លោក រ៉ុង ឈុន ប្រាប់​ទូត​អូស្ត្រាលី​អំពី​បញ្ហា​រួម​តូច​នៃ​សេរីភាព​នយោបាយ​នៅ​កម្ពុជា

0
140
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន (ពី​ស្ដាំទី៣) និង​ក្រុមការងារ​បក្ស​ ជួប​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក ឌីរ៉េក យីប (Derek Yip) (ខាង​ឆ្វេង) នា​ស្ថានទូត នៅ​ថ្ងៃទី២៥ វិច្ឆិកា ២០២៥។ រូប៖ ហ្វេសប៊ុក​គណបក្ស​កម្លាំង​ជាតិ
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន (ពី​ស្ដាំទី៣) និង​ក្រុមការងារ​បក្ស​ ជួប​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក ឌីរ៉េក យីប (Derek Yip) (ខាង​ឆ្វេង) នា​ស្ថានទូត នៅ​ថ្ងៃទី២៥ វិច្ឆិកា ២០២៥។ រូប៖ ហ្វេសប៊ុក​គណបក្ស​កម្លាំង​ជាតិ

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន ស្នើសុំ​ឲ្យ​ឯកអគ្គរាជទូត​អូស្ត្រាលី ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ស្ដារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ។ ការ​ស្នើសុំ​បែប​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ពេល​លោក រ៉ុង ឈុន ដឹកនាំ​សហការី​របស់​លោក​ចូល​ជួប​ប្រជុំ​ជាមួយ​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៥ វិច្ឆិកា។

បញ្ហា​នៃ​ការ​ធ្លាក់​ចុះ​លទ្ធិប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺជា​ប្រធានបទ​សំខាន់​នៅក្នុង​ជំនួប​រវាង​ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន និង​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជាលោក ឌីរ៉េក យីប (Derek Yip)។

លោក រ៉ុង ឈុន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា លោក​បាន​ស្នើ​សុំ​ទៅ​ឯកអគ្គរាជទូត​អូស្ត្រាលី​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​បើក​លំហ​សេរីភាព​នយោបាយ សេរីភាព​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​លុប​ចោល​​សាលក្រម​ផ្ដន្ទាទោស​លើ​រូប​លោក ព្រមទាំង​ដោះលែង​អ្នកជាប់ឃុំ​ដោយសារ​​ការប្រើប្រាស់​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន។ ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ​រូប​នេះ ​បញ្ជាក់​ថា ការ​ស្នើសុំ​របស់​លោក​បែប​នេះ ​ដើម្បី​ធ្វើ​ឲ្យ​បរិយាកាស​នៃ​ការ​បោះឆ្នោត​អាណត្តិ​ខាងមុខ​ប្រកប​ដោយ​សេរី និង​យុត្តិធម៌ ត្រឹមត្រូវ។

លោក រ៉ុង ឈុន៖ «ខាង​ស្ថានទូត គាត់​បញ្ជាក់​ជំហរ​ថា គាត់​នៅតែ​យកចិត្ត​ទុកដាក់​ចំពោះ​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ គាត់​ចង់​ឃើញ​កម្ពុជា ស្ដារ​ប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស»។

ថ្មីៗ​នេះ លោក រ៉ុង ឈុន ក៏​បាន​ជួប​តំណាង​ស្ថានទូត​ជប៉ុន (Japan) តំណាង​ស្ថានទូត​សហភាព​អឺរ៉ុប (EU) និង​តំណាង​សហរដ្ឋអាមេរិក​(USA) ដោយ​បាន​លើក​ឡើង​អំពី​ក្តី​បារម្ភ​ដូចគ្នា​នេះ។ ការ​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​នេះ ធ្វើឡើង​ក្នុង​ពេល​ដែល​លោក រ៉ុង ឈុន កំពុង​រង​សម្ពាធ​ពី​តុលាការ​នៃ​របប​​ក្រុង​​ភ្នំពេញ។ លោក​ត្រូវ​បាន​សាលា​ដំបូង​រាជធានីភ្នំពេញ​ កាលពីថ្ងៃទី៥ ខែ​ឧសភា​ចេញ​សាលក្រម​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ៤ឆ្នាំ ពិន័យ​ជា​ប្រាក់​៤លាន​រៀល និង​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​មួយ​ជីវិត​ ក្រោម​បទចោទប្រកាន់ «ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម និង​ពី​បទ​មិន​រាងចាល»។ ទោស​ទណ្ឌ​នេះ​ ដោយសារ​លោក​បញ្ចេញ​មតិ​រឿង​ព្រំដែន​កម្ពុជា និង​វៀតណាម។

ទាក់​ទិន​រឿង​នេះ ​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក ជា ធីរិទ្ធ ឆ្លើយតប​ថា អ្នក​ដែល​រិះគន់​រឿង​សេរីភាព​បញ្ចេញមតិ និង​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ​ គឺ​ពួកគេ​កំពុង​តែ​ប្រើ​សេរីភាព​​រិះគន់​ពី​ស្ថានភាព​នៅ​កម្ពុជា​បាន​ជា​ធម្មតា។ ប៉ុន្តែ​លោក​អះអាង​ថា សេរីភាព​បញ្ចេញមតិ នៅក្នុង​ប្រទេស​ណា​ក៏ដោយ ត្រូវ​​ស្ថិត​នៅ​ក្រោម​ច្បាប់។

លោក ជា ធីរិទ្ធ៖ «មិនមែន​គ្រាន់តែ​មាន​សេរីភាព ហើយ​យើង​អាង​ថា សេរីភាព​បញ្ចេញមតិ​ ប៉ុន្តែ​យើង​ដើរ​ជេរ​គេ យើង​ដើរ​លាប​ពណ៌​គេ ប្រមាថ​គេ បរិហារកេរ្តិ៍​គេ អានោះ គឺ​ជា​ទង្វើ​ខុស​នឹង​ច្បាប់»។

ទោះជាយ៉ាងណា សហគមន៍​ជាតិ និង​អន្តរជាតិ តែង​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​ច្បាប់​ជា​ឧបករណ៍​ ដើម្បី​បំបិទមាត់​អ្នករិះគន់ និង​អ្នកប្រឆាំង។

ប្រធាន​អង្គការ​សម្ពន្ធ​ខ្មែរ ដើម្បី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស លោក អ៊ិន ណាត សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា តែងតែ​ច្រានចោល​ចំពោះ​ការ​ទាមទារ​ឲ្យ​មាន​ការ​ស្ដារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ ដោយសារ​ពុំ​ទាន់​ទទួល​រង​​សម្ពាធ​ធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរជាតិ។ប៉ុន្តែ​លោក ជឿ​ថា សហគមន៍​អន្តរជាតិ​ដែល​ខ្វាយ​ខ្វល់​អំពី​បញ្ហា​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស នឹង​ជួយ​ឲ្យ​ពលរដ្ឋខ្មែរ​សម្រេច​បំណងប្រាថ្នា​នូវ​ការ​ទទួល​បាន​សេរីភាព និង​ប្រជាធិបតេយ្យ​ពេញលេញ ប្រសិនបើ​ពលរដ្ឋខ្មែរ​ចេះ​ជួយ​ខ្លួន​ឯង​តាម​រយៈ​ការ​រួម​កម្លាំង​គ្នា​ធ្វើ​សកម្មភាព​តស៊ូ​មតិ​​ឲ្យបាន​សកម្ម និង​អហិង្សា​នោះ។

លោក អ៊ិន ណាត៖ «ការ​មិន​អនុវត្ត​តាម​លទ្ធិប្រជាធិបតេយ្យ និង​ការ​មិន​គោរព​សិទ្ធិមនុស្ស​ឲ្យបាន​ត្រឹមត្រូវ ខ្ញុំ​ជឿ​ថា វា​នាំ​មក​នូវ​ការ​ដាក់​ទណ្ឌកម្ម​នានា​​ជា​បន្ត​បន្ទាប់ ហើយ​យើង​នឹង​បាត់បង់​​មិត្តភាព​រវាង​ប្រទេស​ល្អៗ យើង​នឹង​បាត់បង់​ការ​ធ្វើវិនិយោគ ប្រទេស​យើង​ក្លាយ​ជា​ប្រទេស​មាន​កេរ្តិ៍ឈ្មោះ​អាក្រក់​ដែល​ធ្វើ​ឲ្យ​អន្តរជាតិ គេ​អត់​ចង់​ទៅ​លេង ប្រទេស​របស់​យើង ឬ​ក៏​រកស៊ី​ជាមួយ​យើង។ទីបំផុត​ទៅ ប្រជាជន​នឹង​ខ្វះ​ការងារ ហើយ​បើ​កាលណា​ខ្វះ​ការងារ គឺថា បញ្ហា​សង្គម នឹង​រីក​ដុះដាល»។​​

ដោយ​ឡែក​ លោក រ៉ុង ឈុន ឲ្យ​ដឹង​ថា ក្រោយ​ពី​ជួប​ឯកអគ្គរាជទូត​អូស្ត្រាលី​រួចហើយ​នេះ​លោក និង​សហការី ក៏​នឹង​បន្ត​ជួប​ជាមួយ​តំណាង​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ទៀត​ជា​បន្តបន្ទាប់ ដូចជា​តំណាង​ស្ថានទូត​ចក្រភព​អង់គ្លេស (British) និង​តំណាង​ស្ថានទូតបារាំង (France) ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ