

ពលរដ្ឋលើកឡើងថា ការផ្សព្វផ្សាយពីសភាពការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានភាពចម្រូងចម្រាស កាន់តែស្ងប់ស្ងាត់ ដែលធ្វើឱ្យពួកគាត់មិនទទួលបានព័ត៌មានស្ដីពីបច្ចុប្បន្នភាពពីវិវាទព្រំដែន។ ពួកគាត់ចោទថា បញ្ហានេះ គឺបណ្ដាលមកពីរដ្ឋាភិបាលរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឱ្យពលរដ្ឋឆាប់ភ្លេចរឿងបាត់បង់ទឹកដីតាមព្រំដែនទៅកាន់ភាគីថៃ ដែលបង្ហាញពីអសមត្ថភាពរបស់មេដឹកនាំ។
សំឡេងគ្រឿងចក្ររបស់ថៃ ដែលកំពុងបន្តឈូសឆាយ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅលើទឹកដីខ្មែរ តាមបណ្ដោយព្រំដែន នៅឮសូរលាន់រំពងនៅឡើយ ក៏ប៉ុន្តែព័ត៌មាន និងការជជែកអំពីរឿងនេះ នៅលើបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ពុំសូវមានភាពផុសផុលដូចពីមុននោះឡើយ។
ពលរដ្ឋនៅឃុំអូរបីជាន់ ប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកស្រីឈឺចាប់ នៅពេលបានឃើញក្រុមទាហានថៃ កំពុងដាក់ពង្រាយបន្លាលួស ទូកុងតឺន័រ និងឈូសឆាយផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរ និងឮសំឡេងទួញសោករបស់ជនភៀសសឹកពីក្នុងជំរំតង់កៅស៊ូ ប៉ុន្តែករណីទាំងនេះ បែរជាមិនត្រូវបានផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងទូលំទូលាយនោះឡើយ។
ពលរដ្ឋ៖ «សម្រាប់មេដឹកនាំ ដែលទន់ខ្សោយ និងគ្មានចំណេះដឹងសម្រាប់ការពារប្រទេស បានគំរាម អ្នកនិយាយរឿងព្រំដែន នឹងចាប់ដាក់គុក។ អ៊ីចឹងប្រជាពលរដ្ឋម្នាក់ៗ គឺភ្លេចអស់ហើយ គឺមានតែជនភៀសសឹក ដែលគាត់មិនទាន់មានផ្ទះសម្បែង គឺពួកគាត់នៅចងចាំ និងឈឺចាប់រហូតកើតរោគចិត្ត»។
នៅលើបណ្ដាញសង្គមរបស់កម្ពុជាបច្ចុប្បន្ន ការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ នៅតំបន់ព្រំដែន មានសភាពកាន់ស្ងប់ស្ងាត់ ជាពិសេស ចំពោះសកម្មភាពឈ្លានពានរបស់យោធាថៃ នៅលើទឹកដីកម្ពុជា ភាពតានតឹងនៅតាមតំបន់ព្រំដែន ស្ថានភាពរស់នៅរបស់ជនភៀសសឹក បញ្ហាកងទ័ពនៅជួរមុខ និងអំពើពុករលួយនៅក្នុងវិស័យការពារជាតិ។
ចំណែកក្រសួងស្ថាប័នរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយ ដែលស្និទ្ធនឹងគណបក្សកាន់អំណាច បានផ្ដោតសំខាន់លើព័ត៌មានបែបពិធីការ និងសារការទូត ដែលមានលក្ខណៈ ជាការលើកស្ទួយមុខមាត់របស់មេដឹកនាំ។
អ្នកសារព័ត៌មានឯករាជ្យម្នាក់ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានលើកឡើងថា មូលហេតុដែលស្ថាប័នសារព័ត៌មានភាគច្រើន មិនហ៊ានចុះផ្សាយព័ត៌មានស្ដីពីបញ្ហាព្រំដែន ដោយសារតែរដ្ឋាភិបាលបានរឹតត្បិតសិទ្ធិ ដោយយកបញ្ហាសន្តិសុខជាតិ មកធ្វើជាបន្ទាត់ខណ្ឌដល់អ្នកសារព័ត៌មាន។ កញ្ញាបន្តថា ប្រឈមនឹងបញ្ហាសម្ពាធបែបនេះ ស្ថាប័នផ្សព្វផ្សាយភាគច្រើន គ្មានជម្រើសអ្វី ក្រៅតែពីផ្សាយព័ត៌មានដោយដេញតាមព្រឹត្តិការណ៍សង្គម និងរឿងរ៉ាវរបស់បុគ្គលឯកជន ដែលមានអ្នកតាមដាន និងទស្សនាច្រើន។
អ្នកសារព័ត៌មាន៖ «ពលរដ្ឋនៅក្នុងប្រទេសមិនបានតាមដានឱ្យបានជាប់ មិនមានការផ្សព្វផ្សាយឱ្យបានពេញលេញ អ៊ីចឹងវាធ្វើឱ្យការផ្សព្វផ្សាយព័ត៌មាន អាចថាមានចន្លោះប្រហោង។ វាប្រៀបដូចជាមេរៀនអ៊ីចឹង នៅពេលយើងរៀនខានៗ គឺអត់ចាំទេ»។
តាំងពីផ្ទុះសង្គ្រាមជាមួយថៃ នៅតាមបណ្ដោយព្រំដែនមក រដ្ឋាភិបាលកម្ពុជាត្រូវបានគេមើលឃើញថា បានប្រើប្រាស់វិធីសាស្ត្រគ្រប់គ្រងព័ត៌មាន តាមបែបប្រទេសកុម្មុយនិស្ត ដោយស្ថាប័នរដ្ឋ បានក្ដោបក្ដាប់ និងបិទព័ត៌មានសំខាន់ៗជាច្រើន ទោះបីជាដំណឹងទាំងនោះ មិនពាក់ព័ន្ធនឹងសន្តិសុខជាតិក៏ដោយ។ ជាក់ស្ដែង ដូចជាការលាក់បាំងអំពីការវាយប្រហាររបស់យោធាថៃ មកលើទីតាំងយោធា និងតំបន់ជនស៊ីវិល ក្នុងទឹកដីខ្មែរ ដែលធ្វើឱ្យប្រជាពលរដ្ឋត្រូវភៀសសឹកយ៉ាងតក់ក្រហល់ ដោយមិនបានរៀបចំទុកជាមុន។
ក្នុងនោះ រដ្ឋាភិបាលកម្ពុជា បានពន្យារពេលការបញ្ចេញព័ត៌មានអំពីការស្លាប់របស់ទាហានខ្មែរម្នាក់ គឺលោក សួន រ៉ោន កាលពីផ្ទុះអាវុធលើកដំបូងនៅតំបន់មុំបី ដែលធ្វើឱ្យភាគីថៃ ផ្សាយបានមុន ជាហេតុធ្វើឱ្យអន្តរជាតិមានការភាន់ច្រឡំមកលើកម្ពុជា ថា ជាអ្នកបង្កហេតុមុន និងការលាក់បាំងពីដំណឹងទាហានថៃ ប្រើឧបាយកលចាប់ទាហាន ២១នាក់ ធ្វើជាឈ្លើយសឹកជាដើម។
ក្រៅពីនេះ រដ្ឋាភិបាលកម្ពុជា បានផ្សាយបំប៉ោងពីសមត្ថភាពរបស់កងទ័ពខ្មែរ នៅក្នុងសមរភូមិប្រយុទ្ធ ដោយអះអាងថា ទាហានខ្មែរកំពុងឈរជើង និងការពារយ៉ាងរឹងមាំ ទាំងដែលការពិត ទាហានខ្មែរត្រូវទាហានថៃ វាយប្រហារយ៉ាងសន្ធប់ពីលើអាកាស និងលើគោក រហូតបាត់បង់លទ្ធភាពវាយតបត ដែលបណ្ដាលឱ្យទាហានជាង ១០០នាក់ បានពលី និងទឹកដីជាង ៤០ទីតាំង ត្រូវយោធាថៃចូលកាន់កាប់។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៣ ខែមីនា។
ជុំវិញរឿងនេះ នាយកប្រតិបត្តិ នៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា លោក ណុប វី យល់ឃើញថា ភាពស្ងប់ស្ងាត់របស់សារព័ត៌មានអំពីរឿងបញ្ហាព្រំដែន អាចបណ្ដាលមកពីចំណាប់អារម្មណ៍របស់អ្នកសារព័ត៌មាន ទៅលើប្រធានបទ កង្វះស្ថាប័នឯករាជ្យ ការថយចុះភាពតានតឹងនៅតំបន់ព្រំដែន និងការដាក់សម្ពាធផ្លូវច្បាប់ ចំពោះអ្នកសារព័ត៌មាន។ លោកបន្តថា ភាពស្ងប់ស្ងាត់នេះ នឹងធ្វើឱ្យកម្ពុជាបាត់បង់សំឡេង ក្នុងការពាំនាំយកភាពអយុត្តិធម៌របស់កម្ពុជា ទៅផ្សព្វផ្សាយឱ្យអន្តរជាតិបានឮ។
លោក ណុប វី៖ «ឬក៏យើងធ្វើឱ្យច្បាស់លាស់តែម្ដងថា តើកម្រិត ឬក្របខ័ណ្ឌព័ត៌មានណាខ្លះ ដែលចាត់បញ្ចូលជាព័ត៌មានសម្ងាត់របស់យោធា។ អ៊ីចឹងវាអាចជួយធ្វើឱ្យអ្នកសារព័ត៌មានយល់បានច្បាស់លាស់ និងអាចកាត់បន្ថយបាននូវហានិភ័យផ្សេងៗ ដែលជាការព្រួយបារម្ភរបស់អាជ្ញាធរ ឬក៏រដ្ឋាភិបាល ហើយធ្វើឱ្យអ្នកសារព័ត៌មាន មានលំហមួយច្បាស់លាស់ដែលអាចធ្វើការងារឱ្យបានមានប្រសិទ្ធភាព»។
របាយការណ៍របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកុម្ភៈ រកឃើញថា នៅចន្លោះពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៥ មានអ្នកសារព័ត៌មាន ចំនួន ១៤នាក់ បានរងការធ្វើទុក្ខបុកម្នេញ និងចាប់ខ្លួន បន្ទាប់ពីពួកគេបានរាយការណ៍ពីបញ្ហាព្រំដែនកម្ពុជា-ថៃ។
ក្រៅពីនេះ របាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានបង្ហាញថា កាលពីឆ្នាំ២០២៥ មានពលរដ្ឋយ៉ាងតិចណាស់ចំនួន ៨២នាក់ត្រូវអាជ្ញាធរចាប់ឃុំខ្លួន និងចោទប្រកាន់ បន្ទាប់ពីអ្នកទាំងនោះបានបញ្ចេញមតិ និងបង្ហាញការយល់ឃើញរបស់ពួកគេនៅលើបណ្ដាញសង្គម អំពីរឿងបញ្ហាសង្គម និងជម្លោះព្រំដែនកម្ពុជា-ថៃ។
ពលរដ្ឋលើកឡើងថា ប្រសិនបើរដ្ឋាភិបាលនៅតែបន្តបិទបាំងព័ត៌មាននៅតាមព្រំដែន គឺជាការបង្ហាញពីភាពទន់ខ្សោយ និងភាពទុច្ចរិតរបស់មេដឹកនាំ ដែលយកបញ្ហាបូរណភាពទឹកដី មកពាក់ព័ន្ធនឹងការការពារអំណាចរបស់ខ្លួន៕








