ពលរដ្ឋមានទំនាស់ដីធ្លីនៅខេត្តរតនគិរីអះអាងថា មន្ត្រីកងរាជអាវុធហត្ថស្រុកអណ្ដូងមាសចំនួន៣នាក់ ប៉ុនប៉ងចាប់តំណាងរបស់ពួកគាត់ ក្រោយពលរដ្ឋបាននាំគ្នាហាមឃាត់គ្រឿងចក្រមិនឲ្យកម្ទេចស្ពានឈើ ដែលពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ មន្ត្រីសង្គមស៊ីវិល ទទូចឲ្យអាជ្ញាធរពាក់ព័ន្ធរកដំណោះស្រាយឲ្យពលរដ្ឋ ប្រសើរជាងតាមធ្វើបាបពលរដ្ឋខ្លួនឯង។
ពលរដ្ឋមានទំនាស់ដីធ្លីនៅភូមិកាណាត់ ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី អះអាងថា កាលពីថ្ងៃទី១៥ខែកុម្ភៈ មានមន្ត្រីកងរាជអាវុធហត្ថស្រុកចំនួន៣នាក់ ប៉ុនប៉ងចាប់តំណាងពលរដ្ឋ ក្រោយពលរដ្ឋនាំគ្នាហាមឃាត់គ្រឿងចក្រ របស់លោក ជំទាវ សេក សុភ័ក្រសឿម៉ូនា មិនឲ្យកាយកម្ទេចស្ពានឈើឆ្លងអូរ ដែលពលរដ្ឋប្រើប្រាស់សម្រាប់ដឹកជញ្ជូនកសិផលប្រចាំថ្ងៃ។
តំណាងពលរដ្ឋ លោក សល់ ព្លុក អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៧ ខែកុម្ភៈថា មន្ត្រីកងរាជអាវុធហត្ថស្រុកអណ្ដូងមាសចំនួន៣នាក់ ប៉ុនប៉ងចាប់ លោក សឿន កេត ដែលជាតំណាងរបស់ពលរដ្ឋ ប៉ុន្តែភ្លាមៗពលរដ្ឋរងគ្រោះដីធ្លីជាង២០នាក់បានជួយ លោក សឿន កេត ទាន់ពេល។ លោកថា ពលរដ្ឋនៅតែបារម្ភខ្លាច អាជ្ញាធរស្រុកមកចាប់តំណាងរបស់ពួកគាត់ម្ដងទៀត ពេលលោក សឿន កេត នៅម្នាក់ឯង។
លោក សល់ ព្លុក៖ «សំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ សូមជួយដោះស្រាយជម្លោះបញ្ហាដីធ្លី ឲ្យយើងខ្ញុំជាជនរងគ្រោះផង ពីព្រោះសព្វថ្ងៃនេះយើងវេទនាណាស់ ផ្លូវដឹកកសិផលក៏មិនស្រួលដែរ ធ្វើផ្លូវវាងចូលទៅចម្ការ ហើយគេចង់បំផ្លាញស្ពាន បំផ្លាញផ្លូវយើងទៅចម្ការ ព្រួយបារម្ភជាពិសេស អត់មានមធ្យោបាយចេញចូលទៅចម្ការ គេបិទផ្លូវមិនឲ្យយើងខ្ញុំចេញចូល»។
លោក សល់ ព្លុក អះអាងទៀតថា សមត្ថកិច្ចបានចុះទៅសួរនាំពលរដ្ឋពាក់ព័ន្ធស្ពានឈើ និងបញ្ហាទំនាស់ដីធ្លីនេះដែរ ប៉ុន្តែអាជ្ញាធរមិនមានដំណោះស្រាយឲ្យពលរដ្ឋនោះទេ។ ពលរដ្ឋទាមទារឲ្យមន្ត្រីកងរាជអាវុធហត្ថស្រុកអណ្ដូងមាស ឈប់ប៉ុនប៉ងចាប់តំណាងរបស់ពួកគាត់ទៀត ហើយត្រូវស្វែងរកដំណោះស្រាយឲ្យពលរដ្ឋវិញ ទើបជារឿងល្អប្រសើរ។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន និងលោក ជំទាវ សេក សុភ័ក្រសឿម៉ូនា ដើម្បីឆ្លើយតបបានទេ នៅថ្ងៃទី១៧ ខែកុម្ភៈ។ ចំណែកមេឃុំតាឡាវ លោក ថា ប៊ុនឡត បានចុចបិទទូរស័ព្ទ ពេលឮថា អ្នកយកព័ត៌មានទូរទស្សន៍អាស៊ីសេរី។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ចេញមុខការពារនៅថ្ងៃទី១៧ កុម្ភៈថា មន្ត្រីកងរាជអាវុធហត្ថស្រុកអណ្ដូងមាស ទទួលបានពាក្យបណ្ដឹងពី លោក សេង សុផល ដែលជាមេការចាំចម្ការឲ្យ ឈ្មោះ សេក សុភ័ក្រសឿម៉ូនា ថា មានតំណាងពលរដ្ឋឈ្មោះ សឿន កេត បានគប់បែកកញ្ចក់អេស្កាវ៉ាទ័រដែលកំពុងកាយស្ពានឈើ។ លោកបញ្ជាក់ថា មន្ត្រីកងរាជអាវុធហត្ថស្រុកអណ្ដូងមាស៦នាក់ បានចុះទៅសួររកលោក សឿន កេត តាមការបង្គាប់បញ្ជារបស់ព្រះរាជអាជ្ញារងខេត្តរតនគិរីលោក ឡេង លីណា។ លោក អេង ហ៊ី អះអាងថា ស្ពានដែលលោក សឿន កេត និងប្រពន្ធរារាំងមិនឱ្យមេការចាំចម្ការកាយនោះ គឺស្ថិតនៅលើដីរបស់ឈ្មោះ សេក សុភ័ក្ត្រសឿម៉ូនា។ លោកបញ្ជាក់បន្ថែមថា ករណីនេះ មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថបន្តកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី។
ទោះជាយ៉ាងណា អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យិន ម៉េងលី យល់ឃើញថា អាជ្ញាធរគួរដើរតួនាទីជាអ្នកសម្របសម្រួល ក្នុងការស្វែងរកដំណោះស្រាយឲ្យពលរដ្ឋដោយសន្តិវិធី ប្រសើរជាងយកពលរដ្ឋរងគ្រោះធ្វើជាសត្រូវ ពីព្រោះបញ្ហាទាំងនេះ មិនគួរអូសបន្លាយរហូតដល់មានការចាប់ខ្លួន និងប្រើប្រាស់ហិង្សាបែបនេះឡើយ។
លោក យិន ម៉េងលី៖ «ភាគីទាំងពីរជួបគ្នាចរចាគ្នាទៅ ហើយអាជ្ញាធរខេត្តលោកជាអ្នកសម្របសម្រួលបញ្ហានេះ ដើម្បីបញ្ចប់កុំឲ្យមានបញ្ហារបៀបនេះកើតឡើងទៀត វាប៉ះពាល់ដល់ខេត្ត មុខមាត់ខេត្តក៏ដូចរដ្ឋាភិបាលដែរ»។
ពលរដ្ឋលើកឡើងថា ពលរដ្ឋបានអាស្រ័យផលនៅដីរបស់ពួកគាត់តាំងពីដូនតាមក ប៉ុន្តែលោកជំទាវ សេក សុភ័ក្រសឿម៉ូនា ដែលពលរដ្ឋតែងឮគេហៅថា ជំទាវ វី បានដណ្ដើមដីស្រែចម្ការរបស់ពលរដ្ឋចំនួន២៥គ្រួសារ កាលពីឆ្នាំ២០២៤ ដែលមានទំហំជិត១រយ (៨៥)ហិកតារ។ ពលរដ្ឋថា ជំទាវមានលុយមានអំណាចរូបនេះ ក៏បានជួលឲ្យអាជ្ញាធរស្រុកអណ្ដូងមាស ធ្វើទុក្ខបុកម្នេញ និងប្ដឹងពលរដ្ឋទៅតុលាការថែមទៀតផង៕










