អ្នកឃ្លាំមើល​ថា កម្ពុជា​ក្រៅពី​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ផ្លូវ​យោធា ក៏​ត្រូវតែ​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ

0
106
(ពី​ឆ្វេង) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) ក្នុង​ពិធី​ចុះហត្ថលេខា​នៃ​សេចក្ដីថ្លែងការណ៍​រួម នា​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
(ពី​ឆ្វេង) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) ក្នុង​ពិធី​ចុះហត្ថលេខា​នៃ​សេចក្ដីថ្លែងការណ៍​រួម នា​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នកឃ្លាំមើល​ថា កម្ពុជា​ក្រៅពី​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​តាមផ្លូវ​យោធា​គឺ​ត្រូវតែ​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ ពាក់ព័ន្ធ​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ការឈ្លានពាន​ទឹកដី​កម្ពុជា ខណៈ​ដែល​សហគមន៍​អន្តរជាតិ កំពុងតែ​តាមដាន​ជុំវិញ​ការ​ឈ្លានពាន​នេះ។

ការ​ផ្ទុះអាវុធ​ជាថ្មី​រវាង​កម្ពុជា​-​ថៃ នៅ​តាម​ខេត្ត​ជាប់​ព្រំដែន ចំនួន​៤​ថ្ងៃ​ជាប់​គ្នា​មកនេះ បាន​បង្ក​ផល​ប៉ះពាល់​ដល់​អាយុជីវិត ទាហាន ជន​ស៊ីវិល ផ្ទះសម្បែង និង​សម្បត្តិ​សាធារណៈ​ជាច្រើន​។ ទន្ទឹមគ្នា​នោះ គេ​ឃើញថា ទាហាន​ថៃ បាន​ប្រើប្រាស់​អាវុធ​ទំនើបៗ បាញ់ប្រហារ លើ​ទីតាំង​កងទ័ព​និង​ជន​ស៊ីវិល​ខ្មែរ យ៉ាង​កម្រោល បណ្ដាល ឱ្យ​ពលរដ្ឋ​ខ្មែរ ស្លាប់ និង​រងរបួស ជា​បន្តបន្ទាប់។

អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​ភូមិសាស្ត្រ​នយោបាយ បណ្ឌិត រ៉ូ វណ្ណៈ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១០ ខែធ្នូ​ថា បើ​ទោះជា​ពេលនេះ​គ្មាន​ប្រទេស​មហាអំណាច​ណា​ចេញ​ថ្កោលទោស ការ​ឈ្លានពាន​របស់​ថៃ​ក្ដី ក៏​សហគមន៍​អន្តរជាតិ​ខ្លះ​បាន​ចេញ​សេចក្ដីថ្លែងការណ៍ ព្រួយ​បារម្ភ​ជុំវិញ ជម្លោះ​កម្ពុជា​-​ថៃ ហើយ​បាន អំពាវនាវ​ឱ្យ​ប្រទេស​ទាំងពីរ​ទៅ​រក​តុ​ចរចា​ឡើងវិញ​។ បន្ថែម​ពី​នោះ លោក​ថា កម្ពុជា គួរតែ​ប្រមូល​ភស្តុតាង​ឱ្យ​បាន​ច្រើន ដើម្បី​បង្ហាញ​សហគមន៍​អន្តរជាតិ និង​ត្រៀម​ប្ដឹង​ថៃ ទៅកាន់​តុលាការ​អន្តរជាតិ។

ជាមួយគ្នា​នោះ លោក​ថា កម្ពុជា​ត្រូវ​យក​បញ្ហា​នេះ ទៅ​ដោះស្រាយ តាមរយៈ​កិច្ច​ការទូត និង កោះ​ប្រជុំ​ជាមួយ​អង្គការសហប្រជាជាតិ ដោយ​ប្រើប្រាស់​យន្តការ​អាស៊ាន ដែល​មាន​ប្រទេស​ម៉ាឡេស៊ី ជា​អ្នកសម្របសម្រួល ក្នុង​ការ​កៀរគរ​ប្រទេស​ដទៃទៀត ដើម្បី​ដាក់​សម្ពាធ​ទៅលើ​ភាគី​ថៃ​ឱ្យ​ចូល​តុ​ចរចា​។ ពិសេស​ជាង​នោះ លោក​ថា កម្ពុជា​ត្រូវ​ពង្រឹងសមត្ថភាព​ឱ្យ​ខ្លាំង និង​រួបរួមសាមគ្គី​ជាតិ​ឱ្យ​រឹងមាំ នោះ​ទើប​ធ្វើ​ឱ្យ​កម្ពុជា កាន់តែ​ស្វាហាប់ លើ​ឆាក់​អន្តរជាតិ។

បណ្ឌិត រ៉ូ វណ្ណៈ៖ «អ៊ីចឹង​រឿង​ចាំបាច់​បន្ទាន់​នៅ​ពេល​នេះ គឺ​ការពារ​បូរណភាព​ទឹកដី​ផង និង​ប្រើប្រាស់​យន្តការ​ការទូត​ផង ដើម្បី​ធ្វើ​យ៉ាងណា​កុំឱ្យ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា​នេះ វិវត្តន៍​ទៅជា​​សង្គ្រាម​រយៈពេល​វែង»។

រីឯ អ្នកច្បាប់ និង​អ្នកវិភាគ​ឯករាជ្យ លោក វន់ ចាន់ឡូត បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃទី​១០ ខែ ធ្នូ​ថា លោក គ្មាន​ជំនឿ​ទាល់តែសោះ លើ​ការ​ពឹង​ឱ្យ​អន្តរជាតិ មក​ជួយ​កម្ពុជា ក្នុង​គ្រា​លំបាក​បែបនេះ ប្រសិនបើ​អ្នកនយោបាយ​ខ្មែរ​មិន​សាមគ្គី​គ្នា តស៊ូ ពុះពារ​ប្រឆាំង​នឹង​ថៃ ឱ្យ​បាន​ម៉ឺងម៉ាត់ ដោយ​ខ្លួនឯង​។ ជាក់ស្ដែង លោក​ថា ជាង ៥​ខែ​នេះ​កម្ពុជា​បាន​គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​សន្តិភាព​កូឡាឡាំពួរ​ក្ដី ភាគី​ថៃ ធ្វើ​អ្វី​តាម​អំពើ​ចិត្ត ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់ រំលោភ​បូក​លើ​ពល​ការិនី​ខ្មែរ និង​បាញ់​ជន​ស៊ីវិល​ស្លាប់​នៅ​ភូមិ​ព្រៃ​ចាន់ ស្រុក​អូរជ្រៅ ហើយ​គ្មាន​អន្តរជាតិ​ណា​ចេញមុខ​ថ្កោលទោស​ថៃ​នោះ​ទេ រហូត​មក​ទល់​ពេល​នេះ ថៃ​បើក​ការ​បាញ់ប្រហារ​ទាំង​កម្រោល​មក​លើ​កម្ពុជា​យ៉ាង​គឃ្លើន។

លោក​បន្ថែម​ថា ដើម្បី​អាច​វាយបំបាក់​ភាព​អំនួត​របស់​ភាគី​ថៃ​បាន កម្ពុជា​ត្រូវតែ​ប្រយុទ្ធ​ឱ្យ​គេ​កោត​ខ្លាច កុំ​ទៅ​សុំ​ឱ្យ​គេ​ជួយ និង​បន្ត​ឱ្យ​គេ​ប្រមាថ ទោះបីជា​នៅ​សល់​តែ​កាំបិត ពូថៅ ដំបង ត្រូវ​តាំងចិត្ត​ថា នឹង​ប្រយុទ្ធ​ការពារ​ជាតិ​ដល់​ទី​បញ្ចប់។ លោក​ថា បើ​កម្ពុជា​មិន​ប្ដេជ្ញា​ម៉ឺងម៉ាត់ ពី​ឥឡូវ​ទេ ប្រជាជាតិ នឹង​រស់​ក្នុង​ការប្រមាថ​ជា​រៀង​រហូត។

ចំណែក អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក របស់​លោក​ថា ដើម្បី​ចម្លង​ប្រទេស​កម្ពុជា ឱ្យ​រួច​ផុត​ពី​ការ គំរាម​ពី​ប្រទេសជិតខាង ដូចជា ថៃ និង​វៀតណាម កម្ពុជា មិន​ត្រូវ​ធ្វើ ខ្លួន​ឱ្យ​គេ​អាណិត អាសូរ​ទេ តែ​ត្រូវធ្វើ​ឱ្យ​គេ​សរសើរ និង​កោតក្រែង នោះ​ទើប​ហៅថា កម្ពុជា​ខ្លាំង និង​អាច​ការពារ​ទឹកដី​បាន​យូរ​អង្វែង​។ បន្ថែម​ពី​នោះ លោក​ថា ការ​ប្រើប្រាស់ យន្តការ​ច្បាប់​ប្ដឹង​ថៃ ទៅកាន់​ស្ថាប័ន​អន្តរជាតិ ក៏​ជា​រឿង​ចាំបាច់​ផង​ដែរ។

ជុំវិញ​រឿង​នេះ​ទូរទស្សន៍ អាស៊ីសេរី​ពុំ​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​ឆ្លើយតប បានទេ​នៅ​ថ្ងៃទី​១០ ខែធ្នូ​។ រីឯ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធ លើកឡើង​យ៉ាង​ខ្លី​ថា ពេលនេះ​រដ្ឋាភិបាល គិត​តែ​រួមគ្នា​ការពារ​ទឹកដី​ប្រឆាំង​សត្រូវ​ឈ្លានពាន។

ចំណែក​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋាភិបាលFresh News នៅ​ថ្ងៃ ដដែល​នេះ​បាន​ផ្សាយ​ថា ក្រោយពី​ជន​ស៊ីវិល​ខ្មែរ​ចំនួន ៩​នាក់ រួម​និង​ទារក​ម្នាក់​បាន​ស្លាប់ ដោយសារតែ ការ​បាញ់​ប្រហារ​ពី​ទាហាន​ថៃ​ចំនួន​៥​ថ្ងៃ​ជាប់​គ្នា​នេះ មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា កំពុង​ប្រមូល​ភស្តុតាង ដើម្បី​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ។

ការ​លើកឡើង​នេះ ក្រោយពី​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald J. Trump) កាលពី​យប់​ថ្ងៃទី​៩ ធ្នូ បាន​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ចំពោះ​ការ​ប្រយុទ្ធ​គ្នា​ជាថ្មី​រវាង​កម្ពុជា និង​ថៃ ក្រោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​រក​បទ​ឈប់​បាញ់ និង​សន្តិភាព​របស់​អាមេរិក កំពុង​បរាជ័យ​ដោយសារ​យោធា​ថៃ មិន​គ្រប់​កិច្ចព្រមព្រៀង​។ រីឯ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េ (António Guterres) នៅ​ថ្ងៃទី​៨ ខែធ្នូ ក៏បាន​លើកឡើង​ថា វិវាទ​ព្រំដែន​រវាង​កម្ពុជា​-​ថៃ បាន​បណ្ដាល​ឲ្យ​មាន​ជន​ស៊ីវិល​ស្លាប់ និង​របួស​យ៉ាងច្រើន​។ លោក​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​ត្រូវតែ​ការពារ​ជន​ស៊ីវិល និង​ជួយ​សម្រួល​ដល់​ការ​ជួយ​សង្គ្រោះ​មនុស្សធម៌​។ ចំណែក ប្រទេស​បារាំង និង​អូស្ត្រាលី បាន​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ចំពោះ​ការ​កើនឡើង​នៃ​ភាព​តានតឹង​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​អំពាវនាវ​ឱ្យ​ភាគី​ទាំងពីរ​គោរព​តាម​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ អនុវត្ត​ការ​អត់ធ្មត់​ជា​អតិបរមា និង​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​បន្ថយ​ភាព​តានតឹង។

ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើក​ឡើង​ថា ខណៈ​ពេល​នេះ លោក​គាំទ្រ​ឱ្យ​រដ្ឋាភិបាល ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន​ដោយ​អង់អាច និង​ម៉ឺងម៉ាត់ ក្នុង​ការ​បាញ់​ប្រឆាំង​ទៅ​នឹង​ភាគី​ថៃ​ដែល​បាន​ឈ្លានពាន​ទឹកដី​កម្ពុជា ដោយ​មិន​ត្រូវ​បន្ធូរបន្ថយ​ឡើយ។ ជាមួយគ្នា​នោះ លោក​ថា កម្ពុជា​ក៏​មិន​ត្រូវ​ភ្លេច​ដែរ ក្នុង​ការ​ប្រមូល​ភស្តុតាង ប្ដឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ពាក់ព័ន្ធ​ទាហាន​ថៃ​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម ដូចជា ការប្រើ​យន្តហោះ​F-16 និង ដ្រូន (Drone) ទម្លាក់​គ្រាប់​កម្ទេច​ប្រាសាទ​តាក្របី ប្រាសាទ​ព្រះវិហារ និង​បាញ់​សំដៅ​លើ តំបន់​ជន​ស៊ីវិល​ខ្មែរ​បណ្ដាល​ឱ្យ​ស្លាប់ និង​រង​បួស​ជាច្រើន​នាក់។

លោក​ជឿជាក់​ថា កង​ទ័ព​កម្ពុជា មាន​កម្លាំង និង​យុទ្ធសាស្ត្រ គ្រប់គ្រាន់ ក្នុង​ការ​ច្បាំង​ជាមួយ​ទាហាន​ថៃ ព្រោះថា​ទាហាន​កម្ពុជា មានបទពិសោធន៍​ច្រើន​ក្នុង​សមរភូមិ សង្គ្រាម ហើយ​ស្គាល់​ភូមិសាស្ត្រ ឈរ​ជើង​ច្បាស់ ជាង​កងទ័ព​ថៃ។

លោក ម៉ែន ណាត៖ «​ជាមួយគ្នា​នឹង​ក៏​យើង​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែរ គឺ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង នាយករដ្ឋមន្ត្រី​ខ្មែរ ត្រូវតែ បន្ត​យន្តការ​ការទូត​ជាមួយនឹង​អន្តរជាតិ រៀបរាប់​ប្រាប់​គេ ថា យើង​ជា​ជនរងគ្រោះ​បើ​ទោះបីជា​យើង ប្រឹង​គោរព​បទ​ឈប់​បាញ់​រយៈពេល​៥​ខែ​មកនេះ​ក្ដី តែ​ថៃ​មិនបាន​គោរព​ម្ដងណា​សោះ​។ អ៊ីចឹង​យើង​បង្ហាញ​ឯកសារ​ទៅ​គេ​ទៅ​ថា យើង​ពិតជា​ជនរងគ្រោះ​ដោយសារតែ ការ​គឃ្លើន​របស់​ថៃ​មក​លើ​កម្ពុជា​មែន»។

គិត​ត្រឹម​ថ្ងៃទី​១០ ខែធ្នូ ម៉ោង​១២ ថ្ងៃត្រង់ ចាប់តាំងពី យោធា​ថៃ​បើក​ការ​បាញ់ប្រហារ​មក​លើ​កម្ពុជា​ចំនួន ៤​ថ្ងៃ​ជាប់ៗ​គ្នា​មក មាន​ជន​ស៊ីវិល​ចំនួន ៩​នាក់​ហើយ​បាន​ស្លាប់ រួម​នឹង ទារក ១​នាក់ ហើយ​អ្នក រងរបួស មាន​ចំនួន​៤៦​នាក់។ ក្នុង​នោះ ពលរដ្ឋ​ជាង​១២​សែន (១២៧ ១៣៣)​នាក់ នៅ​ខេត្ត ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ និង​បាត់ដំបង បាន​ភៀស​សឹក​ទៅ​កន្លែង​សុវត្ថិភាព៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ