

យុវជនការពារបរិស្ថាន និងអ្នកឃ្លាំមើលព្រួយបារម្ភថា នយោបាយបើកចំហឱ្យក្រុមហ៊ុនចិនវិនិយោគនៅកម្ពុជាដោយមិនត្រួតពិនិត្យតាមច្បាប់ត្រឹមត្រូវអាចបង្កជាបញ្ហារំលោភសិទ្ធិមនុស្ស និងសម្រួលឱ្យឧក្រិដ្ឋជនចូលមករកស៊ីខុសច្បាប់នៅកម្ពុជាកាន់តែច្រើន។ ក្ដីកង្វល់នេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងភ្នំពេញជំរុញឱ្យក្រុមហ៊ុនចិនចូលមកវិនិយោគនៅកម្ពុជាបន្ថែមក្នុងពេលបញ្ហាសង្គមបង្កឡើងដោយជនជាតិចិនមិនទាន់ដោះស្រាយចប់នៅឡើយ។
អ្នកតាមដានបញ្ហាសង្គមលើកឡើងថា កង្វះការត្រួតពិនិត្យ អំពើពុករលួយចាក់ស្រេះក្នុងស្ថាប័នរដ្ឋ និងការអនុវត្តច្បាប់ទន់ខ្សោយបានអនុញ្ញាតឱ្យក្រុមហ៊ុនចិនមួយចំនួនចូលមកបោះទុនរកស៊ីនៅកម្ពុជាបែបកេងប្រវ័ញ្ច បង្កការឈឺចាប់ដល់ពលរដ្ឋ និងបង្កើតមុខរបរបែបឧក្រិដ្ឋកម្មជាដើម។
អ្នកការពារបរិស្ថាន និងសិទ្ធិមនុស្ស លោក ម៉ា ចិត្រា ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១១ ខែកុម្ភៈថា ក្រុមហ៊ុនយក្សចិនមួយចំនួនដែលចូលវិនិយោគនៅកម្ពុជាគឺមិនបានខ្វល់ខ្វាយពីការគោរពសិទ្ធិមនុស្ស និងគិតគូរពីផលប៉ះពាល់បរិស្ថានឡើយ។ លើសពីនេះទៀត ពលរដ្ឋដែលរងគ្រោះតាមរយៈការបាត់បង់ដីធ្លីផ្ទះសម្បែងស្រែចម្ការដោយសារតែក្រុមហ៊ុនចិនរំលោភយកដូចជានៅតាមខេត្តព្រះវិហារ កណ្ដាល និងខេត្តកោះកុងជាដើមបែរជារងការគំរាមពីអាជ្ញាធរ នៅពេលដែលពួកគាត់ប្រើសិទ្ធិស្របច្បាប់តវ៉ា។
លោក ម៉ា ចិត្រា បន្ថែមទៀតថា រដ្ឋាភិបាលគួរតែមានយន្តការច្បាស់លាស់ ដើម្បីត្រួតពិនិត្យ និងស្រាវជ្រាវប្រភពក្រុមហ៊ុនធំៗរបស់ចិនជាមុនសិន មុននឹងអនុញ្ញាតឱ្យបោះទុនរកស៊ីនៅកម្ពុជា។ លោកថា បើរដ្ឋាភិបាលបន្តបើកចំហទទួលអ្នកជំនួញចិនចូលកម្ពុជាកាន់តែច្រើន ប៉ុន្តែអំពើពុករលួយចាក់ស្រេះ ហើយប្រព័ន្ធច្បាប់នៅតែទន់ខ្សោយ នោះអាចជាឱកាសសម្រាប់ក្រុមហ៊ុន ឬអ្នកជំនួញទុច្ចរិតចិនចូលមករកស៊ីបែបឧក្រិដ្ឋកម្មដោយមិនខ្វល់ពីការគោរពច្បាប់ និងសិទ្ធិមនុស្សឡើយ។
លោក ម៉ា ចិត្រា៖ «ខ្ញុំមានការព្រួយបារម្ភណាស់ពាក់ព័ន្ធនឹងការបើកចំហ។ ហេតុអីខ្ញុំមានការព្រួយបារម្ភ? ដោយសារតែកន្លងមកមានបទពិសោធន៍រួចហើយដូចជា ចេន ហ្ស៊ី មេឧក្រិដ្ឋជនប៉ុនណាណីគាត់អាចមករកស៊ីនៅស្រុកខ្មែររាប់ឆ្នាំ ហើយទើបចាត់វិធានការ។ ការវិនិយោគប្រទេសណាក៏ដោយឱ្យតែអ្នកវិនិយោគិនល្អៗយើងមានការគាំទ្រ មានការអភិវឌ្ឍស្រុកទេស ប៉ុន្តែទន្ទឹមគ្នានេះក្នុងនាមជារដ្ឋាភិបាលយើងសម្លឹងឃើញតែលុយពេកក៏វាគ្រោះថ្នាក់សម្រាប់សង្គម ចង់សំដៅថា មុននឹងយើងទទួលការវិនិយោគយើងត្រូវគិតគូរ ពិនិត្យល្អិតល្អន់ថា តើក្រុមហ៊ុនវាយ៉ាងម៉េច បុគ្គលមានប្រវត្តិយ៉ាងម៉េច យើងត្រូវសិក្សាត្រង់ហ្នឹងដែរ»។
ក្ដីកង្វល់នេះធ្វើឡើងបន្ទាប់ពីអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោក ស៊ុន ចាន់ថុល បានប្រាប់ឱ្យឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនពីន (Weng Wenbin) ជំរុញក្រុមហ៊ុនចិនមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន។ លោក ស៊ុន ចាន់ថុល ថ្លែងបែបនេះនៅក្នុងកិច្ចកិច្ចសន្ទនាលើកទី១ រវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-ចិន ដែលមានតំណាងក្រុមហ៊ុនចិនចំនួន ៨០នៅកម្ពុជាចូលរួមកាលពីថ្ងៃទី៩ ខែកុម្ភៈ។ លោក ស៊ុន ចាន់ថុល បញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យបញ្ហាវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសាងទំនុកចិត្តដល់វិនិយោគិនចិននៅកម្ពុជា។
កាលពីឆ្នាំ២០២៥ ទំហំនៃវិនិយោគបរទេសសរុបនៅកម្ពុជាមានជាង ១០ពាន់លានដុល្លារក្នុងនោះក្រុមហ៊ុនចិនបានមកបោះទុនរកស៊ីធំជាងគេដែលស្មើជាងពាក់កណ្ដាល ឬស្មើនឹងទំហំទឹកប្រាក់ជាង ៥ពាន់លានដុល្លារនៃការវិនិយោគរបស់បរទេសសរុបនៅកម្ពុជា។
ថ្វីត្បិតក្រុមហ៊ុនចិនបានបោះទុននៅកម្ពុជាច្រើនជាងគេ និងតែងតែទទួលបានកិច្ចគាំពារពីរដ្ឋាភិបាលក៏មានអ្នកជំនួញចិនខ្លះជារឿយៗបានចេញមុខប្ដឹងតវ៉ាចំពោះមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយផងដែរ។ លើសពីនេះទៀត កន្លងមកប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ក៏រងការចោទប្រកាន់ថា ទទួលលុយរាប់សែនដុល្លារពីអ្នកជំនួញចិនជាថ្នូរឱ្យសាច់ញាតិបក្ខពួករបស់ខ្លួនរត់ការឱ្យក្រុមហ៊ុនចិនរុករករ៉ែអាចដំណើរការដោយស្របច្បាប់នៅកម្ពុជា។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ជា ធីរិទ្ធ ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី១១ ខែកុម្ភៈ។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី លើកឡើងថា ជំនួបរវាងលោក ស៊ុន ចាន់ថុល និងលោក វ៉ាង វិនពីន គឺជាយុទ្ធសាស្ត្រពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទីផ្សារដោយបើកចំហ ប៉ុន្តែលោកថា កម្ពុជាគួរតែប្រុងប្រយ័ត្នខ្ពស់ចំពោះការគ្រប់គ្រងលំហូរវិនិយោគទុនបរទេសឱ្យមានតុល្យភាព។
លោក សេង វណ្ណលី វាយតម្លៃថា ទោះបីជាការវិនិយោគរបស់ក្រុមហ៊ុនចិនផ្ដល់អត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចកម្ពុជា ប៉ុន្តែក្រុមហ៊ុនចិនខ្លះក៏បានបង្កបញ្ហាដូចជា ជម្លោះដីធ្លី ការរំលោភសិទ្ធិមនុស្ស លក្ខខណ្ឌការងារ និងបញ្ហាឧក្រិដ្ឋកម្មជាដើម។ លោកយល់ថា បញ្ហាទាំងនេះកើតចេញពីឥរិយាបថនៃក្រុមហ៊ុនរដ្ឋអំណាចចិនដែលគិតគូរតែផលប្រយោជន៍គួបផ្សំនឹងអំពើពុករលួយ និងការអនុវត្តច្បាប់ធូររលុងក្នុងស្ថាប័នរដ្ឋ។
លោក សេង វណ្ណលី៖ «ចំពោះហានិភ័យរយៈពេលវែងការពឹងផ្អែកលើប្រភពទុនប្រទេសតែមួយអាចធ្វើឱ្យកម្ពុជាប្រឈមភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចប្រសិនជាមានការប្រែប្រួលផ្នែកនយោបាយ ឬវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសចិនខ្លួនឯង។ ក្នុងជួរនយោបាយកម្ពុជាអាចរងសម្ពាធពីអន្តរជាតិជុំវិញអំណាចក្នុងតំបន់ដែលទាមទារឱ្យកម្ពុជាត្រូវអនុវត្តគោលនយោបាយការបរទេស និងសេដ្ឋកិច្ចបែបពហុភាគីដោយព្យាយាមទាក់ទាញវិនិយោគិនពីបណ្ដាប្រទេសផ្សេងទៀត ដើម្បីកាត់បន្ថយហានិភ័យ និងធានាបាននូវឯករាជ្យភាពសេដ្ឋកិច្ចប្រកបដោយចីរភាព»។
ទន្ទឹមរដ្ឋាភិបាលក្រុងភ្នំពេញជួយសម្រួលឱ្យអ្នកជំនួញចិនចូលរកស៊ីនៅកម្ពុជាកាន់តែច្រើន កន្លងមកក៏មានក្រុមហ៊ុនចិនខ្លះនាំបណ្ដាញឧក្រិដ្ឋជនមករកស៊ីលើជំនួញឧក្រិដ្ឋកម្មជួញដូរមនុស្ស លាងលុយកខ្វក់ និងអភិវឌ្ឍបែបរំលោភសិទ្ធិមនុស្សប្លន់ដីធ្លីពលរដ្ឋខ្មែរជាច្រើនដែរ។ ជាក់ស្ដែង ក្រុមហ៊ុនព្រីនស៍ គ្រុប (Prince Group) របស់ឧក្រិដ្ឋជន ចេន ហ្ស៊ី បានប្រើប្រាស់កម្ពុជាធ្វើជាមូលដ្ឋានជាច្រើនឆ្នាំ ដើម្បីចាប់ជម្រិត និងបង្ខាំងជនបរទេសរាប់សិបនាក់នៅជុំវិញពិភពលោក ដើម្បីបង្ខំឱ្យធ្វើការឆបោកតាមអនឡាញ។ ក្រៅពីនេះ ក្រុមហ៊ុនចិនឈ្មោះ យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ដែលបានសាងសង់ប្រលានយន្តហោះនៅខេត្តកោះកុងត្រូវបានអាមេរិកដាក់ទណ្ឌកម្មដោយសារតែពាក់ព័ន្ធនឹងការបណ្ដេញពលរដ្ឋរាប់ពាន់គ្រួសារដោយបង្ខំ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ។
ក្រុមអ្នកឃ្លាំមើលរិះគន់ថា ការណ៍ដែលក្រុមហ៊ុន និងអ្នកជំនួញចិនមួយចំនួនអាចចូលមកកម្ពុជារកស៊ីបែបឧក្រិដ្ឋកម្ម និងមិនខ្វល់ពីការរំលោភសិទ្ធិមនុស្សគឺដោយសារតែរដ្ឋាភិបាលកម្ពុជាមានជំហរនយោបាយផ្អៀងទៅរកប្រទេសចិនខ្លាំង។ ពួកគេថា ដើម្បីធ្វើឱ្យកម្ពុជាទទួលបានការអភិវឌ្ឍប្រកបដោយអភិបាលកិច្ចល្អ និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិនតែមួយ លុះត្រាតែរដ្ឋាភិបាលស្ដារប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ស៊ីជម្រៅទើបក្រុមហ៊ុនធំៗរបស់ប្រទេសលោកសេរីហ៊ានចូលវិនិយោគនៅកម្ពុជា៕









