អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ហាមឃាត់​សហគមន៍​ដីធ្លី​មិន​ឱ្យ​ចូលរួម​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី

0
10
អភិបាលខេត្ត​ព្រះវិហារ​លោក គីម រិទ្ធី។ រូប៖ បណ្ដាញសង្គម
អភិបាលខេត្ត​ព្រះវិហារ​លោក គីម រិទ្ធី។ រូប៖ បណ្ដាញសង្គម

សហគមន៍​រងគ្រោះ​ដីធ្លី និង​សង្គម​ស៊ីវិល រិះគន់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ដែល​បាន​ហាមឃាត់​សហគមន៍​ដីធ្លី​មិន​ឱ្យ​ចូលរួម​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី​៨ មីនា កាលពី​ថ្ងៃទី​១១ ខែមីនា ដោយ​លើក​ហេតុផល​ថា ថ្ងៃទី​១១ ខែមីនា មិនមែន​ជា​ថ្ងៃ​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី​នោះ​ទេ។ សង្គម​ស៊ីវិល ចាត់ទុក​ការ​ហាម​ឃាត់ នេះ​ថា​ជា​ការ រំលោភបំពាន​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ។

អាជ្ញាធរ​ចំនួន ៤​ឃុំ នៅក្នុង​ស្រុក​រវៀង ខេត្តព្រះវិហារ កាលពី​ថ្ងៃ​ទី​១១ ខែមីនា បាន​ហាម​ឃាត់​សមាជិក​សហគមន៍​ដីធ្លី​ជាង ១០០​នាក់ មិន​ឲ្យ​ទៅ​ចូលរួម ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ដែល​បាន​គ្រោង​រៀបចំ​ធ្វើ​រួមគ្នា​នៅក្នុង​ខេត្ត​នេះ​នោះ​ទេ។

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​ផ្សាយ​នូវ​អត្ថបទ​ខ្លី​មួយ នៅ​ថ្ងៃទី​១២ ខែមីនា ថា​សមាជិក​សហគមន៍​ដីធ្លី ដែល​ត្រូវ​អាជ្ញាធរ​ហាមឃាត់ គឺ​សហគមន៍ សាមគ្គី​រៀបរយ​ប្រមាណ ៨០​នាក់ និង​សហគមន៍​ត្រពាំង​កកោះ​ប្រមាណ ៦០​នាក់​។ លីកាដូ​ថា នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ បាន​ហាមឃាត់​សហគមន៍​ទាំង​ពីរ មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅកាន់​ទីតាំង​ប្រារព្ធ​ទិវា​អន្តរជាតិ នៅ​សហគមន៍ ដីធ្លី​ឫស្សី ស្រុក ក្នុងស្រុក​រវៀង ខេត្តព្រះវិហារ ដោយ​នគរបាល​ទាំងនោះ បាន​លើក​ហេតុផល​ថា ថ្ងៃទី​១១ ខែ​មីនា មិនមែន​ជា​ថ្ងៃ​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី​ឡើយ។

ប្រធាន​គណៈកម្មការ​ខេត្ត​របស់​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក សុខ ខេងលី ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ សោកស្ដាយ​ចំពោះ​អាជ្ញាធរ​ដែល​រារាំង​ពលរដ្ឋ មិន​ឲ្យ មក​ចូលរួម សូម្បី​កម្មវិធី​ទិវា​អន្តរជាតិ​នារី។

លោក សុខ ខេងលី៖ «មើលទៅ​គាត់​បំបាត់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ក្នុង ស្រុក​រវៀង​ហ្នឹង មិន​ឲ្យ​មានការ​ជួបជុំគ្នា ក្នុង​ពិធី​ប្រារព្ធ​អី​មួយ​អ៊ីចឹង​។ ខ្ញុំ​មើលទៅ ប្រទេស​យើង​កាន់​របប​លទ្ធិប្រជាធិបតេយ្យ តែ​ដូចជា​មិនមែន​ប្រជាធិបតេយ្យ​ម៉េច ទេ ខ្ញុំ​អត់​យល់​ហ្នឹង​ដែរ»។

ជាមួយ​គ្នា​នេះ​ដែរ សមាជិក​សហគមន៍​ការពារ​ដីធ្លី​ឫស្សីស្រុក​លោក លំ សែ សោកស្ដាយ​ដោយ​ការរៀបចំ​កម្មវិធី​នេះ ក្នុង​គោល​បំណង​លើកកម្ពស់​សិទ្ធិ​ស្ត្រី និង​ទប់ស្កាត់​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​លើ​ស្ត្រី​ជាដើម។

លោក លំ សែ៖ «ខ្ញុំ​ចង់​ផ្ដាំផ្ញើ​ទៅ​រដ្ឋាភិបាល សូម​ផ្ដាំផ្ញើ​អាជ្ញាធរ​ទាំងអស់ កុំ​ឲ្យ​មានការ​គំរាមកំហែង​លើ​ប្រជាពលរដ្ឋ កុំ​ឲ្យ​បិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ ពេល​ប្រជាពលរដ្ឋ​ទៅណា​មក​ណា​កុំ​មហា​ឃាត់ ត្រូវតែ​បើក​សិទ្ធិ​សេរីភាព​ឲ្យ​ពួកគាត់​មាន​សិទ្ធិ​ស្មើៗ​គ្នា»។

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា​) អេនើជីឌីវេឡុបមេន របស់​លោក ទ្រី ដាលុច នៅ​ស្រុក​រវៀង ខេត្តព្រះវិហារ ថ្លែងប្រាប់​ទូរទស្សន៍​អាស៊ីសេរី សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ដាក់​រាយ​កម្លាំង​រារាំង​ពលរដ្ឋ​មិន​ចូលរួម​កម្មវិធី​ទិវា​អន្តរជាតិ​នារី។ លោកស្រី​ថា ពួកគាត់​ចូលរួម​ប្រារព្ធ ទិវា​នេះ ដើម្បី​លើកទឹកចិត្ត​និង​ជំរុញ​ស្ត្រី ដែល​កំពុង​រងគ្រោះ​ដីធ្លី​ឲ្យ​ក្លាហាន និង​រឹងមាំ ខណៈ​ស្ត្រី​នៅក្នុង​សហគមន៍​នីមួយៗ ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​គំរាម​កំហែង​មិន​ឲ្យ​បញ្ចេញមតិ និង​តវ៉ា ទោះបី​ពួកគាត់​ត្រូវ​ក្រុមហ៊ុន​រំលោភ​យក​ដីធ្លី​អស់​ក៏ដោយ។

លោកស្រី​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន មិន​បាន​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់ ហើយ​បែរជា​មក​គាប​សង្កត់ និង​ដាក់​សម្ពាធ​លើ​ពួកគាត់​បន្ថែម​ទៀត។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «ខ្ញុំ​ធ្វើ​កម្មវិធី ដើម្បី​ពង្រឹង​ប្រជាពលរដ្ឋ​ខ្ញុំ កុំ​ឲ្យ​ទន់ខ្សោយ ឲ្យ​មាន​ភាព​តស៊ូ​ទៅមុខ​ទៀត ព្រោះ​ទៅ​ខាង​ណា​ក៏​គេ​គំរាម​កំហែង​ទាំងអស់​អ៊ីចឹង ទៅ​រក​ដី កន្លែង​ណា​ធ្វើ បើ​ខ្ញុំ​អ្នកស្រែ​ចម្ការ។ ភ្លៀង​ធ្លាក់​ដល់​រដូវ​ធ្វើស្រែ​ចម្ការ​ហើយ ខ្ញុំ​មិនដឹង​បាន​អី ខ្ញុំ​នៅតែ​ផ្ទះ​នេះ មិនដឹង​ធ្វើ​អី ទៅ​ស៊ីឈ្នួល​គេ​ចោល​កូន​តូចតាច​អ្នកណា​មើល»។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះវិហារ លោក ណុប វុធ្ធី បាន​ទេ នៅ​ថ្ងៃទី​១២ ខែ​មីនា។

ក្រោយពី​អាជ្ញាធរ​រារាំង សហគមន៍​សាមគ្គី​រៀបរយ និង​សហគមន៍​ត្រពាំង​កកោះ បាន​នាំគ្នា​ត្រឡប់​ទៅផ្ទះ​វិញ ខណៈ​សហគមន៍​ផ្សេងទៀត​បាន​ទៅ​ចូលរួម​កម្មវិធី ប្រារព្ធ​ទិវា​អន្តរជាតិ​នារី​នេះ រៀបចំ​ដោយ​សហគមន៍​ដីធ្លី​ឫស្សីស្រុក​ក្នុងស្រុក​រវៀង ខេត្តព្រះវិហារ​។ ក្នុង​កម្មវិធី​នោះ អ្នក​ចូលរួម​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ គោរព​ដល់ សិទ្ធិ​ស្ត្រី និង​ដោះស្រាយ​បញ្ហា​ដីធ្លី ព្រមទាំង ស្នើ​ឲ្យ​ប្រគល់​ដី​របស់​ពួកគាត់​ត្រឡប់ មកវិញ ដែល​ពួកគាត់​ជា​ជនរងគ្រោះ​ដីធ្លី។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ មនុស្ស​លីកាដូ (LICAHDO) លោក អំ សំអាត ចាត់ទុក​មូលហេតុ​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​មហា​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី មិន​សមរម្យ​ឡើយ។ លោក​ថា ការ​ហាមឃាត់​នេះ បង្ហាញ​ពី​ការ​រំលោភបំពាន​សេរី​ភាពជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ដែល​ធានា ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ ខណៈ​ការ​ប្រារព្ធ​ទិវា​នេះ មិនមែន​តែ​ពលរដ្ឋ​នោះ​ទេ រដ្ឋាភិបាល​ក៏បាន​ប្រារព្ធ​ដែរ។ លោក អំ សំអាត សោកស្ដាយ ដែល​អាជ្ញាធរ​មួយចំនួន មិន​យល់​អំពី​សិទ្ធិ​ជា​មូលដ្ឋាន របស់​ប្រជាពលរដ្ឋ។

លោក អំ សំអាត៖ «អាជ្ញាធរ​មួយចំនួន មិន​យល់​អំពី​ទិវា​នៃ​អន្តរជាតិ​នារី​នេះ ហើយ​ទៅ​ធ្វើ​ការ​ហាម​ឃាត់ ពលរដ្ឋ​ដែល​ជា​សហគមន៍​ដីធ្លី មិន​ឲ្យ​ចូលរួម​ទៅវិញ។ វា​ជា រឿង​មួយ​សោកស្ដាយ ហើយ​បង្ហាញ​អំពី​ការ​រំលោភបំពាន​ទៅ​សេរី​ភាពជា​មូលដ្ឋាន របស់​ពលរដ្ឋ​ទៅវិញ ដែល​រឿង​ទាំងអស់​នេះ វា​មិន​គួរ​កើតមាន​ទេ ពីព្រោះ​យើង​មើល​ថា អភិបាលស្រុក​លោក​ចូលរួម អាជ្ញាធរ​ផ្សេងៗ​ចូលរួម ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន បែរជា​ទៅ​ហាមឃាត់​ប្រជាពលរដ្ឋ​ទៅវិញ ដែល​ទង្វើ​នេះ វា​ផ្ទុយ គ្នា​រវាង​ថ្នាក់លើ និង​ថ្នាក់ក្រោម​ទៅទៀត»។

លីកាដូ​ឲ្យ​ដឹង​ថា សហគមន៍​ដីធ្លី​ឫស្សីស្រុក​មាន​បញ្ហា​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌី​វេឡុ​ប​មេន ដែល​ប្រជាពលរដ្ឋ​បាន រាយការណ៍ ថា​ក្រុមហ៊ុន​នេះ​បាន​ចាប់ផ្តើម​ឈូស​ឆាយ​ដី និង​ដំណាំ​របស់​ពួកគាត់​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០២៥​។ ក្រុមហ៊ុន​នេះ ទទួល​បាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​មួយចំនួន​ក្នុង​ខេត្តព្រះវិហារ ជា​ក្រុមហ៊ុន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​កូន​របស់​លោក ទ្រី ភាព គឺ លោកស្រី ទ្រី ដាលីន លោក ទ្រី ដាលុច និង លោក ទ្រី ដាភ័ស្ត។ ប្រជាពលរដ្ឋ​មួយចំនួន​រាយ​ការណ៍​ថា ក្រុមហ៊ុន​បាន​ផ្តល់​ជម្រើស​ឱ្យ​ទទួល​យក​នូវ​សំណង​បន្តិចបន្តួច បន្ទាប់ពី ដំណាំ​របស់​ពួកគេ​ត្រូវ​បាន​ឈូស​ឆាយ និង​គំរាមកំហែង​មិន​ឱ្យ​ពលរដ្ឋ​ចូល​ទៅកាន់​ដីចម្ការ​របស់​ពួកគេ​ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ