

បក្សក្រៅរដ្ឋាភិបាល ស្នើឲ្យអ្នកពាក់ព័ន្ធគិតគូរពីជីវភាព និងបំណុលរបស់ទាហានជួរមុខ និងពលរដ្ឋភៀសសឹក ដែលកំពុងតែជួបទុក្ខលំបាក និងត្រូវធនាគារគំរាមរឹបអូសទ្រព្យសម្បត្តិ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមានទាហានជួបមុខត្អូញត្អែរ ពីបុគ្គលិកធនាគារបង្ខំឲ្យពួកគាត់សងប្រាក់ទៅធនាគារវិញឲ្យទៀងទាត់។
បក្សក្រៅរដ្ឋាភិបាលថា កងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកកំពុងរងគ្រោះពីការឈ្លានពានរបស់យោធាថៃរួចទៅហើយ ក្រោយសង្គ្រាមជាង២០ថ្ងៃមកនេះ ពួកគាត់ត្រូវរងការគំរាមរឹបអូសទ្រព្យសម្បត្តិពីធនាគារថែមទៀត ប្រសិនបើសងប្រាក់ទៅធនាគារវិញមិនបានទៀងទាត់។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន និងជាអ្នកវិភាគ លោក ប៉ោ មករា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៣១ ខែធ្នូ ថា រដ្ឋាភិបាលត្រូវតែគិតគូរដល់ជីវភាពគ្រួសាររបស់កងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ដែលកំពុងជួបទុកលំបាកបញ្ហាជីវភាព និងបំណុលធនាគារ ដោយស្នើអ្នកពាក់ព័ន្ធត្រូវតែជួយសម្រួល ឬពន្យារពេលសងប្រាក់ត្រឡប់ទៅវិញ ឬអាចលុបចោលបំណុលរបស់កងទ័ពជួរមុខ រឹតតែប្រសើរ។
លោកថា ការជួយដោះស្រាយបញ្ហាជីវភាព និងបំណុលកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ជាការជួយពង្រឹងស្មារតីរបស់កងទ័ពបន្ថែមទៀត ឲ្យស្វាហាប់ក្នុងការការពារបូរណភាពទឹកដី។
លោក ប៉ោ មករា៖ «អ្វីដែលជាដំណោះស្រាយ ខ្ញុំមើលឃើញថា ជាការពន្យារ ឬសិក្សាបន្ថែមអំពីការលុបបំណុលរបស់ពួកគាត់ចោល ជាពិសេសគឺបងប្អូនកងទ័ពនៅជួរមុខ សំខាន់ណាស់សម្រាប់ពួកគាត់ ក្នុងការលើកទឹកចិត្ត ក្នុងការពង្រឹងស្មារតីគាត់ ពាក់ព័ន្ធទៅនឹងបញ្ហាដែលគាត់ជួបប្រទះ ហើយប្រសិនជាមានករណីពាក់ព័ន្ធទៅនឹងបំណុល ពាក់ព័ន្ធបញ្ហាជីវភាពគាត់រស់នៅបន្ថែមទៀត រឿងទាំងអស់រឹតតែដាក់បន្ទុកទៅលើពួកគាត់ថែមទៀត»។
ជុំវិញបញ្ហានេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការអត្ថាធិប្បាយបានទេនៅថ្ងៃទី៣១ ខែធ្នូ។
ចំណែកអ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា លោក សុខ ចាន បានច្រានចោលរាល់ព័ត៌មានដែលថា មានបុគ្គលិកធនាគារ ហៅទូរស័ព្ទទៅគំរាមរឹបអូសទ្រព្យសម្បត្តិរបស់កូនបំណុល។ លោកថា ខាងសមាគមរបស់លោក បានចេញសេចក្ដីជូនដំណឹងទៅគ្រប់ធនាគារនៅកម្ពុជាទាំងអស់ ត្រូវតែអនុវត្តតាមការអំពាវនាវរបស់ធនាគារជាតិនៃកម្ពុជា។
លោក សុខ ចាន៖ «ខ្ញុំជម្រាបជូនដែលថា សមាគមធនាគារនៅកម្ពុជាក៏បានចេញសេចក្ដីជូនដំណឹង បន្ទាប់សេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា មិនមានការខលទៅគំរាមការរឹបអូសទ្រព្យអ្វីនោះទេ។ កាលនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥យើងនេះ យើងបានជូនដំណឹងទៅដល់គ្រឹះស្ថានធនាគារទាំងអស់ ក្នុងការអនុវត្តសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជាឲ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់»។
កាលនៅថ្ងៃទី១០ ខែធ្នូ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីណែនាំ ឲ្យធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវតែជួយសម្រាលបន្ទុកដល់ យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ដោយពន្យារពេលបង់ប្រាក់ទៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចាប់ពីខែធ្នូឆ្នាំ២០២៥ រហូតដល់ខែឧសភា ឆ្នាំ២០២៦។ ក្នុងលិខិតនោះ ក៏តម្រូវឲ្យលុបចោលឥណទានដែលមានចំនួនរហូតដល់ ១០ (ដប់) លានរៀល របស់អតិថិជនជាយោធិនពិការនៅសមរភូមិបច្ចុប្បន្ន និងឥណទានដែលមានចំនួនរហូតដល់ ៨០ (ប៉ែតសិប) លានរៀល របស់អតិថិជន ឬអ្នកចូលរួមខ្ចី ជាយោធិនដែលបានពលីនៅសមរភូមិមុខ។
បើទោះជាបែបនេះក្ដី ជាក់ស្ដែងកាលពីថ្ងៃទី៣០ ខែធ្នូ កងទ័ពជួរមុខប្រចាំនៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ លោក ចែម បូនី បានសរសេររៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ក្រោយពីមានបទឈប់បាញ់បានរយៈពេលពីរថ្ងៃ មានបុគ្គលិកធនាគារប្រាសាក់ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប បានគំរាមរឹបអូសទ្រព្យសម្បត្តិ ផ្ទះសម្បែង និងដីធ្លីរបស់លោក ប្រសិនបើ មិនបានបង់ប្រាក់ឲ្យធនាគារបានទៀងទាត់នោះទេ។ លោកលើកជាសំណួរថា ហេតុអ្វីបានជាធនាគារនៅតែមិនយោគយល់ដល់កងទ័ពជួរមុខ ដែលកំពុងធ្វើសង្គ្រាមការពារទឹកដី។
ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទងតំណាងធនាគារប្រាសាក់បានទេ នៅថ្ងៃទី៣១ ខែធ្នូនេះ។
ក្រៅពីគណបក្សនយោបាយក្រៅរដ្ឋាភិបាល ពលរដ្ឋលេងបណ្ដាញសង្គមហ្វេសប៊ុក មួយចំនួន ក៏សម្ដែងការមិនពេញចិត្តចំពោះធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបង្ខិតបង្ខំឲ្យពលរដ្ឋ និងយោធាសងប្រាក់ត្រឡប់ទៅវិញ ដោយមិនបានគិតគូរដល់សុខទុក្ខរបស់កូនបំណុល ដែលកំពុងរងទុក្ខវេទនា និងយកជីវិតទៅប្ដូរប្រយុទ្ធជាមួយសត្រូវ ដើម្បីការពារទឹកដី៕









