

បណ្ដាញសហគមន៍ព្រៃឡង់ ចំនួន៤ខេត្ត គ្រោងធ្វើបុណ្យសុំឲ្យព្រៃឈើនៅក្នុងតំបន់ការពារព្រៃឡង់ឲ្យបានគង់វង្ស ខណៈបទល្មើសព្រៃឈើនៅតំបន់ការពារមួយនេះបន្តកើតមានឥតឈប់ឈរ។ សហគមន៍ព្រៃឡង់ស្នើឲ្យរដ្ឋាភិបាល បើកចិត្តទូលាយ ដោយអនុញ្ញាតឲ្យពួកគាត់បានចូលរួមល្បាតព្រៃឈើឡើងវិញ ដើម្បីជួយទប់ស្កាត់បទល្មើសព្រៃឈើ។
បណ្ដាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត គឺក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ គ្រោងធ្វើពិធីសែនព្រេន ឬបុណ្យនឹកគុណព្រៃឡង់ នៅថ្ងៃទី១៤ ដល់១៥ ខែកុម្ភៈខាងមុខ នៅត្រង់ចំណុចស្ពានតាសុង ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីបួងសួងសុំឱ្យព្រៃឈើនៅតំបន់ព្រៃឡង់បាននៅគង់វង្ស រក្សានូវអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់ប្រជាសហគមន៍ បង្ហាញនូវសក្ដានុពលរបស់ព្រៃឡង់ និងឧទ្ទិសបុណ្យកុសលដល់កងទ័ព ដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ លើសពីនោះ បណ្ដាញសហគមន៍ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធអនុញ្ញាតឲ្យសហគមន៍បានចូលល្បាតព្រៃឡង់ឡើងវិញដោយសេរី។
អ្នកសម្របសម្រួលបណ្ដាញសហគមន៍ប្រចាំខេត្តព្រះវិហារ លោក ស្រី ថី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃ២៣ ខែមករា ដោយសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងអនុញ្ញាតឲ្យសហគមន៍ប្រារព្ធកម្មវិធីនេះដោយរលូន មិនមានការរំខានដូចឆ្នាំមុនៗទៀត ហើយក្រោយប្រារព្ធកម្មវិធីបុណ្យព្រៃឡង់នេះរួច អាជ្ញាធរអនុញ្ញាតឲ្យសហគមន៍ល្បាតព្រៃឡើងវិញ ពីព្រោះបទល្មើសព្រៃនៅតំបន់ព្រៃឡង់នៅតែបន្តកើតមានឥតឈប់ឈរ។
លោក ស្រី ថី៖ «បើបទល្មើសព្រៃឈើវានៅតែកើតមានដដែល ទោះបីជាយើងទៅធ្វើបុណ្យ វាស្ងាត់តែពេលបុណ្យ ក្រោយធ្វើបុណ្យហើយវានៅតែដដែល ទាំងបទល្មើសព្រៃឈើ ទាំងរ៉ែវានៅដដែល»។
រហូតមកដល់ពេលនេះ មានរយៈពេលជិតឆ្នាំហើយ ដែលក្រសួងបរិស្ថានហាមឃាត់បណ្ដាញសហគមន៍ព្រៃឡង់ មិនឲ្យចូលល្បាតក្នុងតំបន់ការពារមួយនេះ លើសពីនោះមន្ត្រីបរិស្ថានក៏ធ្លាប់វាយដំ និងគំរាមកំហែងសហគមន៍ថែមទៀត នៅពេលពួកគាត់លួចចូលល្បាតព្រៃ និងស៊ើបអង្កេតបទល្មើសព្រៃឈើម្ដងៗ។
ប្រធានប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ម៉ើ ចាន់ដារ៉ា លើកឡើងថា អាជ្ញាធរពាក់ព័ន្ធ និងសហគមន៍មូលដ្ឋាន គួរសហការគ្នាក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ប្រសើរជាងការហាមឃាត់ និងគំរាមកំហែងសហគមន៍មិនឲ្យចូលរួមជួយបង្ក្រាបបទល្មើសដែលកំពុងកើតមាននៅក្នុងតំបន់ការពារ។ លោកថា នៅពេលដែលមិនអនុញ្ញាតសហគមន៍ជួយទប់ស្កាត់បទល្មើស ស្មើនឹងបើកដៃឲ្យជនល្មើសកាប់ឈើធ្វើអាជីវកម្មកាន់តែច្រើនឡើង។
លោក ម៉ើ ចាន់ដារ៉ា៖ «វត្តមានសហគមន៍មូលដ្ឋាន នឹងធ្វើឲ្យអវត្តមានបទល្មើសព្រៃឈើ នៅក្នុងតំបន់ព្រៃឡង់ អវត្តមានសហគមន៍មូលដ្ឋានម្ដង នឹងធ្វើឲ្យមានវិនាសកម្មម្ដងនៅក្នុងតំបន់ព្រៃឡង់ អ៊ីចឹងវាសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល និងចូលរួមថែរក្សាគម្របព្រៃឈើឲ្យបាន៦០ភាគរយ ក្នុងឆ្នាំ២០៥០ដែរ ហើយប្រសិនបើគ្មានវត្តមានរបស់សហគមន៍មូលដ្ឋានចូលរួមល្បាតដោយសេរីទេ ការតាំងចិត្ត និងការប្រតិបត្តិសច្ចាប័នក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិផ្សេងៗ ដែលយើងមានក៏វាមិនអាចទៅរួចបានដែរ»។
សកម្មការពារព្រៃឈើ អះអាងថា បើទោះបីជាប្រទេសកម្ពុជា និងប្រទេសថៃ កំពុងមានសង្គ្រាមជាមួយក្តី ក៏បទល្មើសកាប់ព្រៃឈើ នៅតែកើនឡើងយ៉ាងស្ងៀមស្ងាត់៕









