កម្លាំង​ជាតិ​ចាត់ទុក​លិខិត​ព្រមាន​របស់​ក្រសួង​ ជា​ការរឹតត្បិត​សកម្មភាព​នយោបាយ​មុន​ការ​បោះឆ្នោត

0
64
(ឆ្វេង) ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ជា មុនី និងអនុប្រធានគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង (ថ្លែងកាន់មេក្រូ) ក្នុងកម្មវិធីគណបក្សកាលពីថ្ងៃទី៣០ តុលា ២០២៦។ រូប៖ ហ្វេសប៊ុកគណបក្សកម្លាំងជាតិ
(ឆ្វេង) ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ជា មុនី និងអនុប្រធានគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង (ថ្លែងកាន់មេក្រូ) ក្នុងកម្មវិធីគណបក្សកាលពីថ្ងៃទី៣០ តុលា ២០២៦។ រូប៖ ហ្វេសប៊ុកគណបក្សកម្លាំងជាតិ

គណបក្ស​កម្លាំង​ជាតិ​ចាត់​ទុក​លិខិត​ព្រមាន​របស់​ក្រសួង​មហាផ្ទៃ​ថា ជា​ការ​រឹតត្បិត​មក​លើ​គណបក្ស​ប្រឆាំង​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ​មុន​ការ​បោះឆ្នោត។ ការ​លើក​ឡើង​នេះ គឺ​ក្រោយ​ពេល​ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃទី ១៦ វិច្ឆិកា បាន​ផ្ញើ​លិខិត​ជូន​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ជា មុនី ស្តីពី​ការ​ធ្វើ​សកម្មភាព​របស់​គណបក្ស​កម្លាំង​ជាតិ​ថា ផ្ទុយ​ពី​គោល​ការណ៍​ច្បាប់​កំណត់។

គណបក្ស​កម្លាំង​ជាតិ​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ស្ថាន​ភាព​នៃ​ការ​បោះឆ្នោត​នាពេល​ខាង​មុខ ក្រោយ​ក្រសួង​មហាផ្ទៃ​ផ្ញើលិខិត​ដាក់​សម្ពាធ​មក​លើ​ការ​ធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន។

ក្តី​បារម្ភ​នេះ កើត​ឡើង​ក្រោយ​ពេល រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ផ្ញើ​លិខិត​មួយ ជូន​ប្រធាន​គណបក្ស​កម្លាំងជាតិ ដោយ​បញ្ជាក់​ថា មួយ​រយៈចុង​ក្រោយ​នេះ គណបក្ស​កម្លាំង​ជាតិ បាន​យកលេស​នៃ​ការ​លើក​ស្លាក​គណបក្ស ធ្វើ​សកម្មភាព​ជួបជុំ​ហែក្បួន​ឃោសនា​បោះឆ្នោត​នៅ​តាម​បណ្តា​ឃុំសង្កាត់ ក្រុង ស្រុក ខណ្ឌ និង​ខេត្ត​មួយ​ចំនួន​ដោយ​ប្រើប្រាស់​ឧបករណ៍​បំពង​សម្លេង​និងក្បួន​យានយន្ត​បង្កឲ្យ​ប៉ះពាល់​សណ្តាប់​ធ្នាប់​សាធារណៈ​របៀប​រៀប​រយ​សង្គម និង​នាំឲ្យ​មាន​ការ​ភាន់​ច្រលំ​ថា ជា​ការ​ហែក្បួន​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត។ ក្រសួង​មហាផ្ទៃ​ចាត់ទុក​សកម្មភាព​ទាំង​នេះ​ថា ជា​ការ​អនុវត្ត​មិន​ស្រប​ច្បាប់។

ក្រសួង​មហាផ្ទៃ​ក៏បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវច្បាប់​មក​លើ​គណបក្ស​កម្លាំង​ជាតិ​ក្នុង​ករណី​គណបក្ស​ជំទាស់​នេះ មិន​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​សកម្មភាព​របស់​ខ្លួន។

អ្នកនាំ​ពាក្យ​គណបក្ស​កម្លាំង​ជាតិ លោក សុខ គឹមសេង ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា សកម្មភាព​របស់​គណបក្ស​កម្លាំង​ជាតិ​កន្លង​មក​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​មូលដ្ឋាន មិន​បាន​រំលោភ​បំពាន​ច្បាប់​ណាមួយ​នោះ​ទេ។ ផ្ទុយ​ទៅវិញ​លោក​ថា សកម្មភាព​របស់​គណបក្ស​កម្លាំង​ជាតិ គឺ​ជា​ការ​អនុវត្ត​តាម​គោល​ការណ៍​ប្រជាធិប​តេយ្យ និង​តែង​គោរព​នូវ​ច្បាប់​គណបក្ស​នយោបាយ និង​ច្បាប់​បោះឆ្នោត។ លោក​ទទូច​ឲ្យ​អាជ្ញាធរ អនុវត្ត​ច្បាប់​ឲ្យ​ស្មើភាពគ្នា​ចំពោះ​គណបក្ស​នយោបាយ​ទាំង​អស់ មិនមែន​អនុវត្ត​តែលើ​គណបក្ស​កម្លាំង​ជាតិ​មួយ​នោះ​ទេ។

«យើង​បារម្ភ​ណាស់ អានេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម​ទេ ហើយ​យើង​មិនដឹង​ថា​តើ អឺការ​ធ្វើ​សកម្មភាព​យើង យើង​ត្រូវការ​ការប្រយ័ត្ន​ប្រយែង​អឺកម្រិត​អឺ​កម្រិត​ណាទៀត​ទេ។ ដូចខ្ញុំ​ជម្រាប​អញ្ចឹង​ថា យើង​បាន​អឺព្យាយាម​អឺនៅ​ក្នុង​ការប្រយ័ត្ន​ប្រយែង​ណា ប៉ុន្តែ អឺក៏​នៅតែ​មាន​ការ​អឺព្រមាន​អញ្ចឹង អឺទៅ​ថ្ងៃ​អនាគត​យើង​មិន​ដឹង​ថា​តើ អើយ​យើង​នឹង​រងនូវ​សម្ពាធ​អ្វី​ផ្សេង​ទៀត​ទេ​បាទ»។

លោក សុខ គឹមសេង

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំ​ពាក្យ​រងក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ ដើម្បី​សួរនាំ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ នៅថ្ងៃ​ទី ១៩ វិច្ឆិកា​នេះ។

នៅ​មុន​ការ​បោះឆ្នោត គណបក្ស​ប្រឆាំង​តែង​រងការ​ធ្វើ​ទុក្ខ​បុកម្នេញ ការ​គំរាម​កំហែង ការ​រឹតត្បិត​សកម្មភាព​នយោបាយ ការ​ជួបជុំ និងប្រឈម​នឹង​ការ​ចាប់​ខ្លួន​ជាបន្ត​បន្ទាប់។

ប្រធាន​អង្គការ​ប្រជាធិប​តេយ្យ​ខ្មែរ នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ក្រសួង​មហាផ្ទៃ​ចេញ​លិខិត​ព្រមាន​លើ​គណបក្ស​ប្រឆាំង ប៉ុន្តែ​មិន​ដែល​មើល​លើ​សកម្មភាព​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច ជា​ពិសេស​លោក ហ៊ុន ម៉ាណែត ដែល​តែងតែ​ប្រើ​ប្រាស់​វេទិកា​សាធារណៈ ក្នុង​កម្មវិធី​ឬព្រឹត្ត​ការណ៍​ជាច្រើន​ដែល​មាន​មនុស្ស​ចូលរួម​រាប់រយ​រាប់ពាន់​នាក់ ឃោសនា បញ្ចេញ​សារ​នយោបាយ​របស់​ខ្លួន​ជា​ហូរហែ។ លោក​ថា គណបក្ស​កាន់​អំណាច​ផ្ទាល់​ជាអ្នក​រំលោភ​បំពាន​ច្បាប់​ខ្លាំង​ជាងគេ តាំង​ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ជាតិ ដែល​បាន​ប្រើប្រាស់​ថវិកា​ជាតិ ពេល​វេលា​ការងារ តួនាទី ទៅ​បម្រើ​ផល​ប្រយោជន៍​ឲ្យ​គណបក្ស​របស់​ខ្លួន។ លោក​ចោទ​សួរ​ទៅកាន់​ក្រសួង​មហាផ្ទៃ​ថា អ្នកគាំទ្រ​គណបក្ស​កាន់​អំណាច​តែង​ប្រើ​ភាសា​ជេរប្រមាថ​លើ​អ្នក​ដទៃ ដែល​មាន​និន្នាការ​ផ្ទុយ​រដ្ឋាភិបាល គំរាម​កំហែង​តាម​គ្រប់​រូបភាព តើ​ក្រសួង​មហាផ្ទៃ​មាន​បាន​ចាត់វិធាន​ការ​លើ​អ្នក​ទាំងនោះ​ដែរ​ទេ?

លោក ស៊ឹង សែនករុណា លើក​ឡើង​ថា លោក​ចង់​ឃើញ​ការ​អនុវត្ត​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​នោះ​ដោយ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ មិនមែន​ដាក់​សម្ពាធ ចាត់​វិធាន​ការ រឹតត្បិត​តែ​លើ​គណបក្ស​ប្រឆាំង​ដោយ​គ្រាន់តែ​ពួកគេ​ប្រើប្រាស់​សិទ្ធិធ្វើ​នយោបាយ​របស់​ខ្លួន លើក​ស្លាក​គណបក្ស​នោះ​ទេ។ លោក​ថ្លែង​ថា ដើម្បី​ឲ្យមាន​ការ​បោះឆ្នោត​មួយ ល្អ ត្រឹមត្រូវ គឺ​ត្រូវ​មើល​លើ​បរិកាស​មុន​ការ​បោះឆ្នោត ក្នុង​ពេល​បោះឆ្នោត និង​ក្រោយ​ការ​បោះឆ្នោត។ លោក​ទទូច​ឲ្យ​ក្រសួង​មហាផ្ទៃ​បញ្ឈប់​ការ​រឹតត្បិត គំរាម​កំហែង មក​លើ​គណបក្ស​ប្រឆាំង​តទៅ​ទៀត។

«មិន​គួរ​មាន​ស្ថានភាព​តានតឹង រឹតត្បិត​នូវ​សេរីភាព​របស់​គណបក្ស​នយោបាយ ក្នុង​ការ​ចូលរួម​សកម្មភាព​នយោបាយ​របស់​ខ្លួន​នៅ​ក្នុង​មូលដ្ឋាន​ក្ដី នៅ​ក្នុង​ថ្នាក់ជាតិ​ក្ដី​នោះ​ទេ ពីព្រោះ​ការ​បញ្ចេញមតិ​ក្ដី​លើ​បណ្ដាញ​សង្គម​ដូចមាន​សរសេរ​ហ្នឹង គឺ​មិនមែន​តែ​គណបក្ស​កម្លាំង​ជាតិ​ទេ គណបក្ស​ផ្សេងៗ​ក៏​មាន​ធ្វើ គណបក្ស​កាន់​អំណាច​ហ្នឹង​ជាងគេ​ទៅ​ទៀត អញ្ចឹង កុំយក​ចំណុច​ទាំងអស់​នេះ​មក​ធ្វើការ​វាស់វែង​គ្នា មិន​អាច​អញ្ចឹងទេ ហើយ​បើសិន​ជា​ចង់​គ្រប់គ្រង​ទៅ​លើ​បញ្ហា​ទាំងអស់​ហ្នឹង ក៏​ត្រូវតែ​អនុវត្ត​ទៅ​លើ​គណបក្ស​របស់​ខ្លួន​ដែល​ជា​គណបក្ស​កាន់​អំណាច​ហ្នឹង​ដែរ អាហ្នឹង​បានគេ​ជឿជាក់​អំពី​ដំណើរ​ការ​នៃ​ការ​អនុវត្ត​ច្បាប់​មួយ​ដ៏ត្រឹម​ត្រូវ​និង​យុត្តិធម៌បានបាទ។»

លោក ស៊ឹង សែនករុណា

គណបក្ស​កម្លាំង​ជាតិ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បើក​លំហសិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​នយោ​បាយ ឲ្យ​គណបក្ស​ទាំង​អស់​អាច​ចូលរួម​សកម្មភាព​របស់​ខ្លួន​បាន​ពេញ​លេញ ដោយ​មិនមាន​ការ​ភ័យ​ខ្លាច ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ២០២៧ និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ២០២៨ នាពេល​ខាងមុខ​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ