កម្ពុជា​និង​ថៃ​ត្រៀម​ចូលរួម​កិច្ច​ចរចា UNCLOS ជុំទី៣ នៅ​ម៉ាឡេស៊ី​ករណី​ដែន​សមុទ្រ

0
69
មន្ត្រីកម្ពុជាចូលរួម​កិច្ចប្រជុំ​លើក​ទី២ នៅ​ថ្ងៃ​ទី២ របស់​គណៈកម្មការ​ផ្សះផ្សា​ដោយ​បង្ខំ UNCLOS រវាង​កម្ពុជា និង​ថៃ នៅ​វិមាន​សន្តិភាព​ ទីស្នាក់ការ​កណ្ដាល​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​តុលាការ​មជ្ឈត្តការ​អចិន្ត្រៃយ៍ (PCA) នៅ​ទីក្រុង​ឡាអេ (Hague) ប្រទេស​ហូឡង់ (Netherlands) កាលពីថ្ងៃទី១៤ តុលា ២០២៦។ រូប៖ ក្រសួងការបរទេស
មន្ត្រីកម្ពុជាចូលរួម​កិច្ចប្រជុំ​លើក​ទី២ នៅ​ថ្ងៃ​ទី២ របស់​គណៈកម្មការ​ផ្សះផ្សា​ដោយ​បង្ខំ UNCLOS រវាង​កម្ពុជា និង​ថៃ នៅ​វិមាន​សន្តិភាព​ ទីស្នាក់ការ​កណ្ដាល​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​តុលាការ​មជ្ឈត្តការ​អចិន្ត្រៃយ៍ (PCA) នៅ​ទីក្រុង​ឡាអេ (Hague) ប្រទេស​ហូឡង់ (Netherlands) កាលពីថ្ងៃទី១៤ តុលា ២០២៦។ រូប៖ ក្រសួងការបរទេស

កម្ពុជា និងថៃបានប្រកាសត្រៀមសមាសសភាពចូលរួមក្នុងកិច្ចចរចាលើកទី៣ របស់​គណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា UNCLOS នៅប្រទេសម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤ ដល់២៧ ខែវិច្ឆិកា ខាងមុខនេះ។ នៅក្នុងកិច្ចចរចាលើកទី៣ នេះ ភាគីកម្ពុជាបានបង្ហាញពីគោលបំណងឈានដល់ការចុះសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងជាមួយថៃ ស្ដីពីការអភិវឌ្ឍរួម និង​បែងចែកធនធានក្នុងដែនសមុទ្រក្នុងតំបន់ដែលភាគីទាំងពីរអះអាងថាត្រួតស៊ីគ្នា។ ចំណែកភាគីថៃ បានផ្ដោតសំខាន់លើអាទិភាពការកំណត់ព្រំដែនសមុទ្រជាមួយកម្ពុជា។

បន្ទាប់ពីចរចាកំណត់ដែនសមុទ្រមិនត្រូវគ្នា​ក្នុងកិច្ចប្រជុំរបស់ UNCLOS លើកទី២ នៅប្រទេស​ហូឡង់ (Netherlands) ពេលនេះតុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) បានកោះហៅភាគីកម្ពុជា និងថៃឱ្យមកចរចាលើកទី៣ បន្តទៀត នៅប្រទេសម៉ាឡេស៊ី (Malaysia) ខណៈភាគីទាំង២ បានប្រកាសពីការត្រៀមលក្ខណៈរៀងៗខ្លួន។

ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីប្រកាសកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ថា នៅកិច្ចប្រជុំ​លើកទី៣ នេះ ភាគីកម្ពុជា-ថៃ គ្រោងនឹងបន្តពិភាក្សាលើការកំណត់ព្រំដែនសមុទ្រ ផ្អែកលើ​ទិដ្ឋភាព​បច្ចេកទេស។ ក្នុងនោះកម្ពុជាបានបង្ហាញពីជំនឿបែបសុទិដ្ឋិនិយមថា កិច្ចប្រជុំលើកទី៣ នេះ នឹងផ្ដល់ឱកាសឱ្យភាគីទាំងពីរស្វែងរកចំណុចរួម និងការឯកភាពគ្នាបន្ថែមទៀត។

ក្រសួងការបរទេសបានបញ្ជាក់បន្ថែមថា តាមរយៈការផ្សះផ្សានេះ កម្ពុជាមានគោលបំណង​ឈាន​ដល់​ការចុះសន្ធិសញ្ញាជាមួយភាគីថៃ ដើម្បីកំណត់ព្រំដែនសមុទ្រ ដែលជា​បំណងរួម​របស់​ភាគីទាំងពីរ ឬក៏អាចឈានទៅដល់ការចុះកិច្ចព្រមព្រៀងដើម្បីអភិវឌ្ឍរួមគ្នា និងបែងចែកធនធាន ក្នុងដែនសមុទ្រដោយសមធម៌ ក្នុងអំឡុងពេលរង់ចាំលទ្ធផលនៃការកំណត់ព្រំដែនសមុទ្រ។

ទោះជាយ៉ាងណា ភាគីកម្ពុជា បានលើកឡើងថា ប្រសិនបើក្ដីរំពឹងទាំងនេះមិនអាចសម្រេចបាន​នោះទេ ភាគីកម្ពុជាក៏នឹងស្នើឱ្យគណៈកម្មការផ្សះផ្សារៀបចំអនុសាសន៍ ដែលអាចយកទៅ​ប្រើប្រាស់​សម្រាប់ការចរចានៅថ្ងៃអនាគត ដោយអនុលោមតាមកាតព្វកិច្ចរបស់ប្រទេស​ទាំងពីរ​ក្រោមអនុសញ្ញារបស់ UNCLOS នេះ។

ចំណែកភាគីថៃវិញ ក្រសួងការបរទេសថៃ​បានចេញសេចក្ដីប្រកាសកាលពីម្សិលមិញដែរថា នៅក្នុងកិច្ចប្រជុំលើកទី៣ របស់ UNCLOS នេះភាគីថៃនឹងបន្តលើកយកបញ្ហាដែលនៅសល់​ពីកិច្ចប្រជុំកាលពីលើកមុន ជាពិសេសលើបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ យកមកជជែកដោះស្រាយ។ ភាគីថៃបានបញ្ជាក់ថា កិច្ចប្រជុំលើកទី៣ នេះ ភាគីទាំងពីរក៏នឹងបន្ត​ពិភាក្សាទៅលើទិដ្ឋភាពបច្ចេកទេស និងច្បាប់ ដែលភាគីទាំងពីរបានបង្ហាញឯកសារ និងផ្ដល់​ភស្តុតាងដែលប្រើប្រាស់ដើម្បីកំណត់ព្រំដែនសមុទ្រ ដែលភាគីទាំងពីរបានទាមទាររៀងៗខ្លួន។

ការប្រកាសពីការត្រៀមជើងការរបស់ភាគីកម្ពុជា និងថៃក្នុងកិច្ចប្រជុំលើកទី៣នេះ ធ្វើឡើងបន្ទាប់ពីតុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) បានចេញសេចក្ដីប្រកាសកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ស្ដីពីការរៀបចំកិច្ចប្រជុំលើកទី៣ របស់ UNCLOS រវាងកម្ពុជា និងថៃ នៅទីក្រុងកូឡាឡាំពួរ (Kuala Lumpur) ប្រទេសម៉ាឡេស៊ី (Malaysia) ចាប់ពីថ្ងៃទី ២៤ ដល់ ២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ PCA បានបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងជាលក្ខណៈបិទជិត ដោយមិន​ចំហជាសាធារណៈនោះឡើយ។

ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា និងរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា ដើម្បីសុំការបកស្រាយ​ជុំវិញកិច្ចប្រជុំនេះបានទេ នៅថ្ងៃទី១៩ ខែវិច្ឆិកា។

គិតត្រឹមពេលនេះ កម្ពុជា និងថៃបានចូលរួមក្នុងកិច្ចចរចាជម្លោះដែនសមុទ្រ តាមយន្តការ​ផ្សះផ្សា​ដោយបង្ខំ ចំនួន២លើកមកហើយ ដោយលើកដំបូងកិច្ចប្រជុំនេះធ្វើឡើងនៅប្រទេសសិង្ហបុរី (Singapore) កាលពីខែកញ្ញា និងលើកទី២ នៅតុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) នាទីក្រុង​ឡាអេ (Hague) ក្នុងប្រទេសហូឡង់ (Netherlands) កាលពីខែតុលា បន្ទាប់ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាលើកយកវិវាទដែនសមុទ្រនេះ ទៅដោះស្រាយបន្តនៅតុលាការ​មជ្ឈិត្តការ​អចិន្ត្រៃយ៍ (PCA) ដោយសារភាគីទាំងពីរចរចាមិនត្រូវគ្នា នៅក្នុងកិច្ចប្រជុំលើកទី១។

ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន យល់ឃើញថា កិច្ចប្រជុំលើកទី៣ របស់គណៈកម្មការ​ផ្សះផ្សាដោយបង្ខំ រវាងកម្ពុជា និងថៃនេះ អាចនឹងទទួលបានលទ្ធផល​មិនខុសពីកិច្ចប្រជុំ​លើកទី​២ នោះឡើយ ដោយភាគីទាំងពីរនៅតែមានភាពចម្រូងចម្រាស ក្នុងការកំណត់ព្រំដែន​សមុទ្រ​ជាមួយគ្នា។ លោកបន្តថា ជម្លោះដែនសមុទ្ររវាងកម្ពុជា និងថៃ អាចនឹងស៊ីពេលកាន់តែយូរ ដោយសារភាគីថៃបានចូលរួមក្នុងកិច្ចចរចានេះ គឺដើម្បីបង្គ្រប់កិច្ច ខណៈភាគីថៃ បានប្រកាសបដិសេធចំពោះការសម្រេចណាមួយ ដែលធ្វើឱ្យភាគីថៃត្រូវខាតបង់ ទុកមុនរួចហើយ។

«ថៃគ្រាន់តែចូលរួមបង្គ្រប់កិច្ចនៅក្នុងយន្តការផ្សះផ្សា​ដោយចាប់បង្ខំ​តែប៉ុណ្ណោះឯងព្រោះថៃចង់បានគ្រប់គ្រងនូវតំបន់សមុទ្រត្រួតស៊ីគ្នាទំហំ២៦,០០០គីឡូម៉ែត្រការ៉េដោយផ្ដាច់មុខហើយ និងចង់បានកោះគជ់ដោយផ្ដាច់មុខហើយចង់បានប្រេង និងឧស្ម័ន​ដែល​មានតម្លៃ៣០០ ពាន់លានដុល្លារហ្នឹងដោយផ្ដាច់មុខ។ ដូច្នេះខ្ញុំយល់ថាគណៈកម្មការ​ផ្សះផ្សា​ដោយចាប់បង្ខំមិនអាចផ្សះផ្សារវាងកម្ពុជា និងថៃក្នុងជម្លោះព្រំដែនសមុទ្រនោះទេ»។

លោក អ៊ុំ សំអាន

យ៉ាងណាក៏ដោយចុះ ដោយសារភាពមិនចុះសម្រុងរវាងភាគីកម្ពុជា និងថៃនេះ ត្រូវបានអ្នក​តាមដាន​ស្ថានការណ៍វាយតម្លៃថា ដំណើរការនៃការផ្សះផ្សានេះ អាចនឹងអូសបន្លាយ​យ៉ាងតិច ១ឆ្នាំ ឬលើសពីនេះ ខណៈលទ្ធផលនៃកិច្ចចរចានេះ ក៏ទំនងមិនអាចជួយដោះស្រាយជម្លោះដែន​សមុទ្ររវាងប្រទេសជិតខាងទាំងពីរនេះបានឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ