អ្នកឃ្លាំមើល​ថា បារាំង​អាច​សម្របសម្រួល​ជម្លោះព្រំដែន​កម្ពុជា-ថៃ ប៉ុន្តែ​ត្រូវការ​ឆន្ទៈ​​ទាំង​២​ភាគី

0
30
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) និងប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ថ្លែងពេលសន្និសីទកាសែតនៅថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) និងប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ថ្លែងពេលសន្និសីទកាសែតនៅថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា​អះអាងថា ការបញ្ជាក់ជាថ្មីរបស់បារាំង​អំពីការគាំទ្រ​ឯករាជ្យ និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងការបង្ហាញឆន្ទៈក្នុងការសន្ទនាជាមួយកម្ពុជា និងថៃ ដើម្បីស្វែងរកដំណោះស្រាយជម្លោះព្រំដែន គឺជាជំហរការទូតដែលប្រុងប្រយ័ត្ន និងផ្តោត​លើ​សន្តិភាព។ ការអះអាងនេះបន្ទាប់ពីឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក អូលីវីយេ រីឆាត (Olivier Richard) បានអះអាងថា បារាំងបានប្រកាសជំហររបស់ខ្លួនជាសាធារណៈ គឺគាំទ្រ​ការ​ដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី​របស់​កម្ពុជា។

អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការបញ្ជាក់ជាថ្មីរបស់បារាំងលើការគាំទ្រឯករាជ្យ និងបូរណភាពទឹកដីរបស់កម្ពុជា រួមជាមួយ​នឹង​ឆន្ទៈក្នុងការសន្ទនាជាមួយភាគីកម្ពុជា និងថៃ គឺជាជំហរការទូតដែលមានភាពប្រុងប្រយ័ត្ន និងផ្តោត​លើសន្តិភាព។ លោកថា បារាំងមានតួនាទីពិសេសក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសារប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងការគូសវាសផែនទី និងចុះសន្ធិសញ្ញាព្រំដែនរវាង​ប្រទេស​ទាំងពីរ។

លោក សេង វណ្ណលី បានបន្ថែមថា ការចូលរួមជួយសម្របសម្រួលពីប្រទេសក្រៅតំបន់ ដូចជា​បារាំង អាចជួយបង្កើនទំនុកចិត្ត និងផ្តល់ភាពស្របច្បាប់កាន់តែខ្លាំងដល់ដំណើរការចរចា។ លោកថា ការរក្សាជំហរកណ្តាល និងការបើកចំហការសន្ទនាជាមួយភាគីទាំងពីរ អាចឱ្យបារាំង​ដើរតួជាស្ពានទំនាក់ទំនង ជាពិសេសនៅពេលដែលកម្ពុជា និងថៃត្រូវការភាគីទីបីដែល​មាន​អព្យាក្រឹតភាព ដើម្បីកាត់បន្ថយភាពតានតឹង និងជំរុញការគោរពច្បាប់អន្តរជាតិ។

«ខ្ញុំកត់សម្គាល់ឃើញថា បារាំងមានតួនាទីពិសេសមួយ​នៅក្នុង​បញ្ហានេះ ដោយសារតែបារាំងជាអតីតប្រទេស​អាណាព្យាបាល​ដែលបានគូសវាសផែនទី និងចុះសន្ធិសញ្ញាព្រំដែនជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។ ដូច្នេះ ការបង្ហាញឆន្ទៈជួយ​សម្របសម្រួល​នេះ​មិនត្រឹមតែជាការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីការត្រៀមខ្លួនរបស់បារាំងក្នុងការផ្តល់ឯកសារប្រវត្តិសាស្ត្រ ឬជំនាញ​បច្ចេកទេស ប្រសិនបើភាគីទាំងពីរត្រូវការជំនួយ​ដើម្បី​បញ្ជាក់​ការ​ពិត»។

លោក សេង វណ្ណលី

ទោះជាយ៉ាងណា អ្នកតាមដានរូបនេះយល់ថា ជោគជ័យនៃការសម្របសម្រួលពីបរទេស អាស្រ័យ​ជាចម្បងលើឆន្ទៈនយោបាយរបស់កម្ពុជា និងថៃ។ លោក​ថា បញ្ហាព្រំដែនមានភាព​រសើបខ្លាំងចំពោះ​នយោបាយផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ហើយយន្តការទ្វេភាគី ក៏ដូចជា​យន្តការ​ក្នុងក្របខ័ណ្ឌអាស៊ាន និងអន្តរជាតិ នៅតែជាមធ្យោបាយសំខាន់ក្នុងការដោះស្រាយ។ លោកថា តួនាទីរបស់បារាំងទំនងជានឹងស្ថិតក្នុងកម្រិតជាអ្នកគាំទ្រ អ្នកផ្តល់យោបល់ និង​ឯកសារ​យោង ជាជាងចូលរួមដោះស្រាយជំនួសភាគីទាំងពីរដោយផ្ទាល់។

ការអះអាងរបស់អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជារូបនេះ បន្ទាប់ពី ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក អូលីវីយេ រីឆាត (Olivier Richard) បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅស្ថានទូតបារាំងកាលពីថ្ងៃទី១៩ ខែសីហាថា បារាំងបានប្រកាសជំហរជាសាធារណៈរួចហើយ ដោយគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពអធិបតេយ្យភាព ព្រមទាំងបូរណភាពទឹកដីរបស់កម្ពុជា។

លោក អូលីវីយេ រីឆាត បានបញ្ជាក់ថា បារាំងនៅតែមានឆន្ទៈក្នុងការសន្ទនា​ជាមួយអាជ្ញាធរ​កម្ពុជា និងថៃ ដើម្បីពិនិត្យលទ្ធភាពជួយបន្ថែមក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះនេះ។ លោកថា មុនពេលជម្លោះកើតឡើង បារាំងធ្លាប់បានប្រកាសពីការត្រៀម​បើកបណ្ណសារ​របស់​ខ្លួន​ឱ្យភាគីទាំងពីរប្រើប្រាស់ ដើម្បីជួយដោះស្រាយបញ្ហាព្រំដែន។

ក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាពកាល​ពីថ្ងៃទី១៥ ខែវិច្ឆិកា បន្ទាប់ពីជំនួបទ្វេភាគី និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាងកម្ពុជា-បារំាំង ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក៏បាន​សន្យាថា បារាំងនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងថៃ ក្នុងការដោះស្រាយជម្លោះដោយ​សន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

ទោះជាយ៉ាងណាប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាល​កម្ពុជាឯករាជ្យ ២៣តុលា   លោក អ៊ុំ សំអាន  បានលើកឡើងថា ការគាំទ្ររបស់​បារាំងចំពោះ​បូរណភាពទឹកដីកម្ពុជា និងឆន្ទៈក្នុងការសន្ទនាជាមួយភាគីទាំងពីរ គឺជារឿង​វិជ្ជមាន ប៉ុន្តែមិន​គ្រប់គ្រាន់ដើម្បីដោះស្រាយជម្លោះព្រំដែននោះទេ។

លោក អ៊ុំ សំអាន យល់ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរដាក់បណ្តឹងពាក់ព័ន្ធនឹង​ជម្លោះ​នេះ​ទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ គឺបារាំង និងឥណ្ឌូណេស៊ី ដើម្បីស្នើឱ្យកោះប្រជុំប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ ឱ្យចូលរួមជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។

លោកបានអះអាងថា លោក ហ៊ុន ម៉ាណែត មិនហ៊ានដាក់បណ្តឹងបែបនេះទេ ដោយសារ​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ តម្រូវឱ្យលុបចោលសន្ធិសញ្ញាមួយចំនួន​ក្នុង​ទសវត្សរ៍ឆ្នាំ១៩៨០ រវាងកម្ពុជា-វៀតណាម​ដែលលោកថា លោក ហ៊ុន សែន បានធ្វើឱ្យ​មាន​សុពលភាពឡើងវិញតាមរយៈសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។ លោក ថា សន្ធិសញ្ញា​ទាំង​នោះ​ខុសច្បាប់ និងធ្វើឱ្យបាត់បង់ទឹកដីកម្ពុជាទៅវៀតណាម។

អ្នកនយោបាយប្រឆាំងរូបនេះបានស្នើថា ប្រសិនបើកម្ពុជាចង់ឱ្យបារាំងចូលរួមផ្តល់​ជំនួយ​បច្ចេកទេស ភាគីកម្ពុជា និងថៃគួរផ្ញើលិខិតរួមគ្នាទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដើម្បីស្នើឱ្យបារាំងបញ្ជូនអ្នកជំនាញផ្នែកផែនទី និងព្រំដែនមកជួយ​វាស់វែង និងបង្ហាញការកំណត់ព្រំដែននៅលើដីជាក់ស្តែង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ