

ពលរដ្ឋមានវិវាទដីធ្លីចំនួន២ឃុំនៅខេត្តព្រះវិហារ ស្នើឲ្យអភិបាលស្រុករវៀង ជួយស្វែងរកដំណោះស្រាយ ជម្លោះដីធ្លីជាមួយក្រុមហ៊ុន គ្លប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development) ជាកម្មសិទ្ធិរបស់កូន លោក ទ្រី ភាព។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរស្រុកគួរតែជំរុញរឿងនេះ ទៅឲ្យអាជ្ញាធរថ្នាក់ជាតិ ស្វែងរកដំណោះស្រាយ ឲ្យពលរដ្ឋ ដោយសន្តិវិធី និងយុត្តិធម៌។
ពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុន គ្លប៊ល ហ្គ្រីន អេនើជី ឌីវេឡុបមេន នៅឃុំរួសរាន់ និងឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ជាង១០០(១៤៦) គ្រួសារ នៅថ្ងៃទី០៧ ខែមេសា បានដាក់ញត្តិស្នើឲ្យអភិបាលស្រុករវៀង លោក ហោ ប៊ុនហួ ជួយស្វែងរកដំណោះស្រាយ ដែលក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែដែកមួយនេះបានរំលោភយក ដីស្រែចម្ការរបស់ពលរដ្ឋរាប់ពាន់ហិកតារ។ ពលរដ្ឋថា ប្រសិនបើអាជ្ញាធរមិនរកដំណោះស្រាយ និងមិនព្រមប្រគល់ដីឲ្យពលរដ្ឋវិញនោះទេ ពួកគាត់នឹងមិនមានដីសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតនោះឡើយ។
តំណាងពលរដ្ឋនៅស្រុករវៀង លោក សោម យូវី អះអាងប្រាប់ទូរទ្សន៍អាស៊ីសេរី នៅថ្ងៃទី៧ ខែមេសាថា អភិបាលស្រុករវៀង បានទទួលញត្តិរបស់ប្រជាពលរដ្ឋរួចហើយ ដោយអភិបាលស្រុករវៀង លោក ហោ ប៊ុនហួ សន្យាថា នឹងចុះទៅរកដំណោះស្រាយឲ្យពលរដ្ឋនៅថ្ងៃទី១០ ខែមេសាខាងមុខ នៅត្រង់កន្លែងមានវិវាទនោះផ្ទាល់។ លោកថា ប្រសិនបើ អភិបាលស្រុករវៀង មិនអាចរកដំណោះស្រាយសមរម្យឲ្យពលរដ្ឋនោះទេ ពួកគាត់នឹងនាំគ្នាឡើងទៅរាជធានីភ្នំពេញ ដើម្បីស្វែងរកដំណោះស្រាយពីប្រមុខរដ្ឋាភិបាល ពីព្រោះពួកគាត់មិនមានដីស្រែចម្ការសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត នៅរដូវវស្សាខាងមុខនេះឡើយ។
លោក សោម យូវី៖ «គេថាដីរបស់រដ្ឋ រដ្ឋត្រូវការហើយប្រជាពលរដ្ឋមិនមានសិទ្ធិតវ៉ានោះទេ ពីព្រោះរដ្ឋត្រូវការ ស្នើសុំឲ្យដីទៅប្រជាពលរដ្ឋម្ចាស់ដីរាងៗខ្លួនវិញ ពីព្រោះដីនេះមិនមែនដីទំនេរ សុទ្ធតែមានម្ចាស់ដីអ្នកនេះព្រំប្រទល់ជាមួយអ្នកនោះ អត់មានដីណាទំនេរមិនមានម្ចាស់ទេ ខ្លាចទៅមិនរួចគេតាមធ្វើបាប តែបើដំណើរទៅរួចគឺត្រូវតែទៅ ពីព្រោះអស់ដីហើយ»។
ពលរដ្ឋរាប់ពាន់គ្រួសារ នៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង កំពុងប្រឈមមុខខ្វះដីធ្វើស្រែចម្ការ ក្រោយពីក្រុមហ៊ុន គ្លប៊ល ហ្គ្រីន របស់កូនប្រុស លោក ទ្រី ភាព គឺលោក ទ្រី ដាលុច បានរំលោភយក និងបង្ខំឲ្យពួកគាត់ទទួលយកសំណងមិនសមរម្យ ព្រមទាំងគំរាមកំហែងទៅលើពលរដ្ឋដែលហ៊ានចេញតវ៉ាថែមទៀត។ ចំណែកពលរដ្ឋមួយចំនួនបានបង្ខំចិត្តទទួលយកសំណងពីក្រុមហ៊ុន ទាំងមិនពេញចិត្ត ដោយសារពួកគាត់មិនមានជម្រើស និងចាញ់ល្បិចកល និងការលួងលោមរបស់អាជ្ញាធរ និងតំណាងរបស់ក្រុមហ៊ុន។

ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអភិបាលស្រុករវៀង លោក ហោ ប៊ុនហួ និងតំណាងក្រុមហ៊ុន គ្លប៊ល ហ្គ្រីន លោក ដេត សិលា ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី០៧ ខែមេសា។
ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន របស់លោក ទ្រី ដាលុច ក្រៅពីដណ្ដើមយកដីស្រែចម្ការរបស់ប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែងហើយនោះ ក្រុមហ៊ុននេះ ក៏បានច្បាមយកដីព្រៃក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភាគខាងជើង រាប់ពាន់ហិកតារផងដែរ។ លើសពីនោះ ក្រុមហ៊ុនរបស់លោក ទ្រី ដាលុច បានបំផ្លិចបំផ្លាញផ្លូវជាតិចំនួន២ខ្សែ ក្នុងនោះ ផ្លូវជាតិលេខ២១៣ ចាប់ពីផ្លូវបំបែកស្រុកឆែប រហូតដល់ផ្លូវបំបែកភ្នំដែក នៃស្រុករវៀង និងផ្លូវជាតិលេខ៦២ ចាប់ពីផ្លូវបំបែកភ្នំដែក រហូតដល់ខេត្តកំពង់ធំ និងធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមដងផ្លូវរងផលប៉ះពាល់សុខភាពផ្លូវដង្ហើម និងសួតធ្ងន់ធ្ងរ ដោយសារការដឹកជញ្ជូនបង្កឱ្យមានដីហ៊ុយខ្លាំង។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មិនសង្ឃឹមថា អាជ្ញាធរថ្នាក់ស្រុកអាចរកដំណោះស្រាយឲ្យប្រជាពលរដ្ឋបានសមរម្យ និងយុត្តិធម៌នោះឡើយ ពីព្រោះក្រុមហ៊ុនមួយនេះ ទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល ដូច្នេះអាជ្ញាធរស្រុកគួរតែជំរុញរឿងនេះ ទៅឲ្យអាជ្ញាធរថ្នាក់ជាតិ ស្វែងរកដំណោះស្រាយ និងឈប់គំរាមកំហែង ឬបន្ថែមបញ្ហាឲ្យពួកគាត់ទៀត។
លោក យិន ម៉េងលី៖ «ថ្នាក់ជាតិអាចធ្វើសេចក្ដីសម្រេចចិត្តធ្វើការដោះស្រាយជាសំណង់ ឬការដោះដូរដីយ៉ាងម៉េច ពីបញ្ហានេះ យើងមិនចង់ឲ្យការធ្វើសម្បទានផ្នែកសេដ្ឋកិច្ចហ្នឹងវាមិនអាចជួយអ្វីដល់ពលរដ្ឋ វាបង្កផលប៉ះពាល់ដល់ពលរដ្ឋ អញ្ចឹងយើងចង់ឲ្យផលនៃការអភិវឌ្ឍន៍បានដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទើបការអភិវឌ្ឍន៍ហ្នឹងជោគជ័យ»។
ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន របស់លោក ទ្រី ដាលុច បានរុករក និងធ្វើអាជីវកម្មរ៉ែដែកអស់រយៈពេល៣ឆ្នាំមកហើយ ក្រោយពីក្រុមហ៊ុននេះទទួលបានសិទ្ធិពីរដ្ឋាភិបាល កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។ បច្ចុប្បន្នក្រុមហ៊ុនមួយនេះ កំពុងតែធ្វើអាជីវកម្មរ៉ែដែកក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង រួចដឹកយកទៅលក់នៅក្រៅប្រទេស ។ ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន គឺជាកម្មសិទ្ធិរបស់លោក ទ្រី ដាលុច ដែលជាកូនប្រុសច្បងរបស់អ្នកឧកញ៉ា ទ្រី ភាព ល្បីល្បាញខាងរកស៊ីឈើ និងបំផ្លិចបំផ្លាញធនធានធម្មជាតិនៅកម្ពុជា។ បច្ចុប្បន្នលោក ទ្រី ដាលុច គឺជាទីប្រឹក្សារបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ី.ឌី.ស៊ី (CDC)៕








