អ្នក​មាន​អំណាច​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​អនឡាញ​នៅតែ​អាច​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់

0
30
ឧកញ៉ា​មានឥទ្ធិពល ​៣រូប (ពីឆ្វេង) លោក លី យ៉ុងផាត់ លោក កុក អាន និង​លោក ហ៊ុន តូ។ រូប៖ បណ្ដាញសង្គម
ឧកញ៉ា​មានឥទ្ធិពល ​៣រូប (ពីឆ្វេង) លោក លី យ៉ុងផាត់ លោក កុក អាន និង​លោក ហ៊ុន តូ។ រូប៖ បណ្ដាញសង្គម

ក្រុម​មេខ្លោង​ដែល​មាន​ឥទ្ធិពល​មាន​ងារ​ជា​ឧកញ៉ា និង​ជា​មន្ត្រី​កំពូលៗ​ក្នុង​ជួរ​បក្ស​កាន់អំណាច​មួយចំនួន​ដែល​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ​នៅតែ​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់ និង​គ្មាន​វិធានការ​ស៊ើបអង្កេត​ណាមួយ​លើ​ពួកគេ​ឡើយ​។ អ្នកឃ្លាំមើល​ថា ក្រុម​ឧកញ៉ា​ខិលខូច​ទាំងនេះ​ជា​អ្នក​ចិញ្ចឹម​សេដ្ឋកិច្ច​គណបក្ស​ប្រជាជន​កម្ពុជា​ទើប​គ្មាន​នរណា​ហ៊ាន​ចាត់វិធានការ​ច្បាប់​លើ​ពួកគេ។

បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​បាន​ឈាន​ដល់​កម្រិត​មួយ​ធ្ងន់ធ្ងរ ដោយ​បណ្ដាញ​ឧក្រិដ្ឋជន​បាន​ពង្រីក​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​ឱ្យ​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស​ហើយ​ជនរងគ្រោះ​ដែល​ជា​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​នៅ​ជុំវិញ​ពិភពលោក​ត្រូវ​បាន​ឧក្រិដ្ឋជន​ល្បួង​បញ្ឆោត និង​បង្ខាំង​ធ្វើ​ទារុណកម្ម​ក្នុង​អគារ​ដើម្បី​បង្ខំ​ឱ្យ​ពួកគេ​ធ្វើការ​ខុសច្បាប់។

ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១៦ ខែ​កុម្ភៈ​ថា ក្រុម​ឧក្រិដ្ឋជន​ម៉ាហ្វីយ៉ា (Mafia) ចិន​មួយចំនួន​អាច​នាំ​បណ្ដាញ​ចូល​ពង្រីក​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុ​ស្ស និង​ធ្វើ​មជ្ឈមណ្ឌល​តាម​អនឡាញ​នៅ​កម្ពុជា​បាន គឺ​ដោយសារ​តែ​មាន​រដ្ឋាភិបាល​ត្រកូល ហ៊ុន ជា​អ្នក​ឃុបឃិត និង​កាង​ការពារ។ អ្នកស្រី​ថា ប្រព័ន្ធ​ដឹកនាំ​បែប​គ្រួសារ​បក្ខពួក​និយម និង​អំពើពុករលួយ​ក៏​បាន​ផ្ដល់​ឱកាស​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​អាច​ពង្រីក​បណ្ដាញ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​បាន​យ៉ាង​ឆាប់រហ័ស។

អ្នកស្រី មូរ សុខហួរ យល់​ថា រដ្ឋាភិបាល​ត្រកូល ហ៊ុន មិនមែន​កំពុង​ធ្វើ​យុទ្ធនាការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​អនឡាញ​ឡើយ ប៉ុន្តែ​កំពុង​បង្ហាញ​សកម្មភាព​បង្ក្រាប​ទីតាំង និង​ចាប់ខ្លួន​ជនល្មើស​តូចតាច ដើម្បី​បិទបាំង និង​ការពារ​ឧក្រិដ្ឋជន​ដែល​ជា​មេខ្លោង​ធំៗ​ឱ្យ​បន្ត​រកស៊ី​របរ​ខ្មៅ​ងងឹត​ជួយ​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នកស្រី មូរ សុខហួរ៖ «មេខ្លោង​ទាំងអស់​នោះ​មិន​ត្រឹមតែ​ធំ​ទេ គឺជា​មេខ្លោង​ដែល​ពាក់ព័ន្ធ​នៅក្នុង​គ្រួសារ​របស់​ត្រកូល ហ៊ុន​។ លោក ហ៊ុន តូ គឺជា​អ្នកផ្ដល់​ថវិកា​ប្រចាំខែ ប្រចាំឆ្នាំ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ហើយ​នោះ​។ យើង​ឃើញ លី យ៉ុងផាត់។ លោក លី យ៉ុងផាត់ គឺជា​ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​រឿង​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ហ៊ាន​ចាត់វិធានការ​ឱ្យ​ធ្ងន់ធ្ងរ​នោះ​ដោយសារតែ​សេដ្ឋកិច្ច​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ដួល​រលំ»។

ការ​លើកឡើង​នេះ​គឺ​ស្របពេល​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​ត្រកូល ហ៊ុន បន្ត​ចុះ​បង្ក្រាប​ទីតាំង​អគារ​អនឡាញ​ជា​បន្តបន្ទាប់​ដោយ​អះអាង​ថា នឹង​កម្ចាត់​ឧក្រិដ្ឋកម្ម​នេះ​ឱ្យ​អស់​នៅក្នុង​រយៈពេល​ដ៏​ខ្លី​។ ថ្វី​ត្បិត​មានការ​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ជា​ជនបរទេស​មួយចំនួន ប៉ុន្តែ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​ព្យាយាម​បិទបាំង​ព័ត៌មាន​ជាច្រើន​ជាពិសេស​ការ​បង្ហាញ​មុខ​ជនសង្ស័យ​ជា​សាធារណៈ និង​នីតិវិធី​ក្នុង​ដំណើរការ​ផ្លូវច្បាប់​ផ្ដន្ទាទោស​លើ​អ្នក​ពាក់ព័ន្ធ។

លើស​ពី​នេះ​ទៀត ទោះបី​អាជ្ញាធរ​រដ្ឋាភិបាល​ត្រកូល ហ៊ុន អះអាង​ចំពោះ​ការ​បិទ​ទីតាំង​នៃ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ជិត ២​រយ​ទីតាំង ក៏​សមត្ថកិច្ច​មិនបាន​បង្ហាញ​លទ្ធផល​ជា​សាធារណៈ និង​ស៊ើបអង្កេត​ស៊ីជម្រៅ ដើម្បី​វែកមុខ​រក​ម្ចាស់​កម្មសិទ្ធិ​នៃ​អគារ​ដែល​ជួល​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​បង្ខាំង​មនុស្ស​រាប់​រយ​នាក់​យក​មក​អនុវត្ត​ទោស​តាមផ្លូវ​ច្បាប់​ឡើយ។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​រង​នៃ​ក្រសួងមហាផ្ទៃ​លោក ទូច សុឃៈ ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ។

មក​ដល់​ពេល​នេះ មាន​អតីត​អ្នកឧកញ៉ា​តែ​ម្នាក់​ប៉ុណ្ណោះ​គឺ​លោក លី គួង ត្រូវ​បាន​ចាប់ខ្លួន និង​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​បន្ទាប់ពី​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​អគារ​អនឡាញ​នៅក្នុង​បរិវេណ​កាស៊ីណូ​នៅ​តំបន់​ព្រែក​ចាក​ខេត្តកំពត​ដែល​គេ​ដឹង​ថា ជា​កម្មសិទ្ធិ​របស់​លោក លី គួង ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។

ទោះជា​យ៉ាងណា ក្រុម​ឧកញ៉ា​មួយ​ចំនួន​ទៀត​ដែល​មាន​អគារ​កាស៊ីណូ និង​អគារ​ពាណិជ្ជកម្ម​ជួល ឬ​បម្រើ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​រកស៊ី​ឆបោក​តាម​អនឡាញ​ជាច្រើន​ទៀត​នៅតែ​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅឡើយ​។ ជាក់ស្ដែង​ម្ចាស់​កាស៊ីណូ​ឋានសួគ៌​បូកគោ​គឺ​លោក សុខ គង់ និង​ម្ចាស់​កាស៊ីណូ​ក្រោន​គឺ​លោក កុក អាន ជាដើម​បាន​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ជា​យូរ​មក​ហើយ​ពិសេស​តាមរយៈ​ការជួល​អគារ​កាស៊ីណូ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​សម្រាប់​បង្ខាំង​ជនរងគ្រោះ​រាប់​សិប​នាក់​។ ក្រៅ​ពី​នេះ ទីតាំង​សំខាន់ៗ​ផ្សេងទៀត​ដូចជា អគារ​ក្នុង​តំបន់​អូរ​ស្មាច់​របស់​សមាជិក​ព្រឹទ្ធសភា​បក្ស​កាន់អំណាច​គឺ​លោក លី យ៉ុងផាត់ ក៏​ត្រូវ​បាន​ពិភពលោក​ស្គាល់​ថា ជា​សម្បុក​នៃ​ក្រុម​ឧក្រិដ្ឋជន​អនឡាញ ប៉ុន្តែ​គ្មាន​សមត្ថកិច្ច​ចុះ​បង្ក្រាប ស៊ើបអង្កេត​ដើម្បី​រក​អ្នកទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ឡើយ។

ទន្ទឹម​នឹង​គ្មាន​ចំណាត់ការ​លើ​អ្នក​មាន​អំណាច​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់​ក្មួយបង្កើត​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​ត្រូវជា​បងជីដូនមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ ក៏​នៅតែ​បន្តដំណើរ​ការ​ដោយ​សេរី​ក្នុង​ការ​លាងលុយកខ្វក់​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ដែល​រកស៊ី​ឆបោក​តាម​អនឡាញ​។ ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ ត្រូវ​បាន​អាមេរិក​ដាក់ទណ្ឌកម្ម​ដោយសារតែ​រក​ឃើញ​ថា បាន ជួយ​លាងលុយកខ្វក់​ឱ្យ​ឧក្រិដ្ឋជន​អនឡាញ​ក្នុង​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ ទោះបីជា​ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ ត្រូវ​បាន​ដក​អាជ្ញាប័ណ្ណ​ហើយ​ធនាគារជាតិ​កម្ពុជា​អះអាង​ថា ការ​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​នេះ​គឺ​ដោយសារតែ​ដំណើរ​ការ​មិន​ស្របតាម​ច្បាប់​ក្ដី ប៉ុន្តែ​មកដល់ពេលនេះ ក្រុមហ៊ុន​លោក ហ៊ុន តូ នៅតែ​បន្ត​ដំណើរការ​ដោយ​គ្មាន​អាជ្ញាធរ​រារាំង និង​ថែមទាំង​បង្កក​លុយ​របស់​អតិថិជន​ដែល​មាន​ក្នុង​គណនី​ទៀត​ផង។

អ្នកស្រី មូរ សុខ​ហួរ ព្រមាន​ថា ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​នឹង​បន្ត​រីក​រាលដាល​កាន់តែ​ខ្លាំង​ដោយសារតែ​នយោបាយ​ដឹកនាំ​បែប​គ្រួសារ​បក្ខពួក​និយម ការប្រព្រឹត្ត​អំពើពុករលួយ និង​អំពើ​កាង​ការពារ​ឧក្រិដ្ឋជន​ដោយ​រដ្ឋាភិបាល​ត្រកូល ហ៊ុន​។ អ្នកស្រី​បន្ត​ថា ការណ៍​ដែល​ប្រព័ន្ធ​ច្បាប់​ត្រូវ​បាន​អ្នក​មាន​អំណាច​ជាន់ឈ្លី​នោះ​បណ្ដាញ​ឧក្រិដ្ឋជន​នឹង​កាន់តែ​ងាយស្រួល​ចូល​កម្ពុជា​កាន់តែ​ច្រើន​ដែល​មិន​ត្រឹមតែ​បំផ្លាញ​ដល់​សុវត្ថិភាព​សង្គម​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើ​ឱ្យ​សេដ្ឋកិច្ចជាតិ​ទទួលរង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​បាត់បង់​ទំនុកចិត្ត​ពី​វិនិយោគិន និង​ដៃគូ​អន្តរជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ