«សារ​ឲ្យ​ខ្មែរ​រួបរួម​គ្នា​របស់​លោក ហ៊ុន ម៉ាណែត» គ្រាន់តែ​សារ​នយោបាយ​ប្រជាភិថុតិ​ដោយសារ​តែ​លោក​ខ្លាច​បាត់​អំណាច

0
127
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

គណបក្សប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត គ្មាន​ឆន្ទៈ​បង្រួបបង្រួម​ជាតិ​ពិតប្រាកដ​នោះ​ទេ ព្រោះ​ខ្លាច​បាត់បង់​អំណាច​។ ការ​លើកឡើង​បែប​នេះ ព្រោះ​ពួកគាត់ មើលឃើញ​ថា ទោះបីជា​លោក ហ៊ុន សែន និង​ហ៊ុន ម៉ាណែត បញ្ចេញ​សារ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​រួបរួម​គ្នា​ក៏ដោយ ក៏​រដ្ឋាភិបាល​ត្រកូល «​ហ៊ុន » នៅតែ​បន្ត​បង្ក្រាប​ទៅលើ​សំឡេង​ប្រឆាំង​និង​សំឡេង​អ្នក​រិះគន់។

ការ​រួបរួម​សាមគ្គី​ខ្មែរ​តែមួយ គឺជា​វិញ្ញាសា​នយោបាយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ ប្រាថ្នា​ចង់​ឃើញ​ក្រុម​អ្នក​នយោបាយ​ខ្មែរ ដោះស្រាយ​ឱ្យ​ចេញ​ចម្លើយ​ច្បាស់ ជាពិសេស​ក្នុង​ស្ថានភាព​ប្រទេស​កម្ពុជា ដែល​កំពុង​រង​ការ​គំរាមកំហែង​ឈ្លានពាន​ម្ដង​ហើយ​ម្ដងទៀត ពី​សំណាក់​កងទ័ព​ថៃ​។ លោក ហ៊ុន ម៉ាណែត និយាយ​ផង និង​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ផង អំពី​សារ​ឲ្យ​ខ្មែរ​រួបរួមសាមគ្គី​ជាតិ​នេះ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី មិន​បាន​បង្ហាញ​សមត្ថភាព​ដោះស្រាយ​ឱ្យ​ឃើញ​លទ្ធផល​ទេ ខណៈ​គ្រួសារ​របស់​លោក​មាន​អំណាច​ពេញដៃ​គ្រប់គ្រង​ប្រទេស​កម្ពុជា​ទៅ​ហើយ។

ក្រុម​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល លើក​ហេតុផល​ថា គណបក្ស​កាន់អំណាច​បាក់ស្បាត​លែង​ហ៊ាន​ប្រកួតប្រជែង តទល់​នឹង​គណបក្សប្រឆាំង​ដោយ​ស្មើមុខ​ហើយ​ទើប​មិន​ហ៊ាន​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ។

អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន​លោក លី សុធារ៉ាយុត្តិ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា លោក​មិនដឹង​ច្បាស់ អំពី​ចេតនា​របស់​រដ្ឋាភិបាល​នោះ​ទេ នៅ​ពេល​អំពាវនាវ​ឲ្យ​រួបរួម​គ្នា​ពង្រឹង​ខ្មែរ​តែមួយ ប៉ុន្តែ​បែរ​ជា​មិន​ព្រម​ដោះលែង​អ្នក​ទោស​នយោបាយ ខណៈ​គណបក្ស​ប្រឆាំង និង​អង្គការ​ស៊ីវិល តែងតែ​ទទូច​ឱ្យ​ដោះលែង ដើម្បី​បើកផ្លូវ​ឱ្យ​មាន​ការផ្សះផ្សា​បង្រួម​បង្រួម​ជាតិ​ពិតប្រាកដ។ លោក​ស្នើ​ដល់​រដ្ឋាភិបាល អនុវត្ត​ជាក់ស្ដែង​ឱ្យ​ស៊ីសង្វាក់​គ្នា ទៅ​នឹង​ការ​អំពាវនាវ​របស់​ខ្លួន ដើម្បី​សម្រេច​គោលដៅ បម្រើ​ផលប្រយោជន៍​ជាតិ​រួម ពីព្រោះ​ជាតិ​កម្ពុជា​ជា​របស់​ប្រជាពលរដ្ឋ​ខ្មែរ ១៧​លាន​នាក់ មិនមែន​ជា​បញ្ហា​របស់​បុគ្គល ឬ​ក្រុម​ណា​ទេ។

លោក លី សុធារ៉ាយុត្តិ៖ «ប៉ុន្តែ​ផ្ទុយ​មកវិញ មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​ដោះលែង អ្នក​ទោស​នយោបាយ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​សង្គម សកម្មជន​បរិស្ថាន ដែល​​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ ខ្លះ​រាប់​ខែ ខ្លះ​រាប់​ឆ្នាំ​មក​ហើយ​នៅឡើយ​ទេ។ ផ្ទុយទៅវិញ​មានតែ​បន្ត​ការ​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង​ជា​ហូរហែ​កន្លង​មក គ្រាន់តែ​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​សង្គម​ជាដើម។ នេះ​សរ​បញ្ជាក់​ឲ្យ​សកម្មភាព នេះ​វា​មិន​ស្រប​ទៅ​នឹង​អ្វី ដែល​គាត់​បាន​លើកឡើង​កន្លង​មក និង​ថ្មីៗ​នេះ​ទេ»។

ជាមួយ​គ្នា​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​លោក ស៊ឹង សែនករុណា លើកឡើង​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​មិន​ហ៊ាន​ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ ដើម្បី​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ ពី​ព្រោះតែ​គណបក្សកាន់អំណាច បាក់ស្បាត​នឹង​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រឆាំង នៅ​សម័យ​គណបក្ស​សង្គ្រោះ​ជាតិ ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧​។ លោក​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដឹងខ្លួន​ចាញ់​ប្រៀប បើ​បើក​ឱ្យ​មាន​ការប្រកួត​ត្រឹមត្រូវ​និង​ពេញកម្លាំង​ដូចគ្នា។

លោក ស៊ឹង សែនករុណា ថា សំដី​រួបរួម​ជាតិ​របស់​លោក ហ៊ុន ម៉ាណែត គ្មាន​ន័យ​ខ្លឹមសារ​ទេ ពីព្រោះ ខ្វះ​ភាព​ស្មោះត្រង់ និង​មនសិការ​ជាតិ ដែល​ត្រូវ​បង្ហាញ​ឱ្យ​ប្រជាពលរដ្ឋ​ជឿជាក់ ហើយ​ចេះតែ​ស្រមៃ​ខ្លាច​គេ​ធ្វើ​បដិវត្តន៍​ផ្ដួលរំលំ។ លោក​ថា នេះ​ជា​លទ្ធផល​នៃ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ដែល​បង្ក​មហន្តរាយ​ដល់​ប្រទេស​ជាតិ ក្នុង​ប្រព័ន្ធ​បក្ខពួក​គ្រួសារនិយម និង​ពុករលួយ​ធ្វើបាប​ប្រជាពលរដ្ឋ។

លោក ស៊ឹង សែនករុណា៖ «ដឹកនាំ​គ្មាន​ការ​រីកចម្រើន ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​អន់​ខ្សោយ​ប្រជាពលរដ្ឋ​ជំពាក់​បំណុល​វ័ណ្ឌក ចំណាកស្រុក ហើយ​ធ្វើ​ឲ្យ​បទ​ឧក្រិដ្ឋកម្ម​ផ្សេងៗ កើត​មាន​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​អាម៉ាស់​នៅ​លើ​ឆាត​អន្តរជាតិ​ធ្វើ​ឲ្យ​ភាព​កម្សោយ​ក្នុង​ការ​ទំនាក់ទំនង​ការបរទេស ជាមួយ​បណ្ដា​ប្រទេស​ដែល​គេ​ជឿ​លឿន ដោយសារ​ខ្លួន​មិន​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ស្រប​តាម​កិច្ចព្រមព្រៀង ទីក្រុង​ប៉ារីស កតិកាសញ្ញា អនុសញ្ញា​ស្ដីពី​សិទ្ធិមនុស្ស​នានា​គឺ​មិន​គោរព​តាម។ ចំណុច​ទាំងអស់​នេះ ដែល​ធ្វើ​ឲ្យ​ការ​ដឹកនាំ​មានការ​ភ័យខ្លាច​មិន​ហ៊ាន​បើក​ឲ្យ​មានការ​ប្រកួតប្រជែង»។

របាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២៥ ឱ្យ​ដឹង​ថា មាន​អ្នកនយោបាយ និង​សកម្មជន​ចំនួន ៩២​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ ដោយសារ​ការ​ប្រើ​សេរីភាព​បញ្ចេញមតិ។ បន្ថែម​លើ​នេះ​ទៀត ក្នុង​មករា ឆ្នាំ​២០២៦​នេះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​តុលាការ​ចាប់​សកម្មជន មូលដ្ឋាន​របស់​គណបក្ស​ប្រឆាំង ចំនួន ៣​នាក់​ថែមទៀត ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​របស់​ពួកគាត់ អំពី​ស្ថានភាព​ព្រំដែន។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​សារបាន​ល្អ​មែនទែន អំពី​ការ​រួបរួម​សាមគ្គី​ខ្មែរ​តែមួយ ប៉ុន្តែ​គ្មាន​ន័យ​ទេ ពីព្រោះ​មិន​ឆ្លុះ​បញ្ជាំង​លទ្ធផល​ជាក់ស្ដែង ដែល​សង្គម​ខ្មែរ​កាន់តែ​បែកបាក់​។ លោក​ថា មូលហេតុ ដែល​លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​សារ​ល្អ​ហើយ តែ​មិនអាច​អនុវត្ត​បាន​នោះ គឺ​ដោយសារតែ​រដ្ឋាភិបាល​មាន​ចំណុចខ្សោយ និង​គ្មាន​ចិត្ត​ប្រកួតប្រជែង​ត្រឹមត្រូវ។

លោក រ៉ុង ឈុន៖ «បើ​គ្រាន់តែ​បំបិទ​សំឡេង​ផ្ទុយ​ហើយ ធ្វើទុក្ខបុកម្នេញ​អ្នក​បក្ស​ប្រឆាំង ក៏ដូចជា​សកម្មជន​សង្គម ពេល​នឹង​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ។ អ្វី​ដែល​រដ្ឋាភិបាល​ធ្វើ​ម្ដង​ហើយ​ម្ដងទៀត មាន​ន័យថា រដ្ឋាភិបាល​ក៏ដូចជា អ្នកដឹកនាំ​នៅ​មាន​ចំណុចខ្សោយ​ត្រង់ណា​ហើយ បាន​ថា​មិន​ហ៊ាន​បើក​ទូលាយ​ឲ្យ​មានការ​ប្រកួតប្រជែង​ស្មើមុខ​ស្មើ​មាត់»។

ចំណែក​ឯ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា លោក ម៉ែន សុថាវរិន្ទ្រ លើកឡើង​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ក្លាហាន​បង្រួបបង្រួម​ជាតិ គឺ​ដោយសារ​គណបក្ស​កាន់អំណាច ខ្លាច​កម្លាំង​រួម​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ផង និង​បារម្ភ​ពី​ការ​មិន​អាច​គ្រប់គ្រង​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផង នៅពេល​បើក​លំហ​សេរីភាព​ប្រជាធិបតេយ្យ ដែល​កត្តា​នេះ នឹង​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ហ៊ុន​បាត់បង់​អំណាច។ យ៉ាងណា លោក​ថា រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​នៅតែ​ប្រឈម​ចរន្ត​ចង់បាន​ការផ្លាស់ប្ដូរ​របស់​ប្រជាពលរដ្ឋ​ដដែល បើ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ា​ណែ​ត បន្ត​ភាព​មានះ ដោយ​ធ្វើ​ទុក្ខបុក​ម្នេញ​អ្នកតស៊ូ​ដើម្បី​ប្រជាធិបតេយ្យ។

លោក ម៉ែន សុថាវរិន្ទ្រ៖ «ប៉ុន្តែ​បើ​គាត់​នៅតែ​រឹងទទឹង ខ្ញុំ​ជឿ​ថា ប្រជាពលរដ្ឋ​ខ្មែរ មិន​អាច​ទប់​បាន​ទេ ព្រោះ​យើង​នៅ​បង់ក្លាដេស្ហ យើង​មើល​ដូច​នេប៉ាល់​អី ប្រជាពលរដ្ឋ​ឈឺ​ចាប់ ប្រជាពលរដ្ឋ​អត់​រឿង​បញ្ហា​សេដ្ឋកិច្ច បញ្ហា​ការងារ​អី​ទាំងអស់ ហើយ​បញ្ហា​ច្រើន​មែន​នៅ​ប្រទេស​កម្ពុជា មិនអាច​ធ្វើ​អ៊ីចឹង​បានទេ»។

អ្នកឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ដើរ​ដល់​ផ្លូវ​ទ័ល​ច្រក ក្នុង​ការ​ពិបាក​សម្រេច​ចិត្ត​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ ឱ្យ​មាន​ការ​ស្ដារ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ពីព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា បារម្ភ​ពី​ការ​ចាញ់​ការបោះឆ្នោត ប្រសិន​បើក​សេរីភាព​នយោបាយ ប៉ុន្តែ បើ​មិន​ព្រម​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ទេ រដ្ឋាភិបាល​គ្រួសារ​ត្រកូល​ហ៊ុន ក៏​ត្រូវ​ប្រឈម​នឹង​ចរន្ត​កាន់តែ​សកម្ម​នៃ​ប្រជាពលរដ្ឋ ខ្មែរ ដែល​ចង់បាន​ការផ្លាស់ប្ដូរ ដើម្បី​ឱ្យ​មាន​រដ្ឋាភិបាល​ថ្មី ការពារ​ទឹកដី និង​ដោះស្រាយ​វិបត្តិ​របស់​ប្រជាពលរដ្ឋ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ