ទូតបារាំង​នៅ​កម្ពុជា​បញ្ជាក់​បន្ថែម​ករណី​បារាំង​​ជំរុញ​ឱ្យ​កម្ពុជា​ស៊ើប​អង្កេត​​ឃាតកម្ម​លោក លិម គិមយ៉ា

0
94
ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក អូលីវីយេ រីឆាត (Olivier Richard)។ Photo AKP
ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក អូលីវីយេ រីឆាត (Olivier Richard)។ Photo AKP

ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជានៅថ្ងៃទី១៩ វិច្ឆិកា បានចេញមកបញ្ជាក់បន្ថែមទៅលើសំណើ​របស់ប្រធានាធិបតីបារាំងដែលកាលពីថ្ងៃទី១៥ វិច្ឆិកា បានជំរុញឱ្យកម្ពុជាបន្តការស៊ើបអង្កេត​ករណីឃាតកម្មលើអតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិលោក លិម គិមយ៉ា និង​នាំខ្លួន​អ្នកពាក់ព័ន្ធទាំងអស់មកផ្តន្ទាទោសតាមច្បាប់។ ការចេញបញ្ជាក់ជាថ្មីរបស់រដ្ឋាភិបាលបារាំង ខណៈសំណួរនៅតែមានជុំវិញទីតាំងលាក់ខ្លួនរបស់ជនសង្ស័យជនជាតិខ្មែរពីរនាក់ ដែល​អង្គការ​ប៉ូលិសអន្តរជាតិ (Interpol) កំពុងតាមចាប់ខ្លួន។

ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក អូលីវីយេ រីឆាត (Olivier Richard) បានថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅថ្ងៃនេះថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះវិធានការដែលបានអនុវត្តកន្លងមក ប៉ុន្តែក៏បានស្នើឱ្យបន្តការស៊ើបអង្កេត ដើម្បីធានាថា អ្នកដែលសង្ស័យថាបានរៀបចំផែនការឃាតកម្មនេះ ត្រូវបានចាប់ខ្លួន និងនាំមកកាត់ទោស។

លោក លិម គិមយ៉ា ដែលមានសញ្ជាតិបារាំង និងខ្មែរ ត្រូវបានឃាតកបាញ់សម្លាប់នៅទីក្រុង​បាងកក ប្រទេសថៃ កាលពីខែមករា ឆ្នាំ២០២៥។ក្រៅពីឃាតកជាជនជាតិថៃដែលត្រូវបាន​តុលាការថៃកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ឃាតកម្មនេះគឺមានជាប់ពាក់ព័ន្ធនឹងជន​សង្ស័យ​ជាពលរដ្ឋខ្មែរពីររូបគឺលោក លី រតនៈរស្មី និង ពេជ្រ គឹមស្រ៊ិន ដែលមានទំនាក់ទំនង​ជាមួយ​គណបក្សប្រជាជនកម្ពុជា និងគេជឿជាក់ថាកំពុងលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា។

លោក លោក អូលីវីយេ រីឆាត បានឱ្យដឹងថា ការស៊ើបអង្កេតត្រូវបានធ្វើឡើងនៅក្នុងប្រទេស​ចំនួនបី គឺបារាំង កម្ពុជា និងថៃហើយអាជ្ញាធរកម្ពុជាបានចាប់ខ្លួនខ្មាន់កាំភ្លើង និងបញ្ជូន​ទៅ​ប្រទេសថៃ ជាទីដែលរូបគេត្រូវបាននាំមកកាត់ទោស។

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានលើកយកសំណុំរឿងនេះ​មកពិភាក្សា​ដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ក្នុងអំឡុង​ពេល​លោកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែល​ប្រព្រឹត្ត​ទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។

អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី រំពឹងថា រដ្ឋាភិបាលកម្ពុជា​នឹង​ឆ្លើយ​តបចំពោះសំណើរបស់បារាំង។

បានថ្លែងថា អ្វីដែលគ្រួសារជនរងគ្រោះចង់ដឹងនៅពេលនេះ គឺវិធានការ​ជាក់ស្តែងដែលអាជ្ញាធរកម្ពុជាកំពុងអនុវត្ត ដើម្បីស្វែងរកជនសង្ស័យទាំងពីរ និងសហការ​ជាមួយ​ក្រុមអ្នកស៊ើបអង្កេត។

«អ្វីដែលរដ្ឋាភិបាលគួរធ្វើនៅពេលនេះ គឺសហការស្វែងរកជនសង្ស័យ​ទាំងពីរ និងប្រាប់គ្រួសារជនរងគ្រោះថា ការស៊ើបអង្កេតបានដល់ណាហើយ។ បើសិនចាប់បាន គួរតែបញ្ជូនទៅតុលាការបារាំង ដើម្បីធ្វើឱ្យមានការស៊ើបអង្កេតដល់ឫសគល់​នៃអ្នកដែល​នៅពី​ក្រោយពិតប្រាកដបាទ»។

លោក សេង វណ្ណលី

លោក សេង វណ្ណលី បានព្រមានថា ការខកខានមិនចាត់វិធានការអាចធ្វើឱ្យបារាំង​បាត់បង់ទំនុក​ចិត្ត​លើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោយសារលោក លិម គិមយ៉ា មានសញ្ជាតិបារាំង ដូច្នេះ​រដ្ឋាភិបាលបារាំងមានហេតុផលច្បាស់លាស់ក្នុងការទាមទារឱ្យ​មានការទទួលខុស​ត្រូវ​ចំពោះការសម្លាប់ពលរដ្ឋរបស់ខ្លួន។ លោក ថា បារាំងទំនងជានឹងបន្តលើកយកបញ្ហានេះ​ក្នុង​កិច្ចពិភាក្សាការទូត ហើយការយឺតយ៉ាវអាចធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌​រវាងប្រទេស​ទាំងពីរកាន់តែស្មុគស្មាញ។

កូនប្រុសរបស់លោក លិម គិមយ៉ា គឺលោក លិម ថូម៉ាស សំណាង (Lim Thomas-Samnang) បានថ្លែងអំណរគុណដល់លោក Macron តាមរយៈសារបង្ហោះលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ចំពោះការបន្តជំរុញឱ្យមានយុត្តិធម៌។

លោកបានសរសេរថា ប្រសិនបើគ្មានសម្ពាធពីអន្តរជាតិទេ សំណុំរឿងឃាតកម្មលើឪពុករបស់​លោកអាចត្រូវបានគេបំបិទចោលតាំងពីយូរមកហើយ ដូចជាសំណួរមិនទាន់មានចម្លើយជុំវិញ​ករណីឃាតកម្មលើលោក កែម ឡី។

លោក លិម ថូម៉ាស សំណាង បានថ្លែងថា ជិតពីរឆ្នាំបានកន្លងផុតទៅហើយ ចាប់តាំងពីឃាតកម្ម​លើឪពុករបស់លោក ប៉ុន្តែជនសង្ស័យជនជាតិខ្មែរទាំងពីរនាក់នៅតែមានសេរីភាព និងកំពុង​លាក់​ខ្លួនក្នុងប្រទេសកម្ពុជា ទោះបីជាពួកគេស្ថិតក្រោមសេចក្តីជូនដំណឹងក្រហមរបស់ Interpol ក៏ដោយ។

រហូតមកដល់ពេលនេះ មានតែខ្មាន់កាំភ្លើងម្នាក់ប៉ុណ្ណោះដែលត្រូវបានផ្តន្ទាទោស​ក្នុងសំណុំរឿង​នេះ គឺលោក អេកាឡាក់ ផែណយ (Ekkalak Paenoi) ជនជាតិថៃ និងជាអតីតទាហានជើងទឹកថៃ ដែលត្រូវបានតុលាការថៃផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។

អ្នកឃ្លាំមើលសង្គមថា ករណីនេះបានទទួលការចាប់អារម្មណ៍ជាថ្មីក្នុងវិស័យការទូត បន្ទាប់ពី​ដំណើរ​ទស្សនកិច្ចរបស់លោក ម៉ាក្រុង ដែលធ្វើឱ្យមានសម្ពាធកាន់តែខ្លាំងលើអាជ្ញាធរកម្ពុជា​ឱ្យបង្ហាញវឌ្ឍនភាពក្នុងការស្វែងរក និងនាំខ្លួនអ្នកទាំងអស់ដែលទទួលខុសត្រូវ​ចំពោះ​ឃាតកម្ម​នេះមកផ្តន្ទាទោសតាមច្បាប់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ