អ្នកឃ្លាំមើល​ថា លោក ហ៊ុន ម៉ាណែត គួរតែ​ចុះ «ចេញពី​តំណែង​» ដើម្បី​ឱ្យ​អ្នកមាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ

0
60
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (មុខ​គេ) ថ្លែង​ពេល​ចុះ​ជួប​ពលរដ្ឋ​ភៀស​សឹក​នៅ​ខេត្ត​​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី៣១ មករា ២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (មុខ​គេ) ថ្លែង​ពេល​ចុះ​ជួប​ពលរដ្ឋ​ភៀស​សឹក​នៅ​ខេត្ត​​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី៣១ មករា ២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

អ្នកឃ្លាំមើល​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះ​ចេញពី​តំណែង​ដោយ​ចោទ​ថា លោក​អសមត្ថភាព​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ ជាពិសេស​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ដែល​លោក​ទទួលស្គាល់​ថា បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​។ ពួកគាត់​ថា ការ​ថ្លែង​របស់​លោក ហ៊ុន ម៉ាណែត ដែល​ថា «​មិនបាន​ដឹង​» ពី​បណ្ដាញ​ឧក្រិដ្ឋកម្ម​ដែល​បាន​ដំណើរការ​ជា​យូរ​ឆ្នាំ​ក្នុង​ប្រទេស​កម្ពុជា និង​ល្បី​កក្រើក​ពេញ​ពិភពលោក​នោះ​គឺជា​ការ​ឆ្លើយតប​គ្មាន​ទំនួល​ខុសត្រូវ និង​ដើម្បី​បិទបាំង​មេខ្លោង​ធំៗ​ឱ្យ​បន្ត​ដំណើរការ​ឧក្រិដ្ឋកម្ម​ខ្មៅ​ងងឹត​នេះ​បន្ត​ទៀត។

អ្នក​តាមដាន​បញ្ហា​ឧក្រិដ្ឋកម្ម​លើកឡើង​ថា លោក ហ៊ុន ម៉ាណែត គួរតែ​ចេះ​ខ្មាស​ពិភពលោក និង​ចុះ​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដែល​ទទួល​បាន​ពី​ឪពុក ព្រោះ​លោក​គ្មាន​ទំនួល​ខុសត្រូវ និង​អសមត្ថភាព​ក្នុង​ការ​ដឹង​រឿងរ៉ាវ​បណ្ដាញ​ឧក្រិដ្ឋជន​ដែល​បាន​ពង្រីក​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ពាសពេញ​ប្រទេស​កម្ពុជា​ច្រើន​ឆ្នាំ និង​បង្ក​ការឈឺចាប់​ដល់​ជនរងគ្រោះ​រាប់​ម៉ឺន​នាក់​ជុំវិញ​ពិភពលោក។

ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​អ្នកស្រី មូរ សុខហួរ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ​ថា ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ​បែរជា​និយាយ​ថា មិនដឹង​រឿងរ៉ាវ​នៃ​ក្រុម​ឧក្រិដ្ឋជន​ពង្រីក​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​នោះ លោក ហ៊ុន ម៉ាណែត ត្រូវតែ​ទទួលខុសត្រូវ​តាមរយៈ​ការ​ចុះ​ចេញពី​តំណែង ដើម្បី​ផ្ដល់​ឱកាស​ដល់​អ្នកមាន​សមត្ថភាព​បោសសម្អាត​ឧក្រិដ្ឋកម្ម​អនឡាញ។ អ្នកស្រី​ជឿជាក់​ថា ក្នុង​បរិបថ​ដែល​កម្ពុជា​ដឹកនាំ​បែប​ក្រុម​គ្រួសារ​បក្ខពួក​និយម និង​មាន​អំពើពុករលួយ​ជា​ប្រព័ន្ធ​នោះ បញ្ហា​ឧក្រិដ្ឋកម្ម​ដែល​កើតមាន​ក្នុង​ទំហំ​ធំ​ដែល​មាន​ជនរងគ្រោះ​រាប់ម៉ឺន​នាក់​ត្រូវ​បាន​ឧក្រិដ្ឋជន​បង្ខាំង​ធ្វើ​ទារុណកម្ម​នោះ​រដ្ឋាភិបាល​ត្រកូល ហ៊ុន គ្មាន​សមត្ថភាព​ក្នុង​ដោះស្រាយ ឬ​លុបបំបាត់​ឡើយ​។​

អ្នកស្រី មូរ សុខ​ហួរ បន្ថែមទៀត​ថា បើ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ពិតជា​ចង់​បង្ហាញ​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​មែន​នោះ ជំហាន​ដំបូង​គឺ​ត្រូវ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ ដើម្បី​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​អាច​ចូលរួម​ផ្ដល់​ជា​សំឡេង​។ សំខាន់​ជាង​នេះ អ្នកស្រី​ថា រដ្ឋាភិបាល​ត្រកូល ហ៊ុន ក៏​ត្រូវ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ដោយ​អនុញ្ញាត​ឱ្យ​អន្តរជាតិ រួម​ទាំង​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ចូលរួម​សហការ ដោយ​មិនមែន​បង្កើត​តែ​រូបភាព​បង្ក្រាប​ដោយ​គ្មាន​តម្លាភាព និង​មិន​ចាប់​មេខ្លោង​ធំៗ​ដែល​ជា​មន្ត្រី​ពាក់ព័ន្ធ​កំពូល​យក​មក​អនុវត្ត​ច្បាប់​នោះ​ទេ។

អ្នកស្រី មូរ សុខ​ហួរ៖ «លោក ហ៊ុន ម៉ាណែត បាន​និយាយ​អំពី​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ទៀត​ដល់​មុខមាត់​ជាតិ​ទៀត នេះ​ជា​ការ​ដែល​គាត់​សារភាព​ពី​ការ​អសមត្ថភាព​របស់​គាត់​។ យើង​សុំ​ឱ្យ​មានការ​រៀបចំ​អ្នក​ឯកទេស​ពិតប្រាកដ​អ្នកជំនាញការ​ពិតប្រាកដ ឱ្យ​មាន​សារព័ត៌មាន​អន្តរជាតិ​ឱ្យ​មាន​ការ​តាមដាន​មើល​ការខុសត្រូវ​នូវ​ការ​បិទ​បន់​កាស៊ីណូ​ដាក់ទណ្ឌកម្ម។ ខ្ញុំ​បាន​និយាយ​ហើយ​និយាយ​ទៀត ចាប់ពី​លោក ហ៊ុន តូ ទៅ លោក លី យ៉ុងផាត់។ គណបក្ស​ប្រជាជន​កម្ពុជា​ហ៊ាន​ដក​លោក លី យ៉ុងផាត់ ពី​ប្រធាន​នៃ​គណៈកម្មាធិការ​ហិរញ្ញវត្ថុ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​? ហ៊ាន​ឱ្យ​លោក ហ៊ុន តូ ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ទេ​?»។

ប្រតិកម្ម​របស់​អ្នកឃ្លាំមើល​នេះ ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​កំពុង​បំផ្លាញ​សេដ្ឋកិច្ច និង​ធ្វើ​ឱ្យ​កម្ពុជា​មានកេរ្តិ៍ឈ្មោះ​អាក្រក់​នៅ​លើ​ឆាក​អន្តរជាតិ។ លោក​ទទួល​ស្គាល់​ថា ការ​រីក​រាលដាល​នៃ​មណ្ឌល​ឆបោក​តាម​អនឡាញ​ក៏បាន​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ និង​ការ​វិនិយោគ ហើយ​រដ្ឋាភិបាល​កម្ពុជា​ក៏​មិនបាន​ទទួលផល​ប្រយោជន៍​សេដ្ឋកិច្ច​ពី​បណ្ដាញ​ឧក្រិដ្ឋកម្ម​នេះ​ដែរ។

លោក​ថ្លែង​បែបនេះ​ក្នុងពេលដែល​កំពុង​មាន​វត្តមាន​ទីក្រុង​ប្រ៊ុចសែល (Brussels) ប្រទេស​បែលហ្សិក (Belgium) និង​បាន​ផ្ដល់​បទ​សម្ភាស​ដល់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង (AFP) កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ។

ទន្ទឹម​នឹង​ការ​ទទួល​ស្គាល់ លោក ហ៊ុន ម៉ាណែត បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ថា រដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​មានការ​ចូលរួម​ការពារ​មេខ្លោង​ធំៗ​នៃ​បណ្ដាញ​ឧក្រិដ្ឋកម្ម​អនឡាញ។ លោក​ថា រដ្ឋាភិបាល​កម្ពុជា មិនបាន​ដឹង​ថា មាន​អ្នកដឹកនាំ​ធំ​នៅ​ពីក្រោយ​បណ្ដាញ​ឆបោក​ឡើយ រីឯ​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​នេះ​គឺ​កើតឡើង​បន្ទាប់ពី​រដ្ឋាភិបាល​លោក​ទើបតែ​ចាប់អារម្មណ៍ និង​ទទួល​បាន​មាន​ព័ត៌មាន​រួម​ទាំង​ភស្តុតាង​ពាក់ព័ន្ធ​អំពើ​ហិង្សា​ទារុណកម្ម និង​ជួញដូរ​មនុស្ស។

ក្រៅ​ពី​នេះ លោក ហ៊ុន ម៉ាណែត ក៏​និយាយ​បែប​ការពារ​មេខ្លោង​ធំ​នៃ​បណ្ដាញ​ឧក្រិដ្ឋកម្ម​គឺ​ឧក្រិដ្ឋជន ចេន ហ្ស៊ី ដែរ។ លោក ហ៊ុន ម៉ាណែត ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា មុន​ពេល​សហរដ្ឋអាមេរិក​ចោទប្រកាន់ ឧក្រិដ្ឋជន ចេន ហ្ស៊ី ជា​មេខ្លោង​ធំ​រដ្ឋាភិបាល​កម្ពុជា​ស្គាល់ ឧក្រិដ្ឋជន​រូប​នេះ​ត្រឹម​ជា​អ្នកជំនួញ​ធំ​ម្នាក់​ក្នុង​វិស័យ​អចលនទ្រព្យ និង​ហិរញ្ញវត្ថុ។ លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​ក៏​មិនបាន​ដឹង​ពី​តួនាទី​ជាក់លាក់​ណាមួយ​របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី ក្នុង​បណ្ដាញ​ឆបោក​តាម​អនឡាញ​នា​ពេល​កន្លងមក​ឡើយ។

ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ លោក ឌី ថេហូយ៉ា ថ្លែង​ថា បើ​មេដឹកនាំ និង​អាជ្ញាធរ​មិនដឹង​ពី​បញ្ហា​ឧក្រិដ្ឋកម្ម និង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​កំពុង​រីកសាយ​ភាព​ពាសពេញ​ប្រទេស​របស់​ខ្លួន​នោះ​ប្រជាពលរដ្ឋ​នឹង​កាន់តែ​គ្មាន​ជំនឿ​លើ​ការ​បង្ក្រាប​។ លោក​លើកឡើង​ថា បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​បាន​បំផ្លាញ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​គ្មាន​ចាត់វិធានការ​បោសសម្អាត​ក្រុម​មេខ្លោង​ពាក់ព័ន្ធ​ដែល​ប្រើ​អំណាច និង​ឥទ្ធិពល​ឈរ​កាង​ឧក្រិដ្ឋកម្ម​នេះ​ឡើយ​មកដល់​ពេលនេះ។

លោក ឌី ថេហូយ៉ា៖ «រាល់​ទីតាំង​ទាំងអស់​នៅក្នុង​របាយការណ៍​អង្គការសហប្រជាជាតិ (UN) ក្ដី របាយការណ៍​អង្គការ​អន្តរជាតិ​ធ្វើការ​លើ​វិស័យ​ហ្នឹង​ក្ដី​ដែល​គេ​បង្ហាញ​ច្បាស់​ឧទាហរណ៍​ដូចជា ភ្នំពេញ​នៅ​កន្លែង​ណា ប៉ោយប៉ែត​នៅ​កន្លែង​ណា បាវិត​នៅ​កន្លែង​ណាខ្លះ​អគារ​ណាខ្លះ នៅ​កំពង់សោម​នៅ​អគារ​ណាខ្លះ​ហ្នឹង ខ្ញុំ​គិតថា មិនអាច​លាក់កំបាំង​ចំពោះ​រដ្ឋាភិបាល​បានទេ ព្រោះ​ស្អី​ក៏​រដ្ឋាភិបាល​អាច​ដឹង​បាន​ដែរ​។ អ៊ីចឹង​ហើយ​ខ្ញុំ​គិតថា ត្រូវតែ​ចាត់ការ និង​បោសសម្អាត​នូវ​មេខ្លោង​ទាំងអស់​នោះ»។

ទោះបីជា​លោក ហ៊ុន ម៉ាណែត កំពុង​ព្យាយាម​កុហក​អន្តរជាតិ និង​ព្យាយាម​ដើរតួ​ជា​ជនរងគ្រោះ​ក្ដី ប៉ុន្តែ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បាន​យក​ឧក្រិដ្ឋជន ចេន ហ្ស៊ី ធ្វើជា​ទីប្រឹក្សា និង​ថែមទាំង​ទទួល​បាន​ផលប្រយោជន៍​ដោយ​ផ្ទាល់​នៅក្នុង​ទំហំ​ទឹកប្រាក់​រាប់​លាន​ដុល្លារ។ ក្នុង​ឆ្នាំ​២០២១ ឧក្រិដ្ឋជន ចេន ហ្ស៊ី បាន​បរិច្ចាគ​លុយ​យ៉ាង​ហោច ៣​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ដើម្បី​ទិញ​វ៉ាក់សាំង​ជំងឺ​កូវីដ​-១៩ (Covid-19)​។ ក្រោយមក​ឧក្រិដ្ឋជន ចេន ហ្ស៊ី ក៏​បាន​ផ្ដល់​លុយ​ប្រមាណ ១​លាន​ដុល្លារ​ទៀត​ដល់​រដ្ឋាភិបាល​លើ​មូលនិធិ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​ព្រំដែន​ដែល​បង្កើត​ឡើង​ដោយ​លោក ហ៊ុន ម៉ាណែត។ ក្រៅ​ពី​នេះ ភរិយា​លោក ហ៊ុន សែន គឺជា​អ្នកស្រី ប៊ុន រ៉ានី ក៏​ទទួល​បាន​លុយ​មួយ​ចំណែក​ធំ​ពី​បណ្ដាញ​ឧក្រិដ្ឋកម្ម​របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី តាមរយៈ​ការ​បរិច្ចាគ​លុយ​យ៉ាង​ហោច ៥០​ម៉ឺន ទៅ ៧០​ម៉ឺន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ដល់​កាកបាទក្រហមកម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០២១​មក។

អាជ្ញាធរ​អាមេរិក និង​អង្គការ​ជំនាញ​អន្តរជាតិ​ក៏​រកឃើញ​ថា ការរីក​រាលដាល​អំពើ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ​នៅ​កម្ពុជា​គឺ​ដោយសារតែ​រដ្ឋាភិបាល​កាង​ការពារ​ដោយ​ផ្ទាល់​ក្នុងពេលដែល​ប្រទេស​ក្រីក្រ​មួយ​នេះ​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ អំពើពុករលួយ​ជា​ប្រព័ន្ធ និង​ការដឹកនាំ​បែប​គ្រួសារ​បក្ខពួក​និយម​ពាសពេញ​ស្ថាប័នរដ្ឋ។

សមាជិកសភា​អាមេរិក​ក៏បាន​ស្នើ​ឱ្យ​ដាក់ឈ្មោះ​មន្ត្រី​កំពូលៗ​មួយ​ចំនួន​ធំ​ចូលក្នុង​បញ្ជីខ្មៅ ដើម្បី​ដាក់​ទណ្ឌកម្ម​ក្នុង​សេចក្ដី​ស្នើ​ច្បាប់ (H.R5490)​។ មន្ត្រី​កំពូលៗ​ទាំងនោះ​រួមមាន លោក ស សុខា លោក នេត សាវឿន លោក ឌី វិជ្ជា បងប្អូន​ជីដូន​មួយរ​បស់​លោក ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ លោក គួច ចំរើន លោក ស ថេត សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​កាន់អំណាច លោក កុក អាន លោក ឡុង ឌីម៉ង់ និង​កូនប្រុស​អតីត​ឧបនាយករដ្ឋមន្ត្រី​លោក យឹម ឆៃលី គឺ​លោក យឹម លក្ខណ៍ រួម​ទាំង​មនុស្ស​មួយចំនួន​ទៀត​ដែល​មាន​ទំនាក់ទំនង​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ក៏បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​ត្រូវ​បាន​ស្នើ​ឱ្យ​ដាក់ឈ្មោះ​ពួកគេ​ចូលក្នុង​បញ្ជីខ្មៅ​ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ