

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានលើកឡើងនៅក្នុងវេទិកាអាស៊ានថ្មីៗនេះថា សហរដ្ឋអាមេរិកនៅតែរក្សាជំហរ និងប្ដេជ្ញាចិត្តជួយធានាកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃឱ្យមានស្ថិរភាព ខណៈមេដឹកនាំកម្ពុជា និងថៃកំពុងទាស់សម្ដីគ្នា។ អ្នកឃ្លាំមើលថា ការលើកឡើងរបស់លោក ត្រាំ ជារឿងល្អ ប៉ុន្តែកម្ពុជាមិនគួរគិតថា ការតស៊ូមតិនៅលើវេទិកាអន្តរជាតិគឺជាដំណោះស្រាយជម្លោះព្រំដែនប្រកបដោយប្រសិទ្ធភាពនោះឡើយ ប្រសិនបើកម្ពុជាមិនធ្វើសកម្មភាពជាក់ស្ដែង ដើម្បីជំរុញឱ្យភាគីថៃដកទ័ពចេញពីទឹកដីខ្មែរនោះទេ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា បានលើកឡើងអំពីជម្លោះរវាងកម្ពុជា និងថៃ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងអាមេរិក ដោយលោកបានកោតសរសើរចំពោះប្រទេសទាំងពីរ ដែលបានអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ទីក្រុងគូឡាឡាំពួរដោយជោគជ័យ។ លោកចាត់ទុកករណីនេះថា ជាសមិទ្ធផលការទូតដ៏សំខាន់រវាងអាមេរិក និងប្រទេសក្នុងតំបន់អាស៊ី។
បន្ថែមពីលើនេះ លោក ដូណាល់ ត្រាំ ក៏ជំរុញឲ្យភាគីទាំងអស់ នៅតែបន្តប្តេជ្ញារក្សាបទឈប់បាញ់នោះ និងធានាឱ្យមានការអនុវត្តកិច្ចព្រមព្រៀងនេះយ៉ាងពេញលេញ និងស្មោះត្រង់ ដូចដែលបានព្រមព្រៀងគ្នាកាលពីមួយឆ្នាំមុន។
ទោះជាយ៉ាងណា ការថ្លែងរបស់លោក ដូណាល់ ត្រាំ ពុំឆ្លុះបញ្ចាំងពីការពិតទាំងស្រុងឡើយ ព្រោះថ្មីៗនេះ ភាគីថៃបានចេញសេចក្ដីថ្លែងការណ៍ និងសារតវ៉ាជាបន្តបន្ទាប់ចំពោះភាគីកម្ពុជា ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកយកបញ្ហាថៃឈ្លានពានទឹកដីកម្ពុជាទៅថ្លែងនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ទន្ទឹមគ្នានោះ ក្រសួងការបរទេសថៃបានជំទាស់នឹងការស្នើរបស់សភាអាស៊ាន (AIPA) ក្នុងការដាក់បញ្ចូលតួលេខជនភៀសសឹកខ្មែរជាង ២ ម៉ឺននាក់ ទៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ាន ដោយចោទថា ជាទិន្នន័យមិនពិត។
បើទោះជាបែបនេះក្ដី ក្រោយកិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃទី១៧ ខែវិច្ឆិកា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាប់សមាជិកអាស៊ាន រួមទាំងអាមេរិកថា កម្ពុជានៅតែប្រកាន់យកការដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី ហើយលោកបានស្នើឱ្យភាគីថៃចុះវាស់វែងព្រំដែនជាមួយកម្ពុជាឡើងវិញ។
«សម្ដេចធិបតី គូសបញ្ជាក់ នៅលើវេទិកាថា ទោះបីជាការប្រយុទ្ធគ្នាបានបញ្ចប់ជិតមួយឆ្នាំទៅហើយក្ដី ក៏ឫសគល់នៃជម្លោះនេះនៅដដែល នោះគឺខ្សែព្រំដែនមិនច្បាស់លាស់ ដែលមិនទាន់ត្រូវបានដោះស្រាយរួចនៅឡើយដោយសារហេតុផលនេះហើយ ទើបសម្ដេចធិបតីស្នើម្ដងទៀតដល់ប្រទេសថៃ ស្នើឱ្យសហការជាមួយនឹងកម្ពុជា ដើម្បីបន្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនជាបន្ត ដោយ GBC»។
លោក ហ្សង់ ហ្វ្រង់ស័រតាន់
ជាមួយគ្នានោះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន តាមរយៈអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ បានអះអាងថា កម្ពុជានឹងបន្តប្រើប្រាស់វេទិកាអន្តរជាតិ ដើម្បីលើកឡើងពីបញ្ហាថៃឈ្លានពានទឹកដីខ្មែរ និងការរារាំងពលរដ្ឋជាង ២ ម៉ឺននាក់មិនឱ្យត្រឡប់ទៅរស់នៅលំនៅឋានវិញ ប្រសិនបើថៃនៅតែបន្តគេចវេះមិនចូលតុចរចាទ្វេភាគី និងមិនព្រមចុះវាស់វែងព្រំដែនជាមួយកម្ពុជា។
«ហើយបើក្នុងករណី ភាគីថៃនៅតែបន្តមិនគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានស្រាប់ និងមិនអនុវត្តនូវការវាស់វែងជាក់ស្ដែង នៅលើដីជាក់ស្ដែងនោះទេ កម្ពុជានឹងមិនបោះបង់ចោលនូវការទាមទារ នូវការនិយាយ ការលើកឡើងនូវបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលថៃបំពានមកលើកម្ពុជានៅលើវេទិកាអន្តរជាតិនោះទេ»។
លោក ជា ធីរិទ្ធ
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វិរៈគុល បានចាត់ទុកការថ្លែងរបស់ភាគីកម្ពុជាអំពីជម្លោះព្រំដែនរវាងប្រទេសទាំងពីរនៅលើវេទិកាអន្តរជាតិថា ជាការធ្វើឱ្យប៉ះពាល់ដល់ដំណើរការចរចាទ្វេភាគី។ ប៉ុន្តែ គេសង្កេតឃើញថា ចាប់តាំងពីយោធាថៃបានបង្កសង្គ្រាមឈ្លានពានទឹកដីខ្មែរជាង ៨០ ទីតាំងមក ភាគីថៃតែងតែរកលេសមិនចូលតុចរចា ហើយថែមទាំងបង្កើនសកម្មភាពឈ្លានពានដោយសាងសង់របងជញ្ជាំងបេតុងនៅចន្លោះបង្គោលលេខ ៥២ ដល់ ៥៩ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងដោយឯកតោភាគី ព្រមទាំងសាងសង់សំណង់រឹង ដូចជា ផ្លូវបេតុង រាយលួសបន្លា ដាក់ទូកុងតឺន័រ និងធ្វើលេណដ្ឋានសម្រាប់មូលដ្ឋានយោធាថៃយ៉ាងរឹងមាំ ខណៈរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែគ្មានឥទ្ធិពលការទូតគ្រប់គ្រាន់ក្នុងការដាក់សម្ពាធលើភាគីថៃ។
អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៨ ខែវិច្ឆិកាថា ការលើកឡើងរបស់លោក ដូណាល់ ត្រាំ បង្ហាញថា អាមេរិកនៅតែចង់រក្សាកិច្ចព្រមព្រៀងដែលខ្លួនបានជួយសម្របសម្រួល ប៉ុន្តែក៏បង្ហាញពីគម្លាតរវាងសារការទូត និងបញ្ហានៅតាមព្រំដែនជាក់ស្ដែង។ លោកបន្តថា ក្នុងសុន្ទរកថារបស់លោក ត្រាំ បានបង្ហាញថា កម្ពុជា និងថៃកំពុងមានទំនាក់ទំនងល្អប្រសើរនឹងគ្នា ដែលជាការលើកឡើងដោយមិនបានត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។
លោក សេង វណ្ណលី ស្នើឱ្យកម្ពុជាប្រុងប្រយ័ត្ន កុំឱ្យពាក្យថា «ស្ថានការណ៍ល្អប្រសើរ» ធ្វើឱ្យបញ្ហាដែលមិនទាន់ដោះស្រាយត្រូវបានមើលរំលង។ លោកបន្តថា ថ្មីៗនេះ ការដែលភាគីថៃបង្ហាញការមិនពេញចិត្តចំពោះកម្ពុជា ដែលលើកឡើងពីបញ្ហាព្រំដែននៅលើឆាកអន្តរជាតិ មិនមែនជាហេតុផលគ្រប់គ្រាន់ឱ្យកម្ពុជាឈប់លើកឡើងពីកង្វល់របស់ខ្លួននោះទេ។
កម្ពុជាត្រូវតែមានគោលជំហរច្បាស់លាស់ រួមនឹងសកម្មភាពជាក់ស្ដែង។ លោកបញ្ជាក់ថា ប្រសិនបើថៃចង់ឱ្យមានការចរចាទ្វេភាគីដូចការលើកឡើងមែន ថៃត្រូវកំណត់ពេលវេលាចរចាឱ្យបានច្បាស់លាស់ ហើយកម្ពុជាត្រូវត្រៀមភស្តុតាងឱ្យបានរឹងមាំ ដើម្បីតតាំងដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានោះ លោកទទូចឱ្យកម្ពុជាប្រែក្លាយការតវ៉ានៅលើបណ្ដាញសង្គម និងវេទិកាអន្តរជាតិទៅជាសំណើជាក់លាក់ ដែលសហគមន៍អន្តរជាតិអាចជួយជំរុញ និងតាមដានបាន។ លោកថា រដ្ឋាភិបាលកម្ពុជាគួររៀបចំឯកសារសម្រាប់ទីតាំងនីមួយៗ ដោយមានផែនទីដែលមានមូលដ្ឋានច្បាស់លាស់ រួមទាំងរូបភាពផ្កាយរណបមុន និងក្រោយការប្រយុទ្ធ ព្រមទាំងភស្តុតាងអំពីការផ្លាស់ទីរបស់កងទ័ព និងប្រជាពលរដ្ឋជាដើម។ លោកបន្តថា កម្ពុជាក៏ត្រូវបែងចែកឱ្យច្បាស់រវាងទីតាំងដែលមានមូលដ្ឋានបញ្ជាក់អធិបតេយ្យភាព និងតំបន់ដែលភាគីទាំងពីរនៅខ្វែងគំនិតគ្នាលើខ្សែព្រំដែន។
«កម្ពុជាគួរយកការប្ដេជ្ញារបស់លោក ត្រាំ ជាឱកាសស្នើឱ្យអាមេរិក ម៉ាឡេស៊ី និងអាស៊ាន ជួយជំរុញការត្រួតពិនិត្យឯករាជ្យ កាលវិភាគដកកងទ័ពពីទីតាំងដែលមានភស្តុតាងបញ្ជាក់ថា ស្ថិតក្នុងទឹកដីកម្ពុជា និងការធានាឱ្យប្រជាពលរដ្ឋត្រឡប់ទៅផ្ទះដោយសុវត្ថិភាព។ រាល់សំណើចរចា និងការឆ្លើយតបគួរត្រូវបានកត់ត្រាជាលាយលក្ខណ៍អក្សរ ដើម្បីបង្ហាញថា ការជាប់គាំងកើតឡើងត្រង់ចំណុចណា។ យុទ្ធសាស្ត្រដែលមានប្រសិទ្ធភាព គឺរក្សាការចរចា បង្ហាញភស្តុតាងដែលអាចផ្ទៀងផ្ទាត់បាន និងស្នើឱ្យមានលទ្ធផលដែលមានកាលកំណត់ ព្រោះពាក្យគាំទ្រពីមហាអំណាចតែមួយមុខ មិនអាចធានាឱ្យមានការដកទ័ពបានឡើយ»។
លោក សេង វណ្ណលី
អ្នកឃ្លាំមើលលើកឡើងថា ការតស៊ូមតិរបស់កម្ពុជានៅលើឆាកអន្តរជាតិរឿងព្រំដែន គឺជារឿងល្អ ប៉ុន្តែវាក៏អាចបង្កប់នូវល្បិចនយោបាយថ្មី ដើម្បីស្អំចិត្តប្រជាពលរដ្ឋខ្មែរ ព្រោះលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន បានដឹងច្បាស់ពីការបរាជ័យលើសមរភូមិការទូត ក្នុងការដាក់សម្ពាធលើភាគីថៃឱ្យចូលតុចរចា និងដកទ័ពចេញពីទឹកដីខ្មែរ។ ទន្ទឹមគ្នានោះ ពួកគាត់ថា ការតវ៉ានៅលើឆាកអន្តរជាតិមិនអាចចាត់ទុកជាភស្តុតាងរឹងមាំនោះទេ ប្រសិនបើកម្ពុជាមិនប្រមូលភស្តុតាង និងឯកសារត្រឹមត្រូវជាផ្លូវការ ដើម្បីដាក់បណ្ដឹងថៃទៅកាន់តុលាការអន្តរជាតិនោះ៕









