មន្ត្រី​បក្ស​ប្រឆាំង​ព្រមាន​ពី​ការ​បាត់​ទឹកដី​តាម​ព្រំដែន​ជា​អចិន្ត្រៃយ៍ ខណៈ​ថៃ​ពន្លឿន​អភិវឌ្ឍ​តំបន់​នោះ

0
91
ទិដ្ឋភាពប្រាសាទតាក្របី​របស់​កម្ពជា ដែល​យោធាថៃ​កំពុង​កាន់កាប់ ក្រោយ​សម្រេចបាន​មហិច្ចតាឈ្លានពានកម្ពុជា។ រូប៖ បណ្ដាញសង្គម
ទិដ្ឋភាពប្រាសាទតាក្របី​របស់​កម្ពជា ដែល​យោធាថៃ​កំពុង​កាន់កាប់ ក្រោយ​សម្រេចបាន​មហិច្ចតាឈ្លានពានកម្ពុជា។ រូប៖ បណ្ដាញសង្គម

មន្ត្រី​គណបក្ស​ប្រឆាំង​លើកឡើង​ថា កម្ពុជា​អាច​នឹង​បាត់បង់​ទឹកដី នៅ​តំបន់​ព្រំដែន​ទៅ​កាន់​ភាគី​ថៃ​ជា​អចិន្ត្រៃយ៍ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា នៅតែ​ប្រើ​វោហារសាស្ត្រ​ការពារ​ទឹកដី ខណៈ​ភាគី​ថៃ បាន​ពន្លឿន​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​បើក​ឱ្យ​ប្រជាពលរដ្ឋ​មក​ទស្សនា​នៅ​តំបន់​ដែល​យោធា​ថៃ វាយ​ដណ្ដើម​បាន​ពី​កម្ពុជា។

ក្រោយ​ការ​ចុះ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​បណ្ដោះអាសន្ន ស្ថានការណ៍​នៅ​តាម​ព្រំដែន​កម្ពុជា ថៃ មាន​ភាព​ខុសគ្នា​ដាច់​ស្រឡះ ដោយ​នៅ​ខាង​កម្ពុជា មាន​ប្រជាពលរដ្ឋ​ភៀស​សឹង​រាប់ពាន់​គ្រួសារ មិនអាច​វិលត្រឡប់​ទៅផ្ទះ​វិញ​បាន និង​រស់នៅ​ក្នុង​តង់​កៅស៊ូ​ដោយ​ក្ដី​សោកសៅ ខណៈ​នៅ​ខាង​ភាគី​ថៃ​បាន​អភិវឌ្ឍ​តំបន់​សមរភូមិ ដែល​ដណ្ដើម​បាន​ពី​កម្ពុជា ស្ទើរតែ​ក្លាយ​ទៅជា​តំបន់​រមណីយដ្ឋាន​ទៅ​ហើយ។

នៅ​តំបន់​អានសេះ ខេត្តព្រះវិហារ សំឡេង​គ្រឿងចក្រ​បាន​លាន់ឮ​រាល់ថ្ងៃ ដោយ​ព្រះសង្ឃ យាយជី តាជី និង​ប្រជាពលរដ្ឋ​ថៃ ទាំងចាស់ទាំងក្មេង បាន​ចាក់​ផ្លូវ​បេតុង​ទៅកាន់​កន្លែង​តម្កល់​រូប​ព្រះ​ពុទ្ធបដិមា និង​សាងសង់​សំណង់​ជាច្រើន​ទៀត នៅ​រង្វង់​មូលតាអ៊ំ ដែល​កងទ័ព​ថៃ​បាន​កម្ទេច​ចោល។

ចំណែក​នៅ​កន្លែង​រូប​សំណាក​ព្រះនារាយណ៍ ជិត​កាស៊ីណូ​អានសេះ ដែល​យោធា​ថៃ​បាន​ផ្ដួល​ចោល​នោះ​វិញ ពួកគេ​បាន​ស្ទូច​ព្រះ​ពុទ្ធបដិមា យក​មក​តម្កល់​នៅ​លើ​គ្រឹះ​រូប​សំណាក​ព្រះនារាយណ៍ ដែល​បាន​ដួល​ផ្កាប់មុខ​នៅ​លើ​ដី។ ក្រៅ​ពី​នេះ នៅ​ទីតាំង​មួយ​ចំនួន​ទៀត យោធា​ថៃ​បាន​ធ្វើ​ទីកន្លែង​តាំង​រូប​ទាហាន ដែល​បាន​ពលី ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​របស់​ពួកគេ​មក​ទស្សនា និង​គោរព​វិញ្ញាណក្ខន្ធ។

រីឯ​នៅ​ប្រាសាទ​តា​ក្របី វិញ កាន់តែ​មាន​ភាព​អធិកអធម ដោយ​ប្រជាពលរដ្ឋ​ថៃ បាន​សម្រុក​មក​ទស្សនា និង​ធ្វើ​ពិធី​សាសនា​នៅ​ទីនោះ។ ព្រះសង្ឃ ប្រជាពលរដ្ឋ និង​យោធា​ថៃ នៅតែ​បន្ត​សាងសង់​ផ្លូវ​បេតុង កាំជណ្ដើរ ព្រះពុទ្ធ​បដិមា និង​រូបសំណាក​ផ្សេង​ទៀត ចំណែក​តួ​ប្រាសាទ យោធា​ថៃ​បាន​រាយ​បន្លា​លួស​បិទ​ជិត ដោយ​រង់ចាំ​ឱ្យ​ក្រុមបច្ចេកទេស​ធ្វើការ​ជួសជុល​ឡើងវិញ។

ចំណែក​នៅ​តំបន់​ប្រាសាទព្រះវិហារ យោធា​ថៃ បាន​សាងសង់​លេណដ្ឋាន​រឹងមាំ និង​ដាក់​តម្រៀប​ទូ​កុងទឺន័រ ក្បែរ​ទីតាំង​ប្រាសាទ ទាំង​សង​ខាង។

ទាក់ទិន​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៩ ខែ​មករា ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា មិន​ប្រញាប់​ប្ដឹង​ប្រទេស​ថៃ តាមរយៈ​យន្តការ​ច្បាប់​អន្តរជាតិ​នោះ​ទេ នោះ​ទឹកដី​កម្ពុជា ដែល​យោធា​ថៃ​ដណ្ដើម​បាន នឹង​បាត់បង់​ទៅកាន់​ភាគី​ថៃ​ជា​អចិន្ត្រៃយ៍ ដោយ​ថៃ​អាច​នឹង​ប្រើប្រាស់​គោលការណ៍ ឌឹ ហ្វាក់តូ (De facto recognition) ដែល​ជា​គោលការណ៍​ទទួល​ស្គាល់​តាម​ព្រឹត្តិការណ៍​ពិត ចំពោះ​រដ្ឋ​ណាមួយ ដែល​គ្រប់គ្រង​ជាក់ស្ដែង។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) និង​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត និង​លោក អ៊ុំ សំអាន

លោក អ៊ុំ សំអាន៖ «អ៊ីចឹង​ហើយ​បានជា​ខ្ញុំ ស្នើ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ឱ្យ​ចុះ​ចេញពី​តំណែង ដើម្បី​បើកផ្លូវ​ឱ្យ​មាន​រដ្ឋាភិបាល​ថ្មី មេដឹកនាំ​ថ្មី ឱ្យ​គេ​ដឹក​នាំ​ទៅ ដើម្បី​ការពារ​ទឹកដី​ចំនួន ជាង ៤០​ទីតាំង ដែល​ថៃ​កំពុង​គ្រប់គ្រង​ត្រឡប់​មក​វិញ។ បើសិនជា​អត់​មាន​មេដឹកនាំ​ថ្មី​ទេ ត្រកូល​ហ៊ុន ដឹកនាំ​ទៅមុខ​ទៀត ទឹកដី​ហ្នឹង ប្រាកដ​ជា​១០០​ភាគរយ នឹង​បាត់បង់ មិនអាច​ទាមទារ​មកវិញ​បានទេ»។

លោក អ៊ុំ សំអាន អះអាង​ថា ក្រោយ​សង្គ្រាម​នៅ​តាម​ព្រំដែន កម្ពុជា​បាន​បាត់បង់​ទឹកដី​ចំនួន ៤១​ទីតាំង ទៅកាន់​ភាគី​ថៃ និង​ការពារ​បាន​ចំនួន ១៣​ទីតាំង​។ លោក​បន្ត​ថា ទីតាំង​ដែល​ទាហាន​ថៃ​កំពុង​គ្រប់គ្រង គឺ​មាន​ទំហំ​រាប់​រយ រហូតដល់​រាប់ពាន់​គីឡូម៉ែត្រ​ការ៉េ ហើយ​ដែល​ទំហំ​នេះ គឺ​ហួស​ពី​ផែនទី​ខ្នាត ១​លើ ៥០​ពាន់ (១/៥០ ០០០) ដែល​ភាគី​ថៃ​បាន​គូស​ជា​ឯកតោភាគី​ទៅទៀត។

ជុំវិញ​រឿង​នេះ ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​យប់​ថ្ងៃទី​១៧ ខែ​មករា ដោយ​បាន​ប្រឆាំង​តវ៉ា ចំពោះ​សកម្មភាព​របស់​យោធា​ថៃ ដែល​នៅតែ​បន្ត​គ្រប់គ្រង​លើ​បូរណភាព​ទឹកដី​កម្ពុជា តាម​បណ្ដោយ​ព្រំដែន បាន​បណ្ដាល​ឱ្យ​ខូច​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ និង​រារាំង​ដល់​ការ​វិល​ត្រឡប់ របស់​ជន​ស៊ីវិល​ទៅកាន់​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ដោយ​សុវត្ថិភាព និង​សេចក្ដីថ្លៃថ្នូរ។

ទោះជា​យ៉ាងនេះ​ក្ដី អ្នកនាំពាក្យ​យោធា​ថៃ បាន​ថ្លែង​កាលពី​ថ្ងៃទី​១៨ ខែ​មករា ដោយ​ប្រតិកម្ម​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស ដែល​ចុះផ្សាយ​អំពី​ការឈ្លានពាន​របស់​ថៃ មក​លើ​បូរណភាព​ទឹកដី​កម្ពុជា ដោយ​អះអាង​ថា តំបន់​ដែល​យោធា​ថៃ​ដណ្ដើមបាន​ពី​កម្ពុជា​នោះ គឺ​ស្ថិតនៅក្រោម​អធិបតេយ្យភាព​របស់​ថៃ និង​ចោទ​ទៀត​ថា ត្រូវ​កម្ពុជា​ដណ្ដើមយក។ ទន្ទឹម​គ្នា​នេះ យោធា​ថៃ បាន​ព្រមាន​មកកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ស្ថាប័ន​របស់​កម្ពុជា ឱ្យ​បញ្ឈប់​ការប្រើ​ពាក្យ «​ថៃ​ឈ្លានពាន​កម្ពុជា​» ទៀត ដោយ​យោធា​ថៃ​ចោទ​ថា ជា​ពាក្យ​ញុះញង់ ដែល​ធ្វើ​ឱ្យ​ខូច​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​បន្ថយ​ភាព​តានតឹង។

ទោះជា​យ៉ាងណា​មន្ត្រី​បក្ស​ប្រឆាំង លើកឡើង​ថា ការ​អះអាង​របស់​យោធា​ថៃ​នេះ គឺជា​ការ​គំរាម​ឱ្យ​កម្ពុជា​កែប្រែ​ប្រវត្តិសាស្ត្រ ដើម្បី​រួចផុត​ពី​ការ​ប្រឈម​មុខ​លើ​ផ្លូវ​ច្បាប់​នៅ​ពេល​អនាគត។

មន្ត្រី​បក្ស​ប្រឆាំង​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា នៅតែ​អែអង់​ក្នុង​ការ​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ នោះ​អង្ករ​នឹង​ក្លាយជា​បាយ ហើយ​មេដឹកនាំ​កម្ពុជា នឹង​ត្រូវ​មនុស្ស​ជំនាន់​ក្រោយ​ចោទ​ថា ជា​ជន​ក្បត់ជាតិ បាន​កាត់​ទឹកដី​ឱ្យ​បរទេស ដើម្បី​ដូរ​យក​សន្តិភាព​ក្លែងក្លាយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ