

អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ស៊ើបអង្កេត និងឃាត់ខ្លួនលោក ហ៊ុន តូ និងឧកញ៉ាគ្រាក់ៗផ្សេងទៀតដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ ពួកគាត់យល់ថា ការអនុវត្តច្បាប់តឹងរ៉ឹង និងដោយគ្មានការរើសអើងគឺជាចំណុចសំខាន់ក្នុងការស្ដារទំនុកចិត្តសាធារណជន និងកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ។
អ្នកឃ្លាំមើលព្រមានថា បើរដ្ឋាភិបាលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅតែគ្មានភាពក្លាហានចាត់វិធានការលើបុគ្គលមានឥទ្ធិពល និងឧកញ៉ាធំៗពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ នោះរដ្ឋាភិបាលត្រកូល ហ៊ុន នឹងពិបាកគេចផុតពីការដាក់សម្ពាធបន្ថែមពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក (US)។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើងថា រដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុន បានបណ្ដោយឱ្យកម្ពុជាក្លាយជាទីកន្លែងសម្រាប់មេឧក្រិដ្ឋជនអន្តរជាតិធំៗប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ និងសេដ្ឋកិច្ចកម្ពុជាធ្ងន់ធ្ងរ។ លោកបន្តថា ការចាប់បញ្ជូនឧក្រិដ្ឋជន ចេន ហ្ស៊ី ទៅចិនថ្មីៗនេះគឺមិនមែនជាសញ្ញាបញ្ជាក់ពីការប្ដេជ្ញាចិត្តពិតប្រាកដរបស់រដ្ឋាភិបាលបង្ក្រាបឧក្រិដ្ឋកម្មនេះនៅឡើយទេ ព្រោះលោកថា នៅមានបុគ្គលមានអំណាច និងមន្ត្រីជាន់ខ្ពស់ស្និទ្ធនឹងមេដឹកនាំបក្សកាន់អំណាចជាច្រើនទៀតដែលរដ្ឋាភិបាលគ្មានវិធានការលើពួកគេនៅឡើយ។
លោក ស៊ឹង សែនករុណា៖ «មនុស្សមួយចំនួនទៀតមកពេលនេះយើងអត់ទាន់ឃើញមានចំណាត់ការទេជាក់ស្ដែងដូចជាលោកឧកញ៉ា កុក អាន លោកឧកញ៉ា លី យ៉ុងផាត់ ហើយអ្នកពាក់ព័ន្ធមួយចំនួនទៀតដែលអាមេរិកបានដាក់ឈ្មោះសុទ្ធសឹងតែជាមន្ត្រីជាន់ខ្ពស់ដែលនៅកៀកជាមួយនឹងមេដឹកនាំគណបក្សកាន់អំណាចបច្ចុប្បន្នហ្នឹង។ បើទោះបីជាមានការចាត់វិធានការលើលោក ចេន ហ្ស៊ី ទៅលើមនុស្សពីរបីនាក់ដែលចាប់បញ្ជូនទៅចិនក៏ដោយយើងនៅតែមិនមានទំនុកចិត្តថា តើអ្នកទាំងអស់នោះវាជាល្បែងនយោបាយរវាងមេដឹកនាំប្រទេសទាំងពីរ ឬជាការអនុវត្តច្បាប់ដោយពិតប្រាកដ ព្រោះអ្វីៗយើងមើលឃើញហើយកិច្ចសហប្រតិបត្តិការរវាងមេដឹកនាំកម្ពុជា និងមេដឹកនាំចិនជាមិត្តដែកថែប ជាមិត្តស្អិតល្មួត អ៊ីចឹងបញ្ហាអ្វីក៏គេអាចរៀបចំទៅបានដែរ»។
ប្រតិកម្មរបស់អ្នកឃ្លាំមើលនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់រួមគ្នាប្រឆាំងនឹងអំពើឆបោកតាមអនឡាញ។ លោក ហ៊ុន ម៉ាណែត បានប្រកាសតាមរយៈសំណេរលើហ្វេសប៊ុក (Facebook) កាលពីថ្ងៃទី១៣ ខែមករាថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគឺជាអាទិភាពសម្រាប់រដ្ឋាភិបាលរបស់លោក និងទទួលស្គាល់ថា ឧក្រិដ្ឋកម្មឆបោកតាមអនឡាញបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់ជាតិ។ លោក ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យពលរដ្ឋ អង្គការដៃគូពាក់ព័ន្ធ និងស្ថាប័នមានសមត្ថកិច្ចរួមគ្នាលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញដែលលោកអះអាងថា ដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជា។

ការអំពាវនាវរបស់លោក ហ៊ុន ម៉ាណែត នេះក្រោយពេលដែលរដ្ឋាភិបាលរបស់លោកទើបតែចាប់បញ្ជូនឧក្រិដ្ឋជនជនជាតិចិនលោក ចេន ហ្ស៊ី ត្រឡប់ទៅប្រទេសចិនវិញ ខណៈកម្ពុជានៅតែជាប់ឈ្មោះថា ជាសម្បុកសម្រាប់ឧក្រិដ្ឋជនឆបោកតាមអនឡាញដែលមានមន្ត្រី និងឧកញ៉ាស្និទ្ធនឹងក្រុមគ្រួសារត្រកូល ហ៊ុន នៅពីក្រោយខ្នង។ សហគមន៍អន្តរជាតិក៏កំពុងរង់ចាំមើលចំណាត់ការរបស់តុលាការចិនកុម្មុយនិស្តចំពោះការកាត់ទោសឧក្រិដ្ឋជន ចេន ហ្ស៊ី ដែលជាទីប្រឹក្សាលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បន្ទាប់ពីឧក្រិដ្ឋជនរូបនេះប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋានសម្រាប់លាងលុយកខ្វក់ និងប្រព្រឹត្តអំពើឧក្រិដ្ឋកម្មឆបោកតាមអនឡាញជាច្រើនឆ្នាំ។
ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ លើកឡើងថា ប្រសិនបើរដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន ចង់បង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញឱ្យមានប្រសិទ្ធភាពពិតមែននោះលោក ហ៊ុន សែន ត្រូវក្លាហានហ៊ានចាប់សាច់ញាតិ និងមន្ត្រីបក្ខពួករបស់ខ្លួនដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះយកមកដាក់គុក។ អ្នកស្រីបន្តថា ក្រៅពីសមាជិកព្រឹទ្ធសភាលោក លី យ៉ុងផាត់ ដែលអាមេរិកដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សនោះគឺលោក ហ៊ុន តូ ក្មួយបង្កើតលោក ហ៊ុន សែន គួរតែត្រូវបានស៊ើបអង្កេត និងឃាត់ខ្លួន ដោយសារតែលោក ហ៊ុន តូ កំពុងប្រព្រឹត្តបទល្មើសដោយបើកចំហតាមរយៈការបើកក្រុមហ៊ុនដោយគ្មានអាជ្ញាប័ណ្ណ ដើម្បីលាងលុយឱ្យក្រុមអ្នករកស៊ីឆបោកតាមអនឡាញ។
អ្នកស្រី មូរ សុខហួរ៖ «ចេន ហ្ស៊ី ទៅមែន ប៉ុន្តែនៅសល់ ចេន ហ្ស៊ី ច្រើនទៀតណាស់នៅប្រទេសកម្ពុជា។ ទីមួយដកសញ្ជាតិអ្នកទាំងអស់ហ្នឹង ហើយបញ្ជូនអ្នកទាំងហ្នឹងទៅប្រទេសចិនបន្តទៅ។ ទីពីរដកអាជ្ញាប័ណ្ណពីហួយ វ័ន ដូចយើងនិយាយដដែលហ្នឹង ប្រសិនជាដកហើយហេតុអីបានជាបង្កកទ្រព្យសម្បត្តិជនរងគ្រោះបន្តទៀត? មានអីក្រៅពីតុលាការចាត់វិធានការលោក ហ៊ុន តូ ទៅ។ សារដែលគាត់ [លោក ហ៊ុន ម៉ាណែត] អំពាវនាវបញ្ហាហ្នឹងរឹតតែនៅក្នុងប្រទេសកម្ពុជាព្រោះគាត់អត់ហ៊ានអារឈាមរបស់គាត់ គាត់សុខចិត្តទុកឱ្យឈ្មោះជាតិខ្មៅកខ្វក់ ប៉ុន្តែសាច់របស់គាត់គឺគាត់អត់អារ»។
លោក ហ៊ុន តូ គឺជាក្មួយប្រុសបង្កើតប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន កំពុងរងទណ្ឌកម្មពីអាមេរិកពាក់ព័ន្ធនឹងប្រតិបត្តិការក្រុមហ៊ុន ហួយវ័ន ផេ របស់លោកដែលអាមេរិករកឃើញថា បានជួយលាងលុយកខ្វក់ក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ។ បច្ចុប្បន្នក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ នៅតែបន្តដំណើរការអាជីវកម្មដោយគ្មានអាជ្ញាប័ណ្ណ និងថែមទាំងបង្កកលុយអតិថិជនដែលមានក្នុងគណនី ក្រោយពីអាមេរិកដាក់ទណ្ឌកម្មមិនឱ្យមានប្រតិបត្តិការក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក។

ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ មានប្រសាសន៍ថា ដើម្បីលុបអំពើបំបាត់អំពើឧក្រិដ្ឋកម្មឱ្យមានប្រសិទ្ធភាពលុះត្រាតែរដ្ឋាភិបាលត្រកូល ហ៊ុន បញ្ឈប់ការសម្ដែងបង្ក្រាបទៅលើជនល្មើសតូចតាច និងបិទមជ្ឈមណ្ឌលឆបោកតាមអនឡាញទាំងអស់ ហើយចាប់ខ្លួនអ្នកមានអំណាចដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះយកមកផ្ដន្ទាទោសតាមច្បាប់។ ក្រៅពីនេះ អ្នកស្រីក៏អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការពារជនរងគ្រោះ និងជនបរទេសដែលរងការបង្ខាំងក្នុងអគារ និងទាមទារឱ្យមានការការពារចំពោះអ្នកសារព័ត៌មាន និងសង្គមស៊ីវិលដែលហ៊ាននិយាយលាតត្រដាងពីឧក្រិដ្ឋកម្មអនឡាញ និងអំពើពុករលួយ៕









