

អ្នកឃ្លាំមើលសង្គម អំពាវនាវឲ្យរដ្ឋាភិបាលនិងយោធាថៃ គោរពច្បាប់អន្តរជាតិ និងបើកការចរចាទ្វេភាគីរឿងព្រំដែន ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីជាមួយកម្ពុជា។ កាអំពាវនាវនេះបន្ទាប់រដ្ឋមន្ត្រីក្រសួងការបរទេសថៃលោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) គម្រាមថា តើកម្ពុជាចង់បានសន្តិភាព ឬចង់ឈ្លោះជាមួយថៃបន្តទៀត។
អ្នកឃ្លាំមើលសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសញ្ញានៃការគំរាមកំហែងរបស់ភាគីថៃចំពោះកម្ពុជា។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ មានប្រសាសន៍ថា សន្តិភាពមិនអាចមានន័យបានឡើយ ប្រសិនបើមានការបង្កហេតុ ឬការគំរាមប្រើកម្លាំង។ លោកថា ថៃត្រូវបញ្ឈប់សកម្មភាពបង្កហេតុ និងការគំរាមប្រើកម្លាំងមកលើកម្ពុជា ហើយថៃត្រូវបើកការចរចាទ្វេភាគីជាមួយកម្ពុជាឡើងវិញ ឬក៏អាចប្រើយន្តការអាស៊ាន ឬភាគីទីបីដើម្បីទប់ស្កាត់ការយល់ច្រឡំ និងហេតុការណ៍ចៃដន្យ។
ការអះអាងរបស់អ្នកឃ្លាំមើលសង្គមរូបនេះ គឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសថៃលោក ស៊ីហាសាក់ ភួងកេតកែវ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដោយ គម្រាមថា តើកម្ពុជាចង់បានសន្តិភាព ឬចង់ឈ្លោះជាមួយថៃបន្តទៀត ទើបកម្ពុជារុញបញ្ហាព្រំដែនរវាងប្រទេសទាំងពីរមកលើឆាកអន្តរជាតិបែបនេះ។
ការគម្រាមនេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន លើកឡើងពីបញ្ហាព្រំដែនកម្ពុជា-ថៃនៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយអះអាងថា ថៃបានរំលោភចូលជ្រៅលើទឹកដីកម្ពុជាក្រោយមានបទឈប់បាញ់។
ទាក់ទងទៅនឹងបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ថៃហ៊ានគំរាមកម្ពុជាដោយសារតែថៃបានស្គាល់កម្លាំងរបស់រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត បន្ទាប់ពីផ្ទុះអាវុធពីរលើកកន្លងមក។
លោក គឹម សុខ៖ «ថៃមិនខ្លាចគំរាមកម្ពុជាទេ និយាយជារួមកាលណារដ្ឋាភិបាលក្រុមគ្រួសារហ៊ុននៅតែកាន់អំណាចកម្ពុជាគ្មានវិធីទប់ទល់នឹងការឈ្លានពានរបស់ថៃឡើយ ទាំងវិស័យយោធានិងការទូតអន្តរជាតិ»។
នៅក្នុងដំណើរទស្សនកិច្ចទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព និងទៅកាន់ទ្វីបអឺរ៉ុប នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានប្រាប់សារព័ត៌អន្តរជាតិធំៗជាលើកដំបូងថា ថៃចូលជ្រៅក្នុងទឹកដីរបស់កម្ពុជាដោយខុសច្បាប់ និងរារាំងដល់ការវិលត្រឡប់ទៅកាន់គេហដ្ឋានវិញរបស់ជនភៀសសឹកខ្មែរនៅតាមព្រំដែនបើទោះជាកម្ពុជាព្យាយាមស្នើឱ្យមានជំនួបប្រជុំដោះស្រាយបញ្ហាខ្សែបន្ទាត់ព្រំដែនជាច្រើនដងតែត្រូវបានភាគីថៃបដិសេធមិនចូលរួមប្រជុំ៕









