អ្នក​បរិស្ថាន​ថា អាជ្ញាធរ​ត្រូវ​អនុវត្ត​ច្បាប់​ទៅលើ​អ្នក​ដែល​ចាក់​ដី និង​ទន្ទ្រាន​ដី​ព្រៃ​ការពារ​ធម្មជាតិ​យក​ធ្វើជា​កម្មសិទ្ធិ នៅ​ខេត្តកោះកុង​ឲ្យ​បាន​តឹងរ៉ឹង

0
70
ទិដ្ឋភាពចាក់ដីទន្ទ្រាន​ដី​ព្រៃកោងកាង​ក្នុង​តំបន់ការពារធម្មជាតិ​យក​ដី​ធ្វើជា​កម្មសិទ្ធិឯកជន នៅ​ភូមិ​តា​បែន ឃុំ​ជីខក្រោម ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង កាលពីថ្ងៃទី២៤ កុម្ភៈ ២០២៦។ រូប៖ ក្រសួង​បរិស្ថាន
ទិដ្ឋភាពចាក់ដីទន្ទ្រាន​ដី​ព្រៃកោងកាង​ក្នុង​តំបន់ការពារធម្មជាតិ​យក​ដី​ធ្វើជា​កម្មសិទ្ធិឯកជន នៅ​ភូមិ​តា​បែន ឃុំ​ជីខក្រោម ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង កាលពីថ្ងៃទី២៤ កុម្ភៈ ២០២៦។ រូប៖ ក្រសួង​បរិស្ថាន

អ្នក​បរិស្ថាន​ជំរុញ​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ទៅ​លើ​អ្នក​ដែល​ពាក់ព័ន្ធ និង​អ្នក​ចាក់ដី​ព័ទ្ធ​យក​តំបន់​ការពារ​ធម្មជាតិ ក្នុង​ខេត្ត​កោះកុង ឲ្យ​បាន​តឹងរ៉ឹង។ ការ​លើកឡើង​បែប​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​បរិស្ថាន​ចេញ​លិខិត​ថ្កោលទោស ចំពោះ​បុគ្គល​ដែល​ឃុបឃិត​គ្នា​ចាក់​ដី និង​ទន្ទ្រាន​ដី​ព្រៃកោងកាង​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ធ្វើជា​កម្មសិទ្ធិ នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។

អ្នកឃ្លាំមើល​បរិស្ថាន លើកឡើង​ថា ការ​ចេញ​លិខិត​ថ្កោលទោស​របស់​ក្រសួង​បរិស្ថាន ទៅលើ​ជនល្មើស​ទន្ទ្រាន​ដី​ព្រៃកោងកាង​របស់​រដ្ឋ ក្នុង​តំបន់ការពារធម្មជាតិ​យក​ធ្វើជា​កម្មសិទ្ធិ មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ​។ ពួកគាត់​យល់​ថា ក្រសួង​បរិស្ថាន​ត្រូវតែ​ចាត់វិធានការ​តាមច្បាប់​ស្ដី​អំពី​ច្បាប់​តំបន់​ការពារ​ធនធានធម្មជាតិ​ឲ្យ​បាន​តឹងរ៉ឹង ដោយ​មិន​ត្រូវ​លើកលែង​ឲ្យ​ជន​ណា​ម្នាក់​នោះ​ឡើយ ទើប​វិធានការ​របស់​រដ្ឋាភិបាល​ដាក់ចេញ​កន្លង​ទៅ​មិន​បរាជ័យ។

អ្នកស្រាវជ្រាវ និង​ឃ្លាំមើល​ធនធានធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ​ថា កន្លងទៅ​ក្រសួងបរិស្ថាន​មិន​ដែល​ចាត់​វិធានការ ទៅលើ​អ្នក​ប្រព្រឹត្ត និង​អ្នក​ជាប់​ពាក់ព័ន្ធ មាន​ងារ​ជា​ឧកញ៉ា និង​មាន​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល​នោះ​ទេ​។ លោក​ថា ប្រសិនបើ​ក្រសួង​សាមី មិន​ព្រម​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​នោះទេ ក្រុម​ជនល្មើស​ទាំងនោះ នឹង​នៅតែ​បន្តសកម្មភាព​ទាំងនេះ​ដដែល ហើយ​វិធាន​ការដែល​រដ្ឋាភិបាល​ដាក់ចេញ​កន្លងទៅ នឹង​បរាជ័យ​ជាក់​ជាមិនខាន។

លោក សេង សុខហេង៖ «ជាទូទៅ​យើង​កើតមាន​កន្លង​មក​តែងតែមាន​អ្នក​មាន​អំណាច អ្នកមាន​លុយ​នៅ​ពី​ក្រោយខ្នង ដូច្នេះ​ធ្វើ​ឲ្យ​ការអនុវត្ត​ច្បាប់ ចំពោះ​សកម្មភាព​ទាំងនេះ​មានការ​យឺតយ៉ាវ យើង​ឃើញថា​មាន​ដែរ តែ​មាន​ចំពោះតែ​អ្នក​តូចតាច​តែ​ប៉ុណ្ណឹង ត្រូវតែ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើភាព​គ្នា ទោះបីជា​នរណា​ក៏ដោយ ត្រូវតែ​ផ្ដន្ទាទោស​តាមច្បាប់ វា​ជា​រឿង​មួយ​ដ៏​ល្អ»។

កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ​កន្លងទៅ ក្រសួងបរិស្ថាន​បាន​ចេញ​លិខិត​ថ្កោលទោស ចំពោះ​បុគ្គល​ដែល​ឃុបឃិត​គ្នា​ចាក់​ដី និង​ទន្ទ្រាន​ដី​ព្រៃកោងកាង​ក្នុង​តំបន់ការពារធម្មជាតិ​យក​ដី​ធ្វើជា​កម្មសិទ្ធិឯកជន នៅ​ភូមិ​តា​បែន ឃុំ​ជីខក្រោម ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង។ ក្នុង​លិខិត​ដដែល​នោះ ក្រសួង​បរិស្ថាន​ថា នឹង​អនុវត្ត​ច្បាប់​ទៅលើ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ ដែល​បាន​ឃុបឃិត​គ្នា​ចាក់​ដី និង​ទន្ទ្រាន​ដី​ព្រៃកោងកាង​ក្នុង​តំបន់​ការពារធម្មជាតិ ដោយ​គ្មាន​ការអនុញ្ញាត។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ដើម្បី​សុំ​ការ​ឆ្លើយតប​បន្ថែម​បានទេ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

នេះ​មិនមែន​ជា​លើកទីមួយ​នោះ​ទេ ដែល​ក្រុម​ឈ្មួញ​មាន​លុយ និង​មានអំណាច តែងតែ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន នាំគ្នា​ទន្ទ្រាន​ព័ន្ធ​យក​ដី​ព្រៃកោងកាង​ក្នុង​តំបន់​ការពារធម្មជាតិ ដោយ​គ្មាន​ខ្លាចញញើត​ច្បាប់​នោះ​ឡើយ ហើយ​អាជ្ញាធរ​មិនដែល​ចាត់វិធានការ​ទៅលើ​ក្រុម​ឈ្មួញ​មាន​លុយ​មានអំណាច​ទាំងអស់​នេះ​នោះ​ដែរ​។ ផ្ទុយទៅវិញ អាជ្ញាធរ​តែងតែ​ដុតដៃដុតជើង​តាម​ចាប់​ក្រុម​អ្នកការពារ​ដាក់​ពន្ធនាគារ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ក្រសួង​បរិស្ថាន​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ស្រាវជ្រាវ​ស្វែងរក​ជនល្មើស និង​អ្នក​ជាប់​ពាក់ព័ន្ធ​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ គ្មាន​ភាព​ចាំបាច់​ចេញ​លិខិត​ថ្កោលទោស​បែបនេះ​នោះ​ទេ។ លើស​ពី​នោះ លោក​ថា ក្រសួង​បរិស្ថាន​គួរ​ស៊ើបអង្កេត​ទៅលើ​មន្ត្រី​ដែល​ទទួលបន្ទុក និង​អាជ្ញាធរ​មូលដ្ឋាន តើ​ហេតុអ្វី​បានជា​បណ្ដោយ​ឲ្យ​ជនល្មើស​ទាំងនោះ ចាក់​ដី និង​ទន្ទ្រាន​ដី​ព្រៃ​តំបន់​ការពារ​យ៉ាង​រលូន​បែប​នេះ។

លោក យិន ម៉េងលី៖ «ពិនិត្យមើល​ទៅលើ​មន្ត្រី ជា​អ្នកគ្រប់គ្រង​នៅ​តំបន់​នេះ ថា​តើ​មិន​យកចិត្តទុកដាក់ ឬក៏​មាន​បញ្ហា​អ្វី ទើប​បញ្ហា​កើតឡើង ហេតុអ្វី​បានជា​ការ​ឈូស​ឆាយ​បែប​ជា​មិនដឹង នរណា​ជា​អ្នក​ប្រព្រឹត្ត​ត្រូវតែ​មាន​វិធានការ​អនុវត្ត​មាន​វិធានការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឡើងវិញ ទាំង​ទៅលើ​អ្នក​ប្រព្រឹត្ត​ឈូស​ឆាយ ទាំង​អ្នក​ពាក់ព័ន្ធ ទទួលខុសត្រូវ ឲ្យ​ការទទួលខុសត្រូវ​កាន់​តែ​ល្អ​ថែមទៀត»។

ច្បាប់​ស្ដីពី​ព្រៃឈើ និង​ច្បាប់​ស្ដីពី​តំបន់ការពារ​ធម្មជាតិ កំណត់​ថា ការ​គាស់​រុករាន​ដី​ព្រៃ ឆ្ការ ដុត និង​ឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ គឺជា​បទល្មើស​ឧក្រិដ្ឋ​ដែល​ជន​ប្រព្រឹត្ត​ល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ ដល់ ១០​ឆ្នាំ។ ចំណែក​មន្ត្រី​ពាក់ព័ន្ធ​ធ្វេសប្រហែស ឬ​មិន​គោរព​ច្បាប់​នេះ ត្រូវ​ទទួល​វិន័យ​រដ្ឋបាល និង​ត្រូវ​ចោទប្រកាន់​ចំពោះមុខ​តុលាការ ហើយ​បើ​មន្ត្រី​ទាំងនោះ​សមគំនិត ត្រូវ​ផ្ដន្ទាទោស​ដូច​ជន​ប្រព្រឹត្ត​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ