

តុលាការកំពូល នៅថ្ងៃទី១៩ ខែវិច្ឆិកា បានប្រកាសសាលដីកាដោយផ្តន្ទាទោសមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង លោក អេង ស្រូយ មួយរឿងបន្ថែមទៀត ឱ្យជាប់ពន្ធនាគារ ២ ឆ្នាំ។ សង្គមស៊ីវិលលើកឡើងថា សំណុំរឿងលោក អេង ស្រូយ គឺជាករណីចម្រូងចម្រាស និងរងការរិះគន់ពីមជ្ឈដ្ឋានចម្រុះ ដោយសារតែលោកជាប់ពន្ធនាគារមួយរឿងហើយ ក៏ស្រាប់តែបន្ថែមមួយរឿងផ្សេងទៀត ឲ្យលោកបន្តជាប់ពន្ធនាគារទៀត។
លោក អេង ស្រូយ គឺជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃ គណបក្សភ្លើងទៀន នៅខេត្តត្បូងឃ្មុំ។ លោកត្រូវបានសាលាដំបូង និងសាលាឧទ្ធរណ៍ នៅរាជធានីភ្នំពេញ ផ្តន្ទាទោសដូចគ្នាឲ្យពន្ធនាគារ ២ឆ្នាំ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៣០៥ ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។
នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ តុលាការកំពូល នៅតែតម្កល់សាលក្រមតុលាការជាន់ទាបទាំងពីរ ទុកជាបានការដដែល គឺលោក អេង ស្រូយ ត្រូវជាប់ពន្ធនាគារ ២ឆ្នាំ។
អត្ថបទខ្លីរបស់អង្គការលីកាដូ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឱ្យដឹងថា លោក អេង ស្រូយ ត្រូវបានតុលាការទាំងបីថ្នាក់ ចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយពីមាន បណ្តឹងរបស់អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ពាក់ព័ន្ធនឹងការអះអាង របស់លោក ស្រូយ ដែលបានលើកឡើងតាមរយៈសារព័ត៌មានថា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានប្រព្រឹត្តអំពើហិង្សាមកលើរូបលោក។
បន្ថែមលើទោសជាប់ពន្ធនាគារ ២ឆ្នាំ លោក អេង ស្រូយ ក៏ត្រូវបានតុលាការ ពិន័យជាប្រាក់ចំនួន ២.០០០.០០០ រៀល ឬ ប្រមាណ ៥០០ដុល្លារ និង សងសំណងជំងឺចិត្តដល់ដើមបណ្តឹង ចំនួន ២០ លានរៀល ឬ ប្រមាណ ៥.០០០ ដុល្លារដែរ។ បច្ចុប្បន្ន លោក អេង ស្រូយ កំពុងជាប់ឃុំ នៅពន្ធនាគារខេត្តរតនគិរី ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់ទូរទ្សន៍អាស៊ីសេរី នៅថ្ងៃទី១៩ ខែវិច្ឆិកា ថា សំណុំរឿង លោក អេង ស្រូយ ជាករណីចម្រូងចម្រាស និងរងការរិះគន់ពីមជ្ឈដ្ឋានចម្រុះ ដោយមន្ត្រីបក្សប្រឆាំងរូបនេះបានជាប់ពន្ធនាគារមួយរឿងហើយក៏ស្រាប់តែបន្ថែមមួយ រឿងផ្សេងទៀត កាត់ទោសឲ្យលោកបន្តជាប់ពន្ធនាគារ។ លោក អំ សំអាត សោកស្ដាយចំពោះវិធានការបែបនេះ ដែលធ្វើឲ្យលោក អេង ស្រូយ ត្រូវជាប់ពន្ធនាគារយូរឆ្នាំផង រងការពិន័យជាប្រាក់ និងត្រូវសងជំងឺចិត្តច្រើនផង។
«ការតម្កល់សាលដីកា ចៀសមិនផុតពីការរិះគន់បន្ថែមទៀត ហើយគេបានលើកឡើងថា ករណីលោក អេង ស្រូយ ជារឿងនយោបាយច្រើនជាង ការអនុវត្តច្បាប់។ អ៊ីចឹងយើងឃើញថា ការផ្ដន្ទាទោសជាបន្តបន្ទាប់ ទៅលើសកម្មជនគណបក្សប្រឆាំង ឬក៏សកម្មជនបរិស្ថានសកម្មជនសិទ្ធិមនុស្ស ឬមួយសកម្មជនការងារសង្គម ឬអ្នកបញ្ចេញមតិតាមបណ្ដាញសង្គមផ្សេងៗហ្នឹង នាំឲ្យមានភាពចម្រូងចម្រាស»។
លោក អំ សំអាត
ការជាប់ពន្ធនាគារ ២ឆ្នាំ របស់លោក អេង ស្រូយ ក្នុងបណ្ដឹងរបស់អ្នកដឹកនាំ បណ្ឌិត្យសភានគរបាល គឺជាការអនុវត្តទោសបន្តពីសំណុំរឿងមួយទៀត កាលពីឆ្នាំ២០២៣។
តាមពិត លោក អេង ស្រូយ ជាប់ពន្ធនាគារ តាំងពីឆ្នាំ២០២៣ម្ល៉េះ នៅក្នុងសំណុំរឿងដំបូង ពាក់ព័ន្ធនឹងការបោះឆ្នោតជាតិក្នុងឆ្នាំនោះ។ ក្នុងសំណុំរឿងដំបូងនេះ លោកត្រូវបានចាប់ខ្លួន ក្នុងខែកក្កដាឆ្នាំ២០២៣ និងបន្ទាប់មក សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសលោក នៅក្នុងខែឧសភា ឆ្នាំ២០២៤ ឲ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
លោក អេង ស្រូយ គឺជាអតីតគ្រូបង្រៀននគរបាលជាតិកម្រិតមធ្យមថ្នាក់លេខ៤ នៃ សាលាបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន នៅខេត្តត្បូងឃ្មុំ។
អ្នកឃ្លាំមើលលើកឡើងថា មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក អេង ស្រូយ ទទួលរងអយុត្តិធម៌ផ្ទួនៗ។ ពួកគាត់ពន្យល់ថា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា លោក ប្រាក់ ណារ៉ុង ដែលជាថ្នាក់លើរបស់លោក អេង ស្រូយ បានទះកំភ្លៀងលោកហើយ ប៉ុន្តែក្រសួងមហាផ្ទៃ មិនត្រឹមតែមិនជួយរកយុត្តិធម៌ឲ្យលោកនោះទេ ថែមទាំងបណ្តេញលោក ចេញពីក្របខណ្ឌនគរបាលជាតិ និងបន្ទាប់មក ចាប់ឃុំខ្លួនលោក ដាក់ពន្ធនាគារមកដល់សព្វថ្ងៃ នៅពេលលោកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រឆាំង។
ប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណបក្សភ្លើងទៀន លោក អេង ស្រូយ ស្ថិតក្នុងចំណោមមនុស្សចំនួន ១១០នាក់ ដែលកំពុងជាប់ឃុំ ដោយសារការប្រើប្រាស់សិទិ្ធជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ៕









