មន្ត្រី​បក្ស​ប្រឆាំង​ថា កម្ពុជា​នឹង​បាត់បង់​ទឹកដី​តាម​ព្រំដែន បើ​កម្ពុជា​នៅតែ​តាម​អង្វរ​ថៃ​ឱ្យ​ប្រជុំ​JBC

0
79
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

មន្ត្រី​គណបក្សប្រឆាំង​ថា កម្ពុជា​នឹង​បាត់បង់​ទឹកដី​តាម​ព្រំដែន​ទៅ​ភាគី​ថៃ ប្រសិនបើ​កម្ពុជា​នៅតែ​ស្នើឱ្យ​ថៃ ចូលរួម​កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មកា​រ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC)​។ ការ​ថ្លែង​បែបនេះ ធ្វើឡើង​ក្រោយពេល ភាគី​ថៃ​បាន​ស្នើ​ពន្យារពេល​កិច្ចប្រជុំ JBC​ជាមួយ​កម្ពុជា ជា​លើក​ទី​២ ខណៈ​ម្ខាង​ទៀត យោធា​ថៃ​កំពុង​ធ្វើ ជាតូបនីយកម្ម ដោយ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​លើ​ទឹកដី​ខ្មែរ។

គិត​មកដល់ពេលនេះ កម្ពុជា​បាន​បរាជ័យ​ចំនួន​២​លើក​មក​ហើយ ក្នុង​ការ​ទាញ​ដៃ​ភាគី​ថៃ ឱ្យ​ចូល​តុ​ចរចា ដើម្បី​ពិភាក្សា និង​ដោះស្រាយ​រឿង​ព្រំដែន។

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ប្រកាស​កាលពី​ថ្ងៃទី​១៤ ខែ​មករា ថា ភាគី​ថៃ​ស្នើសុំ​ពន្យារពេល​ជា​លើក​ទី​២ លើ​កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC) ដែល​ស្នើ​ឡើង​ដោយ​ភាគី​កម្ពុជា និង​គ្រោង​រៀបចំឡើង​នៅ​សប្ដាហ៍​ទី​២ ឬ​សប្ដាហ៍​ទី​៣ ក្នុង​ខែមករា នេះ​។ ភាគី​ថៃ​លើក​ហេតុផល​ថា ការ​ពន្យារ​ពេលនេះ គឺ​ដើម្បី​រង់ចាំ​នីតិវិធី​ផ្ទៃក្នុង ក្រោយ​ការតែងតាំង​សមាសភាព​គណៈកម្មាធិការ​JBC​ថ្មី បន្ទាប់ពី​បោះឆ្នោត​សភា​នៅ​ដើមខែ​កុម្ភៈ ខាង​មុខ។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ ខែតុលា លោក អ៊ុំ សំអាន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៥ ខែមករា ថា ក្នុង​កំលុង​លើកទ័ព​មក​ឈ្លានពាន​កម្ពុជា ភាគី​ថៃ​មិនបាន​រង់ចាំ​ដល់​ក្រោយពេល​បោះឆ្នោត​សភា​នោះ​ទេ ក៏ប៉ុន្តែ នៅពេល​បាន​កាន់កាប់​ទឹកដី​តាម​បណ្ដោយ​ព្រំដែន​របស់​កម្ពុជា ហើយ​នៅពេល​កម្ពុជា​កោះ​ប្រជុំ​រឿង​ព្រំដែន ភាគី​ថៃ​បែរជា​សុំ​លើក​ពេល ដោយ​អាង​លេស​រង់ចាំ​ក្រោយ​ការបោះឆ្នោត ដែល​ប្រការ​នេះ ហាក់​មិន​សម​ទំនង​នោះ​ឡើយ។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន។ Photo Courtesy of RFA

លោក​បន្ត​ថា ភាគី​កម្ពុជា មិន​គួរ​រំពឹង​លើ​កិច្ចចរចា​ទ្វេភាគី​ជាមួយ​ថៃ​នេះ​ឡើយ ពីព្រោះ បើ​ទោះបីជា​កិច្ចប្រជុំ​នេះ អាច​ប្រព្រឹត្តទៅ នៅពេល​ណាមួយ​ក៏ដោយ ក៏​ភាគី​ថៃ នឹង​មិន​ព្រម​ប្រគល់​មកវិញ នូវ​បូរណភាព​ទឹកដី​របស់​កម្ពុជា​នោះ​ឡើយ។

លោក អ៊ុំ សំអាន​៖ «អ្វី​ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត តាម​អង្វរ​ថៃ ដើម្បី​ចរចា​ទ្វេភាគី​នេះ ដូច​ទៅ​សុំ​ភ្លើង​យក្ស​អ៊ីចឹង​ឯង​។ ឬក៏​ដូច​យើង​ទៅ​សុំ​អង្វរ​ចោរ ឱ្យ​ចោរ​ប្រគល់​សម្ភារៈ ឬ​របស់របរ ដែល​ចោរលួច​នោះ មកវិញ គឺ​មិនបាន​នោះ​ទេ»។

កាលពី​ថ្ងៃទី​៥ ខែមករា ភាគី​ថៃ បាន​ស្នើ​សុំ​លើក​ពេល​ប្រជុំ JBC ដែល​ស្នើ​ឡើង​ដោយ​ភាគី​កម្ពុជា ម្ដង​រួច​មក​ហើយ​។ នៅក្នុង​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​នេះ​ភាគី​កម្ពុជា បាន​ស្នើ​ឱ្យ​ភាគី​ថៃ ចាត់​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ​នៃ​ភាគី​ទាំងពីរ ចុះ​លើ​ដី​ជាក់ស្ដែង​ក្នុង​ពេលវេលា​សមស្រប​ណាមួយ នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​២៦ ដល់​៣០ ខែមករា ដើម្បី​សាងសង់​បង្គោល​ព្រំដែន​ចំនួន ១៥ ឡើងវិញ​តាម​គំរូ​ដើម​បង្គោល​ជំនាន់​បារាំង នៅ​ទីតាំង​ដើម​ពិតប្រាកដ​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា។

ក្រៅ​ពី​នេះ ភាគី​កម្ពុជា នឹង​លើកយក​បញ្ហា​ដែល​យោធា​ថៃ ធ្វើ​សកម្មភាព​ឈ្លានពាន​លើ​បូរណភាព​ទឹកដី​កម្ពុជា ដោយ​ឈូស​ឆាយ​កម្ទេច​លំនៅឋាន​របស់​ពលរដ្ឋ​ខ្មែរ និង​ហាមឃាត់​មិន​ឱ្យ​ពួកគេ​ចូល​ទៅ​រស់នៅ ក្នុង​លំនៅឋាន​វិញ មក​ជជែក​គ្នា​ជាមួយ​ភាគី​ថៃ។

កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC)​នៃ​ភាគី​ថៃ (ឆ្វេង) និង​កម្ពុជា នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៥។ រូប៖ Pressocm

លោក អ៊ុំ សំអាន បាន​អះអាង​ថា យោធា​ថៃ កំពុង​កាន់កាប់​ទឹកដី​របស់​កម្ពុជា​នៅ​តាម​ព្រំដែន មាន​ចំនួន​យ៉ាងតិច ៤០​តំបន់ ចាប់​តាំង​ពី​ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និង​ពោធិ៍សាត់។

បច្ចុប្បន្ន​ទីតាំង​ទាំងនោះ ត្រូវ​ក្រុម​យោធា ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ថៃ រួមគ្នា​សាងសង់​សំណង់​រឹង ដូចជា​ផ្លូវ​បេតុង កន្លែង​តម្កល់​រូប​ព្រះពុទ្ធ​បដិមាករ និង​លេណដ្ឋាន​ធំៗ​ជាច្រើន​កន្លែង ខណៈ​សំណង់ ហេដ្ឋារចនាសម្ព័ន្ធ វត្ត​អារាម សាលារៀន និង​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ខ្មែរ ត្រូវ​យោធា​ថៃ ឈូស​កម្ទេច​រាប​ដល់​ដី និង​ប្រមូល​កម្ទេចកំទី យក​ទៅ​ចាក់ចោល​អស់​គ្មាន​សល់។

ចំពោះ​នៅ​ទីតាំង​ប្រាសាទបុរាណ​វិញ យោធា​ថៃ​បាន​ដាក់​គ្រឿងផ្ទុះ​បំផ្លាញ​ជណ្ដើរ និង​ផ្លូវ របស់​កងទ័ព​ខ្មែរ និង​សាងសង់​ផ្លូវ​បេតុង​ចេញពី​ទឹកដី​ថៃ មកកាន់​ប្រាសាទ​វិញ។ ក្រសួង​ការបរទេស​ថៃ បាន​អះអាង​កាលពី​ថ្ងៃទី​១២ ខែ​មករា ថា ប្រទេស​ថៃ​នឹង​ប្រើ​ពេល​១​ឆ្នាំ ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​លើ​ទីតាំង​ដែល​យោធា​ថៃ​បាន​ឈ្លានពាន​ពី​កម្ពុជា។

ការ​លើក​ឡើង​នេះ បាន​ធ្វើឱ្យ​អ្នកឃ្លាំមើល​ស្ថានការណ៍​ព្រំដែន​កម្ពុជា បារម្ភ​ថា ការ​ពន្យារពេល​របស់​ភាគី​ថៃ គឺជា​ល្បិច​អូស​បន្លាយ​ពេល ដើម្បី​យក​ឱកាស​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​លើ​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន ដែល​យោធា​ថៃ​កំពុង​កាន់កាប់។

ទោះជា​យ៉ាងនេះ​ក្ដី អ្នកឃ្លាំមើល ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គួរតែ​ប្ដឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ICJដើម្បី​ទាមទារ​ទឹកដី ដែល​ថៃ​បាន​ឈ្លានពាន ទាំង​មុន និង​ក្រោយ ត្រឡប់មកវិញ មុន​ពេល​ថៃ សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើនជាង​នេះ ដែល​អាច​នឹង​បង្ក​ផលវិបាក​ដល់​កម្ពុជា កាន់តែ​ខ្លាំង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ