
អ្នកឃ្លាំមើលបារម្ភពីការផ្ទុះសង្គ្រាមជាថ្មី ក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ រយៈពេល៣ថ្ងៃកន្លងមកនេះ មិនអាចឈានទៅរកកិច្ចព្រមព្រៀងរួមណាមួយ។ ពួកគាត់ថា ហេតុផលដែលយោធាថៃនឹងយកមូលដ្ឋាននោះគឺថៃ នឹងបន្តចោទកម្ពុជា ថាបានជ្រៀតជ្រែកនយោបាយផ្ទៃក្នុងថៃ ការបង្ក្រាបឧក្រិដ្ឋកម្ម ឆបោកតាមអនឡាញ និងការចោទកងទ័ពកម្ពុជាថា បានជីកលេណដ្ឋាន និងបន្ទាយ នៅជាប់នឹងព្រំដែនថៃ ដើម្បីបង្កសង្គ្រាមជាមួយភាគីថៃជាដើម។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លើកឡើងថា គិតត្រឹមថ្ងៃទី ២៩ ខែមករា នេះ ស្ថានភាពនៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ បានឈានដល់ដំណាក់កាលដ៏ស្រួចស្រាល់បំផុត បន្ទាប់ពីកិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនភូមិភាគ (RBC) រវាងកម្ពុជា-ថៃ រយៈពេលបីថ្ងៃនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបិទបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង ឬដំណោះស្រាយនោះ។ លោកថា ការបរាជ័យនៃកិច្ចចរចានេះ ចំពេលដែលយោធាថៃកំពុងដាក់កងទ័ពជាច្រើនតាមព្រំដែន ហាក់ត្រៀមបង្កសង្គ្រាមឈ្លានពានកម្ពុជា ជាលើកទី៣។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា ហេតុផលចំនួន៣ ដែលយោធាថៃអាចប្រើជាលេសបង្កសង្គ្រាម ឈ្លានពាន កម្ពុជានោះ គឺយោធាថៃនឹង ប្រើ«យុទ្ធសាស្ត្រការពារស្ថាប័នព្រះមហាក្សត្រ» ដើម្បីបើកប្រតិបត្តិការយោធាកម្រិតទាបនៅតាមតំបន់ ដូចជាប្រាសាទព្រះវិហារ ឬតំបន់កំពុងមានជម្លោះជាមួយកម្ពុជា ដោយផ្អែកលើប្រតិកម្ម របស់ក្រសួងការបរទេសថៃ ចំពោះ «លិខិតចំហ» របស់សមាជិកព្រឹទ្ធសភា កម្ពុជា ដែលបានផ្ញើថ្វាយព្រះអង្គម្ចាស់ក្សត្រីយ៍ថៃ ឱ្យជួយអន្តរាគមន៍ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដោយពួកគេបានចាត់ទុកថា នេះជាការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងថៃ។
លោកបន្ត ហេតុផលនេះហើយ ដែលកិច្ចចរចាព្រំដែនរវាងប្រទេសទាំងពីរ បានបរាជ័យ ព្រោះថា យោធាថៃអាចនឹងប្រើលេស «ការការពារព្រះកិត្តិយសរបស់ស្ថាប័នមហាក្សត្រ» វាយប្រហារតាមអាកាស ឬការឈ្លានពានទ្រង់ទ្រាយតូច មកលើកម្ពុជា ដើម្បីបង្វែរចំណាប់អារម្មណ៍ អ្នកបោះឆ្នោតថៃ ឱ្យងាកមកគាំទ្រ គណបក្សអភិរក្សនិយមរបស់ នាយករដ្ឋមន្ត្រីចាំផ្ទះលោក អានុធីន ចាន់វិរៈគុល (Anutin Chanvirarkul) ដែលកំពុងតែបាត់បង់ការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យុវជន និងក្រុមបញ្ញវន្តថៃ។ចំណែកហេតុផលមួយទៀត លោក សេង វណ្ណលី ថា យោធាថៃនឹងយកលេស «ប្រតិបត្តិការបង្ក្រាបការឆបោកឆ្លងដែន» ដើម្បីកម្ទេចមជ្ឈមណ្ឌលឆបោកក្នុងទឹកដីកម្ពុជា ដែលពួកគេចោទថា ឧស្សាហកម្មនេះ ការពារដោយ កងទ័ពកម្ពុជា ខណៈដែលលេសនេះ ជា ឧបករណ៍នយោបាយដ៏មានប្រសិទ្ធភាព សម្រាប់ គណបក្សភូមិចៃថៃរបស់ លោក អានុធីន ចាន់វិរៈគុល ក្នុងការដណ្ដើមសំឡេងឆ្នោតពីប្រជាជនថៃ ដែលរស់នៅជាយទីក្រុងបាងកក។
រីឯលេសចុងក្រោយនោះ លោក សេង វណ្ណលី លើកឡើងថា ជារឿងគួរឱ្យបារម្ភបំផុត គឺការប៉ះទង្គិចដោយ អចេតនាដែលកើតចេញពីការសាងសង់បន្ទាយ និងលេណដ្ឋានថ្មីៗនៅតាមព្រំដែន។ លោកថា អតីតមេបញ្ជាការរងភូមិភាគទី២ របស់ថៃ បានព្រមានយ៉ាងច្បាស់ កាលពីថ្ងៃទី២៨ ខែមករា ដោយចោទកម្ពុជាថាកំពុង ជីកលេណដ្ឋាន នៅជាប់ខេត្តត្រាត (Trat) របស់ថៃ ដែលពួកគេចោទថា កម្ពុជាកំពុងតែត្រៀម ធ្វើសង្គ្រាមលើកទីបីជាមួយថៃ។
ទន្ទឹមគ្នានោះ លោក សេង វណ្ណលី បន្តថា ទោះបីជាកម្ពុជាបានពង្រឹងកម្លាំងការទូតដោយចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងការផ្ដល់សច្ចាប័នលើច្បាប់សមុទ្រ UNCLOS ដើម្បីស្វែងរកការគាំទ្រពីអន្តរជាតិក៏ដោយ ប៉ុន្តែឥទ្ធិពលនៃនយោបាយផ្ទៃក្នុងថៃ និងតម្រូវការការឈ្នះឆ្នោតរបស់ក្រុមអភិរក្សនិយមថៃ នៅតែជាកត្តាជំរុញដ៏មានឥទ្ធិពលបំផុតឱ្យមានការផ្ទុះអាវុធនៅមុនថ្ងៃទី៨ ខែកុម្ភៈ។
លោក សេង វណ្ណលី៖ «លទ្ធភាពនៃការកើតមានរលកទី៣ ស្ថិតនៅក្នុងសេណារីយ៉ូ នៃការឈ្លានពាន មានកម្រិតកំណត់ដើម្បីបម្រើឱ្យគោលដៅបោះឆ្នោតជាជាងពេញទំហឹង។ ក៏ជាហេតុផលមួយ ដែលលោកអានុធីន អាចប្រើប្រាស់ដើម្បីកៀរគរសំឡេងគាំទ្ររបស់អ្នកជាតិនិយមជ្រុល សម្រាប់ការបោះឆ្នោតនៅពេលខាងមុខ»។
ប្រតិកម្មនេះធ្វើឡើង ក្រោយពីក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែមករា បានចេញសេចក្ដីប្រកាសព័ត៌មានថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ បានបិទបញ្ចប់ក្រោយពីដំណើរការ អស់បីថ្ងៃគឺពីថ្ងៃទី២៧ ដល់២៩ ខែមករា។ ក្នុងនោះក្រសួងថា ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្ដាលរួមគ្នាមួយនៅឡើយ ដូច្នេះពុំមានការចុះកិច្ចព្រមព្រៀង និងដោះស្រាយបញ្ហា ណាមួយ បាននោះទេ ដោយលើកពេលប្រជុំ ទៅថ្ងៃខាងមុនទៀត។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន លើកឡើងថា ថាចាប់តាំងពីថៃបានឈ្លានពានកម្ពុជា ហើយបានកាន់កាប់ទឹកខ្មែរបានដល់ ៤១ទីតាំងហើយនោះ ថៃគ្មានឆន្ទៈចរចា ជាមួយកម្ពុជាទៀតនោះទេ។ លោកបន្តថា ថៃនឹងមិនចរចាជាមួយកម្ពុជា ក្នុងគោលដៅ ដើម្បីប្រគល់ទឹកដី ដែលថៃ វាយដណ្ដើមបានមកកម្ពុជាវិញឡើយ ដរាបណា កម្ពុជាមិនបានប្ដឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJទេនោះ។
មួយវិញទៀត លោកថា ករណីដែលថា យោធាថៃចង់បង្កសង្គ្រាមជាថ្មី ក្រោមហេតុផល បញ្ហានយោបាយផ្ទៃក្នុងថៃនោះ អាចកើតឡើងក្នុងកម្រិតទាបបំផុត ព្រោះកម្ពុជាគ្មានកម្លាំងកងទ័ពគ្រប់គ្រាន់ និងសព្វាវុធទំនើបៗ ដើម្បីកំដរថៃ ក្នុងការធ្វើសង្គ្រាមនោះឡើយ។ ដូច្នេះលោកថា ពេលនេះ មេដឹកនាំត្រកូល«ហ៊ុន» គ្មានជម្រើសអ្វីក្រៅតែពីចរចានិងថៃ ដើម្បីពន្លឿន ការបង្គោល ព្រំដែនតាមខ្នាត ១/៥០ពាន់ ដែលជាការគូសវាសដោយឯកតោភាគីថៃ និងការចរចា ដើម្បីគម្រប់កិច្ច រួចហើយទុកឱ្យបញ្ហានេះបន្ត ជាប់គាំងចោល រាប់ឆ្នាំជាដើម។
លោក អ៊ុំ សំអាន៖ «ជម្រើសលោក ហ៊ុន ម៉ាណែតមានតែពីរ គឺកាត់ទឹកដីដូរយកសន្តិភាព និងអំណាច។ ទី២ទុករឿងព្រំដែននឹងឱ្យនៅរហូតអ៊ីចឹងទៅ។ អ៊ីចឹងហើយ បានខ្ញុំអំពាវនាវទៅដល់ពលរដ្ឋខ្មែរទាមទារឱ្យ លោក ហ៊ុន ម៉ាណែត ចុះចេញពីតំណែងទៅ ហើយមានមេដឹកនាំថ្មីទៅ។ ពេលមានមេដឹកនាំថ្មីគេនឹងទាមទារទឹកដី៤១ទីតាំងនោះមកវិញ តាមរយៈការប្ដឹងថៃទៅតុលាការអន្តរជាតិ»។
ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា ស្ថានភាពនៅតាមព្រំដែន ហាក់មានភាព ផុយស្រួយខ្លាំង នៃផ្ទុះអាវុធជាថ្មី ខណៈយោធាថៃ កំពុងពង្រីកការឈ្លានពាន ហើយរាយបន្លាលួសព័ទ្ធយកដីខ្មែរ តាមអំពើចិត្ត រហូតតំបន់ខ្លះ មានការទើសសម្ដីគ្នារវាងយោធិនថៃ និងយោធិនកម្ពុជា ដែលកំពុងតែឈរជើងតាមព្រមដែន។ ជាមួយគ្នានោះ ប្រជាពលរដ្ឋដែលរស់នៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ និង តំបន់ខ្លះនៅខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ពួកគាត់បាននាំគ្នាចាក់ចេញពីលំនៅឋានជាថ្មី ត្រឡប់ទៅជំរំភៀសសឹកព្រោះបារម្ភខ្លាច ផ្ទុះអាវុធម្ដងទៀត៕








