អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​មន្ត្រី​ការបរទេស​ខ្មែរ​ប្រាប់​ដល់​អន្តរជាតិ​ឱ្យ​ទូលាយ​ពី​អំពើ​ព្រៃផ្សៃ​ថៃ​ឈ្លានពាន​កម្ពុជា

0
137
រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន។ រូប៖ ​ក្រសួងការបរទេស
រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន។ រូប៖ ​ក្រសួងការបរទេស

អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​មន្ត្រី​ការបរទេស និង​ឯកអគ្គរាជទូត​ខ្មែរ ប្រចាំការ​នៅ​ក្រៅ​ប្រទេស និង​នៅក្នុង​ស្រុក ត្រូវ​សកម្ម និង​ក្លាហាន បង្ហាញ​ពី​អំពើ​ព្រៃផ្សៃ​របស់​ថៃ ដែល​ឈ្លានពាន​ទឹកដី សម្លាប់ ជន​ស៊ីវិល​ខ្មែរ និង បំភិតបំភ័យ​ពលរដ្ឋ​ជាង​៤០​ម៉ឺន​នាក់ ឱ្យ​ភៀស​សឹក ប្រាប់​ទៅកាន់​អន្តរជាតិ តាមរយៈ បណ្ដាញសារព័ត៌មាន​ធំៗ​នៅ​លើ​ពិភពលោក ដូច​ប្រធានាធិបតី អ៊ុយក្រែន​បាន​ធ្វើ​កន្លងមក​។ ពួកគាត់​ថា ករណីនេះ ដើម្បី​បង្ហាញ​ពិភពលោក​ថា កម្ពុជា​ជា​ជនរងគ្រោះ ពី​ការ​ឈ្លានពាន ទឹកដី ពី​សំណាក់ យោធា​ថៃ ពិតប្រាកដ។

ខណៈ ដែល​បណ្ដាញសារព័ត៌មាន​អន្តរជាតិ​នៅ​លើ​ពិភពលោក​ខ្លះ ហាក់​ស្ទាក់ស្ទើរ​ក្នុង​ការ​រាយការណ៍ អំពី​ជម្លោះព្រំដែន កម្ពុជា​-​ថៃ ថា​តើ នរណា​ជា​ជនរងគ្រោះ ពិតប្រាកដ​នោះ អ្នក​តាមដាន​បញ្ហា​សង្គម និង​មន្ត្រី​បក្ស​ប្រឆាំង ជំរុញ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ការបទេស​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក គួរតែ​ចេញ​មុខ​បំពេញ​ការងារ ឱ្យ​សកម្ម លើ​កិច្ច​ការទូត និង​ផ្ដល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​អន្តរជាតិ ដើម្បី​ប្រាប់​ពួកគេ​ថា កម្ពុជា​ជា​ជនរងគ្រោះ ស្រប​ជាមួយនឹង​សេចក្ដីថ្លែងការណ៍ ផ្សេងៗ​ដែល​កម្ពុជា​បាន​ធ្វើ ឱ្យ​កាន់​តែ​មាន​ទម្ងន់។

ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១៦ ខែធ្នូ​ថា ជា​រឿង​គូរ​ឱ្យ​សោកស្ដាយ ដែល​រដ្ឋាភិបាល និង​មន្ត្រី​ការបរទេស​កម្ពុជា​ពុំ​សូវ​ដើរ តួនាទី​សកម្ម ក្នុង​ការ​បង្ហាញ ដល់​អន្តរជាតិ អំពី​អំពើ​ព្រៃផ្សៃ របស់​ថៃ​ដែល​ឈ្លានពាន​ទឹកដី​ខ្មែរ និង​សម្លាប់​ជន​ស៊ីវិល​។ លោក​ថា ករណីនេះ ធ្វើ​ឱ្យ​បណ្ដា​សារព័ត៌មាន​អន្តរជាតិ​ធំៗ​ខ្លះ ស្ទាក់ស្ទើរ​ក្នុង​ការ​រាយការណ៍​ថា កម្ពុជា ជា​ជនរងគ្រោះ នៅ​ក្នុង​ភ្លើងសង្គ្រាម​ជាមួយ​ថៃ។

លោក​ជំរុញ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល ត្រូវ​ទាក់ទង​ជាមួយ ស្ថាប័ន​ព័ត៌មាន​អន្តរជាតិ និង​ផ្ដល់​បទសម្ភាសន៍ ដល់​ស្ថាប័ន​ទាំងនោះ ឱ្យ​បាន​ច្បាស់ និង​ម៉ឺងម៉ាត់​ថា កម្ពុជា​ជា​ជនរងគ្រោះ និង​ត្រូវការ​សន្តិភាព​ពិតប្រាកដ​។ លោក​បន្ត​ថា ការ​ធ្វើ​បែប​នេះ មិនមែន​បង្ហាញថា​កម្ពុ​ជា​អន់​នោះ​ទេ ប៉ុន្តែ​ដើម្បី​រក​យុត្តិធម៌ ជូន​ពលរដ្ឋ ដូច​អ្វី​ដែល ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ធ្លាប់​បាន​ធ្វើ​កន្លង​មក ជាមួយ​សារព័ត៌មាន​អន្តរជាតិ​ជាច្រើន។ លោក​ថា ពេល​នេះ សំឡេង​ភាគី​កម្ពុជា ពិតជា​សំខាន់ ក្នុង​ការ​ប្រាប់​ដល់​អន្តរជាតិ ដែល​បណ្ដា​ស្ថាប័ន​ព័ត៌មាន​ទាំងនោះ​ត្រូវការ។

លោក ម៉ែន ណាត៖ «ត្រូវ​ឱ្យ​អ្នកការទូត​របស់​ខ្លួន​នៅ​តាម​បណ្ដា​ប្រទេស​នីមួយៗ ត្រូវធ្វើ​ការ​ផ្សព្វផ្សាយ​ដើរ​ពន្យល់​ដល់​អន្តរជាតិ គ្រប់​អង្គប្រជុំ​អន្តរជាតិ ឬក៏​ស្ថានភាព​ឥឡូវ​នេះ រដ្ឋាភិបាល​កម្ពុជា និង​អ្នកការទូត​កម្ពុជា នៅ​តាម​បណ្ដា​ប្រទេស​នានា អាច​សុំ​ណាត់ជួប​អង្គការ​សិទ្ធិមនុស្ស មន្ត្រី​រដ្ឋាភិបាល អ្នកកាសែត​អន្តរជាតិ​ក៏ដោយ​ឱ្យ​តែ​ពាក់ព័ន្ធ​កម្ពុជា ត្រូវ​សុំ​ណាត់ជួប​គេ ពន្យល់​អំពី​ស្ថានការណ៍​ពិតប្រាកដ​ដែល​កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យ​គេ​ដឹង បែបនេះ​អាច​ជួយ​សម្រួល​បាន»។

នៅក្នុង​ជម្លោះ​ប្រដាប់​អាវុធ​ជា​លើក​ទី​២ រវាង​កម្ពុជា​-​ថៃ​នេះ គេ​សង្កេត​ឃើញ​ថា បើ​ទោះ​ជា​កន្លង​មក​នេះ បណ្ដាញ​សារព័ត៌មាន​ធំៗ នៅ​លើ​ពិភពលោក​ដូចជា សារព័ត៌មាន រ៉យទ័រ (Reuters) ស៊ីអិនអិន (CNN) អេភី (AP) អាល់ ហ្សាសេរ៉ា (Al Jazeera) នីគី អេស៊ា (Nikkei Asia) ឆានែល ញូវអេស៊ា (Channel News Asia ) ជាដើម បាន​ផ្សាយ​អំពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ មក​ច្រើន​ក្ដី ប៉ុន្តែ សារព័ត៌មាន​ទាំងនោះ ហាក់​ស្ទាក់ស្ទើរ ក្នុង​ការ​ប្រើ​ពាក្យ​ថា ជម្លោះ​ប្រដាប់​អាវុធ រវាង​ប្រទេស​ទាំងពីរ គឺ​កើត​ឡើង ពី​ការ​ឈ្លានពាន របស់​យោធា​ថៃ​មក​លើ​កម្ពុជា។ ផ្ទុយទៅវិញ ពួកគេ​គ្រាន់តែ​ផ្សាយ អំពី សកម្មភាព​យោធា​ថៃ បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង និង​កាំភ្លើង​ធំ​បាញ់​ចូល​មក​លើ​ទឹកដី កម្ពុជា និង​តំបន់​ជន​ស៊ីវិល​ខ្លះៗ​ប៉ុណ្ណោះ។

ជាមួយគ្នា​នោះ ភាគី​ថៃ​តែងតែ​ប្រាប់​ដល់​ស្ថាប័ន​អន្តរជាតិ​ថា ប្រទេស​ថៃ ជា​ជនរងគ្រោះ ខណៈ​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន បាន​ផ្សាយ​ព្រោងព្រាត និង​លឿន​រហ័ស ដោយ​យោង​តាម​សម្ដី​របស់​មន្ត្រី​រដ្ឋាភិបាល​ថៃ។ ទន្ទឹង​គ្នា​នោះ នៅ​ថ្ងៃទី​១៥ ខែ​ធ្នូ ភាគី​ថៃ បាន​ប្ដឹង​កម្ពុជា ទៅ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ហៅ​កាត់​ថា OHCHR ដោយ​ចោទ​កម្ពុជា​ថៃ ថា បាន​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់ បាញ់​មក​លើ​ទឹកដី​ថៃ សម្លាប់​ជន​ស៊ីវិល និង​បង្ខំ​ឱ្យ​សាលារៀន មន្ទីរពេទ្យ​ជាង ៦០០​បិទទ្វារ។ ករណី​នេះ អ្នកវិភាគ​ថា ថៃ​កំពុងតែ​ដើរតួ​ជា​ជនរងគ្រោះ ដើម្បី​បិទបាំង អំពើ​ឈ្លានពាន​កម្ពុជា។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក ប៉ោក មករា លើកឡើង​ថា បច្ចុប្បន្ន កម្ពុជា​មិនមែន រងគ្រោះ​ត្រឹមតែ​ការ​បាញ់ប្រហារ​ពី​យោធា​ថៃ​នោះ​ទេ គឺ​រងគ្រោះ​មួយ​តង់​ទៀត នោះ គឺ​ការ​ប្រើប្រាស់​ល្បិចកល​ប្រាប់​ដល់​សារព័ត៌មាន​អន្តរជាតិ ដោយ​ចោទប្រកាន់​កម្ពុជា ថា ជា​អ្នក​ឈ្លានពាន​ទឹកដី​ថៃ​។ លោក​ថា នេះ​ជា​រឿង​ដ៏​ឈឺចាប់ ហើយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ចេញមុខ​ឱ្យ​សកម្ម ប្រាប់​ដល់​សារព័ត៌មាន​អន្តរជាតិ ឱ្យ​បាន​ច្រើន និង​បង្កើន​កិច្ច​ការទូត​ឱ្យ​បាន​ទូលំទូលាយ នោះ​ទើប​ជា​រឿង​ប្រសើរ។

លោក ប៉ោក មករា៖ «វា​ជា​រឿង​សង្គ្រាម​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ដែរ។ វា​ជា​រឿង​សង្គ្រាម​ដែល​ត្រូវ​ផ្សាយ​ការពិត​ពី​កម្ពុជា​ឱ្យ​ពិភពលោក​ដឹង​ច្បាស់​ថា កម្ពុជា​ពិតជា​រងគ្រោះ​ដោយ​ការ​រំលោភបំពាន​របស់​ថៃ​ពិតប្រាកដ។ សង្គ្រាម​កាន់តែ​ប្រឈម​កាន់តែ​ខ្លាំង​នោះ ពាក់ព័ន្ធ​នយោបាយ​ការទូត​ថា តើ ភាព​បញ្ចុះបញ្ចូល​របស់​កម្ពុជា​មាន​កម្រិត​ស្មើ​ណា ហើយ​អាច​មាន​ប្រសិទ្ធភាព ក្នុង​ការ​ពន្យល់​ទៅដល់​ប្រទេស​ដែល​ជា​សម្ព័ន្ធ ក៏ដូចជា​ប្រទេស​មហាអំណាច​មួយចំនួន ឬក៏​អត់»។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា កម្ពុជា​តែងតែ​ថ្កោលទោស​សត្រូវ​ឈ្លានពាន​ទឹកដី មិនដែល​លើកលែង​ម្ដងណា​ឡើយ​។​

លោក ជា ធីរិទ្ធ៖ «ខ្ញុំ​គិតថា កា​រថា​នេះ ថា​នោះ អ៊ីចេះ អ៊ីចុះ​នោះ វា​មិន​ចេះចប់​មិន​ចេះ​ហើយ​ទេ ពួកគេ​នឹង​និយាយ​មករ​ហូត​ហ្នឹង វា​អត់​មានអី​ថ្មី​ចម្លែក​ទេ​។ តែ​អ្វី​ដែល​យើង​ជា​អ្នកធ្វើ​នេះ យើង​កំពុងតែ​ខិតខំ​ប្រឹងប្រែង ធ្វើ​យ៉ាងណា​ដោះស្រាយ​បញ្ហា​ប្រឈម ដើម្បី​ផលប្រយោជន៍​របស់​ប្រទេស ជាតិ​យើង​ទាំងមូល»។

ទោះជា​យ៉ាងណា ប្រមុខ​ដឹកនាំ​ស្ថាប័ន អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន ថា ថៃ​មិន​ខ្លាច​ក្នុង​ការ​ឈ្លានពាន​កម្ពុជា និង​ការប្រើ​អាវុធ បាញ់ មក​លើ​កងទ័ព​ខ្មែរ និង​ជន​ស៊ីវិល​នោះ​ទេ ព្រោះ​ពួកគេ​អាង​ថា សារព័ត៌មាន​អន្តរជាតិ លំអៀង​មក​ប្រទេស​ថៃ ជាង​កម្ពុជា។

លោក អ៊ុំ សំអាន៖ «យើង​ឃើញថា​ថៃ​គេ​ធ្វើ​កិច្ច​ការទូត​ល្អ​ជាង​យើង រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កិច្ច​ការទូត​នៅ​ខ្សោយ អ៊ីចឹង​ត្រូវ​ពង្រឹង កិច្ច​ការទូត​ក្រៅប្រទេស​ឱ្យ​ខ្លាំង​ជាង​នឹង ទើប​យើង​មានប្រៀប​នៅ​លើ​ឆាក់​អន្តរជាតិ លើ​បញ្ហា​សង្គ្រាម​ហ្នឹង»។

អ្នកឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ប្រើប្រាស់​កម្លាំងយោធា និង​យន្តការ​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​សកម្ម មិន​ថា លើ​វិស័យ​ការទូត និង​ការ​ឆ្លើយឆ្លង ជាមួយ​ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ ព្រោះថា​សព្វថ្ងៃ​នេះ ពិភពលោក​ច្រឡូកច្រឡំ ដោយ​ការ​ប្រកួតប្រជែង​អំណាច ដូច​នេះ មាន​តែ​កម្ពុជា​ខ្លួនឯង​ឱ្យ​ខ្លាំង​ប៉ុណ្ណោះ ទើប​អាច​ឈ្នះសត្រូវ​បាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ