គ្រួសារ និង​មន្ត្រី​បក្ស​ប្រឆាំង​ហៅ​ការ​ចាប់ខ្លួន​លោក ខឿន វីរ៉ាត់ ជា​ការ​រឹតត្បិត​សេរីភាព​នយោបាយ

0
72
មន្ត្រី​បក្ស​ប្រឆាំង​​មកពី​គណបក្ស​កម្លាំងជាតិ លោក ខឿន វីរ៉ាត់។ រូប៖ បណ្ដាញសង្គម
មន្ត្រី​បក្ស​ប្រឆាំង​​មកពី​គណបក្ស​កម្លាំងជាតិ លោក ខឿន វីរ៉ាត់។ រូប៖ បណ្ដាញសង្គម

គ្រួសារ និង មន្ត្រី​បក្ស​ប្រឆាំង ចាត់ទុក​ការ​ចាប់ខ្លួន​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​បណ្ដោះអាសន្ន​របស់​គណបក្ស​កម្លាំង​ជាតិ លោក ខឿន វីរ៉ាត់ ជា​លើក​ទី​២ ពី​សំណាក់​សមត្ថកិច្ច​ក្រុងភ្នំពេញ នៅ​ថ្ងៃទី​០៧ ខែ​មេសា​នេះ ថា​ជា​រឿង​មិន​សម​ហេតុផល និង​ជា​ការ​រឹតត្បិត​ផ្នែក​នយោបាយ មក​លើ​មន្ត្រី​គណបក្សប្រឆាំង​។ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះលែង លោក ខឿន វីរ៉ាត់ ឱ្យ​មាន​សេរីភាព​ឡើងវិញ។

ថ្វី​ត្បិត កម្ពុជា​កំពុង​រង​ការឈ្លានពាន​ទឹកដី​ពី​សំណាក់​យោធា​ថៃ​ក្ដី អាជ្ញាធរ​ក្រុងភ្នំពេញ​ពុំបាន​បន្ធូរដៃ​ក្នុង​ការ​បង្ក្រាប និង​ចាប់ខ្លួន​មន្ត្រី បក្ស​ប្រឆាំង និង​ពលរដ្ឋ​ដាក់​ពន្ធនាគារ​នោះ​ទេ។

ប្រពន្ធ​លោក ខឿន វីរ៉ាត់ គឺ​លោកស្រី ថាច់ ចន្ធូ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​០៧ ខែមេសា​ថា ប្ដី​លោកស្រី គឺ លោក ខឿន វីរ៉ាត់ ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​បណ្ដោះអាសន្ន ប្រចាំ​ខេត្ត​ព្រៃវែង នៃ​គណបក្ស​កម្លាំងជាតិ ត្រូវ​បាន​សមត្ថកិច្ច​ជាច្រើន​នាក់​មក​ចាប់​រុញ​ចូល​ឡាន​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ពេល​លោក​កំពុងតែ​អង្គុយ​នៅក្នុង​ហាង​កាហ្វេ​មួយ​កន្លែង ស្ថិត នៅ​ផ្សារ​ឈូក​វ៉ា​១ ក្នុង​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ។

លោកស្រី​ថា​ការ​ចាប់ខ្លួន​នេះ គឺ​សមត្ថកិច្ច ពុំ​មាន​ដីកា​ត្រឹមត្រូវ​នោះ​ទេ ហើយក៏​មិន​ដឹង​ថា បញ្ជូន​ទៅណា​នោះ​ដែរ​។ លោកស្រី​ចាត់ទុក​ការ​ចាប់ខ្លួន​នេះ​ថា ជា​រឿង​មិន​ត្រឹមត្រូវ ព្រោះ​ប្ដី​លោកស្រី ពុំបាន​ធ្វើ​អ្វី​ខុស​នោះទេ ខណៈ​ដែល​លោកស្រី និង​ប្ដី​ទើបតែ​មកពី​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម​បាន​៥​ថ្ងៃ​ប៉ុណ្ណោះ​។ ទន្ទឹមគ្នា​នោះ លោកស្រី​ថា​លោក ខឿន វីរ៉ាត់ ក៏​ពុំដែល​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក រិះគន់ នរណា​នោះ​ដែរ។ លោកស្រី​ស្នើ​ឱ្យ​អាជ្ញាធរ​ដោះលែង លោក ខឿន វីរ៉ាត់ ឱ្យ​មាន​សេរីភាព​វិញ ដោយ​ឥត​លក្ខខណ្ឌ។


លោកស្រី ថាច់ ចន្ធូ៖ «ខ្ញុំ​ឃើញថា​វា​អយុត្តិធម៌​សម្រាប់​គាត់ ព្រោះ​មក​ចាប់​ទាំង​មិនដឹង​ថា​ខ្លួនឯង​ខុស​អ្វី​ផង ហើយ​មក​ចាប់​ទាំង​ដល់​គ្មាន​ដីកា​សោះ​។ មក​វាយ​ខ្នោះ​គាត់ ដូចជា​ចាប់ចោរ​អ៊ីចឹង​។​ចុងក្រោយ ខ្ញុំ​សូម​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ ហើយ​ដោះលែង​ប្ដី​ខ្ញុំ​ឱ្យ​មាន​សេរីភាព​វិញ»។

លោក ខឿន វីរ៉ាត់ មាន​ដើមកំណើត​ជា​ខ្មែរក្រោម ហើយ​លោក​ជា​អតីត​ចៅ​សង្កាត់រង​ទី​១​នៅ​រាជធានី​ភ្នំពេញ របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ជា​លើក​ទី​១ កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២៣ ពី​បទ​ក្លែងបន្លំ​ឯកសារ ក្នុង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ​កាលពី​ឆ្នាំ​២០២១​។ កាលនោះ​លោក​ត្រូវ​តុលាការក្រុង​ភ្នំពេញ​កាត់​ទោស​ឱ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ​ហើយ​ក្រោយ​អនុវត្ត​ទោស​ចប់​សព្វគ្រប់​លោក​ក៏​ត្រូវ​បាន​ដោះលែង​វិញ​។ បន្ទាប់​មក​ទៀត លោក​ក៏បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កម្លាំង​ជាតិ រហូត​មក​ទល់​សព្វថ្ងៃ ហើយ មាន​តួនាទី​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​បណ្ដោះអាសន្ន ប្រចាំ​ខេត្ត​ព្រៃវែង។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន យល់​ឃើញ​ថា ការ​ចាប់ខ្លួន លោក ខឿន វីរ៉ាត់ ជា​លើក​ទី​២​នេះ គឺជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព អ្នកនយោបាយ​បក្ស​ប្រឆាំង​។ លោក​ថា ការ​ចាប់ខ្លួន​នេះ ពុំ​ផ្ដល់​ផល​ចំណេញ​អ្វី​ដល់ ប្រទេសជាតិ​នោះ​ទេ ក្រៅ​តែ​ពី ធ្វើ​ឱ្យ​ប្រទេសជាតិ បន្ត​បែកបាក់​ខណៈ​ដែល​ប្រទេសជាតិ កំពុងតែ​រង​ការឈ្លានពាន​ពី​សំណាក់​ប្រទេស​ថៃ ហើយ​ពលរដ្ឋ​ជាច្រើន កំពុង​ជួប​ទុក្ខ​លំបាក​ព្រោះ វិបត្តិ​សេដ្ឋកិច្ច។


លោក រ៉ុង ឈុន៖ «ធ្វើ​បែបនេះ​វា​មិន​ផ្ដល់​ផល​ចំណេញ​អ្វី​ដល់​ប្រទេសជាតិ​នោះ​ទេ បាន​ត្រឹម​បង្ហាញ​ពី​ការ​បែកបាក់ មិនបាន​បង្ហាញ​ពី​ការ​សាមគ្គី​គ្នា និង​ឯកភាព​ជាតិ​។ ជា​រឿង​មួយ​ដែល​មិន​ចំណេញ​ដល់​ប្រទេសជាតិ​។ យើង​ចង់​ឃើញ​សង្គម​មួយ​មាន​ឯកភាព​ជាតិ សាមគ្គី​គ្នា​ដើម្បី​ខ្មែរ​ខ្លាំង»។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ និង​អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន ណារិន្ទ ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ បានទេ នៅ​ថ្ងៃទី​៧ ខែមេសា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

ជុំវិញ​រឿងនេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា ថា ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ ដែល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ មាន​អ្នក​នយោបាយ ពលរដ្ឋ និង​អ្នកសារព័ត៌មាន បន្ត​ទទួលរង​ការ​ធ្វើទុក្ខបុកម្នេញ និង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់។ លោក​ថា ករណី​នេះ កម្ពុជា​នឹង​ទទួលរង នូវ​ការរិះគន់​បន្ថែម​ទៀត​ពី​សហគមន៍ អន្តរជាតិ ជុំវិញ​ការ​រឹតត្បិត​សេរីភាព​អ្នកនយោបាយ និង​ពលរដ្ឋ​។ ក្នុងនាម​ជា​អង្គការ​សង្គម​ស៊ីវិល លោក​ទទូច​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ​ក្នុង​ការ​បើក​លំហ សិទ្ធិ​សេរីភាព និង​ផ្សះផ្សា ជាតិ​ឱ្យ​រឹងមាំ។

លោក នី សុខា៖ «ប្រទេស​កម្ពុជា​យើង​កំពុង​ទទួលរង​ការរិះគន់ និង​ទទួលរង​ការ​មើលឃើញ​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា សេរីភាព​បញ្ចេញមតិ ក៏ដូចជា​សេរី​ភាពជា​មូលដ្ឋាន និង​នយោបាយ​នៅ​កម្ពុជា​ដែល​កំពុង​រង​ការ​រឹតត្បិត​នោះ ឥឡូវ​វា​កាន់​តែ​មាន​បញ្ហា ដែល​ធ្វើ​ឱ្យ​មតិ​ជាតិ និង​អន្តរជាតិ​បន្ត​រិះគន់​រដ្ឋាភិបាល»។

ទាក់ទិន​នឹង​ការ​ចាប់ខ្លួន​នេះ​ដែរ អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក នៅ​ថ្ងៃទី​៧ ខែមេសា​ថា ការ​ចាប់ខ្លួន​លោក ខឿន វីរ៉ាត់ សាជាថ្មី បន្ទាប់ពី លោក​ត្រឡប់​មកពី​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម បង្ហាញ​យ៉ាង​ច្បាស់​ពី ចេតនា​គំរាមកំហែង​ផ្នែក​ស្មារតី និង​ការ​ខ្វះខាត​នូវ​ទិដ្ឋភាព​មនុស្សធម៌​ក្នុង​នីតិវិធី​ច្បាប់ ខណៈ​ដែល​អំណាច​រដ្ឋ​គួរតែ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ការពារ​ពលរដ្ឋ មិនមែន​ដើម្បី​ដាក់​សម្ពាធ​លើ​អ្នក​ដែល​ហ៊ាន​និយាយ​ការពិត ពី​សង្គម និង​មាន​និន្នាការ នយោបាយ​ផ្សេង​នោះ​ទេ។

លោក​ថា នេះ​ជា​យុទ្ធសាស្ត្រ​បំបិទមាត់​តាមរយៈ​ការចោទប្រកាន់​ដដែលៗ ដែល​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ប៉ុណ្ណោះ​ទេ​ថែមទាំង​រុញច្រាន​សង្គម​កម្ពុជា​ឱ្យ​ធ្លាក់​ក្នុង​ស្ថានភាព​ភ័យខ្លាច ដែល​ជា​ឧបសគ្គ​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ការ​កសាង​ឯកភាព​ជាតិ។ លោក​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គួរតែ​បើក​លំហ​សេរីភាព និង​ដោះស្រាយ បញ្ហា​ប្រឈម តាមរយៈ​ការសន្ទនា ជាជាង​ការប្រើប្រាស់ ប្រព័ន្ធ​តុលាការ​ដើម្បី​បង្ក្រាប​សំឡេង​រិះគន់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ