យោធា​ថៃ​ចុះ​ត្រួតពិនិត្យ​តំបន់​អានសេះ​ដើម្បី​ពង្រីក​កម្លាំងទ័ព និង​កាន់កាប់​ជា​អចិន្ត្រៃយ៍

0
29
សកម្មភាពទាហានថៃបានដាក់ទូកុងតឺន័របិទផ្លូវនៅក្បែរកាស៊ីណូ នៅច្រកអានសេះ ខេត្តព្រះវិហារ កាលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកលោក អ៊ុំ សំអាន
សកម្មភាពទាហានថៃបានដាក់ទូកុងតឺន័របិទផ្លូវនៅក្បែរកាស៊ីណូ នៅច្រកអានសេះ ខេត្តព្រះវិហារ កាលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកលោក អ៊ុំ សំអាន

មេ​បញ្ជាការ​យោធា​ថៃ បាន​ចុះ​ទៅ​ពិនិត្យ​នៅ​តំបន់​អានសេះ ដើម្បី​ពង្រឹង​កម្លាំង​ឈរជើង និង​ឃ្លាំមើល​ពី​សកម្មភាព​របស់​កងទ័ព​ខ្មែរ បន្ទាប់ពី​យោធា​ថៃ​បាន​ចូល​ឈ្លាន​ពាន និង​កាន់កាប់​ក្នុង​តំបន់​នេះ​ដោយ​ខុស​ច្បាប់​អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​នេះ។ ក្នុង​នោះ យោធា​ថៃ​បាន​ពង្រីក​មូលដ្ឋាន​យោធា និង​ពង្រីក​ទីតាំង​ដើរ​ល្បាត ដើម្បី​កាន់កាប់​តំបន់​នេះ​ជា​អចិន្ត្រៃយ៍។

មេបញ្ជាការ​រង​កងទ័ព​អាកាស​ថៃ លោក ប្រាក់ផាត សនចៃឌី (Praphas Sonjaidee) ដែល​មាន​តួនាទី​ជា​នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ព្រំដែន​កម្ពុជា-ថៃ បាន​ដឹកនាំ​ក្រុម​មេបញ្ជាការ​យោធា​ មន្រ្តី​ក្រសួង​ការបរទេស និង​អ្នក​សារព័ត៌មាន ចុះ​ទៅ​ត្រួតពិនិត្យ​ក្នុង​ទឹកដី​កម្ពុជា នៅ​តំបន់​អានសេះ និង​ទីតាំង​អាគារ​កាស៊ីណូ ក្នុង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ដោយ​គ្មាន​ការ​ជូនដំណឹង និង​ការ​អនុញ្ញាត​ពី​ភាគី​កម្ពុជា​នោះឡើយ។

ក្នុង​ការ​ចុះ​មក​ពិនិត្យ​នេះ មេ​បញ្ជាការ​យោធា​ថៃ​បាន​ផ្ដោត​លើ​ការ​ពង្រីក​បេសកកម្ម​សំខាន់​ៗ​មួយ​ចំនួន រួមមាន ការ​ឃ្លាំមើល និង​តាមដាន​ពី​សកម្មភាព​របស់​ទាហាន​ខ្មែរ​ ការ​រឹត​បន្តឹង​ការ​ដើរល្បាត ការ​ពង្រឹង​កងកម្លាំង​ប្រយុទ្ធ និង​ការ​អភិវឌ្ឍ​ផ្លូវ​យុទ្ធសាស្ត្រ ដើម្បី​ត្រៀម​លក្ខណៈ​ទប់ទល់​នឹង​សង្គ្រាម​ដែល​អាច​កើតមាន​ឡើង​នៅ​ថ្ងៃ​អនាគត។ ទន្ទឹម​គ្នា​នេះ យោធា​ថៃ​បាន​ប្រកាស​ពី​ការ​កាន់កាប់​ជា​អចិន្ត្រៃយ៍ និង​ពង្រីក​មូលដ្ឋាន​ទ័ព នៅ​តំបន់​អានសេះ តំបន់​ភ្នំ​៥០០ និង​ភ្នំ​៦៧៧ ដែល​ជា​ទីតាំង​របស់​ទាហាន​ខ្មែរ​ទៀតផង។ យោធា​ថៃ​បាន​អះអាង​ថា ការ​ពង្រីក​កម្លាំង​ឈរជើង​នៅ​តំបន់​អានសេះ នេះ គឺ​ដោយសារ​មាន​ករណី​ភាគី​កម្ពុជា​បាន​បញ្ជូន​ដ្រូន​ស៊ើបការណ៍​នៅ​តាម​ព្រំដែន និង​ករណី​ទាហាន​ខ្មែរ​បាន​ព្យាយាម​ចល័ត​កម្លាំង​ចូលក្នុង​តំបន់​យោធា​ថៃ។

ទូរទស្សន៍​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា និង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក ចាន់ រតនា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​ការ​អះអាង​របស់​ភាគី​យោធា​ថៃ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា។

យោធា​ថៃ​បាន​ចូល​ឈ្លានពាន​ដោយ​រាយ​បន្លា​លួស​ក្នុង​តំបន់​អានសេះ កាលពី​ខែ​សីហា ឆ្នាំ​២០២៥ ក្រោយពេល​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​លើក​ទី​១ កាលពី​ខែ​កក្កដា។ ក៏​ប៉ុន្តែ​កាលនោះ ភាគី​កម្ពុជា​បាន​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន និង​រើ​បន្លា​លួស​ទាំង​នោះ​ចេញ​ទៅ​វិញ។ ក៏​ប៉ុន្តែ ក្នុង​អំឡុង​សង្គ្រាម​ព្រំដែន​លើក​ទី​២ កាលពី​ខែ​ធ្នូ ឆ្នាំ​២០២៥ យោធា​ថៃ​បាន​បើក​ការ​វាយប្រហារ​ដ៏​ធំ​សម្បើម ចូល​ឈ្លានពាន​ចូល​តំបន់​អានសេះ ម្ដងទៀត ដោយ​មាន​ទាំង​ការ​ទម្លាក់​គ្រាប់បែក​ពីលើ​អាកាស ការ​បាញ់​កាំភ្លើង​ធំ និង​ការ​បញ្ជូន​កម្លាំង​ថ្មើរជើង​ឡើង​ទៅ​កម្ទេច​លេណដ្ឋាន​របស់​ទាហាន​ខ្មែរ​នៅលើ​កំពូលភ្នំ​៥០០ និង​ភ្នំ​៦៧៧ រហូត​ទាហាន​ខ្មែរ​បាន​បាក់ទ័ព​ដកថយ។

ទាហាន​ខ្មែរ​ម្នាក់ ដែល​នៅ​រស់រាន​មាន​ជីវិត​ពី​សង្គ្រាម​ជុំ​ទី​២ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ី​សេរី ថា ការ​វាយប្រហារ​ទាំង​កម្រោល​របស់​យោធា​ថៃ មក​លើ​មូលដ្ឋាន​ទ័ព​របស់​កម្ពុជា នៅ​តំបន់​អានសេះ បាន​បណ្ដាល​ឱ្យ​ទាហាន​ខ្មែរ​ជា​ច្រើន​នាក់​បាន​ពលី​នៅលើ​សមរភូមិ ខណៈ​ជា​ច្រើន​នាក់​ទៀត ត្រូវ​យោធា​ថៃ​ឆ្មក់​បាញ់​ប្រហារ​នៅពេល​ដកថយ​ចុះ​ពី​លើ​ភ្នំ។

ក្រោយពី​ចូល​កាន់កាប់​តំបន់​អានសេះ ហើយ យោធា​ថៃ​បាន​បញ្ជូន​គ្រឿងចក្រ​ចូល​ឈូសឆាយ និង​វាយ​កម្ទេច​រូបសំណាក​នៅ​រង្វង់​មូល​តាអ៊ុំ រូបសំណាក​ព្រះវិស្ណុ អគារ​កាស៊ីណូ និង​រាយ​បន្លា​លួស និង​ដាក់​ទូ​កុងតឺន័រ​បិទ​ផ្លូវ​របស់​ទាហាន​ខ្មែរ​ទៀតផង។ ក្រោយមក​ទៀត យោធា​ថៃ​បាន​សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ រូបសំណាក កាំជណ្ដើរ​ឡើង​ភ្នំ និង​មូលដ្ឋាន​យោធា​ជា​ច្រើន​កន្លែង នៅក្នុង​តំបន់​ភ្នំ​អាន​សេះ ភ្នំ​៥០០ និង​ភ្នំ​៦៧៧ នេះ។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ថា តំបន់​អាន​សេះ ភ្នំ​៥០០ និង​ភ្នំ​៦៧៧ គឺ​ស្ថិត​ក្នុង​បូរណភាព​ទឹកដី​កម្ពុជា ស្រប​តាម​ផែនទី​របស់​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤-១៩០៧ ដោយ​មិន​ស្ថិត​ក្នុង​តំបន់​ទាមទារ​នោះ​ឡើយ។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ប្ដឹង​ថៃ​ដោយ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ដើម្បី​កែប្រែ​ទីតាំង​ជាក់ស្ដែង និង​ទាមទារ​តំបន់​ដែល​យោធា​ថៃ​កាន់កាប់​ដោយ​ខុស​ច្បាប់​ទាំងនេះ​មកវិញ។

«សៀម​ពង្រីក​ការ​ឈ្លានពាន​លើ​ទីតាំង​មួយចំនួន​ផ្សេងទៀត ហើយ​រដ្ឋាភិបាល​កម្ពុជា​មិន​ព្រម​ចេញ​ប្រតិកម្ម មិន​ព្រម​បង្ហាញ​ជំហរ​ឲ្យ​ច្បាស់លាស់​ក្នុង​ការ​បក​អាក្រាត​ថៃ​ពី​ចំណុច​លម្អិត​មួយ​ៗ​ទៅកាន់​វេទិកា​អន្តរជាតិ ឬ​ក៏​ធ្វើ​សេចក្ដី​រាយការណ៍​ជា​សាធារណៈ។ ថៃ​ឈ្លានពាន​ខ្មែរ ថៃ​កម្ទេច​ទ្រព្យសម្បត្តិ​ខ្មែរ ជា​អំពើ​ខុស​ច្បាប់​អន្តរជាតិ»។

យ៉ាងណា​ក៏ដោយ​ចុះ ទាហាន​ខ្មែរ​ដែល​កំពុង​ឈរជើង​នៅ​តំបន់​អានសេះ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​កងកម្លាំង​របស់​កម្ពុជា បាន​ចុះ​មក​ឈរជើង​នៅ​ចង្កេះ​ភ្នំ ដែល​ជា​ទីតាំង​ទាប​ជាង​ទីតាំង​ឈរជើង​របស់​យោធា​ថៃ។ លោក​អះអាង​ថា ប្រសិនបើ​កម្ពុជា​ចង់​យក​តំបន់​អានសេះ ភ្នំ​៥០០ និង​ភ្នំ​៦៧៧ មកវិញ​ដោយ​ប្រើប្រាស់​កម្លាំង​យោធា គឺ​មិន​អាច​ទៅ​រួច​នោះ​ឡើយ ដោយសារ​យោធា​ថៃ បាន​ជីក​លេណដ្ឋាន និង​បង្កើត​មូលដ្ឋាន​ទ័ព​ជា​ច្រើន​ជាន់ នៅ​ក្នុង​តំបន់​នេះ​រួច​ទៅហើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ