

តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនអ្នកជំនួញស្និទ្ធនឹងក្រុមគ្រួសារត្រកូលម្នាក់ដែលមានងារជាអ្នកឧកញ៉ាផងគឺលោក លី គួង ដោយចោទប្រកាន់ពាក់ព័ន្ធអំពើឆបោកតាមអនឡាញ (Online Scams) និងអំពើលាងលុយកខ្វក់។ ទន្ទឹមនឹងការចាប់ខ្លួនមេខ្លោងឆបោកតាមអនឡាញរូបនេះ ជនបរទេសធ្វើការក្នុងអគារអនឡាញនៅតាមបណ្ដាខេត្តមួយចំនួននៅតែបន្តនាំគ្នាសម្រុកចេញពីអគារដើរប្រសាចពេញដងផ្លូវដោយគ្មានអាជ្ញាធររារាំង។
រដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន សម្រេចចាប់ខ្លួនអតីតអ្នកឧកញ៉ា លី គួង ដែលល្បីល្បាញខាងរកស៊ីពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មបើកបនល្បែងកាស៊ីណូ ដើម្បីបង្ខាំងមនុស្សបង្ខំឱ្យធ្វើការឆបោកតាមអនឡាញ។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែមករាឱ្យដឹងថា ជនត្រូវចោទ លី គួង ត្រូវបានតំណាងអយ្យការចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើស ៣ធំៗ និងបានបញ្ជូនទៅពន្ធនាគាររាជធានីភ្នំពេញ (PJ) បណ្ដោះអាសន្ន ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសកេងប្រវ័ញ្ចកម្លាំងពលកម្ម អំពើពុករលួយដែលមានការចាត់តាំង និងអំពើលាងលុយកខ្វក់ដែលផ្អែកតាមបញ្ញត្តិច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស ក្រមព្រហ្មទណ្ឌ និងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់។ តុលាការក៏រកឃើញថា អតីតអ្នកឧកញ៉ា លី គួង បានពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស អំពើពុករលួយ និងបានលាងលុយកខ្វក់ដែលបានប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ និងទីកន្លែងផ្សេងទៀត ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន តាមរយៈមុខជំនួញលើវិស័យកាស៊ីណូរបស់លោក។
លោក លី គួង មានវ័យ ៥០ឆ្នាំ គឺជាអគ្គនាយកក្រុមហ៊ុន កាស៊ីណូខ្ញុំ ដែលជាអ្នកជំនួញរកស៊ីផ្ដោតលើវិស័យបនល្បែងកាស៊ីណូ និងល្បីល្បាញខាងរឿងអាស្រូវពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្ម និងបង្ខាំងមនុស្សធ្វើទារុណកម្ម ដើម្បីបង្ខំឱ្យធ្វើការងារឆបោកតាមអនឡាញ។ លោក លី គួង ក៏ជាអ្នកជំនួញម្នាក់ដែលស្និទ្ធនឹងក្រុមគ្រួសាររដ្ឋាភិបាលត្រកូល ហ៊ុន និងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងមានតួនាទីជាអនុប្រធានកិត្តិយសកាកបាទក្រហមប្រចាំខេត្តព្រះសីហនុ។ លោកបានផ្ដល់លុយឱ្យរដ្ឋាភិបាលគ្រួសារត្រកូល ហ៊ុន ប្រមាណ ៥០ម៉ឺនដុល្លារជាថ្នូរទទួលបានងារអ្នកឧកញ៉ាកាលពីឆ្នាំ២០២៣ និងបានផ្ដល់លុយ ១០ម៉ឺនដុល្លារដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត សម្រាប់កងទ័ពជួរមុខកាលពីខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ។ ការផ្ដល់លុយកាក់ឱ្យក្រុមគ្រួសារត្រកូល ហ៊ុន ជាបន្តបន្ទាប់នេះលោកក៏កាន់តែមានឱកាសក្នុងការពង្រីកបនល្បែងកាស៊ីណូ និងសាងសង់អគារអនឡាញជាបន្តបន្ទាប់ដូចជានៅខេត្តព្រះសីហនុ និងនៅព្រំដែនកម្ពុជាវៀតណាមព្រែកចាកខេត្តកំពតជាដើមសម្រាប់ជួលឱ្យជនជាតិចិន ដើម្បីធ្វើជាមជ្ឈមណ្ឌលអគារសម្រាប់បង្ខាំងមនុស្សរាប់សិបនាក់ឱ្យធ្វើការឆបោកតាមអនឡាញ។
ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លោក ឌីថេ ហូយ៉ា សាទរចំពោះចំណាត់ការចាប់មេខ្លោង លី គួង ប៉ុន្តែលោកចង់ឃើញរដ្ឋាភិបាលស៊ើបអង្កេតចាប់ខ្លួនអ្នកពាក់ព័ន្ធធំៗផ្សេងទៀត ដើម្បីបង្ហាញពីប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាលក្នុងការកម្ចាត់ឧក្រិដ្ឋកម្មអនឡាញ។
លោក ឌីថេ ហូយ៉ា៖ «វាជាជំហានទីមួយដែលរដ្ឋាភិបាលបង្ហាញចំណាត់ការមួយផ្នែកក្នុងការបង្ក្រាប ក៏ប៉ុន្តែខ្ញុំគិតថា វាមានលក្ខណៈទ្រង់ទ្រាយធំបែបនេះ គិតថា វាមិនមែនមានតែឧកញ៉ាតែម្នាក់ហ្នឹងគឺនៅមានច្រើន តម្រុយមួយចំនួនដែលជារបាយការណ៍អន្តរជាតិចេញជាដើមហ្នឹង យើងឃើញហើយអ្នកណាដែលពាក់ព័ន្ធបញ្ហាទាំងអស់ហ្នឹងក៏ត្រូវចាត់ការព្រោះការបង្ក្រាបអំពើឆបោកតាមអនឡាញនេះគឺជាការរៀបចំលក្ខណៈទ្រង់ទ្រាយធំ ហើយអ្នកដែលអាចធ្វើកិច្ចការនេះបានក៏មិនធម្មតាទេ»។
សមត្ថកិច្ចបានចូលបង្ក្រាបអគារកាស៊ីណូខ្ញុំ (My Casino) និងអគារឆបោកតាមអនឡាញជាច្រើនទៀតដែលជាកម្មសិទ្ធិរបស់លោក លី គួង ស្ថិតនៅតំបន់ព្រែកចាកខេត្តកំពត កាលពីយប់ថ្ងៃទី១៥ ខែមករា ដែលបណ្ដាលឱ្យមានជនបរទេសរាប់សិបនាក់បានសម្រុកចេញពីអគារ និងដើរប្រសាចពេញដងផ្លូវដោយគ្មានសមត្ថកិច្ចរារាំងឡើយ។
ស្រដៀងគ្នានេះដែរ តំបន់អគារឆបោកតាមអនឡាញជាច្រើនទៀតដូចជានៅខេត្តព្រះសីហនុ ក្រុងប៉ោយប៉ែត ខេត្តបាត់ដំបង តំបន់ជ្រៃធំខេត្តកណ្ដាល រាជធានីភ្នំពេញក៏មានជនបរទេសរាប់សិបនាក់នាំគ្នាសម្រុកចេញពីអគារជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ បន្ទាប់សមត្ថកិច្ចបើកយុទ្ធនាការសម្អាតឧក្រិដ្ឋកម្មអនឡាញ។
ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លោក ឌីថេ ហូយ៉ា លើកឡើងថា ប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហាក់គ្មានប្រសិទ្ធភាព និងគ្មានស្តង់ដារ ដោយសារតែភាគីពាក់ព័ន្ធដូចជាអង្គការដៃគូជំនាញមិនត្រូវបានអនុញ្ញាតឱ្យចូលរួម។ លោកពន្យល់ថា ក្នុងចំណោមជនបរទេសរាប់សិបនាក់ដែលនាំគ្នាសម្រុកចេញពីអគារអនឡាញជាបន្តបន្ទាប់ពេលសមត្ថកិច្ចចុះបង្ក្រាបនោះ អាចមានមេខ្លោង និងបណ្ដាញឧក្រិដ្ឋជនអាចរួចខ្លួន និងបន្តទៅធ្វើការនៅកន្លែងថ្មីទៀត ដោយសារតែអាជ្ញាធរអសមត្ថភាពក្នុងការឃាត់ខ្លួនជនបរទេសទាំងនោះ ដើម្បីស៊ើបអង្កេត និងកំណត់អត្តសញ្ញាណ។
លោក ឌីថេ ហូយ៉ា៖ «ធម្មតាការបោសសម្អាតឧទាហរណ៍ដឹងថា នៅអគារណាយើងព័ទ្ធចាប់ដើម្បីកុំឱ្យមានការរត់ប្រសេចប្រសាច ដើម្បីស្រាវជ្រាវរកមេខ្លោងនៃតំបន់នីមួយៗ។ ធម្មតាអំពើឆបោកតាមអនឡាញ (Online Scams) តំបន់នីមួយៗត្រូវមានអ្នកទទួលខុសត្រូវហើយ អ៊ីចឹងកាលណាយើងបង្ក្រាបយើងត្រូវចាត់ការមេតំបន់នីមួយៗ ហើយធ្វើម៉េចគ្រប់គ្រងកុំឱ្យមានការលួចរត់រួចខ្លួន ព្រោះអ្នកដែលលួចរត់រួចខ្លួនអ្នកខ្លះអាចជាជនរងគ្រោះ អ្នកខ្លះអាចជាមេខ្យល់ ឬមួយជាបណ្ដាញនៃការជួញដូរហ្នឹង»។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សអ្នកស្រី ជូ ប៊ុនអេង ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី១៦ ខែមករា។
អ្នកឃ្លាំមើលលើកឡើងថា ដើម្បីបញ្ចៀសការចោទប្រកាន់ថា យុទ្ធនាការសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញធ្វើឡើងតែមួយខ្យល់ដោយសារតែរងសម្ពាធពីអន្តរជាតិនោះ រដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន គួរចាប់ខ្លួនបុគ្គលអ្នកមានអំណាចធំៗដែលពាក់ព័ន្ធឧក្រិដ្ឋកម្មនេះយកមកដាក់អនុវត្តទោសតាមផ្លូវច្បាប់។ មកដល់ពេលនេះ ថ្វីត្បិតតែសមត្ថកិច្ចចុះបង្ក្រាបទីតាំងអគារអនឡាញ និងបានចាប់ខ្លួនឧក្រិដ្ឋជន ចេន ហ្ស៊ី និងមេខ្លោងឆបោកតាមអនឡាញលោក លី គួង ក្ដី ប៉ុន្តែទីតាំងអគារសម្រាប់បង្ខាំងមនុស្សជាច្រើនកន្លែងទៀតដូចជានៅតំបន់អូរស្មាច់របស់លោក លី យ៉ុងផាត់ នៅតែដំណើរការខណៈឧកញ៉ាគ្រាក់ៗ និងសាច់ញាតិក្រុមគ្រួសារត្រកូល ហ៊ុន ផងគឺលោក ហ៊ុន តូ និងមនុស្សជំនិតៗជាច្រើនទៀតដែលរងការពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះនៅតែមានសេរីភាពនៅឡើយ៕









