ប្រវត្តិ និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី ៨ ឆ្នាំ​មុន

0
212
លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជាមួយ​អ្នក​គាំទ្រ​ប្រមាណ ២​ម៉ឺន​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣។ Photo Courtesy of RFA

ដោយ យ៉ង ចាន់តារា

គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ រំលាយ​ចោល​អស់​រយៈពេល ៨​ឆ្នាំ​មក​ហើយ គឺ​កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧។ រចនាសម្ព័ន្ធ​ដឹកនាំ​ចាប់​​ពី​​​ថ្នាក់​ជាតិ រហូត​ដល់​​ថ្នាក់ក្រោម​ជាតិ ព្រម​ទាំង​តួនាទី​នយោបាយ​ទាំងឡាយ​ដែល​គណបក្ស​នេះ​​មាន ក៏​ត្រូវ​រលាយ​​តាម​នោះ​ដែរ។ តើ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រវត្តិ​យ៉ាងណា? តើ​ហេតុ​អ្វី​បានជា​លោក ហ៊ុន សែន រំលាយ​គណបក្ស​នេះ​ចោល​យ៉ាង​ដូច្នេះ?

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​តាមរយៈ​កិច្ច​ព្រមព្រៀង​រវាង​​​អ្នក​នយោបាយ​២ ក្រុម គឺ​ក្រុម​​គណបក្ស សម រង្ស៊ី ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​ក្រុម​គណបក្ស​សិទ្ធិមនុស្ស​ ដឹកនាំ​ដោយ​​លោក កឹម សុខា កាល​ពី​ឆ្នាំ​២០១២។ គណបក្ស​នេះ​មាន​គោល​នយោបាយ​ទាក់ទាញ​ម្ចាស់​ឆ្នោត​ជាច្រើន​ចំណុច ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បាន​បរាជ័យ​ក្នុង​ការ​ដោះស្រាយ។ គោលនយោបាយ​ទាំង​នោះ មាន​ដូចជា​ការ​លុប​បំបាត់​អំពើ​ពុករលួយ ការ​ការពារ​បូរណភាព​ទឹក​ដី ការ​ពង្រឹង​ច្បាប់​អន្តោប្រវេសន៍ ការ​កែទម្រង់​គោលនយោបាយ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​​ប៉ះពាល់​ដល់​ពលរដ្ឋ ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ ព្រមទាំង​ការ​បង្កើត​តុល្យភាព​អំណាច​រវាង​សភា រដ្ឋាភិបាល និង​តុលាការ។ គោល​នយោបាយ​ដែល​ទាក់ទាញ​ចិត្ត​ម្ចាស់​ឆ្នោត​ជាង​គេ​នៅ​ពេលនោះ គឺ​ការ​សន្យា​ដំឡើង​ប្រាក់​ខែ​ជូន​មន្ត្រី​រាជការ កម្មករ​រោងចក្រ និង​ផ្ដល់​ប្រាក់​ជូន​ជន​ចាស់​ជរា។

លោក ហ៊ុន សែន ដែល​កាលនោះ​នៅ​ជា​នាយករដ្ឋមន្ត្រី​នៅ​ឡើយ បាន​ចំអក​ថា ចលនា​នយោបាយ​ថ្មី​នេះ គឺ​ជា​ព្យុះ​ក្នុង​ក្អម។

លោក ហ៊ុន សែន៖ «ព្យុះ​នយោបាយ​របស់​អស់​លោក គ្រាន់​តែ​ជា​ព្យុះ​ក្នុង​ដប ឬ​ព្យុះ​ក្នុង​ក្អម​ទេ គ្មាន​ផល​ប៉ះពាល់​អ្វី​សូម្បី​តែ​បន្តិច​។ និយាយ​ឱ្យ​ពិត​ ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ សង្គ្រោះ​នរណា​ឥលូវ​នេះ?​ សង្គ្រោះ​គេ​កំពុង​តែ​ទទួល​សញ្ញាប័ត្រ​ហ្នឹង​ឱ្យ​រត់​ចូល​ព្រៃ ឬ​ស្អី? សង្គ្រោះ​លោកសង្ឃ​ដែល​កំពុង​តែ​បិណ្ឌបាត​ ហើយ​កាន់​វស្សា​ហ្នឹង​ដើម្បី​ឱ្យ​រត់​ចោល​ស្បង់​ ឬ​ស្អី និយម​​ន័យ​សង្គ្រោះ​នោះ? និយាយ​អ៊ីចឹង អ្នកនាំពាក្យ​នោះ​ចេញ​មក​ទៀត​ហើយ ដោយ​សារ​តែ​គាត់​ខ្លាច​ហើយ។ ចាំ​ទៅ​អា​ពៅអញ​ផ្ដាំ​ទុក​ឱ្យ​​ហើយ មាន​ស្អី ចាញ់​បូក​និង​ចាញ់​ស្មើនឹង​ចាញ់ នៅ​ក្នុង​ក្អម ព្យុះ​នៅ​ក្នុង​ហ្នឹង​ទៅ»។

ការ​ព្យាករណ៍​របស់​លោក ហ៊ុន សែន បាន​ខុស​ស្រឡះ ហើយ «ព្យុះ​ក្នុង​ក្អម» នេះ បែរ​ជា​បាន​បោកបក់​សឹង​ប៉ើង​ខ្លួន​លោក​ពី​កៅអី​នាយករដ្ឋមន្ត្រី។

កើត​​មិន​​បាន​មួយ​ឆ្នាំ​ផង ក្នុង​ការ​បោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០១៣ ក្នុង​ចំណោម​អាសនៈ​សភា​សរុប​ចំនួន ១២៣ គណបក្ស​សង្គ្រោះ​ជាតិ​​ដណ្ដើម​បាន​អាសនៈ​ចំនួន ៥៥ ទល់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៦៨។ នេះ​បើ​តាម​ការ​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) នៅ​ពេល​នោះ។ ការ​ដណ្ដើម​បាន​អាសនៈ​ជិត​ពាក់​កណ្ដាល​របស់​គណបក្ស​នយោបាយ​ប្រឆាំង​នេះ ជា​ចំណុច​របត់​ដ៏​សំខាន់​មួយ​នៃ​នយោបាយ​កម្ពុជា ពីព្រោះ​តាំង​ពី​លោក ហ៊ុន សែន ដណ្ដើម​អំណាច​ពី​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ តាម​រយៈ​រដ្ឋប្រហារ​បង្ហូរ​ឈាម​កាល​ពី​ឆ្នាំ​១៩៩៧ មក គណបក្ស​ប្រឆាំង​មិន​ធ្លាប់​ទទួល​បាន​អាសនៈ​ច្រើន​បែប​នេះ​ទេ។ ក្ដី​សង្ឃឹម​នៃ​ការ​ផ្លាស់ប្ដូរ ក៏​ហាក់​មាន​ពន្លឺ​បន្តិច​ម្ដងៗ​ក្នុង​ចិត្ត​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​ដែល​ចង់​ឃើញ​កម្ពុជា​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។

យ៉ាងណាក៏ដោយ​ចុះ អ្វីៗ​មិន​ដូច​ការ​រំពឹង​ទុក​នោះ​ទេ។ លោក ហ៊ុន សែន ដែល​ធ្លាប់​តែ​ក្ដាប់​អំណាច​សឹង​ផ្ដាច់​មុខ​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ មិន​បាន​ទុក​បណ្ដោយ​ឱ្យ​គណបក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ រស់រាន​មាន​ជីវិត​បាន​យូរ​ឡើយ។

នៅ​ដើម​ឆ្នាំ​២០១៤ អាជ្ញាធរ​បាន​ចុះ​ទៅ​បង្ក្រាប​ក្រុម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ។ មុន​នោះ​ប៉ុន្មាន​ថ្ងៃ កង​កម្លាំង​ចម្រុះ រួម​មាន ប៉ូលិស ប៉េអិម និង​យោធា បាន​បើក​ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​ក្រុម​កម្មករ​នៅ​ផ្លូវ​វេងស្រេង និង​ក្បែរ​រោងចក្រ​យ៉ាក់ជីន ដែល​បណ្ដាល​ឱ្យ​មនុស្ស ៥​នាក់​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រង​របួស។ ស្រប​ពេល​គ្នា​នោះ រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់ ដោយសារ​តែ​ការ​បញ្ចេញ​មតិ​របស់​ពួកគេ។ កាន់តែ​ធ្ងន់ធ្ងរ​ទៀត​នោះ ក្រុម​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន បាន​នាំ​គ្នា​ព្រួត​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន នៅ​មុខ​វិមាន​រដ្ឋសភា នៅ​ចុង​ឆ្នាំ​២០១៥។

នៅ​ខែ​មីនា ឆ្នាំ​២០១៧ គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេច​តែងតាំង​លោក កឹម សុខា ជា​ប្រធាន​គណបក្ស​ជំនួស​លោក សម រង្ស៊ី ដែល​ត្រូវ​បង្ខំ​ចិត្ត​លាលែង​ពី​តួនាទី ដើម្បី​ការពារ​គណបក្ស​ពី​ការ​រំលាយ​របស់​រដ្ឋអំណាច។ ប៉ុន្តែ ៧​ខែ​ក្រោយ​មក លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​កណ្ដាល​យប់ ក្នុង​ពេល​លោក​កំពុង​មាន​អភ័យ​ឯកសិទ្ធិ​សភា​នៅ​ឡើយ ដោយ​ចោទ​ពី​បទ​ក្បត់​ជាតិ។

របប​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ និង​បាន​យក​សំណុំរឿង​លោក កឹម សុខា ជា​គោល ដើម្បី​​ឈាន​ទៅ​​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ ២០១៧ តុលាការ​កំពូល ដែល​មាន​ក្រុម​ចៅក្រម តំណាង​មហា​អយ្យការ និង​ដើម​បណ្ដឹង​ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​គ្នា​នោះ បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាមប្រាម​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ចំនួន ១១៨​នាក់ មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ ឆ្នាំ។ រីឯ​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន ៥ ពាន់ ៧ អាសនៈ​របស់​គណបក្ស​ប្រឆាំង​វិញ ក៏​ត្រូវ​បាន​បក្ស​កាន់អំណាច​យក​មក​ចែក​គ្នា​កាន់​កាប់​ផង​ដែរ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ថា លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារតែ​ដឹង​ថា គាត់​នឹង​ចាញ់​ឆ្នោត​នៅ​ឆ្នាំ​២០១៨។

លោក អេង ឆៃអ៊ាង៖ «លោក ហ៊ុន សែន គាត់​ដឹង​ថា ការ​បោះឆ្នោត​ឆ្នាំ២០១៨ គណបក្ស​គាត់​នឹង​ចាញ់​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​កម្លាំង​ប្រជាពលរដ្ឋ​គេ​រង់​ចាំ​តែ​ពេល​វេលា​មក​ដល់​នៃ​ការ​បោះឆ្នោត​។ ដូច្នេះ​ដើម្បី​ជា​ការ​ទប់​ស្កាត់​កុំ​ឱ្យ​គាត់​បាត់​​បង់​អំណាច​តាម​រយៈ​ការ​បោះឆ្នោត​ គាត់​បាន​ចាប់​លោក កឹម សុខា ហើយ​រំលាយ​​គណបក្ស​សង្គ្រោះជាតិ​ដោយ​គាត់​ចោទ​ប្រកាន់​គ្មាន​ហេតុ​ផល​ ហើយ​រៀប​ចំ​​ការ​បោះឆ្នោត​ក្លែង​ក្លាយ​មួយ​ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​របស់​ប្រជាពលរដ្ឋ»

ក្រោយ​ការ​រំលាយ​គណបក្ស ថ្នាក់ដឹកនាំ​ និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់ បាន​បែក​ខ្ញែក​គ្នា។ អតីត​ប្រធាន​បក្ស គឺ​លោក សម រង្ស៊ី រួម​ជាមួយ​មន្ត្រី​ជាន់ខ្ពស់ និង​សមាជិក​មួយ​ចំនួន​ទៀត​ដែល​សុំ​សិទ្ធិ​ជ្រក​កោន​ផ្នែក​នយោបាយ​នៅ​ក្រៅ​ប្រទេស ទើប​តែ​បាន​ប្រកាស​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ដាក់​ឈ្មោះ​ថា «រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា» ក្នុង​បំណង​ស្រោចស្រង់​កម្ពុជា​ពី​អំណាច​ផ្ដាច់ការ​នៃ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។ រីឯ​ប្រធាន​គណបក្ស​បច្ចុប្បន្ន​គឺ​លោក កឹម សុខា វិញ លោក​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ​តាម​អំណាច​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​ដាក់​ទោស​លោក​ឱ្យ​ជាប់​ឃុំ​ចំនួន ២៧ ឆ្នាំ ព្រម​ទាំង​ដកហូត​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ពី​លោក​ជា​ស្ថាពរ។ ក្រៅ​ពី​មេដឹកនាំ​កំពូល​ទាំងពីរ​រូប​នេះ មន្ត្រី​​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ មន្ត្រី​ខ្លះ​បើក​បក្ស​នយោបាយ​ផ្ទាល់​ខ្លួន ក្នុង​នោះ​មាន​បក្ស​ខ្លះ​ប្រកាស​បន្ត​មរតក​នយោបាយ​ពី​បក្ស​សង្គ្រោះ​ជាតិ តែ​ក៏​មាន​បក្ស​ខ្លះ​ជា​បក្ស​រណប​បក្ស​កាន់​អំណាច ខណៈ​អ្នក​ខ្លះ​ទៅ​ចុះចូល​បម្រើ​បក្ស​កាន់អំណាច​ផង​ក៏​មាន។

ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី ៨​ឆ្នាំ​មុន បាន​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​សម្បើម​ដល់​លោក ហ៊ុន សែន ពោល​គឺ​ធ្វើ​ឱ្យ​លោក​ឈ្នះ​ឆ្នោត​អាណត្តិ​ទី​៦ និង​ទី​៧ ដោយ​គ្មាន​គូ​ប្រកួត ដូច​ដែល​លោក​បាន​គ្រោង​ទុក។ ។ សំខាន់​ជាង​នេះ​ទៀត វា​បាន​ជួយ​ឱ្យ​លោក​សម្រេច​បាន​នូវ​មហិច្ឆតា​ផ្ទេរ​អំណាច​ត​វង្ស​ត្រកូល​ដល់​កូនៗ​របស់​លោក កាល​ពី​ឆ្នាំ​២០២៣។ ប៉ុន្តែ​សម្រាប់​ប្រជាជាតិ​ខ្មែរ​វិញ ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នេះ ប្រៀប​បាន​នឹង​ការ​រំលាយ​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ដែល​ប្រាថ្នា​ការ​ផ្លាស់ប្ដូរ។ ជាង​នេះ​ទៅទៀត អំពើ​នេះ​ជា​ការ​ជាន់​ឈ្លី​ប្រព័ន្ធ​ច្បាប់ ជា​ការ​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច ព្រមទាំង​ធ្វើ​ឱ្យ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​កសាង​កម្ពុជា​ទៅ​ជា​សង្គម​នីតិរដ្ឋ និង​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នោះ ប្រែក្លាយ​ជា​អសារបង់​ទៅ​វិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ