អ្នកឃ្លាំមើល​ថា លោក ហ៊ុន ម៉ាណែត បាន​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ​ជាច្រើន នៅ​ឆ្នាំ​២០២៥

0
150
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នកឃ្លាំមើល​លើកឡើង​ថា ប្រទេស​កម្ពុជា រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត បាន​បរាជ័យ ក្នុង​ការ​ដោះស្រាយ បញ្ហា​ជាតិ​ជាច្រើន ក្នុង​ឆ្នាំ​២០២៥ ដូចជា​បញ្ហា​អំពើពុករលួយ ពលរដ្ឋ គ្មាន​ការ​ធ្វើ​សមរម្យ ឧក្រិដ្ឋកម្ម អនឡាញ (Scam Online) ការរំលោភ​សិទ្ធិមនុស្ស ការ​ធ្លាក់​ចុះ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ការ​បែក​បាក់​ផ្ទៃ​ជាតិ និង​អសមត្ថភាព​ក្នុង​ការ​ការពារ​ទឹកដី​ពី​ការឈ្លានពាន​របស់​យោធា​ថៃ។

អ្នកឃ្លាំមើល​កត់សម្គាល់​ឃើញថា ចាប់តាំង​ពី លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី បន្ត​តំណែង ពី​ឪពុក គឺ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ជិត​២​ឆ្នាំ​មកនេះ លោក​ហាក់​ពុំ​សូវ​មាន​ស្នាដៃ អ្វី​ជា​ដុំកំភួន សម្រាប់​ប្រទេសជាតិ​នោះ​ទេ។ អ្នកឃ្លាំលើ​បញ្ហា​សង្គម និង​នយោបាយ លើកឡើង​ថា ក្នុង​ឆ្នាំ​២០២៥​នេះ មុខមាត់​ប្រទេស​កម្ពុជា​កាន់តែ​មិនសូវ​ល្អ ជុំវិញ​បញ្ហា​ឧក្រិដ្ឋកម្ម​អនឡាញ បញ្ហា​អំពើពុករលួយ ចាក់ស្រេះ ការរំលោភ​សិទ្ធិមនុស្ស ជាពិសេស​នោះ លោក ហ៊ុន ម៉ាណែត អសមត្ថភាព ដោះស្រាយ​បញ្ហា​ពលរដ្ឋ​អត់​ការងារ ទើប​ធ្វើ​ឱ្យ​ពួកគាត់ កាន់តែ​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក អសមត្ថភាព​ក្នុង​ការ​ការពារ​ទឹកដី​ពី​ការឈ្លានពាន​របស់​យោធា​ថៃ។

អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ លោក ម៉ែន ណាត ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី​១ មករា ថា ក្នុង​ឆ្នាំ​២០២៥​កន្លង​មក​នេះ លោក ហ៊ុន ម៉ាណែត ពុំបាន​កសាង​ស្នាដៃ​អ្វី​ជា​ដុំកំភួន សម្រាប់​ប្រទេស ជាតិ​នោះ​ទេ ក្រៅ​តែ​ពី​សមិទ្ធផល​បន្តិច​បន្តួច ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ សាលារៀន និង​ការ​កសាង ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី «​តេ​ជោ​» ស្ថិតនៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ដែល​ជា​គម្រោង​សាងសង់ សល់​តាំងពី​លោក ហ៊ុន សែន នៅ​ជា​នាយករដ្ឋមន្ត្រី។

ទន្ទឹម​គ្នា​នោះ លោក ម៉ែន ណាត ថា មានរឿង​ជាច្រើន​ដែល លោក ហ៊ុន ម៉ាណែត សន្យា​ហើយ​ធ្វើ​មិន​បាន ដូចជា ការ​កាត់បន្ថយ​អំពើពុករលួយ និង​ការ​លុបបំបាត់​ឧក្រិដ្ឋកម្ម​អនឡាញ ខណៈ​ដែល​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​ប្រធាន​គណៈកម្មាធិការ ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​អនឡាញ ប៉ុន្តែ​ទីប្រឹក្សា​ផ្ទាល់​របស់​លោក ត្រូវ​បាន​ស្ថាប័ន​អន្តរជាតិ​រក​ឃើញ​ថា ជា​មេ​ឧក្រិដ្ឋជន ឆបោក​លំដាប់​អន្តរជាតិ នោះ​គឺ លោក ចេ​ន ហ្ស៊ី។ ជាមួយគ្នា​នោះ​លោក​ថា លោក ហ៊ុន ម៉ាណែត ក៏​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ចាប់ខ្លួន​អ្នកនយោបាយ​បក្ស​ប្រឆាំង សកម្មជន​បរិស្ថាន និង​សកម្មជន​សង្គម​ជាច្រើន ដាក់​ពន្ធនាគារ ដោយ​អយុត្តិធម៌​ដែល​ធ្វើ​ឱ្យ​ប្រទេសជាតិ មាន​ការ​បែកបាក់​ផ្ទៃក្នុង​កាន់តែ​ខ្លាំង។

លោក ម៉ែន ណាត៖ «ឧបសគ្គ​ធំ​ជាងគេ​គឺ​អំពើពុករលួយ​។ អំពើពុករលួយ​វា​ស៊ី​រូង​ខាងក្នុង​ទាំង​ការ​អភិវឌ្ឍ​ជាតិ ទាំង​ទេសចរណ៍ ទាំង​ការ​វិនិយោគ ទាំង​តុលាការ ទាំង​ការអនុវត្ត​ច្បាប់ ទាំង​វិស័យ​ផ្សេងៗ​។ ពុករលួយ​នេះ​វា​ធំ​ពេក បក្ខពួក​និយម​នេះ​វា​ធំ​ពេក»។

គិត​ត្រឹម​ថ្ងៃទី​១ មករា អង្គការ​លីកាដូ បាន​កត់​សម្គាល់​ឃើញថា អ្នក​នយោបាយ​អ្នកការពារ​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី សហជីព អ្នកសារព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម មាន​ចំនួន​ជិត​១០០ (៩១)​នាក់​ហើយ​ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ដាក់​ក្នុង​ពន្ធនាគារ ដោយសារតែ​ការអនុវត្ត​សិទ្ធិ​របស់​ខ្លួន​ស្របច្បាប់។

លោក ម៉ែន ណាត លើកឡើង​បន្ថែម​ថា បញ្ហា​មួយ​ចំនួន ដែល​លោក ហ៊ុន ម៉ាណែត ពុំ​បាន​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព និង​ទាន់​ពេល​វេលា​ទៀត​នោះ គឺ​បញ្ហា​ពលរដ្ឋ​ពិបាក​រក​ការងារ​ធ្វើ​បាន​ទៀងទាត់ និង​មាន​ប្រាក់ខែ​សមរម្យ។

លោក ម៉ែន ណាត៖ «គឺ​វា​ពាក់ព័ន្ធ​នឹង​ឪពុក​គាត់​ជា​អ្នកបញ្ជា បញ្ញា​ទាំងអស់​នេះ​។ នាយករដ្ឋមន្ត្រី ក៏​លោក ហ៊ុន សែន បញ្ជា។ បញ្ហា​ព្រះមហាក្សត្រ ក៏​លោក ហ៊ុន សែន បញ្ជា។ និយាយ​រួម​ទៅ បញ្ហា​រួម​របស់​ជាតិ គឺ លោក ហ៊ុន សែន អ្នកបញ្ជា​ទាំងអស់ ហើយ​លោក ហ៊ុន សែន ជា​មនុស្ស​ជំពាក់​ជំពិន រឿងអាស្រូវ​ច្រើនណាស់​បញ្ហា​ជាតិ​ហ្នឹង។ អ៊ីចឹង​ហើយ ពួក​មន្ត្រី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នឹង​ចង់​ធ្វើ​ស្អី​ខ្លួនឯង​ដោយ​ម្ចាស់ការ​អត់​បាន»។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា បាន​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា បាន​បរាជ័យ ក្នុង​ការធានា​នូវ​កម្រិតជីវភាព​សមរម្យ ការ​អប់រំ និង​ការថែទាំ​សុខភាព ចំពោះ​ពលករ និង​ប្រជាពលរដ្ឋ ទើប​ធ្វើ​ឱ្យ​ពួកគាត់​កាន់តែ​ជំពាក់​បំណុល​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ។ ទន្ទឹមគ្នា​នោះ ពលករ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់ ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ​វិញ ដោយសារ​ជម្លោះព្រំដែន ពិបាក​រក​ការងារ​ធ្វើ​មាន​ប្រាក់ចំណូល​សមរម្យ។

បន្ថែម​ពី​នោះ គេ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏បាន​បរាជ័យ ក្នុង​ដោះស្រាយ បញ្ហា​អយុត្តិធម៌ សង្គម​ជាច្រើន​ទៀត ដូចជា​ករណី​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​ឧកញ៉ា​ដែល​មាន​ទំនាក់ទំនង​ជាមួយ​គ្រួសារ​របស់​លោក ហ៊ុន ម៉ាណែត ផ្ទាល់ រួមមាន លោក ឡេង ណាវ៉ាត្រា អ្នកស្រី ឡេង ចាន់ណា និង​លោក ជា សារ៉ន ជាដើម ដែល​រកស៊ី​ឆបោក​ប្រាក់​រាប់​លាន​ពី​ប្រជាពលរដ្ឋ​ស្ទើរ​ទូទាំង​ប្រទេស​នោះ ក៏​មិនទាន់​បាន​ផ្ដល់​ដំណោះស្រាយ​អ្វី​ដល់​ពលរដ្ឋ​ដែរ។​

ចំណែក អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី សរសេរ​ថា បញ្ហា​ដែល​រដ្ឋាភិបាល ពុំបាន​ដោះស្រាយ ហើយ គួរតែ ដោះស្រាយ​ជាបន្ទាន់​នោះ ការ​ធ្វើ​ទំនើបកម្ម​យោធា​ឱ្យ​បាន​ត្រឹមត្រូវ និង​លុប បំបាត់​អំពើពុករលួយ​ផ្នែក​យោធា។ ជាមួយគ្នា​នោះ​លោក​ថា ទាំង អ្នកនយោបាយ និង​ពលរដ្ឋ គួរតែ​ចាប់ផ្ដើម​ឈរ​ដោយ​ខ្លួនឯង ពឹង​លើ​សមត្ថភាព​ខ្លួនឯង និង​រៀបចំ​ប្រទេសជាតិ​ឲ្យ​ខ្លាំង តាមរយៈ​ការ​ពង្រឹង​ការ​ឯកភាព​ជាតិ ធ្វើ​ទំនើបកម្ម យោធា​ឡើងវិញ និង​រស់នៅ​ប្រកបដោយ​យុត្តិធម៌ ដោយ​អនុវត្តន៍ នូវ​ពាក្យ​ថា «​បើ​ខ្មែរ​មិន​ខ្លាំង នឹង​មិនអាច​រស់នៅ ចន្លោះ​ក្រពើ និង​ខ្លា បានទេ​នៅពេល​អនាគត»។

ទាក់ទិន​បញ្ហា​នេះ អ្នកនាំពាក្យ​គណបក្ស ប្រជាជន​កម្ពុជា លោក ជា ធី រិទ្ធ លើកឡើង​ថា មក​ទល់​ពេល​នេះ​រដ្ឋាភិបាល​បាន​ប្រឹងប្រែង​អភិវឌ្ឍន៍​ជាតិ ដោះស្រាយ​បញ្ហា​ជាច្រើន និង​ការពារ​ទឹកដី​គ្រប់​បែប​យ៉ាង មិន​ដែល​បន្ធូរបន្ថយ​ម្ដង​ឡើង។

លោក ជា ធី រិទ្ធ៖ «ការ​លើកឡើង​ដែល​គ្មាន​ទឡ្ហីករណ៍ ការ​លើកឡើង​ដែល​បរិហារ ចោទប្រកាន់​ដើម្បី​បំពេញ​មហិច្ឆតា​តាម​និន្នាការ​នយោបាយ​ជ្រុលនិយម​របស់​ខ្លួន​នោះ​គឺ វា​អត់​បាន​អី​ជា​ចំណេញ​ជា​ប្រយោជន៍​ដល់​ប្រទេសជាតិ​ទេ។ អ្វី​ដែល​យើង​ត្រូវធ្វើ​គឺ មក​ដល់​ពេល​នេះ យើង​បាន​ខិតខំ​ប្រឹងប្រែង​ការពារ បូរណភាព​ទឹកដី។ យើង​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ប្រទេស​ជាតិ សេដ្ឋកិច្ច​ប្រជាជន គ្រប់​បែប​យ៉ាង​ជា​ជំហានៗ។ យើង​អត់​មាន​ពេល​ទៅ​ចាប់អារម្មណ៍​ទៅ​ការ​បរិហារ​អត់​ប្រយោជន៍ អ្វី​ដែល​យើង​ត្រូវធ្វើ​គឺ​ដោះស្រាយ​បញ្ហា»។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន និង​ជា​អ្នកវិភាគ លោក ប៉ោ មករា លើកឡើង​ថា បញ្ហា​ជាច្រើន ដែល​រដ្ឋាភិបាល បរាជ័យ​ក្នុង​ការ​ដោះស្រាយ​នៅក្នុង​២០២៥​នេះ គឺ​បណ្ដាល​មកពី​មន្ត្រី​នយោបាយ និង​អ្នកធ្វើការ​នៅ​តាម​ក្រសួង​នីមួយៗ គឺ​ច្រើនតែ​ចំនួន​មនុស្ស ចំណែក​ការងារ​ពុំ​មាន​ប្រសិទ្ធភាព។ លោក​ថា រដ្ឋាភិបាល​ត្រូវតែ​ហ៊ាន​វះកាត់​មន្ត្រី​អសមត្ថភាព និង​ជន​ពុករលួយ​និយម​ចេញ​ឱ្យ​អស់​ជាបន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ ពលរដ្ឋ និង​ប្រទេសជាតិ​មួយ​នេះ នឹង​បន្ត​រងគ្រោះ។

លោក ប៉ោ មករា៖ «អ៊ីចឹង​ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​លើ​ការងារ​ក្នុង​ការ​អភិវឌ្ឍ​នេះ​យើង​គួរតែ​កាត់បន្ថយ​ចំនួន​ក្រសួង ចំនួន​បុគ្គលិក​រដ្ឋ​មួយចំនួន ឬក៏​មន្ត្រី​នយោបាយ​មួយចំនួន​ទៅ ស្កេះស្កះ​នៅ​ក្រសួង​មួយចំនួន ព្រោះ បើ​ធ្វើបែប​នេះ ពេលខ្លះ វា​អាច​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា»។

អ្នកឃ្លាំមើល និង​ពលរដ្ឋ​សង្ឃឹម​ថា នៅក្នុង​ឆ្នាំ​២០២៦ នេះ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត នឹង​កែខ្លួន ហើយ​ភ្ញាក់​រលឹក​ឡើង ក្នុង​ការ​ស្ដារ​ការ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស មាន ការ​បង្រួបបង្រួម​ជាតិ និង​រៀបចំ​ឱ្យ​មាន​តុលាការ​ឯករាជ្យ ពិតប្រាកដ​។ ជាមួយគ្នា​នោះ ពលរដ្ឋ ក៏​ចង់​ឃើញ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង យោធា​ឱ្យ​បាន​ខ្លាំង​ជាង​មុន។ ពួកគាត់​បារម្ភ​ថា ប្រសិនបើ លោក ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​ប្រទេស ដូច​លំនាំ​បច្ចុប្បន្ន​នេះ ប្រទេសជាតិ នឹង​អន្តរាយ ខណៈ​ប្រទេស​ជិតខាង គេ​កាន់តែ​បន្ត​មើលងាយ និង​ឈ្លានពាន ទឹកដី តាម​អំពើ​ចិត្ត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ