មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​រក​វិធី​ទាមទារ​ទឹកដី​ដែល​ថៃ​កាន់កាប់ ជាង​វាយប្រហារ​ខ្មែរ​គ្នាឯង

0
80
ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន។ Photo Courtesy of RFA
ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន។ Photo Courtesy of RFA

មន្ត្រី​គណបក្សប្រឆាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា រក​វិធី​ទាមទារ​ទឹកដី​ដែល​យោធា​ថៃ​ចូល​កាន់កាប់​នៅ​តាម​ព្រំដែន ជាជាង​ការវាយប្រហារ​ខ្មែរ​គ្នាឯង ដែល​នៅ​ក្រៅ​ប្រទេស។ ការ​លើកឡើង​នេះ គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​អ្នកនាំពាក្យ​រដ្ឋាភិបាល​ដែល​បាន​ចោទ​ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មួយចំនួន គឺជា​អ្នកបម្រើ​សង្គ្រាម​ចិត្តសាស្ត្រ​ឱ្យ​យោធា​ថៃ ក្នុង​ចេតនា​បំបែក​កម្លាំង​សាមគ្គី​របស់​ខ្មែរ។

រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន នៅតែ​ឆ្លៀត​វាយប្រហារ​មក​លើ​ក្រុម​អ្នកប្រឆាំង បើ​ទោះ​បី​ជា​ក្នុង​ស្ថានភាព ដែល​បូរណភាព​ទឹកដី​កម្ពុជា ត្រូវ​បាន​ក្រុម​យោធា​ថៃ​ចូល​ឈ្លានពាន និង​កាន់កាប់​ទឹកដី​ជាច្រើន​ទីតាំង​នៅ​តាម​បណ្ដោយ​ព្រំដែន​ក៏ដោយ។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​៥ ខែមករា ថា តួនាទី​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ គឺ​ត្រូវ​រក​មធ្យោបាយ​ទាមទារ​ទឹកដី ដែល​យោធា​ថៃ​ចូល​កាន់កាប់​ដោយ​ខុសច្បាប់​នោះ​មក​វិញ គឺ​មិនមែន​មក​លាប​ពណ៌ ដើម្បី​ទម្លាក់កំហុស​ឱ្យ​ខ្មែរ​នៅ​ក្រៅ​ស្រុក​នោះ​ឡើយ។ លោក​សង្កេត​ឃើញ​ថា មេដឹកនាំ​កម្ពុជា ហាក់​គ្មាន​គោលជំហរ​រឹងមាំ ក្នុង​ការ​ទាមទារ​ទឹកដី​ពី​យោធា​ថៃ​មកវិញ​នោះ​ទេ ទោះបី​កម្ពុជា មាន​ប្លង់​រឹង គឺ​ផែនទី ដែល​ជា​មរតក​របស់​អាណានិគម​បារាំង​ក៏ដោយ។

លោក អ៊ុំ សំអាន៖ «គាត់​(​លោក ប៉ែន បូណា) និយាយ​អ៊ីចឹង ដោយសារ​គាត់​វង្វេង​សមរភូមិ គាត់​មិន​ទៅ​តតាំង និង​ទប់ស្កាត់​ការឈ្លានពាន​របស់​ថៃ មិន​ប្ដឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ បែរជា​មក​ឈ្លោះ​ខ្មែរ នឹង​ខ្មែរ​គ្នាឯង​ទៅវិញ»។

ការ​លើកឡើង​របស់​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ថ្លែង​នៅក្នុង​សេចក្ដីថ្លែងការណ៍ កាលពី​ថ្ងៃទី​៤ ខែមករា ដោយ​ចោទ​ថា ពលរដ្ឋ​ខ្មែរ នៅ​ក្រៅ​ប្រទេស ដែល​មាន​និន្នាការ​ប្រឆាំង​មួយចំនួន បាន​ធ្វើ​ខ្លួន​ជា​អ្នកបម្រើ​យ៉ាងសកម្ម ឱ្យ​សង្គ្រាម​ចិត្តសាស្ត្រ​របស់​យោធា​ថៃ ដើម្បី​បំបែក​កម្លាំង​សាមគ្គី​របស់​ពលរដ្ឋ​ខ្មែរ និង​ឈ្លានពាន​ទឹកដី​កម្ពុជា។

លោក ប៉ែន បូណា៖ «​ប៉ុន្តែ​ជា​ភ័ព្វសំណាង ដែល​បងប្អូន​យើង​ចេះ​បែងចែក​អាក្រក់​នឹង​ល្អ ស​នឹង​ខ្មៅ ហើយ​បាន​ផាត់​ចោល​ភ្លាមៗ​ជា​ស្វ័យប្រវត្តិ​នូវ​សង្គ្រាមចិត្តសាស្ត្រ​នេះ មិន​ឱ្យ​ចូល​មក​បំពុល​សតិអារម្មណ៍​បងប្អូន​ឡើយ»។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា​។ រូប៖ ហ្វេសប៊ុក

ទន្ទឹម​គ្នា​នេះ លោក ប៉ែន បូណា បាន​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ឱ្យ​ទុកចិត្ត​ទាំងស្រុង​លើ​រាជរដ្ឋាភិបាល និង​មេដឹកនាំ​គ្រួសារ​ត្រកូល​ហ៊ុន ដែល​លោក​ឧទ្ទេសនាម​ឱ្យ​ថា ជា​មាន​ភាព​ចាស់ទុំ​ក្នុង​ផ្នែក​នយោបាយ ដើម្បី​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី តាមរយៈ​ផ្លូវ​ការទូត​ទន់ភ្លន់ និង​ម៉ឺងម៉ាត់ និង​ច្បាប់​អន្តរជាតិ។

ទោះជា​យ៉ាងនេះ​ក្ដី អ្នកឃ្លាំមើល​យល់ឃើញ​ថា មូលហេតុ​ដែល​កម្ពុជា​បាន​ចាញ់​សង្គ្រាម​ឈ្លានពាន​របស់​យោធា​ថៃ ក៏​ដោយសារ​គ្រួសារ​មេដឹកនាំ​ត្រកូល​ហ៊ុន​នេះ​ហើយ ដែល​បាន​ដឹកនាំ​ប្រទេស​បង្កើត​ឱ្យ​មាន​អំពើពុករលួយ បណ្ដាល​ឱ្យ​វិស័យ​ការពារ​ជាតិ​ចុះ​ទន់ខ្សោយ និង​រកស៊ី​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​ឆបោក ធ្វើ​ឱ្យ​កម្ពុជា ក្លាយ​ជា​អាណាចក្រ​ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លងដែន ដែល​យោធា​ថៃ បាន​ប្រើ​លេស​មួយ​នេះ ដើម្បី​ចូល​ឈ្លានពាន​កម្ពុជា។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា «​ដកហូត​មេរៀន​ពី​ប្រវត្តិសាស្ត្រ​នេះ​សម្រាប់​តាក់តែង​យុទ្ធសាស្ត្រ​ការពារ​ជាតិ​មួយ ស្រុក​ទាំងឡាយ​របស់​ខ្មែរ ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន គួរ​មាន​នាយទាហានជាន់ខ្ពស់ កាន់​តួនាទី​ជា​អភិបាលស្រុក និង​ផ្ដល់​សិទ្ធិ​ជ្រើសតាំង​អភិបាលខេត្ត និង​មន្ត្រី​មូលដ្ឋាន»។

បណ្ឌិត ឡៅ ម៉ុងហៃ៖ «អ្នកស្រុក​ក្នុង​ឃុំ​ទាំងនោះ គួរតែ​ចូលរួម​ហ្វឹកហ្វឺន​ឱ្យ​ទៅ​ជា​ជីវពល​ប្រដាប់​អាវុធ និង​មាន​ភារកិច្ច​ជា​ជំនួយការ ដល់​កងទ័ព​ការពារ​ព្រំដែន ក្នុង​នោះ​រដ្ឋាភិបាល​គូរ​តែ​អភិវឌ្ឍ​តំបន់​ព្រំដែន តាមរយៈ​ការ​ទាក់ទាញ​អ្នកស្រុក ដែល​គ្មាន​ដី​ប្រកប​អាជីវកម្ម ទៅ​រស់នៅ​តំបន់​លំហ ឬ​មាន​មនុស្ស​នៅ​តិច»។

លោក ឡៅ ម៉ុងហៃ បន្ត​ទៀត​ថា កងទ័ព​ខ្មែរ គួរតែ​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មាន​ប្រាក់ខែ​សមរម្យ និង​ស្បៀង​គ្រប់គ្រាន់​នៅពេល​ចេញទៅ​ច្បាំង​នៅ​សមរភូមិ ដោយ​មិន​ចាំបាច់​រស់​ដោយសារ​ទាន​ពី​សប្បុរសជន​នោះ​ឡើយ ហើយ​ដើម្បី​សម្រេច​នូវ​យុទ្ធសាស្ត្រ​ខាងលើ​នេះ កម្ពុជា​ត្រូវ​មាន​វិទ្យាស្ថាន​សិក្សា​យុទ្ធសាស្ត្រ។

ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​នេះ​ដែរ អ្នកនាំពាក្យ​យោធា​ថៃ លោក វីនថៃ ស៊ូវារីន (Winthai Suvari) បាន​អះអាង​ថា យោធា​ថៃ​មិនបាន​ឈ្លានពាន​លើ​ទឹកដី​កម្ពុជា​ទេ ដោយ​លោក​ចោទ​ថា មកពី​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចូល​មក​រស់នៅ​លើទឹក​ដី ដែល​លោក​អះអាង​ថា ជា​របស់​ថៃ អស់​រយៈពេល​យូរ​មក​ហើយ ដែល​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​។ លោក​អះអាង​ថា ក្នុង​ករណី​នេះ ថៃ​ធ្លាប់​បាន​ដាក់​ពាក្យបណ្ដឹង​រាប់​រយ​ដង​មក​ហើយ​ជាមួយ​កម្ពុជា​តាមរយៈ​យន្តការ អនុស្សរណៈ​យោគយល់​គ្នា ឬ​MOU 43។

ទោះជា​បែបនេះ​ក្ដី ក្រសួងការបរទេស​កម្ពុជា បាន​អះអាង​ថា ទីតាំង​ដែល​យោធា​ថៃ ដណ្ដើម​កាន់កាប់​ពី​កម្ពុជា​នោះ គឺ​លើស​ពី​ដែន​អធិបតេយ្យ នៅក្នុង​ផែនទី​ខុសច្បាប់ ដែល​ថៃ​បាន​គូស​ជា​ឯកតោភាគី​ទៅទៀត​។ ក្នុង​នោះ​យោធា​ថៃ ក៏បាន​បាន​ប្ដឹង​កម្ពុជា ទាមទារ​ទឹកដី ដែល​ថៃ​អះអាង​ថា ជា​របស់​ខ្លួន តាម​យន្តការ​ច្បាប់​អន្តរជាតិ​នោះ​ឡើយ។

ផ្ទុយទៅវិញ យោធា​ថៃ ដែល​តែងតែ​អះអាង​ថា ជា​ជនរងគ្រោះ និង​បាន​យក​លេស​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​នោះ បាន​វាយប្រហារ​មក​លើ​កម្ពុជា​ទាំង​កំរោល រហូត​មាន​បទ​ឈប់​បាញ់ ក៏ប៉ុន្តែ​យោធា​ថៃ បាន​ឆ្លៀតឱកាស​នេះ ចូល​ដោត​ទង់ជាតិ ដំឡើង​ទូ​កុងតឺន័រ និង​រាយ​បន្លា​លួស​ព័ទ្ធ​យក​ទឹកដី​កម្ពុជា​។ ក្នុង​នោះ​ក្រុម​ទាហាន​ថៃ បាន​រំលោភច្បាប់​មនុស្សធម៌​អន្តរជាតិ ដោយ​បាន​ប្លន់​យក​ទ្រព្យសម្បត្តិ និង​ឈូស​កម្ទេច​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ខ្មែរ ដោយ​គ្មាន​ភាព​ខ្មាសអៀន​នោះ​ឡើយ។

ជា​ការ​ឆ្លើយតប​ក្នុង​ស្ថានការណ៍​នេះ យោធា​ថៃ​បាន​ចេញ​បម្រាម មិន​ឱ្យ​យោធា​ខ្លួន​បង្ហោះ​វីដេអូ ឬ​រូបភាព​នៃ​ការ​ប្រមូល​យក​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ខ្មែរ​នោះ​ឡើយ ជាពិសេស​ការ​បង្ហោះ​ខ្លឹមសារ​ដែល​ចំអក ឬ​វាយប្រហារ​មក​លើ​ទាហាន និង​ជន​ស៊ីវិល​កម្ពុជា ដោយសារតែ​ខ្លឹមសារ​នេះ អាច​ត្រូវ​បាន​ប្រើ​ជា​ភស្តុតាង​នៅក្នុង​វេទិកា​អន្តរជាតិ និង​ត្រូវ​បាន​បកស្រាយ​ថា ជា​ការ​រំលោភ​លើ​គោលការណ៍​មនុស្សធម៌ និង​ច្បាប់​អន្តរជាតិ។

យ៉ាងណា​ក៏​ដោយ​ចុះ មន្ត្រី​បក្ស​ប្រឆាំង លើកឡើង​ថា អ្វី​ដែល​ក្រុម​យោធា​ថៃ បាន​ប្រព្រឹត្តិ​នោះ គឺ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ មើលឃើញ​អស់ហើយ ដូច្នេះ គឺ​នៅ​សល់​តែ​ឆន្ទៈ​របស់​មេដឹកនាំ​កម្ពុជា ដាក់ពាក្យ​បណ្ដឹង​ប្ដឹង​ភាគី​ថៃ​តែ​មួយ​ប៉ុណ្ណោះ ដើម្បី​រក​ខុសត្រូវ​ក្នុង​សង្គ្រាម​ព្រំដែន​មួយ​នេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ