ហ្វីលីពីន​ប្រកាស​ត្រៀមខ្លួន​ធ្វើជា​អ្នកសម្របសម្រួល​បន្ត​ពី​ម៉ាឡេស៊ី​ដោះស្រាយ​ជម្លោះ​រវាង​កម្ពុជា​-​ថៃ

0
108
(ពី​ឆ្វេង) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) ក្នុង​ពិធី​ចុះហត្ថលេខា​នៃ​សេចក្ដីថ្លែងការណ៍​រួម នា​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
(ពី​ឆ្វេង) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) ក្នុង​ពិធី​ចុះហត្ថលេខា​នៃ​សេចក្ដីថ្លែងការណ៍​រួម នា​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ប្រទេស​ហ្វីលីពីន (The Philippines) ដែល​នៅ​សល់តែ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ​នឹង​ចូលខ្លួន​ធ្វើជា​ប្រធាន​ប្តូរ​វេន​អាស៊ាន បន្ត​ពី​ប្រទេស​ម៉ាឡេស៊ី​ប្រកាស​ថា បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​កម្ពុជា​-​ថៃ។

សេចក្ដី​ជូន​ដឹង​របស់​ក្រសួង​ការបរទេស​ហ្វីលីពីន នៅ​ថ្ងៃទី​២២ ធ្នូ ឱ្យ​ដឹង​ថា ហ្វីលីពីន ត្រៀមខ្លួន​ធ្វើជា​អ្នកសម្របសម្រួល​បន្ត​ពី​ប្រទេស​ម៉ាឡេស៊ី បើ​កម្ពុជា​ថៃ​យល់ព្រម​ទទួលយក​យន្តការ​អាស៊ាន​ដោះស្រាយ​ជម្លោះ ដូចដែល​ម៉ាឡេស៊ី​បាន​ដើរតួ​យ៉ាង​សំខាន់​រហូត​មាន​បទ​ឈប់​បាញ់​នា​ពេល​កន្លងទៅ។ ការប្រកាស​ជំហរ​របស់​ហ្វីលីពីន​នេះ កើតឡើង​នៅក្នុង​ថ្ងៃ​តែមួយ​ដែល​រដ្ឋមន្ត្រីការបរទេស​របស់​ខ្លួន​បាន​ចូលរួម​កិច្ចប្រជុំ​ពិសេស​ស្ដីពី​ជម្លោះ​កម្ពុជា​-​ថៃ នៅ​ប្រទេស​ម៉ាឡេស៊ី។

កាលពី​ម្សិលមិញ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ពុំបាន​ធ្វើ​ឱ្យ​កម្ពុជា​និង​ថៃ ព្រមព្រៀង និង​ទទួលយក​បទ​ឈប់​បាញ់​កាលពី​ខែកក្កដា និង​កិច្ចព្រមព្រៀង​សន្តិភាព​ខែតុលា​វិញ​ទ​។

សេចក្ដីថ្លែងការណ៍​ស្ដីពី​លទ្ធផល​របស់​ប្រមុខ​ការទូត​អាស៊ាន បាន​ត្រឹម​សម្ដែង​ការ​ព្រួយ​បារម្ភ លើ​ភាព​តានតឹង និង​អរិភាព ដែល​បណ្ដាល​ឱ្យ​ជន​ស៊ីវិល​ស្លាប់ របួស និង​ការ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​ទទូច​ឱ្យ​កម្ពុជា​-​ថៃ អត់ធ្មត់​ជា​អតិបរមា ដើម្បី​ចាត់វិធានការ​បន្ទាន់ ឆ្ពោះ​ទៅ​រក​ការបញ្ឈប់​រាល់​អរិភាព​ជាមួយគ្នា​គ្រប់​ទម្រង់​ទាំងអស់។

ចំណែក​រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បាន​បង្ហាញ​ជំហរ​មិន​ចង់​បាន​ភាគី​ទី​៣ មក​សម្របសម្រួល​នោះ​ទេ​។ លោក​ថ្លែង​នៅ​កិច្ចប្រជុំ ដោយ​បញ្ជាក់​ពី​លក្ខខណ្ឌ​បី​យ៉ាង ទាមទារ​ឱ្យ​កម្ពុជា​បញ្ឈប់​ការ​បាញ់ប្រហារ​ជាមុន​ឱ្យ​ជាក់លាក់ និង​ចូលរួម​សហការ​ដើម្បី​បោសសម្អាត​មីន​នៅ​តាម​ព្រំដែន។ លក្ខខណ្ឌ​ទាំង​៣​នេះ ភាគី​ថៃ​បាន​ធ្លាប់​លើក​ឡើងជា​ច្រើនសា​មក​ហើយ ប្រៀប​បាន​ឱ្យ​កម្ពុជា​ទទួលកំហុស និង​ចុះចាញ់ ទាំង​ដែល​គេ​មើល​ឃើញ​ថា ថៃ​ជា​អ្នក​បង្ក​ការ​វាយប្រហារ​មុន ហើយ​កំពុង​ឈ្លានពាន​កម្ពុជា​គ្រប់​ទម្រង់ និង​ពុំ​ស្ដាប់​ការ​ស្នើ​អន្តរាគមន៍​ពី​អន្តរជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ