

សារមន្ទីរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថាន ស្មិតសូនីញាន (Smithsonian) របស់សហរដ្ឋអាមេរិកបានយល់ព្រមប្រគល់វត្ថុបុរាណខ្មែរចំនួន ៣រូបឱ្យមកកម្ពុជាវិញ ក្រោយពីការចរចាអស់រយៈពេលជាច្រើនឆ្នាំរវាងកម្ពុជាជាមួយសារមន្ទីរជាតិអាមេរិកមួយនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៦ ធ្នូ ឱ្យដឹងថា វត្ថុបុរាណខ្មែរទាំង៣រូបនោះ រួមមានព្រះសិរហរិហរៈ ទេពស្រី (ព្រះនាងឧមា) និងព្រះនាងប្រាជ្ញបារមី ដែលត្រូវបានកសាងឡើងនៅក្នុងសម័យអង្គរនៅក្នុងសតវត្សរ៍ទី១០ដល់ទី១២។
កន្លងទៅ សហរដ្ឋអាមេរិកធ្លាប់បានបញ្ជូនវត្ថុបុរាណជាច្រើនត្រឡប់មកកម្ពុជាវិញ ប៉ុន្តែសម្រាប់សារមន្ទីរជាតិសិល្បៈអាស៊ីនៃវិទ្យាសា្ថន ស្មិតសូនីញាន នេះជាលើកដំបូងបង្អស់បានធ្វើដូច្នេះ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា ចាត់ទុកការប្រគល់នេះ បញ្ជាក់ពីការប្ដេជ្ញាចិត្ត និងមានអត្ថន័យជ្រាលជ្រៅក្នុងការស្តារឡើងវិញនៃមរតកវប្បធម៌សម្រាប់ប្រជាជនកម្ពុជា។
ទោះជាយ៉ាងណា គេសង្កេតឃើញថា ការប្រគល់វត្ថុបុរាណដែលបានបាត់បង់តាំងពីសម័យសង្គ្រាមក្នុងអតីតកាលមកឱ្យខ្មែរវិញនៅពេលនេះ ធ្វើឡើងស្របពេលយោធាថៃកំពុងវាយប្រហារឈ្លានពានមកលើទឹកដីប្រទេសកម្ពុជា។ ក្នុងការវាយប្រហារនេះ យោធាថៃបានយកប្រាសាទបុរាណខ្មែរធ្វើជាគោលដៅវាយប្រហារផងដែរ ដោយក្នុងនោះប្រាសាទព្រះវិហារត្រូវបានបំផ្លាញនៅផ្នែកខ្លះ ខណៈប្រាសាទតាក្របីត្រូវបានបំផ្លិចបំផ្លាញស្ទើរបាត់រូបរាងដើមទាំងស្រុង។ ទង្វើរបស់យោធាថៃនេះត្រូវក្រសួងវប្បធម៌កម្ពុជាថ្កោលទោស ដោយចាត់ទុកថាអសីលធម៌ និងប្រមាថមើលងាយមកលើដួងព្រលឹងរបស់ខ្មែរ៕








