
តុលាការក្រុងភ្នំពេញ កាត់ទោសសកម្មជននយោបាយគណបក្សប្រឆាំង ៦ នាក់ ជាប់ពន្ធនាគារម្នាក់ៗ ចំនួន ២ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល ជុំវិញការ រិះគន់រឿងព្រំដែន និងច្បាប់ដកសញ្ជាតិ។ សង្គមស៊ីវិល លើកឡើងថា ការសម្រេចដាក់ទោសឲ្យជាប់ពន្ធនាគារបែបនេះ ធ្វើប៉ះពាល់ដល់សេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
សកម្មជនគណបក្សប្រឆាំង ៦នាក់ទៀត ត្រូវបានតុលាការកាត់ឲ្យជាប់ពន្ធនាគារ ចំនួន ២ឆ្នាំ ដោយសារការប្រើប្រាស់សិទ្ធិបញ្ចេញមតិ រិះគន់រឿងព្រំដែន និងច្បាប់ដកសញ្ជាតិ។
អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) រាយការណ៍នៅថ្ងៃទី៣០ ខែមករាថា សមាជិកសកម្មនៃគណបក្សប្រឆាំងទាំងនោះ រួមមាន លោក ហែម ហឿន សមាជិកក្រុមប្រឹក្សាស្រុកឱរ៉ាល់ និងជាប្រធានប្រតិបត្តិគណបក្សឆន្ទៈខ្មែរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក វ៉ន ឡាង ជាជំទប់ទី២ ឃុំត្រពាំងជោរ និងជាប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក ឡេង ឡុន ជាអនុប្រធានប្រតិបត្តិថ្នាក់ស្រុកស្ទោង នៃគណបក្សកម្លាំងជាតិ ខេត្តកំពង់ធំ។ រីឯ សកម្មជនបក្សប្រឆាំង ៣នាក់ទៀត គឺលោក ម៉ុង ផល្លី លោក ប៉ក់ ស៊ីណាវុធ និងលោក សៀវ ចាន់រ៉ុម។
អង្គការលីកាដូ រាយការណ៍ថា លោក ហែម ហឿន និង លោក វ៉ន ឡាង ត្រូវបានអាជ្ញាធរចាប់ខ្លួន ពាក់ព័ន្ធនឹងការបញ្ចេញមតិលើបណ្ដាញសង្គម ស្តីពីបញ្ហាព្រំដែន រីឯលោក ឡេង ឡុន ត្រូវបានអាជ្ញាធរចាប់ខ្លួន រឿងចែករំលែកសារពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ។ អង្គការលីកាដូ ក៏បានឲ្យដឹងដែរថា លីកាដូ មិនមានព័ត៌មានច្បាស់ការណាមួយ ជុំវិញករណីលោក ម៉ុង ផល្លី លោក ប៉ក់ ស៊ីណាវុធ និង លោក សៀវ ចាន់រ៉ុម នោះទេ ហើយក៏មិននព័ត៌មានណាមួយ បញ្ជាក់ពីមូលហេតុដែលមនុស្សទាំង ៦នាក់ ត្រូវបានផ្តន្ទាទោស នៅក្នុងសំណុំរឿងតែមួយនោះដែរ។
យ៉ាងណា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមករានេះ បានប្រកាសសាលក្រមកាត់ឲ្យសកម្មជនគណបក្សប្រឆាំងទាំង ៦នាក់ ឲ្យជាប់ពន្ធនាគារម្នាក់ៗ ២ឆ្នាំ ហើយពិន័យប្រាក់ម្នាក់ៗ ២លានរៀល។ ពួកគេត្រូវបានតុលាការក្រោមឥទ្ធិពលរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
លីកាដូឲ្យដឹងថា សកម្មជន ៥នាក់ កំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី១ ឬម១ ក្នុងរាជធានីភ្នំពេញ ខណៈលោក ម៉ុង ផល្លី មិនត្រូវបានឃុំខ្លួនក្នុងពន្ធនាគារនោះទេ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៣០ ខែមករាថា ក្នុងកាលៈទេសៈប្រទេសជាតិដូចសព្វថ្ងៃ គួរតែដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការ តាមការទទូចរបស់សហគមន៍អន្តរជាតិ ដើម្បីបង្ហាញការប្រតិបត្តិឲ្យឃើញអំពីការផ្សះផ្សាបង្រួបបង្រួមជាតិជាក់ស្ដែង ជាខ្មែរតែមួយ ទើបខ្មែរខ្លាំង។
លោក អំ សំអាត៖ «ដូច្នេះ គួរតែពិនិត្យទៅលើសកម្មជននៃគណបក្សនយោបាយ ដែលជាប់ពន្ធនាគារ ឬក៏សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជន សហជីព សកម្មជនការងារសង្គមផ្សេងៗ ដែលធ្វើសកម្មភាព ដើម្បីលើកកម្ពស់ទៅបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យហ្នឹង ឲ្យមានសេរីភាពឡើងវិញ ដើម្បីឲ្យខ្មែរទាំងអស់រួបរួមគ្នា ខ្មែរតែមួយខ្មែរខ្លាំង»។
អ្នកឃ្លាំមើលលើកឡើងថា ការប្រកាសរបស់លោក ហ៊ុន ម៉ាណែត អំពាវនាវឲ្យខ្មែររួបរួមសាមគ្គីជាខ្មែរតែមួយនោះ ជានយោបាយបោកប្រាស់លេចធ្លោ ប្រចាំទសវត្សន៍នេះ ពីព្រោះអាជ្ញាធររដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន និងតុលាការ នៅតែសហការគ្នាយ៉ាងសកម្ម ក្នុងការចាប់សកម្មជនគណបក្សប្រឆាំង ដាក់ពន្ធនាគារ៕









