អ្នកឃ្លាំមើល​សង្គម​ថា ការ​បង្រួបបង្រួម​នយោបាយ​ទាមទារ​ឲ្យ​ភាគី​ជម្លោះ​មាន​ឆន្ទៈ​ពិតប្រាកដ

0
35
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។ RFA/Tin Zakariya
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។ RFA/Tin Zakariya

អ្នកឃ្លាំមើល​សង្គម​និង​អ្នកនយោបាយ​ប្រឆាំង លើកឡើង​ថា នយោបាយ​ខ្មែរ​មាន​ឫសគល់​នៃ​ការ​បែកបាក់​រាប់​ទសវត្ស​រ៍ ដូច្នេះ​ការ​បង្រួបបង្រួម​នយោបាយ​គឺ​មិនមែន​ត្រឹមតែ​ជា​ការ​និយាយ​ឲ្យ​ល្អ​ស្តាប់​នោះ​ទេ ប៉ុន្តែ​ទាមទារ​ឲ្យ ភាគី​ជម្លោះ មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ចុះសម្រុង​គ្នា ។ ការ​លើកឡើង​នេះ គឺ​ក្រោយពី​លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត តែងតែ​បញ្ចេញ​សារ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​រួបរួម​គ្នា​សាមគ្គី​ជាតិ ប៉ុន្តែ​នៅតែ​បន្ត​ចាប់​ចង​និង​ធ្វើទុក្ខបុកម្នេញ​លើ​សំឡេង​រិះគន់​និង​សំឡេង​ប្រឆាំង​ឥត​ឈប់ឈរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ បាន​ឲ្យ​ដឹង​ថា ដើម្បី​ការពារ​ទឹកដី មេដឹកនាំ​កម្ពុជា និង​ប្រជា​ជាតិខ្មែរ​គ្រប់​និន្នាការ​ទាំងអស់ ត្រូវតែ​សាមគ្គី​គ្នា ឈប់​ឈ្លោះប្រកែក​គ្នា ឬ​ចាត់ទុក​គ្នា​ជាស​ត្រូវ ដោយសារតែ​ទស្សន​:​នយោបាយ​ផ្សេងគ្នា។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ។ រូប៖ ហ្វេសប៊ុក

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ រូប​នេះ​បន្ថែម​ថា ការ​បង្រួបបង្រួម​ជាតិ​ទាមទារ​ឱ្យ​បុគ្គល​មាន​អំណាច​ចរចា​ខ្ពស់។

ទោះជា​យ៉ាងណា លោក សេក សុជាតិ បន្ថែម​ថា ប្រសិនបើ​ចង់​បង្រួបបង្រួម​អ្នកនយោបាយ​ខ្មែរ ប្រហែលជា​មិនអាច​ធ្វើ​បាន​ក្នុងនាម​ជា អ្នកនយោបាយ​ម្នាក់ឯង នោះ​ទេ ប៉ុន្តែ​ខ្មែរ​អាច​ធ្វើ​បាន​គឺ​ត្រូវ​រៀបចំ​ឱ្យ​មាន​អ្នក​ផ្ដួចផ្ដើម​យន្តការ​ច្បាប់ និង​វេទិកា​សន្ទនា​ជាតិ។

លោក សេក សុជាតិ៖ «រដ្ឋាភិបាល​និង​គណបក្សកាន់អំណាច​មាន​តួនាទី​ធំ​ជាង​គេ​នៅក្នុង​ការ​សម្រេចចិត្ត​ដូច្នេះហើយ​បើសិនជា​អ្នកធំ​សម្រេច​ឱ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​អ្វីៗ​គឺ​នឹង​អាច​ដោះស្រាយ​បាន​ទាំងអស់»។

ការ​អះអាង​របស់​អ្នកឃ្លាំមើល​សង្គម​រូប​នេះ បន្ទាប់ពី​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត តែងតែ​អំពាវនាវ​ជាច្រើន​ដង ព្រមទាំង សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថែមទៀត អំពាវនាវ​ឲ្យ​ខ្មែរ​រួបរួមសាមគ្គី​ជាតិ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី មិនបាន​បង្ហាញ​ឱ្យ​ឃើញ​លទ្ធផល​នោះ​ទេ។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​កម្ពុជា ២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​គឺ​គ្មាន​គោលនយោបាយ​ផ្សះផ្សា​ជាតិ​នោះ​ទេ គោលដៅ​របស់​គេ​គឺ​បំបែក​ប្រជា​ជាតិខ្មែរ​ដើម្បី​រក្សា​អំណាច​គ្រួសារ​របស់​គេ។

អ្នក​អត្ថាធិប្បាយ​នយោបាយ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ។ រូប៖ ហ្វេសប៊ុក

លោក គឹម សុខ៖ «ទោះបីជា​ពួក​មេដឹកនាំ​ក្រុម​គ្រួសារ​ហ៊ុន​ប្រឹង​ស្រែក​ក្តែងៗ​អំពី​ការ​រួបរួម​សាមគ្គី​ខ្មែរ​តែមួយ​ក៏ដោយ ក៏ប៉ុន្តែ​មែនទែន​ទៅ​គឺ​អំណាច​ក្រុម​គ្រួសារ​ហ៊ុន​ហ្នឹង​ឯង​ដែល​ជា​ឧបសគ្គ​នៃ​ការ​បង្រួបបង្រួម​ជាតិ​កម្ពុជា»។

របាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ក្នុង​ខែធ្នូ ឆ្នាំ​២០២៥ ឱ្យដឹង​ថា មាន​អ្នកនយោបាយ និង​សកម្មជន​ចំនួន ៩២​នាក់ ដែល​កំពុង​ជាប់ពន្ធនាគារ ដោយសារ​ការប្រើ​សេរីភាព​បញ្ចេញមតិ​។ បន្ថែម​លើ​នេះ​ទៀត ក្នុង​មករា ឆ្នាំ​២០២៦​នេះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​តុលាការ​ចាប់​សកម្មជន មូលដ្ឋាន​របស់​គណបក្ស​ប្រឆាំង ចំនួន ៣​នាក់​ថែមទៀត ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​របស់​ពួកគាត់ អំពី​ស្ថានភាព​ព្រំដែន។

អ្នកឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ពិបាក​សម្រេចចិត្ត​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ ឱ្យ​មាន​ការ​ស្ដារ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ពីព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា បារម្ភ​ពី​ការ​ចាញ់​ការបោះឆ្នោត ប្រសិន​បើក​សេរីភាព​នយោបាយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ