

ក្រុមអង្គការសង្គមស៊ីវិលអះអាងថា ស្របពេលដែលពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសកំពុងតែដុតដៃដុតជើង រៃអង្គាសប្រាក់ ជួយដល់ជនភៀសសឹក និងកងទ័ពឈរជើងនៅព្រំដែនកម្ពុជា-ថៃ ដែលកំពុងរងគ្រោះដោយសារការរំលោភបំពានពីសំណាក់ប្រទេសថៃ គេសង្កេតឃើញថា កាកបាទក្រហមគឺជាស្ថាប័នមនុស្សធម៌ដ៏ធំបំផុតនៅកម្ពុជា ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលជួបទុក្ខភ័យដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយ ដែលមាន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និង ឧកញ៉ា ជួយរាប់សិបលានដុល្លារដល់ កាកបាទក្រហមអឌ្ឍចន្ទក្រហមរៀងរាល់ថ្ងៃទី ៨ ឧសភា ពុំទាន់ឃើញមានសកម្មភាពអ្វីទាំងអស់ជួយទៅដល់ជនរងគ្រោះទាំងនោះ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក សឹង សែនករុណា បានលើកឡើងថា តាមការកត់សម្គាល់របស់លោកនៅពេលដែលប្រទេសកម្ពុជារងគ្រោះដោយសារសង្គ្រាមដែលថៃបានបង្កឡើងនេះ លោកពុំទាន់ឃើញមានសកម្មភាពរបស់កាកបាទក្រហម និងឧកញ៉ារាប់ពាន់នាក់ ដែលរកស៊ីទាំងស្របច្បាប់ និងកេងប្រវ័ញ្ចធនធានធម្មជាតិនៅកម្ពុជាចេញមុខជួយដល់ ជនភៀសសឹកនោះនៅឡើយទេ។
លោកបានឲ្យដឹងបន្ថែមទៀតថា កាកបាទក្រហមកម្ពុជា ដែលតែងតែទទួលថវិការាប់លានដុល្លារជារៀលរាល់ឆ្នាំតាមរយៈអឌ្ឍចន្ទក្រហម ពុំទាន់ធ្វើសកម្មភាពជួយដល់ជនរងគ្រោះនៅឡើយនោះទេ។ លោកឃើញ តែសកម្មភាពសប្បុរសជនដែលកើតចេញពីអ្នកអត់ដូចគ្នាតែប៉ុណ្ណោះ ដែលតែងតែប្រកាសស្វែងរកជំនួយជួយទៅដល់ជនភៀសសឹកនិងទាហានជួរមុខ។ លោកថា ដល់ពេលហើយដែលឧកញ៉ា នៅកម្ពុជាចេញមុខជួយដល់សង្គម។
លោក សឹង សែនករុណា៖ «ចំពោះឧកញ៉ាជាច្រើនរូបដែលមានចំណូលលុយដែលយើងឃើញថាចុះផ្សាយរាប់ពាន់ រាប់រយលានដុល្លារហាក់ដូចជាមិនឃើញរូបភាពណាដុំកំភួនក្នុងការជួយជ្រោមជ្រែងគ្នាទៅដល់ជនភៀសសឹក រឺក៏ទាហានកម្ពុជាសោះ»។
កាកបាទក្រហមកម្ពុជា មានលោកស្រី ប៊ុន រ៉ានី ជាប្រធាន និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍។ កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយភរិយាមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ត្រូវគេរកឃើញថា កំពុងបម្រើផលប្រយោជន៍ឱ្យគណបក្សប្រជាជនកម្ពុជា ជាជាងអនុវត្តកម្មវិធីសប្បុរសធម៌ដល់ប្រជាពលរដ្ឋទូទៅ។
គេហទំព័រគោព្រៃ (Kouprey) ចេញសេចក្តីរាយការណ៍ស៊ើបអង្កេតពិសេសរបស់ខ្លួនកន្លងមក ស្ដីពីការចងក្រងឯកសារជាច្រើនតាមរយៈការស្រាវជ្រាវពីបណ្ដាញសារព័ត៌មាននៃរាជរដ្ឋាភិបាលជុំវិញការផ្តល់ប្រាក់អំណោយឧបត្ថម្ភពីក្រុមឧកញ៉ា ដល់កាកបាទក្រហម ដោយដាក់ចំណងជើងថា «អំណោយកាកបាទក្រហមពីក្រុមឧកញ៉ាបោកប្រាស់នៅ (ប្រទេស) កម្ពុជា»។ គេហទំព័រដដែលបានរកឃើញថា ក្រុមឧកញ៉ាទាំងនេះបានឧបត្ថម្ភលុយដល់កាកបាទក្រហមប្រមាណជា ១០លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥ នេះ ក្នុងនោះ សមាគមឧកញ៉ាកម្ពុជាដែលដឹកនាំដោយលោក លី យ៉ុងផាត់ បានបរិច្ចាគថវិកាជិត ២លានដុល្លារអាមេរិក (១,៧លានដុល្លារ) ខណៈឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានផ្តល់ថវិកាជាង ១លានដុល្លារអាមេរិកដែរ (១,៤លានដុល្លារ)។
ទាក់ទងទៅនឹងសង្គ្រាមកម្ពុជាថៃនេះវិញឃើញមានឧកញ៉ាមួយចំនួនប៉ុណ្ណោះដែលបានជួយទៅដល់ជនភៀសសឹកមានដូចជា ក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភថវិកា ៣ ដុល្លារ អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរី ពិភពថ្មី ២ លានដុល្លារ អ្នកឧកញ៉ា គិត ម៉េង ឧបត្ថម្ភថវិកា ២ លានដុល្លារ និង ក្រុមហ៊ុន ប៉េងហួតគ្រុប ២ លានដុល្លារ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បញ្ជាក់ថា ការឈ្លានពានយ៉ាងកំរោល ពីយោធាថៃ ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់មិនរើសគោលដៅនោះ បានបង្ខំឱ្យពលរដ្ឋ ជាច្រើននៅក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ជាង ៤០ ម៉ឺន (៤០៥ ៧៥៨)នាក់ ក្លាយជាជនភៀសសឹក។ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៤០ម៉ឺននាក់នោះ មានស្ត្រី និងកុមារជិត ៣០ម៉ឺននាក់៕









