រដ្ឋមន្ត្រី​មហាផ្ទៃ​ប្ដេជ្ញា​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ឆបោក​តាម​អនឡាញ

0
64
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ចូលរួមកិច្ចប្រជុំនៅថ្ងៃទី២៥ វិច្ឆិកា ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ស សុខា
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ចូលរួមកិច្ចប្រជុំនៅថ្ងៃទី២៥ វិច្ឆិកា ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ស សុខា

ស្របពេល​សហគមន៍​អន្តរជាតិ​រួម​ទាំង​សហរដ្ឋអាមេរិក (US) និង​អង្គការសហប្រជាជាតិ (UN) បន្ត​ដាក់​សម្ពាធ និង​រិះគន់​កម្ពុជា​ពាក់ព័ន្ធ​នឹង​បញ្ហា​ជួញដូរ​មនុស្ស និង​បណ្តាញ​ឆបោក​តាម​អនឡាញ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ប្រកាស​ប្តេជ្ញា​បន្ត​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​នេះ​។ ប៉ុន្តែ​មន្ត្រី​សិទ្ធិមនុស្ស​យល់ថា ការប្រកាស​ប្ដេជ្ញា​នេះ​នៅ​មិន​ទាន់​មាន​ការអនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា ប្រកាស​បន្ត​ពង្រឹង​វិធានការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក​តាម​អនឡាញ​ក្នុង​ពេល​កម្ពុជា​បន្ត​រង​ការរិះគន់ និង​សម្ពាធ​កាន់តែ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​។ លោក​ទទួលស្គាល់​ថា អំពើ​ឆបោក​តាម​អន​ឡាញ​របស់​បណ្ដាញ​ឧក្រិដ្ឋជន​មិន​ត្រឹមតែ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សន្តិសុខ​សង្គម​នោះ​ទេ ប៉ុន្តែ​ធ្វើ​ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ថែមទៀត។

លោក ស សុខា ក៏​ស្នើ​ឱ្យ​អង្គការ​ដៃគូ​អន្តរជាតិ​ជួយ​គាំទ្រ​កម្ពុជា និង​អំពាវនាវ​ឱ្យ​កម្លាំង​ប្រដាប់​អាវុធ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ និង​ប្រជាពលរដ្ឋ​ទូទៅ​ចូល​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក​តាម​អនឡាញ។

លោក ស សុខា៖ «សូម​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​គប្បី​ចូលរួម​សហការ ដើម្បី​បង្កើន​ទប់ស្កាត់​រាល់​សកម្មភាព​នានា​ដែល​អសកម្ម ដើម្បី​សេចក្ដីសុខ​ផ្ទាល់ខ្លួន ក្រុម​គ្រួសារ និង​អ្នក​ជុំវិញ​ខ្លួន មាន​ន័យ​ថា ក្នុង​ករណី​ដែល​សង្ស័យ​មាន​បទល្មើស គប្បី​រាយការណ៍​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ឱ្យ​មាន​ការ​ចុះ​ស៊ើបអង្កេត​បង្ក្រាប​ឱ្យ​បាន​ទាន់​ពេល​វេលា។ ត្រូវ​ចៀសវាង​កុំ​ចូលរួម កុំ​គាំទ្រ និង​កុំ​ប្រព្រឹត្ត និង​ទទួល​អំពើ​ផល​ចារកម្ម​ពី​រឿង​អំពើ​ទុច្ចរិត​នេះ»។

លោក​ថ្លែង​បែបនេះ​ក្នុង​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ១២​ធ្នូ លើក​ទី​១១ ក្រោម​ប្រធានបទ រួមគ្នា​ដើម្បី​កម្ពុជា​គ្មាន​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក​តាម​អនឡាញ។ លោក ស សុខា អះអាង​ទៀត​ថា មកដល់ពេលនេះ ជនបរទេស​ដែល​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​អន​ឡាញ​ជាង ៣​ម៉ឺន​នាក់​ហើយ​ត្រូវ​បាន​បណ្ដេញ​ចេញពី​កម្ពុជា រីឯ​ជនបរទេស​ប្រមាណ ២១​ម៉ឺន​នាក់​ទៀត​បាន​ចាក​ចេញពី​កម្ពុជា​ទៅ​ប្រទេស​កំណើត​វិញ​ដោយ​ខ្លួនឯង។
ទាក់ទង​នឹង​រឿង​នេះ ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ លោក ឌី ថេហូយ៉ា ដែល​ឃ្លាំមើល​ការ​ចាក​ចេញ​នៃ​ជនបរទេស​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ក្នុងចំណោម​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​រាប់​ម៉ឺន​នាក់​ដែល​នាំគ្នា​សម្រុក​ចេញពី​អគារ​ឆបោក​តាម​អនឡាញ​មិន​ទាន់​ត្រូវ​បាន​បណ្ដេញ​ចេញ ឬ​ចាក​ចេញពី​កម្ពុជា​អស់​នៅឡើយ​ទេ​។ លោក​លើកឡើង​ថា ការ​ប្រកាស​ប្ដេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ត្រឹម​តែ​ទ្រឹស្ដី ប៉ុន្តែ​គ្មាន​ឆន្ទៈ​ក្នុង​ការ​អនុវត្ត​ជាក់ស្ដែង​កម្ចាត់​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ​ឱ្យ​ដល់​ឫសគល់ និង​ចាប់​មេខ្លោង​ធំ​ដែល​ពាក់ព័ន្ធ យក​មក​អនុវត្ត​ទោស​តាមផ្លូវ​ច្បាប់​ឡើយ​។ លោក​បន្ត​ថា យុទ្ធនាការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​មិន​បាន​ធ្វើ​បណ្ដាញ​ឧក្រិដ្ឋជន​ខ្លាចញញើត​ឡើយ ដោយសារតែ​ក្រុម​អ្នក​កាង​មេខ្លោង​ដែល​មាន​ឥទ្ធិពល​នៅតែ​មាន​សេរីភាព​ដែល​ធ្វើ​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​អាច​រៀបចំ​ផែនការ​ថ្មី ដើម្បី​បន្ត​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​បន្ត​ទៀត។

លោក ឌី ថេហូយ៉ា៖ «មេ​ឆបោក​ហាក់ដូចជា​ដូរ​រូបភាព​នៃ​ការ​ឆបោក​តាមរយៈ​ពីមុន​ស្នាក់អាស្រ័យ​ប្រើប្រាស់​សណ្ឋាគារ កាស៊ីណូ​កន្លែង​ធំៗ​អាច​នឹង​ប្រែក្លាយ​ជា​តំបន់​ទីតាំង​តូចៗ អគារ​តូចៗ​សាមញ្ញ ដើម្បី​លាក់កំបាំង​ទង្វើ​ឧក្រិដ្ឋកម្ម​។ ការ​មិន​ដាក់ទោស​ទណ្ឌ​ចំពោះ​ជនល្មើស អ៊ីចឹង​ជនល្មើស​កាន់តែ​បានចិត្ត កាន់តែ​រកស៊ី​ក្នុង​វិស័យ​ហ្នឹង​កាន់តែ​ខ្លាំង​ឡើង​ព្រោះ​គេ​ប្រព្រឹត្ត​បទល្មើស​ល្បីល្បាញ​ទូទាំង​ពិភពលោក​បំផ្លាញ​ជាតិខ្មែរ បំផ្លាញ​សេដ្ឋកិច្ច​ខ្មែរ​ទាំងមូល​ហើយ​គេ​នៅតែ​រួចខ្លួន អាហ្នឹង​វា​ជា​គំរូ​អាក្រក់​ដល់​ជន​ឆបោក​អនឡាញ​ផ្សេងៗ​ថា គេ​នឹង​មិន​ខ្លាច​សំណាញ់​ច្បាប់​ព្រោះ​ច្បាប់​អត់​សូវ​មាន​ប្រសិទ្ធភាព»។

ទន្ទឹម​នឹង​ការប្រកាស​ប្ដេជ្ញាចិត្ត​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​អនឡាញ លោក ស សុខា ខ្លួនឯង​ក៏​ជា​បុគ្គល​មួយ​រូប​ក្នុងចំណោម​បុគ្គល​អ្នកមាន​ឥទ្ធិពល និង​អំណាច​ជាច្រើន​នាក់​ទៀត ដែល​មាន​តួនាទី​កំពូលៗ​ក្នុង​ជូរ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ដែល​ត្រូវ​សមាជិកសភា​អាមេរិក​ស្នើ​ដាក់ទណ្ឌកម្ម និង​បញ្ចូល​ក្នុង​បញ្ជីខ្មៅ​ដោយសារតែ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក​តាម​អនឡាញ។ កាន់តែ​អាក្រក់​ជាង​នេះ កាលពី​ឆ្នាំ​២០២៥ យ៉ាង​ហោច​មាន​អ្នកកាសែត ៦​នាក់​ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់ពី​រាយការណ៍​ពី​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ។ រីឯ ករណី​ចុងក្រោយ​អ្នកកាសែត​អនឡាញ​ម្នាក់​គឺ​លោក ហែម វណ្ណា ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន និង​ចោទប្រកាន់​បន្ទាប់ពី​រាយការណ៍​ទីតាំង​អគារ​ឆបោក​តាម​អន​ឡាញ​មួយ​កន្លែង​នៅ​ខេត្តបន្ទាយមានជ័យ​កាលពីដើម​ខែ​កុម្ភៈ។

ការិយាល័យ​ឧត្ដមស្នងការ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ (OHCHR) កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​រាយការណ៍​ថា ការ​រីក​រាលដាល​នៃ​អំពើ​ឆបោក​តាម​អនឡាញ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​នោះ​រួម​ទាំង​កម្ពុជា​ផង​គឺ​មិន​មាន​ភាព​ធូរស្រាល​ឡើយ​។ អង្គការសហប្រជាជាតិ​ក៏​រកឃើញ​ថា ជនរងគ្រោះ​រាប់​ពាន់​នាក់​ដែល​ជាប់​ឃុំឃាំង​ក្នុង​អគារ​អនឡាញ​គឺ​បាន​រង​ការ​ធ្វើ​ទារុណកម្ម​ឃោរឃៅ​ដូចជា ការ​វាយដំ ឆក់​ខ្សែភ្លើង កេងប្រវ័ញ្ច​ផ្លូវភេទ ការ​រំលូត​កូន​ដោយ​បង្ខំ និង​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្នុង​ទម្រង់​ផ្សេងៗ​ទៀត​។ លើស​ពី​នេះ ទាសករ​តាម​អនឡាញ​ដែល​រង​ការ​ធ្វើ​ទារុណកម្ម​គឺ​មិន​ត្រូវ​បាន​ព្យាបាល​ឡើយ ហើយ​បុគ្គលិក​ដែល​ត្រូវ​គេ​យក​មក​លក់​តាម​ការ​បោក​បញ្ឆោត​គឺ​ត្រូវ​បាន​បង្ខំ​ឱ្យធ្វើ​ការ​ច្រើន​ម៉ោង​ដោយ​គ្មាន​អាហារ​ហូបចុក​គ្រប់គ្រាន់ និង​ប្រាក់​ឈ្នួល​ឡើយ។

ពាក់ព័ន្ធ​រឿង​នេះ​ដែរ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) បាន​ចេញ​សេចក្ដីថ្លែងការណ៍​ដោយ​បង្ហាញ​ក្ដី​កង្វល់​ចំពោះ​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ រួមមាន​ការ​ជួញដូរ​មនុស្ស និង​ការ​ធ្វើ​ទារុណកម្ម​ក្នុង​មជ្ឈមណ្ឌល​ឆបោក​អនឡាញ​នៅ​កម្ពុជា។ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​លើកឡើង​ថា វិបត្តិ​នៃ​ឧក្រិដ្ឋកម្ម​នេះ​មិន​ត្រឹមតែ​ជា​អំពើ​អមនុស្សធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​បំផ្លាញ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាជាតិ​ខ្មែរ​លើ​ឆាក​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ជឿជាក់​ថា ឧក្រិដ្ឋកម្ម​ទាំងនេះ​រីក​រាលដាល​បាន​ដោយសារ​អំពើពុករលួយ​ជា​ប្រព័ន្ធ និង​ការ​ការពារ​ពី​បុគ្គល​មានអំណាច ដែល​អនុញ្ញាត​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន​ប្រើប្រាស់​ទឹកដី​កម្ពុជា​ធ្វើជា​ជម្រក​ឧក្រិដ្ឋកម្ម​។ ក្រៅ​ពី​នេះ អង្គការសិទ្ធិមនុស្ស​មួយ​នេះ​ក៏​ទទូច​ឱ្យ​រដ្ឋាភិបាល​បោះបង់​យុទ្ធសាស្ត្រ​បង្ក្រាប​បង្កើន​តែ​រូបភាព និង​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ជួយសង្គ្រោះ​ជនរងគ្រោះ និង​ងាក​មក​អនុវត្ត​ច្បាប់​ឱ្យ​បាន​ហ្មត់ចត់ តាមរយៈ​ការ​ចាប់ខ្លួន និង​ផ្ដន្ទាទោស​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ផ្លូវ​ច្បាប់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ