

អ្នកឃ្លាំមើលរិះគន់ចំណាត់ការកម្ចាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញរបស់រដ្ឋាភិបាលកម្ពុជាថា គ្មានប្រសិទ្ធភាព និងជាយុទ្ធសាស្ត្របំភ័ន្តភ្នែកសហគមន៍អន្តរជាតិតែប៉ុណ្ណោះ។ ពួកគាត់ថា ការបង្ក្រាបទីតាំងអគារអនឡាញដោយចាប់តែជនល្មើសតូចតាច និងមិនចាប់មេខ្លោងធំៗនោះគឺជាការ បើកឱកាសឱ្យក្រុមឧក្រិដ្ឋជនធំៗទាំងនោះបើកមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅតំបន់ផ្សេងៗ ដើម្បីធានាប្រភពលុយចិញ្ចឹមគណបក្សកាន់អំណាច។
រដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន បន្តយុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ប៉ុន្តែមិនចាប់ខ្លួនឧក្រិដ្ឋជនដែលជាមេខ្លោងធំៗ និងក្រុមមន្ត្រីអាជ្ញាធរពាក់ព័ន្ធដែលតែងតែការពារអគារឧស្សាហកម្មឆបោកតាមអនឡាញនាពេលកន្លងមកឡើយ។
អ្នកឃ្លាំមើលហៅចំណាត់ការបង្ក្រាបរបស់រដ្ឋាភិបាលត្រកូល ហ៊ុន បែបនេះថា ជាការធានាដល់ឧក្រិដ្ឋជនធំៗ និងក្រុមបក្ខពួករបស់ខ្លួនឱ្យរួចផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់។ ពួកគាត់ក៏គ្មានជំនឿថា សមត្ថកិច្ចអាចកម្ចាត់ឧក្រិដ្ឋកម្មអនឡាញបានក្នុងរយៈពេលខ្លី ព្រោះឧក្រិដ្ឋកម្មនេះបានចាក់ឫសយ៉ាងជ្រៅនៅកម្ពុជាដោយមានមន្ត្រីកំពូលៗ និងឧកញ៉ាគ្រាក់ៗជាអ្នកកាងការពារ។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៩ ខែកុម្ភៈថា រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន គ្មានឆន្ទៈនយោបាយប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញឡើយ ព្រោះវាជាឆ្នាំងបាយចិញ្ចឹមអំណាចរបស់ខ្លួន។ ក្រៅពីនេះ លោកថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងធ្វើយុទ្ធនាការចាប់ជនល្មើសតូចតាច ប៉ុន្តែការពារមេខ្លោងឧក្រិដ្ឋជនធំៗ និងបក្ខពួករបស់ខ្លួន ដើម្បីធានាឱ្យពួកគេបន្តឧក្រិដ្ឋកម្មអនឡាញនៅតំបន់ផ្សេង។
លោក គឹម សុខ បន្ថែមទៀតថា រដ្ឋាភិបាលត្រកូល ហ៊ុន បង្ខំចិត្តបង្ក្រាបទីតាំងអនឡាញនាពេលនេះដោយសារតែគ្មានលេសឆ្លើយតបនឹងការដាក់សម្ពាធរបស់ប្រទេសលោកសេរី រួមទាំងចិនផង និងជនរងគ្រោះជុំវិញពិភពលោកដែលបានលាតត្រដាងពីឧក្រិដ្ឋកម្ម និងការធ្វើទារុណកម្មមនុស្សក្នុងអគារ។
លោក គឹម សុខ៖ «យុទ្ធសាស្ត្ររបស់ក្រុមគ្រួសារហ៊ុនដោះស្រាយ ដើម្បីបិទបាំងឧក្រិដ្ឋកម្មអនឡាញ ឬឧក្រិដ្ឋកម្មឆ្លងដែនរបស់ពួកគេដោយផ្ទាល់។ វិធីដែលគេធ្វើ ដើម្បីបិទបាំងនោះទៅកម្ចាត់នៅកន្លែងកំប៉ិកកំប៉ុកតូចតាច ហើយប្រមូលជនរងគ្រោះដែលគេឆបោក ក៏ប៉ុន្តែគេផ្លាស់ប្ដូរទីតាំងថ្មី ឬរៀបចំទីតាំងថ្មីៗ ដើម្បីធានាថា ឧស្សាហកម្មឆបោកតាមអនឡាញរបស់គេនៅតែដំណើរ ដើម្បីយកលុយចិញ្ចឹមគណបក្សប្រជាជនកម្ពុជា»។
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង កាលពីថ្ងៃទី៨ ខែកុម្ភៈ បានប្រកាសនៅក្នុងកិច្ចប្រជុំមួយដោយបញ្ជាឱ្យសមត្ថកិច្ចទាំង ១៤ខណ្ឌបោសសម្អាតបទល្មើសឆបោកតាមអនឡាញឱ្យអស់ក្នុងមូលដ្ឋានរបស់ខ្លួនត្រឹមចុងខែមីនា។ លោកបានណែនាំឱ្យសមត្ថកិច្ចចុះពិនិត្យបទល្មើសឆបោកតាមអនឡាញនៅតាមអគារខ្ពស់ៗ និងបោសសម្អាតបញ្ហាល្បែងស៊ីសងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញផងដែរ។
រាជធានីភ្នំពេញដែលជាបេះដូងរបស់កម្ពុជាបានក្លាយជាសម្បុកឧក្រិដ្ឋជនជាច្រើនឆ្នាំមកហើយ ដែលឧក្រិដ្ឋជនបានប្រើប្រាស់អគារទំនើបៗ និងជួលអគារអ្នកមានអំណាចនៅតំបន់ខ្លះធ្វើជាខែល ដើម្បីបង្ខាំងមនុស្សធ្វើទារុណកម្មបង្ខំឱ្យធ្វើការឆបោកតាមអនឡាញ។ ទន្ទឹមនឹងលោក ឃួង ស្រេង បញ្ជាឱ្យសមត្ថកិច្ចបង្ក្រាបឧក្រិដ្ឋកម្មទាំងនេះ ក្នុងតំបន់មួយចំនួនក្នុងក្រុងភ្នំពេញក៏ត្រូវបានពលរដ្ឋរាយការណ៍ជាបន្តបន្ទាប់នៅតាមបណ្ដាញសង្គមពីទីតាំងអគារអនឡាញ និងទីតាំងភ្នាល់ល្បែងក្នុងទីក្រុងយ៉ាងអនាធិបតេយ្យ។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងលោក ឃួង ស្រេង ដើម្បីសាកសួរបញ្ជាក់លើបញ្ហានេះបានទេ នៅថ្ងៃទី៩ ខែកុម្ភៈ។
ចំណែក អ្នកសិក្សាសង្គម និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា ថ្លែងថា យុទ្ធនាការបង្ក្រាបរបស់សមត្ថកិច្ចលើឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅមានកម្រិតនៅឡើយ ដោយសារតែអំពើពុករលួយចាក់ស្រេះ និងការអនុវត្តច្បាប់មិនស្មើភាព។ លោកថា បើរដ្ឋាភិបាលនៅតែយឺតយ៉ាវ ឬបង្ក្រាបឧក្រិដ្ឋកម្មអនឡាញគ្មានប្រសិទ្ធភាពនោះសេដ្ឋកិច្ចកម្ពុជានឹងបន្តដុនដាបកាន់តែខ្លាំង។
លោក ប៉ោ មករា៖ «បញ្ហាដែលកម្ពុជាជួបប្រទះកន្លងមកគឺបញ្ហាអំពើពុករលួយ នីតិរដ្ឋទន់ខ្សោយប្រព័ន្ធច្បាប់ហាក់ដូចជានៅមានកម្រិតសម្រាប់អនុវត្តទាក់ទងលើអ្នកដែលប្រព្រឹត្ត ឬឃុបឃិតជាមួយបុគ្គលឧក្រិដ្ឋកម្មអនឡាញ។ មួយទៀតខ្ញុំគិតថា ឧក្រិដ្ឋជន អនឡាញទាំងអស់ហ្នឹងវាមិនមែនគាត់ហោះ ឬជប់មកកម្ពុជាទេ វាសុទ្ធសឹងតែឆ្លងកាត់ការធ្វើដំណើរតាមផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស ហើយមន្ត្រីអនុវត្តច្បាប់អាចអនុវត្តច្បាប់ទប់ស្កាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញហ្នឹងបានអត់? ដូច្នេះប្រសិនជាគ្មានអំពើពុករលួយទេ ការបង្ក្រាប និងការទប់ស្កាត់នឹងមានប្រសិទ្ធភាពហើយ»។
ទន្ទឹមនឹងសមត្ថកិច្ចបើកយុទ្ធនាការបង្ក្រាបអគារឆបោកតាមអនឡាញ ក្រុមឧក្រិដ្ឋជនមួយចំនួនក៏បានប្ដូរទីតាំង និងបានបញ្ជូនជនបរទេសរាប់សិបនាក់ពីកន្លែងមួយទៅកន្លែងមួយ។ ជាក់ស្ដែង អំឡុងសមត្ថកិច្ចចុះបង្ក្រាបទីតាំងអនឡាញនៅតាមទីតាំងមួយចំនួនក៏មានជនបរទេសរាប់រយនាក់នាំគ្នាសម្រុកមកប្រមូលផ្តុំគ្នាស្នាក់តាមអគារខ្ពស់ៗនៅក្រុងប៉ោយប៉ែតជាបន្តបន្ទាប់។ ជាមួយគ្នានេះ អគារក្នុងតំបន់ភូមិគ្រឹះរបស់អតីតអភិបាលរងខេត្តបន្ទាយមានជ័យលោក ង៉ោ ម៉េងជ្រួន ស្ថិតនៅភូមិមិត្តភាព ក្រុងប៉ោយប៉ែត ក៏រងការចោទប្រកាន់ថា បង្ខាំងមនុស្សរាប់រយនាក់ និងជាទីតាំងសម្បុកឧក្រិដ្ឋជនឆបោកតាមអនឡាញដែលជួញដូរមនុស្សពីទីតាំងមួយទៅទីតាំងមួយ។ កាន់តែអាក្រក់ជាងនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យក៏បានចាប់ឃុំខ្លួនអ្នកកាសែតអនឡាញម្នាក់ដែលសកម្ម និងក្លាហានរាយការណ៍ពីឧក្រិដ្ឋកម្មជួញដូរមនុស្ស និងទីតាំងឆបោកតាមអនឡាញនៅក្រុងប៉ោយប៉ែតថែមទៀតផង៕









