អ្នកឃ្លាំមើលថា អ្នក​មាន​អំណាច​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​អនឡាញ​នៅ​ក្រៅ​សំណាញ់​ច្បាប់

0
23
លោក លី​ គួង (ឆ្វេង) អនុប្រធានកាកបាតក្រហមកម្ពុជា សាខាខេត្ត​ព្រះសីហនុ និង​អភិបាលខេត្ត​កណ្ដាល លោក គួច ចំរើន។ រូបប្រគល់អំណោយពីលោក លី គួង កាលពីឆ្នាំ​២០២០។ រូប៖ បណ្ដាញសង្គម
លោក លី​ គួង (ឆ្វេង) អនុប្រធានកាកបាតក្រហមកម្ពុជា សាខាខេត្ត​ព្រះសីហនុ និង​អភិបាលខេត្ត​កណ្ដាល លោក គួច ចំរើន។ រូបប្រគល់អំណោយពីលោក លី គួង កាលពីឆ្នាំ​២០២០។ រូប៖ បណ្ដាញសង្គម

ក្រុម​មេខ្លោង​ដែល​មាន​ឥទ្ធិពល​មាន​ងារ​ជា​ឧកញ៉ា និង​ជា​មន្ត្រី​កំពូលៗ​ក្នុង​ជួរ​បក្ស​មួយចំនួន​ដែល​រង​ការ​ចោទប្រកាន់​ថា ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅតែ​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់ និង​គ្មាន​វិធានការ​ស៊ើបអង្កេត​ណាមួយ​លើ​ពួកគេ​ឡើយ​។ អ្នកឃ្លាំមើល​ថា សេដ្ឋកិច្ច​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ដួល​រលំ ទើប​រដ្ឋាភិបាល​ត្រកូល​ហ៊ុន មិន​ចាត់​វិធាន​លើ​មេខ្លោង​អ្នក​មាន​អំណាច​ដែល​កាង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ។

បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​បាន​ចាក់ឫស​យ៉ាង​ជ្រៅ និង​រីកសាយ​ភាព​ស្ទើរតែ​ទាំង​ប្រទេស​កម្ពុជា​។ បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​តាម​អនឡាញ​នៅ​កម្ពុជា​បាន​ឈាន​ដល់​កម្រិត​មួយ​ធ្ងន់ធ្ងរ ដោយ​បណ្ដាញ​ឧក្រិដ្ឋជន​បាន​ពង្រីក​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​ឱ្យ​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស​ក្នុង​កម្ពុជា ហើយ​ជនរងគ្រោះ​ដែល​ជា​ជនបរទេស​ចម្រុះ​ជា​សាសន៍​នៅ​ជុំវិញ​ពិភពលោក​ត្រូវ​បាន​ឧក្រិដ្ឋជន​ល្បួង​បញ្ឆោត​និង​បង្ខាំង​ធ្វើ​ទារុណកម្ម​ក្នុង​អគារ ដើម្បី​បង្ខំ​ឱ្យធ្វើ​ការ​ខុស​ច្បាប់។

ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៣ ខែ​កុម្ភៈ​ថា ក្រុម​ឧក្រិដ្ឋជន​ម៉ាហ្វីយ៉ា (Mafia) ចិន​មួយចំនួន​អាច​នាំ​បណ្ដាញ​ចូល​ពង្រីក​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស និង​ធ្វើ​មជ្ឈមណ្ឌល​តាម​អនឡាញ​នៅ​កម្ពុជា​បាន គឺ​ដោយសារ​តែ​មាន​រដ្ឋាភិបាល​ត្រកូល ហ៊ុន ជា​អ្នក​ឃុបឃិត និង​កាង​ការពារ។ អ្នកស្រី​ថា ប្រព័ន្ធ​ដឹកនាំ​បែប​គ្រួសារ​បក្ខពួក​និយម និង​អំពើពុករលួយ​ក៏​បាន​ផ្ដល់​ឱកាស​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​អាច​ពង្រីក​បណ្ដាញ​ឆបោក​តាម​នៅ​កម្ពុជា​បាន​យ៉ាង​ឆាប់រហ័ស។

អ្នកស្រី មូរ សុខ​ហួរ បន្ថែម​ថា ចំណាត់ការ​របស់​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន បង្ក្រាប​លើ​ឧក្រិដ្ឋកម្ម​អនឡាញ​ចុង​ក្រោយនេះ​មិនបាន​ធ្វើ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​មាន​ជំនឿ​ចិត្ត​ឡើយ ដោយសារតែ​គ្មាន​ការ​ចាប់ខ្លួន​មេខ្លោង​ពិតប្រាកដ​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​។ អ្នកស្រី​យល់ថា រដ្ឋាភិបាល​ត្រកូល ហ៊ុន មិនមែន​កំពុង​ធ្វើ​យុទ្ធនា​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​អនឡាញ ប៉ុន្តែ​ធ្វើ​សកម្មភាព​បង្ក្រាប​ទីតាំង និង​ចាប់ខ្លួន​ល្មើស​តូចតាច ដើម្បី​បិទបាំង និង​ការពារ​ឧក្រិដ្ឋជន​ដែល​ជា​មេខ្លោង​ធំៗ​ឱ្យ​បន្ត​រកស៊ី​របរ​ខ្មៅ​ងងឹត​ជួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ការ​លើកឡើង​នេះ​បន្ទាប់ពី​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​ត្រកូល ហ៊ុន បន្ត​ចុះ​បង្ក្រាប​ទីតាំង​អគារ​អនឡាញ​ជា​បន្តបន្ទាប់​ដោយ​អះអាង​ថា នឹង​កម្ចាត់​ឧក្រិដ្ឋកម្ម​នេះ​ឱ្យ​អស់​នៅក្នុង​រយៈពេល​ដ៏​ខ្លី។ ថ្វី​ត្បិត​មានការ​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ជា​ជនបរទេស​មួយចំនួន ប៉ុន្តែ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​ព្យាយាម​បិទបាំង​ព័ត៌មាន​ជាច្រើន​ជាពិសេស​ការ​បង្ហាញ​មុខ​ជនសង្ស័យ​ជា​សាធារណៈ និង​នីតិវិធី​ក្នុង​ដំណើរការ​ផ្លូវច្បាប់​ផ្ដន្ទាទោស​លើ​អ្នក​ពាក់ព័ន្ធ។ លើស​ពី​នេះ​ទៀត រដ្ឋាភិបាល​ត្រកូល ហ៊ុន ក៏​បាន​ព្យាយាម​បំបិទ​ព័ត៌មាន​ស្ទើរតែ​ទាំងស្រុង​នៅ​ក្រោយ​ពេល​ដែល​មាន​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​អគារ​ឆបោក​តាម​តាម​អនឡាញ​នីមួយៗ និង​គ្មាន​ការស៊ើបអង្កេត​ស៊ីជម្រៅ​ស្វែងរក​ម្ចាស់​កម្មសិទ្ធិ​នៃ​អគារ​ដែល​ឧក្រិដ្ឋជន​ជួល និង​អ្នក​ដែល​ពាក់ព័ន្ធ​យក​មក​អនុវត្ត​ទោស​តាមផ្លូវ​ច្បាប់​ឡើយ។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​រង​នៃ​ក្រសួងមហាផ្ទៃ​លោក ទូច សុឃៈ ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​១៣ ខែ​កុម្ភៈ។

មក​ដល់​ពេល​នេះ មាន​អតីត​អ្នកឧកញ៉ា​តែ​ម្នាក់​ប៉ុណ្ណោះ​គឺ​លោក លី គួង ត្រូវ​បាន​ចាប់ខ្លួន និង​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​បន្ទាប់ពី​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​អគារ​អនឡាញ​នៅក្នុង​បរិវេណ​កាស៊ីណូ​ខ្ញុំ​នៅ​តំបន់​ព្រែក​ចាក ខេត្ត​កំពត​ដែល​ស្គាល់​ថា ជា​កម្មសិទ្ធិ​របស់​លោក លី គួង ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។

ទោះជា​យ៉ាងណា ក្រុម​ឧកញ៉ា​មួយ​ចំនួន​ទៀត​ដែល​មាន​អគារ​កាស៊ីណូ និង​អគារ​ពាណិជ្ជកម្ម​ជួល ឬ​បម្រើ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​រកស៊ី​ឆបោក​តាម​អនឡាញ​ជាច្រើន​ទៀត​នៅតែ​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ​។ ជាក់ស្ដែង​ម្ចាស់​កាស៊ីណូ​ឋានសួគ៌​បូក​គឺ​លោក សុខ គង់ និង​ម្ចាស់​កាស៊ីណូ​ក្រោន​គឺ​លោក កុក អាន ជាដើម​បាន​រងគ្រោះ​ចោទ​ប្រកាន់​ថា ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ជា​យូរ​មក​ហើយ​ពិសេស​តាមរយៈ​ការជួល​អគារ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​បង្ខាំង​ជនរងគ្រោះ​រាប់​សិប​នាក់​។ ទោះជា​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ទីតាំង​អគារ​របស់​ក្រុម​ឧកញ៉ា​ទាំងនោះ​ដោយមាន​ជនរងគ្រោះ​រាប់​សិប​នាក់​នាំគ្នា​សម្រុក​ចេញពី​អគារ ក៏​អាជ្ញាធរ​មិន​ស៊ើបអង្កេត​ស្វែងរក​អ្នកទទួលខុសត្រូវ​នោះ​ទេ​។ ក្រៅ​ពី​នេះ​ទីតាំង​សំខាន់ៗ​ផ្សេងទៀត​ដូចជា អគារ​តំបន់​អូរ​ស្មាច់​របស់​សមាជិក​បក្ស​សភា​លោក លី យ៉ុងផាត់ ដែល​រង​ការ​ចោទប្រកាន់​ថា ជា​សម្បុក​នៃ​ក្រុម​ឧក្រិដ្ឋជន​អនឡាញ​នៅតែ​បន្តដំណើរ​ដោយ​សេរី៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ