

អ្នកឃ្លាំមើលថា ស្ថានការណ៍ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ គ្មានភាពច្បាស់លាស់នោះទេ ដោយសារភាគីថៃ បានពន្យារពេលចូលរួមកិច្ចប្រជុំ ដើម្បីដោះស្រាយរឿងបោះបង្គោលព្រំដែន ដែលស្នើឡើងដោយកម្ពុជា និងចោទប្រកាន់កម្ពុជា ថា រំលោភកិច្ចព្រមព្រៀងបទឈប់បាញ់។ ពួកគាត់ថា ក្នុងស្ថានភាពបែបនេះ កម្ពុជាគួរតែប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ជាជាងចរចាទ្វេភាគីជាមួយថៃ។
បន្ទាប់ពីធ្វើសង្គ្រាមឈ្លានពាន និងចូលទន្ទ្រានកាន់កាប់ទឹកដីកម្ពុជា នៅតាមបណ្ដោយព្រំដែនមក ពេលនេះភាគីថៃ ហាក់មិនចង់និយាយរឿងបោះបង្គោលព្រំដែនជាមួយកម្ពុជានោះឡើយ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី៥ ខែមករា ថា កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)នៃភាគីទាំងពីរ ដែលស្នើឡើងដោយភាគីកម្ពុជា និងគ្រោងនឹងរៀបចំឡើងនៅសប្ដាហ៍ទី១ ក្នុងខែមករា នៅខេត្តសៀមរាបនោះ ត្រូវបានភាគីថៃស្នើសុំលើកពេល ដោយលើកហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង។
ទោះជាយ៉ាងណា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា កម្ពុជាបានស្នើជាថ្មីម្ដងទៀត ទៅភាគីថៃ តាមរយៈកំណត់ទូត ដើម្បីរៀបចំកិច្ចប្រជុំនេះនៅសប្ដាហ៍ទី២ ឬទី៣ ក្នុងខែមករា ដើម្បីពិភាក្សាលើការវាស់វែងបង្គោលព្រំដែនបណ្ដោះអាសន្នមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងកំណត់ខ្សែព្រំដែន ដើរតាមផ្លូវទឹក និងបន្ទាត់ត្រង់ជាដើម។ ក្រៅពីនេះ ភាគីកម្ពុជា ក៏នឹងលើកយកបញ្ហាដែលយោធាថៃ បានធ្វើសកម្មភាពបំពានលើបូរណភាពទឹកដី និងឈូសឆាយបំផ្លាញលំនៅឋានរបស់ពលរដ្ឋខ្មែរ និងហាមឃាត់ មិនឱ្យចូលទៅរស់នៅ ក្នុងលំនៅឋានវិញផងដែរ។
គិតមកដល់ពេលនេះ រដ្ឋាភិបាលថៃ នៅមិនទាន់ឆ្លើយតប ចំពោះសំណើលើកទីពីររបស់កម្ពុជា ដែលស្នើឱ្យមានកិច្ចប្រជុំ JBC ក្រោយការប្រកាសបទឈប់បាញ់នោះទេ។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៦ ខែមករា ថា ភាគីថៃហាក់មានបំណងពន្យារពេលពីការចរចា ដើម្បីធ្វើជាតូបនីយកម្មទឹកដីរបស់កម្ពុជា ដែលយោធាថៃបានរាយបន្លាលួសព័ទ្ធយក ឱ្យក្លាយទៅជារបស់ថៃ តាមរយៈការបំផ្លាញសំណង់ចាស់ និងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី។
លោក អ៊ុំ សំអាន៖ «បទឈប់បាញ់ហ្នឹង គឺផុយស្រួយណាស់ អាចផ្ទុះអាវុធបានគ្រប់ពេលវេលា។ ហើយការសង្ឃឹម ទៅលើការប្រជុំកិច្ចការចម្រុះ នៃគណៈកម្មាធិការព្រំដែន JBC គឺថៃមិនព្រមប្រជុំនោះទេ។ ទោះបីចរចាទ្វេភាគីក៏ដោយ ក៏ទីតាំងចំនួន ២៨ហ្នឹង មិនអាចទាមទារយកវិញតាមរយៈការចរចាទ្វេភាគីហ្នឹងបានទេ ទាល់តែកម្ពុជាប្ដឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ»។
កន្លងមកកម្ពុជាធ្លាប់ស្នើឱ្យមានកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ជាលើកដំបូងរបស់ប្រទេសទាំងពីរ ក្រោយមានបទឈប់បាញ់ផងដែរ ក៏ប៉ុន្តែរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានចេញមុខបដិសេធភ្លាមៗ ដោយលើកហេតុផលថា ថៃមិនទាន់ត្រៀមនីតិវិធី និងថា លទ្ធផលនៃការប្រជុំនេះត្រូវចងភ្ជាប់នឹងតួនាទីរបស់រដ្ឋាភិបាលថៃថ្មី។
ក្រៅពីនេះ លោក ស៊ីហាសាក់ បានអះអាងទៀតថា ស្ថានភាពនៃជម្លោះកម្ពុជា និងថៃ នៅមានភាពផុយស្រួយនៅឡើយ ខណៈរដ្ឋាភិបាលរបស់ថៃបច្ចុប្បន្ន គឺជារដ្ឋាភិបាលចាំផ្ទះ ហើយថៃមិនអាចមានការកំណត់ពេលឱ្យបានជាក់លាក់សម្រាប់ការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ជាមួយកម្ពុជាបាននោះឡើយ។
ជុំវិញរឿងនេះ ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ភាគីថៃបានប្រើប្រាស់បទឈប់បាញ់ យកមកសម្លុត និងចងជើង មិនឱ្យកម្ពុជាតវ៉ា និងម្ខាងទៀត ថៃបានប្រើលេសចោទប្រកាន់មកលើកម្ពុជា និងពន្យារពេលកិច្ចប្រជុំ JBC ដើម្បីបន្តកាន់កាប់ទឹកដីតាមបណ្ដោយព្រំដែន ដែលយោធាថៃបានឈ្លានពានពីកម្ពុជា។
លោក ម៉ែន ណាត៖ «ថៃប្រើយន្តការ២ ទីមួយយន្តការ ការទូត ដោយចោទប្រកាន់កម្ពុជា ទាំងខុសច្បាប់។ ទីពីរប្រើកម្លាំងយោធា ដើម្បីត្រួតត្រា។ ឯចំណែកកម្ពុជាយើង អត់ចង់តបតដោយប្រើកម្លាំងយោធាទេ គ្រាន់តែតវ៉ាតាមផ្លូវច្បាប់ទេ»។
យ៉ាងណាមិញ ក្រៅពីភាពចម្រូងចម្រាស លើការកំណត់ពេលបើកកិច្ចប្រជុំ JBC ហើយនោះ គណៈកម្មាធិការព្រឹទ្ធសភាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ ធ្លាប់បានស្នើជាឯកច្ឆន្ទ ឱ្យលុបចោលជាបន្ទាន់ នូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកជាមួយកម្ពុជា និងអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០១ ស្ដីអំពីការអភិវឌ្ឍរួមគ្នា សម្រាប់វិស័យធនធានថាមពល (OCA) ក្នុងដែនសមុទ្រ ដែលភាគីទាំង២ អះអាងថា ត្រួតស៊ីគ្នា។ ទន្ទឹមគ្នានេះ គណៈកម្មាធិការព្រឹទ្ធសភាថៃ បានស្នើឱ្យរដ្ឋាភិបាលថៃ ប្រើប្រាស់អំណាចកងទ័ពជើងទឹក និងការបិទឈូងសមុទ្រ ដើម្បីដាក់សម្ពាធលើកម្ពុជាឱ្យចូលចរចា ក្នុងពេលមានសង្គ្រាមទៀតផង។
អ្នកតាមដានស្ថានការណ៍ យល់ឃើញថា ស្ថិតនៅក្នុងកាលៈទេសៈ ដែលថៃក្រឡុកស្ថានការណ៍តាមចិត្តបែបនេះ កម្ពុជាគួរតែត្រៀមយុទ្ធសាស្ត្រ ទាំងផ្នែកយោធា និងយន្តការច្បាប់អន្តរជាតិ ដើម្បីបញ្ចប់សកម្មភាពឈ្លានពានរបស់យោធាថៃមកលើកម្ពុជា៕









