​ដោះស្រាយ​តាម​បច្ចេកទេស ដោះស្រាយ​ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់​អន្តរជាតិ ដោះស្រាយ​ទៅលើ​ផែនទី​និង​យន្តការ​ដែល​មាន​ស្រាប់ អីចឹង​អ្វី​ដែល​យើង​ធ្វើ​នេះ​គឺជា​គំរូ​ល្អ​មួយ»។

ទោះជា​យ៉ាងណា លោក ម៉ែន ណាត កត់សម្គាល់​ថា កន្លង​ទៅ ការដោះដូរ​ដី​រវាង​កម្ពុជា និង​វៀតណាម គឺ​ធ្វើ​ឡើង​ដោយ​លួចលាក់ ប៉ុន្តែ​បាន​បែកធ្លាយ នៅ​ឆ្នាំ​២០១៥ ក្នុង​រឿង​យក​ដី​ខ្មែរ នៅ​ស្រុក​មេមាត់ ខេត្ត​ត្បូងឃ្មុំ ទៅ​ឲ្យ​វៀតណាម ដើម្បី​ដោះដូរ​យក​មក​វិញ នូវ​ភូមិកំណើត​របស់​អតីត​ប្រធានរដ្ឋសភា លោក ហេង សំរិន នៅ​ភូមិ​អន្លង់​ជ្រៃ និង​ភូមិ​ថ្លុក​ត្រាច ស្រុក​ពញាក្រែក ត្បូងឃ្មុំ ក្រោម​រូបភាព ដែល​លោក ម៉ែន ណាត ហៅថា ជា​ការ​យក​ដី​ខ្មែរ ដោះដូរ​ជាមួយ​ដី​ខ្មែរ​ទៅ​ឲ្យ​វៀតណាម។

កម្ពុជា និង​វៀតណាម​មាន​ព្រំដែន​គោក​ប្រវែង​ជាង ១,២៧០​គីឡូម៉ែត្រ និង​ត្រូវ​បាន​បោះបង្គោល​ព្រំដែន​រួច​ប្រមាណ ៨៤% ពោល​នៅសល់ ១៦%​ទៀត​ដែល​ក្នុង​នោះ ៦% កម្ពុជា និង​វៀតណាម​បាន​ផ្តល់​អាទិភាព​ដោះស្រាយ​លើ​ការដោះដូរ​ដី៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ