មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​ឱ្យ​អាជ្ញាធរ​ភ្នំពេញ​ស៊ើបអង្កេត​ករណី​ស្ត្រីជន​ជាតិចិន​ធ្លាក់​ពីលើ​អគារ​ស្លាប់

0
72
អគ្គស្នងការ​នគរបាលជាតិ លោក ស ថេត។ រូប៖ Police.gov.kh
អគ្គស្នងការ​នគរបាលជាតិ លោក ស ថេត។ រូប៖ Police.gov.kh

មន្ត្រី​សិទ្ធិមនុស្ស​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បើក​ការស៊ើបអង្កេត​ឯករាជ្យ និង​បង្ហាញ​ព័ត៌មាន​ឱ្យ​បាន​ច្បាស់លាស់​ករណី​ស្ត្រីជន​ជាតិចិន​ម្នាក់​ដែល​ធ្លាក់​ពីលើ​អគារ​នៅ​តំបន់​កោះ​ពេជ្រ​ស្លាប់ ដើម្បី​បញ្ចៀស​ការសង្ស័យ និង​ការ​ព្រួយ​បារម្ភ​ពី​សាធារណជន​។ អ្នកជំនាញ​សិទ្ធិមនុស្ស​លើកឡើង​ថា សំណុំរឿង​នៃ​ជនបរទេស​ដែល​ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​អគារ​នា​ពេល​កន្លង​មក សមត្ថកិច្ច​ហាក់​មិនបាន​ស្រាវជ្រាវ​ស្វែងរក​ការពិត ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ឡើយ។

មន្ត្រី​សិទ្ធិមនុស្ស​លើកឡើង​ថា ការ​ព្យាយាម​បិទបាំង​ព័ត៌មាន​ក្នុង​សំណុំរឿង​ជនបរទេស​ដែល​បាន​ស្លាប់​ដោយសារតែ​ធ្លាក់​ពីលើ​អគារ​គ្មាន​ផល​ចំណេញ​អ្វី​សម្រាប់​កម្ពុជា​ឡើយ ផ្ទុយទៅវិញ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​នីតិរដ្ឋ និង​ទំនុកចិត្ត​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​មក​កម្សាន្ត​នៅ​កម្ពុជា។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICAHDO) លោក អំ សំអាត កត់សម្គាល់​ថា ការ​ស្លាប់​នៃ​ជនបរទេស​ជាច្រើន​ករណី​ដោយ​ការ​ធ្លាក់​ពីលើ​អគារ​ពាណិជ្ជកម្ម និង​អគារ​ដែល​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នា​ពេល​កន្លងមក​សមត្ថ​កិច្ច​តែង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា ជា​ករណី​អត្តឃាត ទាំង​ដែល​មិន​ទាន់​មាន​ការស្រាវជ្រាវ និង​ស៊ើបអង្កេត​ស៊ីជម្រៅ​។ ប្រការ​នេះ លោក​ថា មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ទំនុកចិត្ត​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សាច់ញាតិ និង​ជនរងគ្រោះ​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌​ពិតប្រាកដ។

លោក អំ សំអាត ស្នើ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត​ករណី​ស្ត្រីជន​ជាតិចិន​ចុងក្រោយ​ដែល​ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​អគារ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​លាង​ជម្រះ​មន្ទិលសង្ស័យ និង​បញ្ចៀស​ការរិះគន់​ពី​សាធារណជន។

លោក អំ សំអាត៖ «សមត្ថកិច្ច​យើង​មើលទៅ​ប្រឹងប្រែង​ធ្វើការ ក៏ប៉ុន្តែ​ប្រសិនជា​ការ​បកស្រាយ​ណាមួយ​ដែល​ឆាប់រហ័ស​ពេក​វា​នាំ​ឱ្យ​មានការ​មន្ទិល​ទៅវិញ អ៊ីចឹង​ត្រូវតែ​មាន​ការស៊ើបអង្កេត​ឱ្យ​បាន​ម៉ត់ចត់ ដើម្បី​ស្វែងរក​ការពិត​លើ​រឿង​ហ្នឹង​តើ​ជា​រឿង​អត្តឃាត ឬ​ពាក់ព័ន្ធ​នឹង​រឿង​បទល្មើស។ បើ​បទល្មើស​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ប្រសិនជា​អត្តឃាត​ក៏​ត្រូវ​តែ​រក​វិធី​ទប់ស្កាត់​មានការ​ធ្វើ​អត្តឃាត​ច្រើន​តទៅទៀត​ផង​ដែរ»។

ការ​លើកឡើង​របស់​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ គឺ​បន្ទាប់ពី​ស្ត្រីជន​ជាតិចិន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ថ្លុកឈាម ដោយសារតែ​ធ្លាក់​ពីលើ​អគារ​ក្លឹប​កម្សាន្ត​ឈ្មោះ ពេជ្រ​លើ​មេឃ នៅ​តំបន់​កោះ​ពេជ្រ​ស្ថិត​ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​២៣ ខែកុម្ភៈ​។ សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ពី​ករណី​ស្លាប់​នេះ ប៉ុន្តែ​មិនទាន់​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​លម្អិត​ជា​សាធារណៈ​នៅ​ឡើយ។

តំបន់​អគារ​ដែល​ស្ត្រីជន​ជាតិចិន​ធ្លាក់​ស្លាប់​នោះ​គឺ​ស្ថិត​ក្នុង​តំបន់​មជ្ឈមណ្ឌល​កម្សាន្ត​ក្នុង​តំបន់​កោះ​ពេជ្រ​ដែល​មាន​រឿងរ៉ាវ​អាស្រូវ និង​ត្រូវ​បាន​រាយការណ៍​ជា​ញឹកញាប់​ថា ជា​កន្លែង​ជួញដូរ​គ្រឿងញៀន និង​បង្កប់​អំពើ​ពេស្យាចារ ដែល​ភាគច្រើន​ជនជាតិ​ចិន​ប្រមូល​ផ្ដុំគ្នា​ជួបជុំ​ស៊ីផឹក​នា​ពេល​រាត្រី​។ ក្រៅ​ពី​នេះ អគារ​ពាណិជ្ជកម្ម​មួយ​ចំនួន​ទៀត​ស្ថិត​ក្នុង​តំបន់​កោះ​ពេជ្រ កន្លងមក​ក៏​ត្រូវ​បាន​សារព័ត៌មាន​អន្តរជាតិ​រាយការណ៍​ថា ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​ផង​ដែរ។

ទាក់ទង​នឹង​រឿង​នេះ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សំ វិច្ឆិកា អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) យ៉ាង​ខ្លី​ថា ស្ត្រីជន​ជាតិចិន​នោះ​បាន​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង នៅ​ចំណុច​អគារ ដាយមិន ស្កាយ (Diamond sky)។ ទោះជា​យ៉ាងណា លោក​មិនបាន​បង្ហាញ​ពី​លទ្ធផល​ស៊ើបអង្កេត​លម្អិត និង​មូលហេតុ​ដែល​ស្ត្រីជន​ជាតិចិន​រូប​នោះ​សម្រេច​ធ្វើ​អត្តឃាត​ខ្លួនឯង​នៅ​តំបន់​អគារ​ដែល​ជា​មជ្ឈមណ្ឌល​កន្លែង​សប្បាយ​នោះ​ទេ។

កន្លងមក ករណី​នៃ​ការ​ស្លាប់​ជនបរទេស​ដែល​ធ្លាក់​ពីលើ​អគារ​ខ្ពស់ៗ​នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត​ដែល​សម្បូរ​ដោយ​រឿងរ៉ាវ​ឧក្រិដ្ឋកម្ម​ដូចជា​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ស្វាយរៀង ជានិច្ចកាល​ត្រូវ​បាន​គេ​មើលឃើញ​ថា សមត្ថកិច្ច​បាន​បិទ​សំណុំរឿង​ស៊ើបអង្កេត​យ៉ាង​ឆាប់រហ័ស និង​មិនបាន​បង្ហាញ​ព័ត៌មាន​នៃ​លទ្ធភាព​ស៊ើបអង្កេត​ឱ្យ​បាន​ទូលំទូលាយ​នោះ​ទេ​។ ទោះជា​យ៉ាងណា សាក្សី​មួយចំនួន​ដែល​ធ្វើការ​លើ​វិស័យ​ឆបោក​តាម​អនឡាញ​ធ្លាប់​ទម្លាយ​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​ស្លាប់​នៃ​ជនបរទេស​ធ្លាក់​ពីលើ​អគារ​ភាគច្រើន នៅ​ក្រុងព្រះសីហនុ​នា​ពេល​កន្លងមក​មិនមែន​ជា​ករណី​ធ្វើ​អត្តឃាត​ដូច​សមត្ថកិច្ច​តែងតែ​អះអាង​ឡើយ ប៉ុន្តែ​ជនរងគ្រោះ​បង្ខំចិត្ត និង​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​លោត​សម្លាប់​ខ្លួន​ពីលើ​អគារ​ដោយសារ​មិនអាច​បំពេញតម្រូវការ ការងារ​ដល់​ក្រុម​ឧក្រិដ្ឋជន ឬ​មិនអាច​ទ្រាំទ្រ​នឹង​ការ​ធ្វើ​ទារុណកម្ម​របស់​ក្រុម​មេការ​ឆបោក​តាម​អនឡាញ​បាន

អ្នកឃ្លាំមើល​លើកឡើង​ថា ករណី​ដែល​ជនបរទេស​ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​អគារ ហើយ​អាជ្ញាធរ​គ្មាន​ការស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​នោះ​គឺជា​ការ​បង្កើន​នូវ​វប្បធម៌​និទ្ទណ្ឌភាព និង​ជំរុញ​ឱ្យ​មាន​ការសង្ស័យ​ពី​សាធារណជន​ចំពោះ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​អាច​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឧក្រិដ្ឋកម្ម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ