អ្នកឃ្លាំមើល​សង្គម​ថា ការដឹកនាំ​បែប​ឯក​បក្ស​ដែល​គ្មាន​ការ​ត្រួត​ពិនិត្យ កំពុង​បង្ក​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សង្គម

0
51
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​មន្ត្រី​បក្ស​ប្រឆាំង អះអាង​ថា ការដឹកនាំ​បែប​ឯក​បក្ស​ដែល​គ្មាន​ការ​ត្រួត​ពិនិត្យ កំពុង​បង្ក​ឱ្យ​មាន​ផលវិបាក​ដល់​សង្គម​យ៉ាង​ធ្ងន់ធ្ងរ ដូចជា​បទល្មើស​ឆ្លងដែន មណ្ឌល​ឆបោក​តាម​អនឡាញ និង​អំពើពុករលួយ​ជាដើម។ ពួកគេ​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​កែទម្រង់​ឱ្យ​មាន​ឯករាជ្យភាព​តុលាការ បើក​លំហ​បរិយាកាស​នយោបាយ និង​សេរីភាព​សារព័ត៌មាន។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ចាប់តាំងពី​សង្គ្រាមស៊ីវិល​បាន​បញ្ចប់​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៩៩០ រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្តូរ​ពី​ការ​យក​លេស «​រំដោះប្រទេស​ឆ្នាំ ៧៩» មក​ប្រើ​លេស «​ការ​រីកចម្រើន​សេដ្ឋកិច្ច​» ដើម្បី​បង្ហាញ​ពី​ភាព​ស្របច្បាប់​ក្នុង​ការ​ដឹកនាំ ព្រោះ​ខ្លួន​អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កើន​ឡើងជា​មធ្យម ៧% ក្នុង​មួយឆ្នាំ (​ចន្លោះ​ឆ្នាំ ១៩៩៤ ដល់​មុន​កូវីដ)។ ប៉ុន្តែ ការ​អភិវឌ្ឍ​នេះ មិនមែន​ជា​រឿង​សេដ្ឋកិច្ច​សុទ្ធសាធ​ទេ វា​គឺជា​ឧបករណ៍​នយោបាយ​ដើម្បី​ពង្រឹង​អំណាច បំបិទ​មាត់​គណបក្ស​ប្រឆាំង បំផ្លាញ​កាសែត​ឯករាជ្យ និង​ធ្វើ​ឱ្យ​សង្គម​ស៊ីវិល​ចុះ​ខ្សោយ ដែល​ធ្វើ​ឱ្យ​បាត់បង់​ប្រព័ន្ធ​ត្រួតពិនិត្យ​អំណាច​ដែល​ចាំបាច់​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

លោក សេង វណ្ណលី បន្ថែម​ទៀត​ថា រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ដើរ​បាន ប៉ុន្តែ​វា​បាន​មក​ពី​ការបំផ្លាញ​ស្ថាប័ន​ជាតិ និង​ប្រព័ន្ធ​ត្រួតពិនិត្យ​អំណាច​។ ភាព​ផ្ទុយ​គ្នា​នៃ​សេដ្ឋកិច្ច​ខ្លាំង សង្គម​ខ្សោយ គឺជា​គ្រោះថ្នាក់​មួយ​។ បទល្មើស​ឆ្លងដែន មណ្ឌល​ឆបោក និង​អំពើពុករលួយ គឺជា​លទ្ធផល​នៃ​អភិបាលកិច្ច​ដែល​គ្មាន​ការ​ទទួលខុសត្រូវ។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​រូប​នេះ បន្ថែម​ទៀត​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ (CNRP) កាលពី​ឆ្នាំ ២០១៧ គឺជា​ការ​បំបាត់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ការប្រើ​តុលាការ​ជា​អាវុធ​ដើម្បី​កម្ចាត់​គូបដិបក្ខ និង​ហាមឃាត់​សមាជិក​គណបក្សប្រឆាំង​ជាង ១០០ នាក់ បាន​ធ្វើ​ឱ្យ​គណបក្សកាន់អំណាច​ដឹកនាំ​ប្រទេស​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​។ ប្រព័ន្ធ​ឯក​បក្ស​នេះ នាំ​ឱ្យ​កើតមាន​អំពើពុករលួយ​ជា​ប្រព័ន្ធ អយុត្តិធម៌​សង្គម និង​ការ​កើនឡើង​នៃ​បទល្មើស​ឆ្លងដែន ដែល​ប៉ះពាល់​ដល់​ស្ថិរភាព​ជាតិ។

លោក សេង វណ្ណលី បន្ថែម​ទៀត​ថា បើ​គ្មាន​ការកែទម្រង់​ឱ្យ​មាន​យុត្តិធម៌ ឯករាជ្យភាព​តុលាការ និង​សេរីភាព​សារព័ត៌មាន​ទេ​នោះ សមិទ្ធផល​សេដ្ឋកិច្ច​ដែល​ខំ​កសាង​មក​នឹង​ត្រូវ​រលាយ​សាបសូន្យ ហើយ​អាច​នាំ​ឱ្យ​មាន​អស្ថិរភាព​សង្គម​ក្នុង​ពេល​អនាគត។

លោក សេង វណ្ណលី៖ «រដ្ឋាភិបាល​លោក​ហ៊ុន ម៉ា​ណែ​ត​មិនអាច​ពឹង​ផ្អែកលើ​កំណើន​សេដ្ឋកិច្ច​ដោយ​គ្មាន​តម្លាភាព​បានទេ​គឺ​ទាមទារ​ឲ្យ​មានការ​កែទម្រង់​ស្ថាប័ន​រឹងមាំ​មាន​ឯករាជ្យ​ភាព​ពិតប្រាកដ​។ បើ​គ្មាន​ការ​ផ្លាស់ប្ដូរ​ឲ្យ​មាន​គណនេយ្យភាព និង​យុត្តិធម៌​សង្គម​ទេ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​អស្ថិរភាព​នឹង​បន្ត​យាយី»។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​កម្ពុជា ២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ការគ្រប់គ្រង​ដោយ​ឯក​បក្ស​គឺជា​ប្រព័ន្ធ​ប្រហារ​រដ្ឋធម្មនុញ្ញ និង​គ្រោះថ្នាក់​បំផុត ពីព្រោះ​គ្រប់​ស្ថាប័ន​ជាតិ​ទាំងអស់​ស្ថិត​ក្រោម​ឥទ្ធិពល​គ្រួសារ​ត្រកូល​ហ៊ុន បម្រើ​គ្រួសារ​ហ៊ុន​តែមួយ មិន​បម្រើ​ជាតិ។

លោក គឹម សុខ៖ «ប្រព័ន្ធ​យុត្តិធម៌​ហើយ​និង​សន្តិសុខ​សង្គម​ស្ថិត​នៅ​លើ​មាត់​មនុស្ស​តែ​ម្នាក់​គឺ​លោក​ហ៊ុន សែន ដែល​រំលោភ​សិទ្ធិមនុស្ស​តាមចិត្ត​ហើយ​មាន​បណ្ដាញ​គ្រឿងញៀន​ពេញ​ប្រទេស​បំផ្លាញ​អនាគត​យុវជន​ហើយ​កាន់តែ​គ្រោះថ្នាក់​ទៅទៀត ប្រព័ន្ធ​ឯក​បក្ស​គណបក្ស​ប្រជាជន​នៃ​លោក​ហ៊ុន សែន​នេះ​គឺជា​ប្រព័ន្ធ​អំណាច​អាយ៉ង​បរទេស​ដែល​ឈ្លានពាន​កម្ពុជា»។

ក្រុម​អ្នកឃ្លាំមើល​សង្គម​បាន​លើកឡើង​ថា របប​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ និង​បាន​យក​សំណុំរឿង​លោក កឹម សុខា ជា​គោល ដើម្បី​ឈាន​ទៅ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ បាន​ផ្ដល់​ផលប្រយោជន៍​យ៉ាងច្រើន ដល់​លោក ហ៊ុន សែន គឺ​ធ្វើ​ឱ្យ​លោក​ឈ្នះ​ឆ្នោត​អាណត្តិ​ទី​៦ និង​ទី​៧ ដោយ​គ្មាន​គូប្រកួត ដូចដែល​លោក​បាន​គ្រោងទុក​។ ប៉ុន្តែ​សម្រាប់​ប្រជាជាតិ​ខ្មែរ​វិញ ការ​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំជាង​គេ​នេះ គឺជា​ការ​ជាន់ឈ្លី​ប្រព័ន្ធ​ច្បាប់។

យោង​តាម​របាយការណ៍​ឆ្នាំ ២០២៦ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) កម្ពុជា​បាន​ក្លាយ​ជា​រដ្ឋ​ឯកបក្ស ដែល​គ្រប់គ្រង​ទាំងស្រុង​លើ​រដ្ឋាភិបាល យោធា និង​តុលាការ​។ អង្គការ​អន្តរជាតិ​មួយ​នេះ​ថា ចាប់តាំងពី​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង ស្ថានភាព​សិទ្ធិមនុស្ស​កាន់តែ​ធ្លាក់ចុះ តាមរយៈ​ការ​ចាប់ខ្លួន​អ្នក​រិះគន់​ក្រោម​បទ​ចោទ «​ញុះញង់​» ឬ «​រួមគំនិត​ក្បត់»៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ