ជនភៀសសឹក​កំពុង​ជួប​ការ​លំបាក ព្រោះ​បញ្ហា​អនាម័យ និង​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​រដូវប្រាំង

0
38
ទិដ្ឋភាពជំរុំភៀសសឹកនៅវត្ត​កណ្ដោល ស្រុក​ពួក ខេត្ត​បន្ទាយមានជ័យ ក្រោយភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក

ជនភៀសសឹក​ដែល​កំពុង​របស់​នៅ​ក្រោម​តង់​កៅស៊ូ ហាលភ្លៀង ហាលថ្ងៃ អស់​ជាង​២​ខែ កំពុង​ជួប​ការ​លំបាក​ជា​ខ្លាំង ព្រោះ ​តែ​បញ្ហា​អាកាសធាតុ​ក្ដៅ​ហួតហែង អនាម័យ និង​កង្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ពុំ​បាន​គ្រប់គ្រាន់។ បន្ថែម​ពីលើ​នោះ ពួកគាត់​ថា នៅ​ពេល​មេឃ​ភ្លៀង រួម​ដោយ​ខ្យល់​កន្ត្រាក់​ម្ដងៗ តង់​កៅស៊ូ រាប់​សិប​ខ្នង របស់​ពួកគាត់ ត្រូវ​រសាត់អណ្ដែត​តាម​ខ្យល់ និង​លិច​លង ក្នុង​ទឹក ដែល​ធ្វើ​ឱ្យ​ជនភៀសសឹក ពុំ​អាច ដេក​ពួន​បាន​នោះ​ឡើយ។

ទិដ្ឋភាពជំរុំភៀសសឹកនៅវត្ត​កណ្ដោល ស្រុក​ពួក ខេត្ត​បន្ទាយមានជ័យ ក្រោយភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក

បើ​ទោះជា​អាជ្ញាធរ កំពុងតែ រៀបចំ​ទីតាំង​ថ្មី ឱ្យ​ជនភៀសសឹក​ត្រៀម​ទៅ​រស់នៅ​ជំនួស​ឱ្យ​ការរស់នៅ​ក្រោម តង់​កៅស៊ូ​ក្ដី ជនភៀសសឹក នៅតែ មិនដឹង​ពេលណា​បាន អាច​ទៅ​រស់នៅ​ទីតាំង​ថ្មី​នោះ​ឡើយ​។ សព្វថ្ងៃ​នេះ ពួកគាត់ កំពុងតែ​ជួប​ការ​លំបាក​សព្វបែបយ៉ាង ទាំង​កង្វះ​អាហារ​ហូបចុក ទឹក​ប្រើប្រាស់ អាកាសធាតុ​ក្ដៅ​ខ្លាំង ហើយ​ពេល​មាន​ភ្លៀង​ត្រូវ​លិច​ទឹក និង​បញ្ហា​អនាម័យ ប្រឈម​នឹង​ជំងឺឆ្លង​ជាច្រើន។

ជនភៀសសឹក មកពី​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ កញ្ញា ល សុខប៉ាវ ប្រាប់​ទូរទស្សន៍ អាស៊ីសេរី​នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ថា នា​រដូវប្រាំង​នេះ ជនភៀសសឹក​ពិបាក ក្នុង​ការ​រស់នៅ ព្រោះ​តែ​បញ្ហា​អាកាសធាតុ​ក្ដៅ​ខ្លាំង ស្ទើរតែ​មិន​អាច​ស្នាក់នៅ​បាន​ពេល​ថ្ងៃៗ​។ រឹតតែ​ពិបាក​ជាង​នេះ​ទៀត​នោះ កញ្ញា​ថា គឺ កង្វះ​ទឹក​ប្រើប្រាស់ សម្រាប់​ងូត និង​ចូល​បន្ទប់ទឹក ទើប​ធ្វើ​ឱ្យ​បន្ទប់​ខ្លះ​ឡើង​កខ្វក់​ដែល​ពោរពេញ​ទៅ​ដោយ មេរោគ។

កញ្ញា ល សុខប៉ាវ៖ «ឥឡូវ​សូម្បីតែ​ទឹក​ងូត​ក៏​សឹងតែ​អត់​មាន​ដែរ គឺ​មាន​ដោយពេល ដូចជា​យប់​ម៉ោង​២-៣​យប់​បាន​មាន​។ អ្នកខ្លះ ដូចជា​ម៉ាក់​ប៉ា ខ្ញុំ​គាត់​ត្រូវ​ទៅ​ត្រង​ពី​ម៉ោង​៣​កន្លះ​អ៊ីចឹង​។ បើ​យើង​មិន​ទៅ​ដង​ម៉ោង​នោះ​ទេ ដល់ពេល​ថ្ងៃ​អត់​មាន​ទឹក​ទេ​។ គ្រប់គ្នា​សុទ្ធតែ​ទៅ​ចាំ​ត្រង​យក​។ មិន​ថា តែ​ទឹក​ងូត​ទេ សូម្បីតែ​ទឹក​ចាក់​បន្ទប់ទឹក​ក៏​សឹងតែ​មិន​មាន​ផង»។

បន្ថែម​ពី​នោះ កញ្ញា​ថា កាលពី​ថ្មីៗ​នេះ នៅពេល​មាន​ភ្លៀង រួម​ដោយ​ខ្យល់​កន្ត្រាក់​ផង​នោះ ជនភៀសសឹក ពុំបាន​ដេក​ពួន​នោះ​ទេ​ពេញ​មួយ​យប់ ព្រោះ​សម្ភារៈ និង ខោអាវ​ស្លៀកពាក់ ត្រូវ​ភ្លៀង​សាច​ទទឹក​អស់ និង ហូរ​ចូល​ទៅដល់​ក្នុង​តង់​ថែមទៀត​។ ការ​ជួប​ទុក្ខ​ជាន់​លើ​ទុក្ខ​នេះ កញ្ញា​តែងតែ​ប្រើប្រាស់ បណ្ដាញ​សង្គម ដើម្បី​និយាយ ពី​ទុក្ខ​លំបាក​ប្រាប់​ដល់​សាធារណជន និង​រំពឹង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នឹង​បាន​ដឹង ហើយ​ជួយ​ពន្លឿន រក​ដោះស្រាយ​បញ្ហា​ជនភៀសសឹក ឱ្យ​បាន​ឆាប់។ ជាក់ស្ដែង​នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ កញ្ញា​បាន​បង្ហោះ​វីដេអូ ត្អូញត្អែរ​ពី​ទុក្ខ​លំបាក ហើយ​ត្រូវ​ជួប​ប្រទះ​បញ្ហា​ព្យុះភ្លៀង និង​កង្វះ​ខាត សព្វបែប​យ៉ាង។

កញ្ញា ល សុខប៉ាវ៖ «សូម្បីតែ​កន្ទេល​ដេក​យក​ទៅ​ដេក​ក៏​អត់​មាន​ដែរ​។ វា​មិន​ដឹង​ថា​និយាយ​យ៉ាងម៉េច វា​ណែន​អស់។ ទុក្ខ​ជាន់​លើ​ទុក្ខ​បណ្ដោយ​នេះ​។ អស់​ដី​អស់​ផ្ទះ​ហើយ ថា មក​គេង​នៅ​ក្រោម​តង់​ហើយ ភ្លៀង​ព្យុះ​មក លិច​តង់​ដេក​នោះ​ទៀត»។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល​។ ចំណែក សមាជិក​គណៈកម្មការ​ទទួលខុសត្រូវ ក្នុង​ជំរុំ​ជនភៀសសឹក ក្នុង​តំបន់​បឹង​ត្រកួន និង​ជា​មេភូមិ​ត្រពាំង​សំរោង លោក រ៉ង សារឿត បាន​បដិសេធ​មិន​ឆ្លើយតប ជុំវិញ​រឿង​នេះ​។​

អ្នកនាំពាក្យ​គណបក្ស ប្រជាធិបតេយ្យ​ជឿនលឿន លោក ប៉ោ មករា យល់ឃើញ​ថា ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ ដែល​មក​​​ដល់​ពេល​នេះ​ហើយ ជនភៀសសឹក នៅតែ​ត្អូញត្អែរ​រឿង​ខ្វះខាត​ទឹក​ប្រើប្រាស់ និង បញ្ហា​ខ្យល់​កន្ត្រាក់។ លោក​ថា បញ្ហា​នេះ អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​រក​ដំណោះស្រាយ ជូន​ពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធភាព។ លោក​បន្ត​ថា ការ​ដោះស្រាយ​បញ្ហា​ជនភៀសសឹក អាជ្ញាធរ​ត្រូវ​តែ ប្រយ័ត្ន​ខ្ពស់ ចំពោះ​អំពើពុករលួយ ដើម្បី​កុំឱ្យ​កើតមានឡើង បើ​ពុំ​ដូច្នោះ​ទេ ដំណោះស្រាយ​សម្រាប់ ជនភៀសសឹក នឹង​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ។

លោក ប៉ោ មករា៖ «បានជា​ខ្ញុំ​លើ​ពី​បញ្ហា​អំពើពុករលួយ បក្ខពួក​និយម ពីព្រោះ​យើង​ដឹង​ហើយ​ថា ទិដ្ឋភាព​អ្វី​ដែល​ជា​របាយការណ៍​អន្តរជាតិ​មួយចំនួន​ថា កម្ពុជា នឹង​មាន​អំពើពុករលួយ​កម្រិត​ខ្ពស់។ ដូច្នេះ​ការ​ដោះស្រាយ​បញ្ហា​ជាមួយ​ជនភៀសសឹក​ប្រុងប្រយ័ត្ន លុប​បំបាត់​អំពើពុករលួយ ខ្ញុំ​គិត​ថា វា​នឹង​ផ្ដល់​នូវ​ដំណោះស្រាយ​ដ៏​សមស្រប ហើយ​នឹង​មាន​ប្រសិទ្ធភាព»។

គេ​សង្កេត​ឃើញ​ថា ជិត​១​ខែ ចុង​ក្រោយនេះ​ស្ថានភាព​នៅ​តាម​ជំរំ​ជនភៀសសឹក ហាក់​មាន​ការ​ខ្វះខាត​ស្បៀងអាហារ និង​ទឹក​ប្រើប្រាស់​ជា​ខ្លាំង ក៏​ព្រោះតែ ពុំ​សូវ​មាន​សប្បុរសជន យក​អំណោយ មក​ចែកចាយ​ដូច​មុន​។ ជាមួយគ្នា​នោះ នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ នៅ​តាម​ជំរំ​ក៏​រង​ការ​លិច​ទឹក ក្រោយពី​ភ្លៀង​ធ្លាក់​១​មេធំ។ ករណីនេះ កុមារ និង​មនុស្ស​ចាស់​ប្រឈម​កើត​ជំងឺឆ្លង​តាមរយៈ​ទឹក​មិនល្អ ដែល​ហូរ​អណ្ដែត នាំ​មក​ជាមួយ​សំរាម និង​កម្ទេចកំទី លាមក​ដ៏​កខ្វក់ ក្រោយ​ពី​ជនភៀសសឹក ខ្លះ​បាន​បន្ទោរ​បង់​លាមក នៅ​តាម​វាលស្រែ​ក្បែរៗ​ជំរំ ព្រោះតែ​បញ្ហា​បន្ទប់ទឹក​មាន​តិច​ពេក ហើយ​ពុំ​សូវ​មាន​ទឹក​ប្រើប្រាស់​ថែម​ទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ