អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​អាជ្ញាធរ​ចុះ​ដោះស្រាយ​បញ្ហា​ជនភៀសសឹក​ខ្វះ​ទឹក​ប្រើប្រាស់

0
104
ព្រះសង្ឃ​​និង​ពលរដ្ឋ​ភៀស​សឹក​បើក​គោយន្ត​​ជម្លៀស​ពី​ការ​ឈ្លានពាន​របស់​យោធា​ថៃ នៅ​ថ្ងៃទី​១០ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុក​លោក នេត្រ ភក្ត្រា
ព្រះសង្ឃ​​និង​ពលរដ្ឋ​ភៀស​សឹក​បើក​គោយន្ត​​ជម្លៀស​ពី​ការ​ឈ្លានពាន​របស់​យោធា​ថៃ នៅ​ថ្ងៃទី​១០ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុក​លោក នេត្រ ភក្ត្រា

អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​អាជ្ញាធរ និង​តំណាងរាស្ត្រ​បក្ស​កាន់អំណាច ចុះ​ដោះស្រាយ​បញ្ហា​ជនភៀសសឹក ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់។ ពួកគាត់​ថា​បញ្ហា​ខ្វះ​ទឹក​នេះ ជា​បញ្ហា​ចម្បង​មួយ​ក្នុងចំណោម​បញ្ហា​ជាច្រើន​ទៀត​ដែល អាជ្ញាធរ អាច​ដោះស្រាយ​បាន ប្រសិនបើ​រដ្ឋាភិបាល មានការ​រៀបចំ ឱ្យ​បាន​ត្រឹមត្រូវ​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា អាជ្ញាធរ​ពាក់ព័ន្ធ កំពុងតែ​ប្រឹងប្រែង​ធ្វើ​កិច្ច​ការងារ នេះ យ៉ាង​សស្រាក់សស្រាំ រួច​មក​ហើយ។

ស្របពេល​សហគមន៍​អន្តរជាតិ​មិន​អើពើ ថ្កោលទោស​ថៃ ពាក់ព័ន្ធ​ការឈ្លានពាន​ទឹកដី​កម្ពុជា​យ៉ាង​កម្រោល អស់​រយៈពេល​៩​ថ្ងៃ​ជាប់ៗ​គ្នា​មកនេះ យោធា​ថៃ​បន្ត​ពង្រីក​ការវាយប្រហារ​ទាំង​ទ័ពអាកាស និង​ផ្លូវគោក រុលចូល​ទឹកដី​កម្ពុជា​កាន់តែ​ជ្រៅ ដោយ​ប្រើប្រាស់​យន្តហោះ​ចម្បាំង​F-16 ទម្លាក់​គ្រាប់​យ៉ាង​គឃ្លើន​លើ​ដែន​អធិបតេយ្យ​កម្ពុជា ហើយ​បាន​សម្លាប់ ជន​ស៊ីវិល​ខ្មែរ​ស្លាប់ កើនឡើង ខណៈ ពលរដ្ឋ ជាង​៤០​ម៉ឺន​នាក់ បាន​ភៀស​សឹក​រក​ទី​សុវត្ថិភាព ហើយ​កំពុងតែ​ជួប​ប្រទះ បញ្ហា​លំបាក ជាច្រើន​ក្នុង​ជីវភាព។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៥ ខែធ្នូ​ថា បញ្ហា​ខ្វះ​ទឹក​ស្អាត សម្រាប់​ប្រើប្រាស់ របស់​ជនភៀសសឹក បាន​ក្លាយជា​បញ្ហា​ចម្បង ក្នុងចំណោម​បញ្ហា​ជាច្រើន​ទៀត ដូចជា កង្វះ​អនាម័យ និង​អាហារូបត្ថម្ភ​។ លោក​ថា ករណីនេះ គឺជា​ការទទួលខុសត្រូវ​របស់ អាជ្ញាធរ​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ​។ ជាពិសេស​នោះ គឺ​តំណាងរាស្ត្រ​បក្ស​កាន់អំណាច គួរតែ​ចេញពី បន្ទប់​ម៉ាស៊ីនត្រជាក់ មក​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេល​វេលា។

លោក​បន្ត​ថា បញ្ហា​ទឹក អាជ្ញាធរ​អាច​ដោះស្រាយ​ដោយ​ងាយ​ពុំ​មាន​ជា​រឿង​លំបាក​នោះ​ទេ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា អាជ្ញាធរ​ហាក់​ពុំ​អើពើ​ក្នុង​ការ​ដោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ ទើប​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ប្រើប្រាស់​ទឹកស្រះ និង​ទឹកអូរ​ពោរពេញ​ដោយ​មេរោគ និង​គ្មាន​អនាម័យ។ ជាមួយគ្នា​នោះ លោក​ថា អាជ្ញាធរ គួរតែ​សម្របសម្រួល​ឱ្យ​ជនភៀសសឹក ទាំងអស់​នៅ​តាម​តំបន់​នីមួយ ត្រូវ​រស់នៅ​ជុំគ្នា ដើម្បី​ងាយស្រួល​ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់ និង​ដោះស្រាយ​បញ្ហា​ដែល​ពួកគាត់​កំពុងតែ​ប្រឈម និង ត្រូវ​ការ។

បណ្ឌិត មាស នី៖ «នៅក្នុង​ជំរំ​វា​ងាយ​កើត​ជំងឺ​ផ្សេងៗ​ណាស់ បើសិន​ទឹក​យើង​មិន​ស្អាត​។ អ៊ីចឹង​មានតែ​ស្ថាប័នរដ្ឋ​ដែល​អាច​គិតគូរ​រឿង​នឹង​បាន បាន​ន័យថា​មាន​ជំរំ​ជនភៀសខ្លួន​នៅ​កន្លែង​ណា គឺ​ត្រូវតែ​មាន​ឡាន មធ្យោបាយ​សម្រាប់​ដឹក​ទឹក ទៅ​ចែក ហើយ​ចែក​នេះ ត្រូវ​ចែក​ទៀងទាត់​ទៀត មិនមែន ពីរ​បី​ថ្ងៃ​ដឹក​ទៅ​ម្ដង​ទេ​។ ឧបមា​ថា កន្លែង​នេះ​មាន​១០០​គ្រួសារ យើង​គិត​មើលទៅ​ថា​ក្នុង ១​នាក់​ប្រើ​បាន​ប៉ុន្មាន​លី​ត ក្នុង​១​ថ្ងៃ នេះ​គេ​ត្រូវ​មាន​របប​របស់​គេ​។ បើ​ខ្ញុំ​ស្ដាប់​មើលទៅ វេទនាណាស់ រឿង​ទឹក​នេះ​គឺ​មាន​ច្រើន​កន្លែង​ណាស់»។

នេះ​ពុំ​មែន​ជា​រឿង​ថ្មី​ទេ កាលពី​ផ្ទុះអាវុធ​ជា​លើក​ទី​១ រវាង​កម្ពុជា​-​ថៃ ចំនួន​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ដល់​២៨​ខែកក្កដា បាន​បង្ខំ​ឱ្យ​ពលរដ្ឋ រាប់​ម៉ឺន​គ្រួសារ ចាក់​ចេញពី​លំនៅឋាន ទៅ​រស់នៅ​ជំរំ​ជនភៀសសឹក​ចំនួន​៤៣​កន្លែង ក្នុង​ខេត្ត បន្ទាយមានជ័យ បាត់ដំបង ឧ​ត្ត​រ​មានជ័យ និង​ព្រះវិហារ ក្នុង​នោះ បញ្ហា​កង្វះ​ទឹក​ក៏​ជា​បញ្ហា ចម្បង​ផង​ដែរ​។ កាលពី​ថ្ងៃទី​១២ ខែសីហា អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​កម្ពុជា (World Vision) រកឃើញ​ថា ជនភៀសសឹក​ជាង ៦០% មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ក្រោយ​ពី​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង ខណៈ​អាហារូបត្ថម្ភ ទឹក​ប្រើប្រាស់ និង​អនាម័យ ពុំ​សូវ​មាន ធ្វើ​ឱ្យ​ពួកគាត់​ពិបាក រស់នៅ​ប្រកបដោយ​ផាសុកភាព។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធ ប្រាប់​អាស៊ីសេរី​ថា ចាប់តាំងពី​កម្ពុជា ត្រូវ​បាន​យោធា​ថៃ​ឈ្លានពាន​ដោយ​ការ​ប្រយុទ្ធ​នេះ រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ប្រឹងប្រែង​ជួយ​ដល់​ជនភៀសសឹក​យ៉ាង​សស្រោកសស្រាំ ពុំដែល​ទុក​ពលរដ្ឋ​ណា​ម្នាក់​ចោល​នោះ​ឡើយ។

លោក ជា ធីរិទ្ធ៖ «​ថា​តើ​ពួកគេ​មាន​ឃើញ​ទេ ចំពោះ​សកម្មភាព​របស់​សមាជិក​តំណាងរាស្ត្រ អាជ្ញាធរ មន្ត្រី​រដ្ឋាភិបាល គ្រប់​លំដាប់​ថ្នាក់​។ ប្រជាជន​របស់​យើង​កំពុងតែ​សាមគ្គី​គ្នា​ប្រមូល​ជូន​ជនភៀសសឹក​របស់​យើង ដែល​យើង​កំពុង​រួម​សាមគ្គី​គ្នា ប៉ុន្តែ​យើង​ពិបាក​ណាស់ ទៅ​ឆ្លើយតប ជាមួយ​ក្រុម​ដែល​ដេក​មិន​លក់ ហើយ​ធ្វើជា​ដេកលក់ តើ​យើង​ដេក​ក្រោក​ទេ​? អ៊ីចឹង​ការ​លើកឡើង​របស់​ពួកគេ​វា​អត់​មានតម្លៃ​សម្រាប់​ពួក​យើង​ទេ​។ អ្វី​ដែល​យើង​ត្រូវ​គិត​នៅ​ពេល​នេះ គឺ​ជួយ​ទៅដល់​ប្រជាជន និង​ជនភៀសសឹក​របស់​យើង​។ ប្រឆាំង​នឹង​សត្រូវ​ឈ្លានពាន ដែល​កំពុង​ឈ្លានពាន​ទឹកដី​របស់​យើង​។ បើ​ពួកគេ​ស្រឡាញ់​ប្រទេសជាតិ​មែន សូម​ចូលរួម​ជួយ»។

ទាក់ទិន​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក ប៉ោ មករា លើកឡើង​ថា ក្នុង​ដំណាក់ កាលដែល​ប្រជាពលរដ្ឋ​កំពុងតែ​ជួប​ទុក្ខ​លំបាក ព្រោះតែ ការឈ្លានពាន​ទឹកដី​របស់​យោធា​ថៃ​នេះ អាជ្ញាធរ និង​តំណាងរាស្ត្រ ដែល​មាន​ច្រើន​លើសលប់ មកពី​បក្ស​កាន់អំណាច គួរតែ ដល់ពេល​វេលា ក្នុង​ការ​ចុះ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​។ លោក​បន្ត​ថា ជនភៀសសឹក គឺជា​ជនរងគ្រោះ​ពី​សង្គ្រាម ដូចនេះ​គួរតែ​រៀប​ចំ​ទីកន្លែង រស់នៅ​របស់​ពួកគាត់​ឱ្យ​មាន ផាសុកភាព ហើយ មិន​ត្រូវ​ឱ្យ​ពួកគាត់​រងគ្រោះ​មួយ​តង់​ទៀត ដោយសារតែ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ និង​ជំងឺឆ្លង​ផ្សេងៗ ដោយសារតែ កង្វះ​អនាម័យ​នោះ​ទេ។

លោក ប៉ោ មករា៖ «​តំណាងរាស្ត្រ​អាច​អង្គុយ​នៅក្នុង​ម៉ាស៊ីនត្រជាក់ អត់​អាច​អង្គុយ​មើល​តែ​ព័ត៌មាន​តាម​ទូរទស្សន៍ និង​បណ្ដាញ​សង្គម​ទេ​។ អ៊ីចឹង​តំណាងរាស្ត្រ​ត្រូវតែ​ចុះ​ផ្ទាល់ ត្រូវតែ​ទៅ​ដល់ទី​តាំង​ដែល​ពលរដ្ឋ​កំពុងតែ​ជួប​បញ្ហា ព្រោះ​យើង​ឃើញថា​បញ្ហា​នេះ ពលរដ្ឋ​ជួប​ទុក្ខ​លំបាក​ខ្លាំង​មែនទែន ជាង​ពេលណាៗ​ទាំងអស់​។ ការ​ចុះទៅ​សួរសុខទុក្ខ​គាត់ ការ​ចុះទៅ​ផ្ដល់​កម្លាំងចិត្ត​ឱ្យ​គាត់ ការ​ចុះ​ទៅ​ឱ្យ​តម្លៃ​ពួកគាត់ ពេល​ពួកគាត់​មាន​បញ្ហា​នេះ វា​ជា​រឿង​សំខាន់»។

ការ​ផ្ទុះអាវុធ​ជា​លើក​ទី​២ រវាង​កម្ពុជា​-​ថៃ គិត​ត្រឹម​រសៀល​ថ្ងៃទី​១៥ ខែធ្នូ មាន​ពលរដ្ឋ​ខ្មែរ ចំនួន​១៥​នាក់​បាន​ស្លាប់ និង បួស​ចំនួន​៧៣​នាក់​។ ក្នុង​នោះ មាន​ពលរដ្ឋ​ខ្មែរ ជាង​៤០​ម៉ឺន​នាក់ បាន​ភៀស​សឹក ទៅ​រក​ទី​សុវត្ថិភាព​បណ្ដោះអាសន្ន នៅ​ទូទាំង​ខេត្ត​ជាប់​ព្រំដែន​ថៃ រួច​មាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប ពោធិ៍សាត់ បាត់ដំបង និង ខេត្តកោះកុង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ